ក្នុងស្មារតីពង្រឹងសុវត្ថិភាព សន្តិសុខ និងសេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋនៅតាមវើតប្រេសឬប្លក់ស្ប៉តឬអី្វផ្សេងទៀត ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅទីក្រុងភ្នំពេញទាំងឡាយ ជាពិសេសម៉ូតូឌុប ខ្ញុំសូមជម្រាបថា ប្រសិនបើអ្នកត្រូវប្រឈមមុខនឹងការគំរាមកំហែងធ្វើបាបរាងកាយឬផ្លូវចិត្តផ្សេងៗ ដូចជាពួកវាយក្មេងយកលុយ ពួកស្ទាក់គំរាមសំឡុតយកលុយតាមទីស្ងាត់ឬទីប្រជុំជនដូចជានៅតាមភ្លើងស្តុបដោយសំឡុតទារហួសហេតុលើសពីបទបញ្ជា ធ្វើឲ្យខូចខាតពេលវេលា ការងារ និងលុយកាក់ដែលខំរកហូរញើសហូរឈាម ផាត់តែថ្លៃសាំងក៏ស្ទើរតែអស់វិញនោះ សូមអ្នកប្រាប់ឲ្យគេដឹងថា ខ្ញុំគឺជាមេរបស់អ្នក ហើយឲ្យរូបនេះទៅគេទៅ គេប្រាកដជាញាក់សាច់មិនខាន… សូមសំណាងល្អមានដល់អ្នកគ្រប់គ្នា…! ទន្ទឹមនឹងការបង្ហាញរូបថតនេះទៅគេដែរ សូមអ្នកសំឡឹងរកមើលផ្លូវណាទូលាយ និងដោះស្បែកជើងចេញឲ្យហើយ ក្នុងករណីគេមិនខ្លាច…

បើមានគេសំឡុត…
Posted in ទស្សនៈឡប់ៗ, រូបភាពថ្ងៃនេះ on June 12, 2009 by បូរាណស្អីហ្នឹង ចម្លែកម្ល៉េះ…?
Posted in រូបភាពថ្ងៃនេះ on June 1, 2009 by បូរាណ
កាលពីល្ងាចមិញ ខ្ញុំអង្គុយលេងជាមួយយាយ មើលគេទាត់បាល់ចុះឡើង ស្រាប់តែឃើញវត្ថុដ៏ចម្លែកនេះ ក៏ប្រញាប់ប្រញាល់ថតរូបភាពយ៉ាងរហ័ស យកមកចែកគ្នាមើល…
អមរាមាសបង – ភាគ២
Posted in រឿងខ្លី on April 19, 2009 by បូរាណថ្ងៃនៃក្តីស្រឡាញ់ មកដល់…
ម៉ោង៣.៣០នាទីល្ងាច ប្រសិទ្ធិ៍រៀបចំខ្លួនរួចជាស្រេចនឹងចេញទៅក្រៅ។ ប្រសិទ្ធិ៍ផ្ញើសាទូរស័ព្ទឲ្យអមរា ហើយរង់ចាំមួយសន្ទុះមិនឃើញឆ្លើយតប ក៏ហៅទូរស័ព្ទទៅអមរា តែនាងបានបិទទូរស័ព្ទទៀត។
ប្រសិទ្ធិ៍បានមកដល់កន្លែងណាត់ជាមួយលក្ខិណា។ ប្រសិទ្ធិ៍មិនស្គាល់ពីភិនភាគរបស់លក្ខិណាទេ ទើបឈរចាំមួយកន្លែង។ ស្រាប់តែមាននារីម្នាក់មកកេះប្រសិទ្ធិ៍ពីក្រោយខ្នងមែន។ ប្រសិទ្ធិ៍ងាកក្រោយមើល ស្រាប់តែ…
“បងភ្ញាក់ផ្អើលណាស់មែនទេ? អ្វីៗដែលយើងធ្លាប់និយាយគ្នា គឺបងចាំបានល្អណាស់ ប៉ុន្តែបងភ្លេចថាបងបានប្រាប់អូននៅថ្ងៃមួយ ថាបងស្គាល់នារីម្នាក់អនឡាញ ឈ្មោះបេប៊ី….” អមរានិយាយទាំងភ្នែករលីងរលោង ហើយក្រឡេកឃើញផ្កាកូឡាបពណ៌លឿងមួយទងនៅកន្ត្រកម៉ូតូរបស់ប្រសិទ្ធិ៍ ធ្វើឲ្យទឹកភ្នែករបស់នាងស្រក់ហូរញាប់ដូចទឹកភ្លៀង… រួចនាងក៏រត់គេចពីប្រសិទ្ធិ៍យ៉ាងលឿនបាត់ទៅ។
ប្រសិទ្ធិ៍បានតាមរកអមរាជាច្រើនកន្លែង តែរកមិនឃើញឡើយ។ យប់កាន់តែជ្រៅ ប្រសិទ្ធិ៍កាន់តែបារម្ភ។
ក្រោមដើមដូងជាជួរ នាមាត់បឹងមួយ អមរាអង្គុយស្រងេះស្រងោចខ្លោចផ្សាតែម្នាក់ឯង។ ជំនោររាត្រីបក់ផាត់ប៉ះកាយា ធ្វើឲ្យអមរារឹតតែកណ្តោចកណ្តែងខ្លាំងឡើង។ ប្រសិទ្ធិ៍ដើរថ្នមៗ មកអង្គុយក្បែរអមរា… “បងសុំទោស បងខុសហើយ…” ប្រសិទ្ធិ៍លូកដៃកាន់ដៃអមរា។ អមរាដកដៃ ហើយបែរមុខចេញពីប្រសិទ្ធិ៍។ នាងគិតតែយំ…។ “អូនឈប់យំ ឈប់ខឹងបងបានទេ….? អូនក្តិចបងមកចុះ ក្តិចត្រង់ណាក៏បានដែរ ឲ្យតែអូនឈប់យំ…”
(បទ ៖ ជូតទឹកភ្នែកទៅអូន ច្រៀងដោយអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត)
បីថ្ងៃក្រោយមក….
“អមរាឯងឈប់ខឹងប្រសិទ្ធិ៍ហើយឬនៅ?” មិត្តភក្តិអមរាសួរនាងពេលចេញពីសាលារៀននៅយប់មួយ។ “ហេតុអីត្រូវឈប់?” អមរាសំឡុតមិត្តភក្តិនាងវិញ។
ជិះម៉ូតូចេញពីសាលា អមរាឃើញមានចរាចរស្ទះណែន នៅត្រង់ស្តុបមួយជិតសាលានាង។ មនុស្សម្នា កង់ ម៉ូតូ ស៊ីក្លូ ឡាន ចរយឺតៗ មិនព្រមទៅមុខហួសសោះ។ ម៉ូតូមួយដួលផ្ងារច្រងាងនៅកណ្តាលផ្លូវ។ ក្លិនឈាមឆ្អាបឈួលច្រមុះ។ មនុស្សមួយហ្វូងរោមជុំមនុស្សម្នាក់កំពុងដេកស្តូកស្តឹង។ មនុស្សពីរបីនាក់នៅកណ្តាលហ្វូងមនុស្ស ស្រែកទ្រហោយំហ៊ូៗ។ មនុស្សម្នាជជែកពីហេតុការណ៍ដែលខ្លួនបានឃើញ យ៉ាងកងរំពងផ្លូវ…
“ហ៊ឺយ! ស្រុកយើងស្រួលដែរ… ឲ្យតែមានឡានជិះ កិនពីណាកិនទៅ កិនហើយជិះរត់បាត់ទៀត មើលតែកិនឆ្មារកិនកណ្តុរអ៊ីចឹងវឺយ…!”
“មកពីគាត់និយាយទូរស័ព្ទដែរហ្នឹង បានជាមិនចាប់អារម្មណ៍នឹងឡាន…”
“ចុះពីណាទៅដឹងថាឡានហ្នឹងវាឆ្លងភ្លើងក្រហមយ៉ាងងងើលអ៊ីចឹង…?!”
“អើ! សំណាងដែរ ខ្ទាតទូរស័ព្ទហើយ គេរើសឲ្យវិញ…”
“អើ! កុំតែទូរស័ព្ទកញ្ចាស់រ៉េ…”
មកដល់ផ្ទះប្រហែលមួយម៉ោង មិត្តភក្តិរបស់អមរាបានទូរស័ព្ទមកម្តាយរបស់នាង។ “អមរា ឯងទប់អារម្មណ៍ណា គ្នាមានដំណឹងអាក្រក់ប្រាប់ឯង”។ “ដំណឹងអាក្រក់អីទៅ?”។ “គឺ… គឺប្រសិទ្ធិ៍…”។ “បងប្រសិទ្ធិ៍កើតអី!?” អមរាស្រែកសួរស្ទើរភ្លាត់សំឡេង។ “ប្រសិទ្ធិ៍គ្រោះថ្នាក់ចរាចរប៉ុន្មានម៉ោងមុននេះ… គាត់លេងបានមកជួបពួកយើងទៀតហើយ…” មិត្តភក្តិរបស់អមរានិយាយផងយំផង “ម្តាយរបស់គាត់ប្រាប់ថា លេខហៅចេញចុងក្រោយក្នុងទូរស័ព្ទរបស់គាត់ គឺជាឈ្មោះរបស់ឯង។ គ្នាគិតថាគាត់មកចាំជួបឯងនៅសាលា ហើយក៏មានគ្រោះថ្នាក់ទៅ..។ អាឡូ!? អមរា!? ឯងឮគ្នានិយាយទេ…? ម្តេចមិនឆ្លើយ…? អាឡូ…!?”។
អមរាបើកភ្នែកព្រឹមៗ ឃើញឪពុកម្តាយនិងមិត្តភក្តិរបស់នាង អង្គុយសំឡឹងមើលនាងដោយក្តីអាណិតអាសូរក្រៃលេង។ “ខ្ញុំនៅទីណាហ្នឹងម៉ាក់?”។ “កូននៅមន្ទីរពេទ្យ… កូនសន្លប់ពីរថ្ងៃហើយ…” ម្តាយអមរាឆ្លើយតបនាង ព្រមទាំងយកដៃអង្អែលក្បាលអមរាដោយក្តីស្រឡាញ់ ថ្នមលើសកែវភ្នែក។ មិនបានប៉ុន្មាន អមរានឹកឃើញឡើងវិញ ក៏គិតតែពីស្រែកទ្រហោយំ ហៅរកប្រសិទ្ធិ៍ “បងប្រសិទ្ធិ៍…! កុំទៅចោលអូនអី! ក្រែងបងសន្យាជាមួយអូនថានៅក្បែរអូនរហូតមែនទេ? មករកអូនវិញមកបងអឺយ… អូនសុំទោស អូនលែងបិទទូរស័ព្ទហើយ… បងហៅមកអូនចុះ អូនចាំស្តាប់សំឡេងបងហើយ….” អមរាស្រវេស្រវារកទូរស័ព្ទមកបើក។
ពេលបើកទូរស័ព្ទ ប្រព័ន្ធជូនដំណឹងពេលបិទទូរស័ព្ទ ប្រាប់ថាប្រសិទ្ធិ៍បានហៅមកអមរាជាងមួយរយដង។ ដោយឡែកមានសាមួយផ្ញើមកពីប្រសិទ្ធិ៍ដដែល តាំងពីថ្ងៃទី១៤ ខែកុម្ភៈ វេលាម៉ោង៣.៣០នាទី មានអត្ថន័យថា “អូនសំឡាញ់…! បងបានទិញផ្កាកូឡាបពណ៌លឿងសម្រាប់អូនហើយ។ មកលឿន បងចាំអូនកន្លែងដដែល ហើយយើងទៅជួបលក្ខិណាជាមួយគ្នាណា៎…!”៕៚
អមរាមាសបង – ភាគ១
Posted in រឿងខ្លី on April 10, 2009 by បូរាណប្រសិទ្ធិ៍កំពុងធ្វើការ ដោយអនឡាញក្នុងយ៉ាហ៊ូមេសិងជឺរក្នុងពេលជាមួយគ្នា។ នៅពេលមួយ ស្រាប់តែប្រអប់វីនដូរបស់យ៉ាហ៊ូ បង្ហាញឡើងជាមួយនឹងឈ្មោះ “លក្ខិណា” ដែលប្រសិទ្ធិ៍មិនដែលស្គាល់ទាល់តែសោះ។
“សួស្តី! ស្គាល់ខ្ញុំទេ?” លក្ខិណាសួរប្រសិទ្ធិ៍ឲ្យទាយ។
ប្រសិទ្ធិ៍ខំរកនឹកមិត្តភក្តិរបស់ខ្លួនមួយចំនួន រួមទាំងអមរាផងដែរ តែលក្ខិណាថាខុសរហូត។
“យើងធ្លាប់ស្គាល់គ្នាតាមអ៊ីនធឺណិតកាលពីប៉ុន្មានឆ្នាំមុននោះណា៎…?! នៅចាំទេ?” លក្ខិណាឲ្យតម្រុយដល់ប្រសិទ្ធិ៍បន្ថែម ដើម្បីទាយបន្ត ប៉ុន្តែប្រសិទ្ធិ៍នៅតែទាយមិនត្រូវ។ “កាលនោះខ្ញុំប្រើឈ្មោះជា បេប៊ី ណា៎! នៅចាំបេប៊ីទេ…?”
“អូ៎! ព្រះពុទ្ធជាម្ចាស់អឺយ…!!!” ប្រសិទ្ធិ៍នឹកឃើញឡើងវិញនូវមិត្តភក្តិចាស់ម្នាក់ដែលស្គាល់គ្នាតាមអ៊ីនធឺណិតតែមួយលើកប៉ុណ្ណោះ តាំងពីនាងនៅរៀនវិទ្យាល័យ ហើយពេលនេះនាងរៀនមហាវិទ្យាល័យឆ្នាំទី៣ទៅហើយ។ ពួកគេសួរសុខទុក្ខគ្នាទៅវិញទៅមក និងសួរពីរឿងរាវផ្ទាល់ខ្លួនមួយចំនួន។ លក្ខិណាមានអារម្មណ៍កណ្តោចកណ្តែង ហើយចង់មានមនុស្សប្រុសល្អម្នាក់ជាគូបេះដូង។ ប្រសិទ្ធិ៍ចង់ណែនាំមិត្តភក្តិរបស់គេម្នាក់ឲ្យនាងស្គាល់ ប៉ុន្តែប្រសិទ្ធិ៍ចង់ស្គាល់លក្ខិណាឲ្យច្បាស់ជាងនេះសិន។
ប្រសិទ្ធិ៍ឆ្លើយប្រាប់លក្ខិណានូវរឿងរ៉ាវផ្ទាល់ខ្លួនជាច្រើនដែលនាងសួរ រួមទាំងជីវិតស្នេហារបស់គេជាមួយអមរាផងដែរ។ មិនតែប៉ុណ្ណោះ ប្រសិទ្ធិ៍ថែមទាំងប្រាប់ឲ្យលក្ខិណាអានប្លក់របស់គេទៀតផង ដើម្បីឲ្យនាងស្គាល់កាន់តែច្បាស់ពីនិស្ស័យនិងអត្តចរិករបស់គេបន្ថែមទៀត។
ប្រសិទ្ធិ៍មានអារម្មណ៍រំភើបជាខ្លាំង ព្រោះបានជួបមិត្តចាស់ឡើងវិញ ហើយគិតថាអមរានិងលក្ខិណាមានចំណុចដូចគ្នាច្រើនគួរសម ទើបពេលជួបអមរានៅថ្ងៃដដែលនោះ ប្រសិទ្ធិ៍ប្រាប់ដំណឹងនេះដល់អមរាភ្លាម។ អមរាចាប់អារម្មណ៍នឹងដំណឹងនេះខ្លាំងណាស់ ហើយសួរនាំពីលក្ខិណាយ៉ាងច្រើន។
លក្ខិណាបានអនឡាញជាច្រើនដង ចាប់ពីថ្ងៃនោះមក។ ក្រោយពេលឃើញរូបថតរបស់អមរានៅក្នុងប្លក់របស់ប្រសិទ្ធិ៍ លក្ខិណាសរសើរពីរូបសម្ផស្សរបស់នាង ព្រមទាំងសួរនាំនិងជួយប្រឹក្សាប្រសិទ្ធិ៍ថែមទៀត នៅពេលពួកគេទាំងពីរមិនត្រូវគ្នា។
រាល់ពេលដែលលក្ខិណានិយាយពីអមរា ប្រសិទ្ធិ៍តែងតែនាំយកទៅប្រាប់អមរាឲ្យដឹងជានិច្ច។ ប៉ុន្តែនៅថ្ងៃមួយ… “លក្ខិណាៗ! លើកណាក៏លក្ខិណាដែរ…” អមរាហាក់ដូចជាប្រចណ្ឌនឹងលក្ខិណា ហើយមានពេលខ្លះក្តិចប្រសិទ្ធិ៍ថែមទៀតផង។
“ប្រសិទ្ធិ៍ចង់បានលេខទូរស័ព្ទខ្ញុំទេ?” លក្ខិណាសួរប្រសិទ្ធិ៍នៅថ្ងៃមួយ។ “មិនអីទេ យើងអាចជួបគ្នាតាមយ៉ាហ៊ូក៏បាន ឲ្យតែលក្ខិណាឧស្សាហ៍អនឡាញមក…”។ “ណ្ហើយ! បើមិនចង់បានក៏ហីចុះ!” លក្ខិណាមិនពេញចិត្តនឹងចម្លើយរបស់ប្រសិទ្ធិ៍។ ឯប្រសិទ្ធិ៍ក៏មិនចង់ឲ្យលក្ខិណាខឹង ក៏សុំលេខទូរស័ព្ទរបស់លក្ខិណា ប៉ុន្តែលក្ខិណាទាមទារឲ្យប្រាប់នាងមុន។ ពេលបានលេខទូរស័ព្ទរបស់ប្រសិទ្ធិ៍រួច លក្ខិណាបែរជាមិនព្រមប្រាប់លេខរបស់ខ្លួនឲ្យប្រសិទ្ធិ៍ដឹងទៅវិញ។ “អ៊ីចឹងខ្ញុំចង់មើលរូបរបស់លក្ខិណា ព្រោះលក្ខិណាមើលរូបខ្ញុំនិងអមរារួចហើយ…” ប្រសិទ្ធិ៍ទាមទារថ្នូរ ប៉ុន្តែលក្ខិណានៅតែបដិសេធ។
“បងឯងមានឲ្យលេខទូរស័ព្ទទៅស្រីណាទេ?” អមរាសំឡុតប្រសិទ្ធិ៍នាថ្ងៃមួយ។ “អត់ផង…” ប្រសិទ្ធិ៍ឆ្លើយរបៀបលេងសើចនិងមិនម៉ឺងម៉ាត់។ ប្រសិទ្ធិ៍មានអារម្មណ៍ខុសចំពោះអមរា ព្រោះមិនដែលកុហកនាងឡើយ នាពេលកន្លងមក។ “បងឯងនិយាយកុហក! មើលភ្នែកបងឯង អូនដឹងដល់ឆ្អឹងឯណោះ…!” ថាហើយ អមរាទាមទារយកទូរស័ព្ទរបស់ប្រសិទ្ធិ៍មកឆែកមើល។ “អូនកុំធ្វើអ៊ីចឹងអី នាំតែមានអារម្មណ៍មិនស្ងប់ខ្លួនឯងទេ។ បងមិនវៀចវេរពីអូនទេ…” ប្រសិទ្ធិ៍លួងលោមអមរា ហើយប្រគល់ទូរស័ព្ទឲ្យនាងដោយអង់អាច ព្រោះលក្ខិណាមិនដែលទូរស័ព្ទមកប្រសិទ្ធិ៍ទេ។ អមរាចាបកំហុសប្រសិទ្ធិ៍មិនបាន “កុំឲ្យអូនដឹងឲ្យសោះ ឮទេ?”។
“ចុះបងឯងមានណាត់ជួបគ្នាជាមួយលក្ខិណាទេ?” អមរានៅមិនអស់ចិត្ត។ “អត់មានទេអូន…!” លើកនេះប្រសិទ្ធិ៍ឆ្លើយយ៉ាងលះ ប៉ុន្តែមានអារម្មណ៍សោកស្តាយកាន់តែខ្លាំង ព្រោះអមរាកាន់តែមិនស្ងប់ក្នុងចិត្ត។ “គង់តែថ្ងៃមួយបងឯងទៅជួបគេមិនខាន!”។ “ឈប់សង្ស័យបងទៅ ណាអូន…. បើបងទៅ ក៍បងនាំអូនទៅជាមួយដែរ…” ប្រសិទ្ធិ៍លួងលោម និងអះអាងចំពោះអមរា។ អមរាហាក់ដូចជាស្ងប់ចិត្តវិញ។
លក្ខិណាខានមកអនឡាញជាច្រើនសប្តាហ៍។ ប៉ុន្តែនៅប៉ុន្មានថ្ងៃមុនថ្ងៃនៃក្តីស្រឡាញ់ នាងបានអនឡាញម្តងទៀត។ នាងប្រាប់ដំណឹងដ៏សោកស្តាយមួយដល់ប្រសិទ្ធិ៍ “បន្ទាប់ពីថ្ងៃនេះទៅ ខ្ញុំនឹងឈប់មកអនឡាញទៀតហើយ…”។ “មានរឿងអីទៅ? ប្រាប់ខ្ញុំបានទេ?” ប្រសិទ្ធិ៍សួរដោយភ្ញាក់ផ្អើល“។ “ខ្ញុំមិនសប្បាយចិត្តទេ…”។ “មិនសប្បាយចិត្តរឿងអី និយាយមក ក្រែងខ្ញុំអាចជួយបាន…”។ លក្ខិណាមិនឆ្លើយមួយសន្ទុះ…។
“ខ្ញុំមានអារម្មណ៍ល្អចំពោះប្រសិទ្ធិ៍…”។ “ខ្ញុំក៏មានអារម្មណ៍ល្អចំពោះលក្ខិណាដែរ…” ប្រសិទ្ធិ៍ឆ្លើយតបលក្ខិណាវិញ ដោយគិតថានាងមានន័យធម្មតា។ “ខ្ញុំច្រណែននឹងអមរាដែលមានមនុស្សប្រុសម្នាក់ស្រឡាញ់នាងដោយស្មោះ។ ខ្ញុំចង់បានដូចនាងដែរ… គឺខ្ញុំ… ស្រឡាញ់ប្រសិទ្ធិ៍…។ នេះហើយជារឿងដែលខ្ញុំមិនសប្បាយចិត្ត…”។
ប្រសិទ្ធិ៍ស្រឡាំងកាំង ព្រោះនឹកស្មានមិនដល់។ “ប្រសិទ្ធិ៍ស្រឡាញ់ខ្ញុំវិញដែរទេ?” លក្ខិណាសួរប្រសិទ្ធិ៍។ ប្រសិទ្ធិ៍ច្របូកប្របល់ក្នុងចិត្តជាខ្លាំង និងគិតដល់អមរា… រួចក៏ឆ្លើយបញ្ជៀសសំណួរ “យើងអាចស្និតស្នាលជាងនេះបាន…”។ ប្រសិទ្ធិ៍សំដៅលើការរាប់អានមួយ ដែលស្គាល់គ្នាជាក់ស្តែង មិនមែនតាមអ៊ីនធឺណិតរបៀបនេះ។
“បើបងបែកគ្នាពីអមរា ប្រាប់ខ្ញុំណា ខ្ញុំចាំបង…” លក្ខិណាហាក់ដូចជាថយមួយជំហានវិញ។ ប្រសិទ្ធិ៍ពិបាកឆ្លើយនឹងលក្ខិណាយ៉ាងខ្លាំង ព្រោះប្រសិទ្ធិ៍គិតថានឹងមិនបែកគ្នាពីអមរាទេ… “អរគុណដែលសុខចិត្តចាំខ្ញុំ។ ខ្ញុំមិនចង់ឲ្យលក្ខិណាពិបាកចិត្តទេ…” ប្រសិទ្ធិ៍នៅតែឆ្លើយមិនចំសំណួរដដែល ក្រោយពេលគិតយ៉ាងយូរ។
“ណ្ហើយ! ខ្ញុំគ្មានសង្ឃឹមទេ… ខ្ញុំលាបងហើយ!” លក្ខិណាគំរាមចាកចេញ។
“មាន!” ប្រសិទ្ធិ៍ឆ្លើយយ៉ាងរហ័ស ព្រោះចង់ឃាត់លក្ខិណាកុំឲ្យទៅ។ ប៉ុន្តែប្រសិទ្ធិ៍សោកស្តាយនឹងចម្លើយរបស់គេជាខ្លាំង។ ចំពោះអមរាវិញ ប្រសិទ្ធិ៍មានអារម្មណ៍ខុសចំពោះនាងយ៉ាងខ្លាំង រួចក៏ទូរស័ព្ទទៅនាង តែនាងបិទទូរស័ព្ទ ធ្វើឲ្យប្រសិទ្ធិ៍ខ្វាយខ្វល់ក្នុងចិត្តទ្វេរដង ហើយគិតថាអមរាកំពុងខឹងនឹងខ្លួន។ ប្រសិទ្ធិ៍យល់ដូច្នេះ ព្រោះអមរាហាក់ដូចជាមានញាណពិសេសអ្វីម្យ៉ាងដែលអាចដឹងថាមានរឿងអាក្រក់ឬល្អនឹងកើតឡើងចំពោះខ្លួន។
“អរគុណបងហើយ… ដើម្បីកុំឲ្យអូនពិបាកចិត្ត បងសុខចិត្តក្បត់ចិត្តអមរា…”។ “យើងអាចស្និតស្នាលជាងនេះបាន…” ប្រសិទ្ធិ៍ចង់ស្តារស្ថានភាពឡើងវិញ។ “ស្និតស្នាលជាងនេះយ៉ាងម៉េចទៅ?”។ “គឺយើងអាចជួបគ្នាបាន…”។ “ជួបថ្ងៃណា?”។ “ខ្ញុំមិនដឹងទេ”។ “ថ្ងៃនៃក្តីស្រឡាញ់ទៅអ៊ីចឹង…!”។ “តែខ្ញមិនស្គាល់លក្ខិណាទេ”។ “មិនអីទេ អូនស្គាល់បងទេតើ! បងគ្រាន់តែឈរចាំអូននៅទីនោះទៅ នឹងមាននារីម្នាក់ទៅកេះបងពីក្រោយខ្នងហើយ។ ធ្វើដូចនេះទើបភ្ញាក់ផ្អើល…”។
ចេញពីធ្វើការ ប្រសិទ្ធិ៍នៅតែទូរស័ព្ទទៅអមរាមិនចូលដដែល។ កាន់តែយូរ ប្រសិទ្ធិ៍មានអារម្មណ៍កាន់តែខុស… “បងសោកស្តាយណាស់ បងចង់ឲ្យលក្ខិណាសួរបងម្តងទៀត… បងអាចបាត់បង់អ្វីបាន តែមិនអាចបាត់បង់អូនទេ…” ប្រសិទ្ធិ៍គិតស្រម៉ៃក្នុងចិត្តម្នាក់ឯង ហាក់ដូចជាកំពុងនិយាយជាមួយអមរា។
ប្រសិទ្ធិ៍ព្យាយាមទូរស័ព្ទទៅអមរាដោយអន្ទះសា រហូតបានសម្រេចនៅពេលយប់។ “ហេតុអីអូនបិទទូរស័ព្ទ?”។
“អូនមិនសប្បាយចិត្ត… អូនមានអារម្មណ៍ចំឡែកម្យ៉ាង… មានអារម្មណ៍ថាបាត់បង់អ្វីមួយសំខាន់សម្រាប់ជីវិតអូន… អូនចង់តែយំម៉េចមិនដឹងទេ…”។
“បងសុំទោស…” ប្រសិទ្ធិ៍គិតក្នុងចិត្ត។ “មិនអីទេអូន មិនមែនជាការពិតឯណា…” ប្រសិទ្ធិ៍លួងលោមអមរា។
“យប់ម៉ិញអូនយល់សប្តិឃើញថា អូនកំពុងឈរនៅក្នុងចំណោមមនុស្សមួយហ្វូង។ ពួកគេសុទ្ធតែសើចចំអកឲ្យអូនគ្រប់គ្នា ហើយបងទៅណាបាត់ទុកឲ្យអូននៅម្នាក់ឯង អូនខ្លាចណាស់…”។
“អូ៎! យល់សប្តិទេតើ… អូនកុំខ្លាចអី បងនៅក្បែរអូនរហូតណា៎! ឮទេ?”។
“ស្អែកជាថ្ងៃនៃក្តីស្រឡាញ់ហើយ បងទៅណា?”។ “បងនៅជាមួយអូនហ្នឹងណា៎!” ប្រសិទ្ធិ៍ឆ្លើយដោយមិនស្ទាក់ស្ទើរ។
ពុតសិស្សកុំត្រាប់ ច្បាប់សិស្សឲ្យយក
Posted in ទស្សនៈឡប់ៗ on March 20, 2009 by បូរាណកាលពីព្រេងនាយ មានសិស្សម្នាក់ត្រូវបានប្រកាសលទ្ធផលឆមាសទី១ ថាធ្លាក់នូវមុខវិជ្ជាមួយ ប៉ុន្តែគួរឲ្យសរសើរគាត់ដែលមានការជឿជាក់លើខ្លួនឯងដោយបានសុំសើររើមើលក្រដាសប្រឡង និងការបូកពិន្ទុរបស់ឆឺរនោះ។ លទ្ធផលបង្ហាញថា មកពីឆឺរមួយនោះ កែពិន្ទុអត់បានដាក់បញ្ចូលពិន្ទុអាសាញមិនឲ្យគាត់។ ក្នុងជំនួបពិភាក្សាមួយ គ្រូនោះបានសុំឲ្យសិស្សនោះ កុំសើរើពិន្ទុរបស់គាត់ ហើយទុកថាធ្លាក់ចុះ ចាំប្រឡងសង គាត់ជួយប្រាប់វិញ្ញាសាមុន….
កាលពីយូរលង់ណាស់មកហើយ មានឆឺរម្នាក់ បង្រៀនមុខវិជ្ជាលីធឺរ៉េតឈ័រ ហៅថាកំពូលអគ្គមហាអត់ឧស្សាហ៍។ ពីមួយថ្ងៃទៅមួយថ្ងៃ សិស្សបានទន្ទឹងរង់ចាំមើលលទ្ធផលរបស់ខ្លួនយ៉ាងរីងរៃ តែឆឺរអត់ព្រមកែរីវីសិនតេស្ត៍របស់សិស្សទេ ទុករហូតដល់ថ្ងៃប្រឡង។ គាត់សុំលេខទូរស័ព្ទរបស់ម៉ូនីទ័រ ហើយប្រាប់ថាមុនប្រឡងប៉ុន្មានថ្ងៃ គាត់នឹងខលមកយកលទ្ធផលតេស្ត៍។ នៅថ្ងៃនោះ សិស្សជាច្រើនបានមកដល់សាលាចាំយកលទ្ធផលយ៉ាងមូរមីដេរដាស ប៉ុន្តែឆឺរនោះបានបំបាំងកាយបាត់ រកមិនឃើញឡើយ។ ពេលមូនីទ័រខលទៅ គាត់អត់លើកទៀត។ រហូតដល់ថ្ងៃប្រឡងមុខវិជ្ជាគាត់រួច ចប់ម៉ោងប្រឡងមុខវិជ្ជាគាត់រួចភ្លាម ទើបគាត់យកលទ្ធផលតេស្ត៍មកឲ្យ….។ រឿងដែលសោកស្តាយបំផុតនោះគឺមានសំនួរជាច្រើនក្នុងពេលប្រឡង ចេញដូចគ្នានឹងសំនួរក្នុងតេស្ត៍ដែរ…. នេះបានហៅថាអគ្គមហាគ្រូមែនៗ!
មានឆឺរខ្លះទៀតដូចជាសប្បាយនឹងគូសឈ្មោះសិស្សដែលមកយឺតណាស់ សង្ស័យតែគូសឈ្មោះសិស្សមកយឺតបានច្រើន សាលាថែមបូណឺសឲ្យហើយមើលទៅ… មិនដឹងជាពេលពួកគាត់នៅរៀនហ្នឹងមិនដែលមកយឺតសោះ ឬក៏អត់មានធ្វើអីសោះក្រៅតែពីរៀនតាម៉ងមើលទៅ…
ឆឺរមួយទៀតមកបង្រៀនយឺតជាប្រចាំ ហើយឧស្សាហ៍ឈប់ញឹកញាប់ជាងគេបំផុត, សិស្សភាគច្រើនកើតជំងឺធ្លាក់ទឹកចិត្តគ្រប់គ្នា ដោយបារម្ភពីអនាគតរបស់ខ្លួនជាពន់ពេក ព្រោះជាមុខវិជ្ជាស្នូលផង។ នៅឆមាសទី២ ក្រោយពេលសិស្សវាយតម្លៃការបង្រៀនរបស់គ្រូរួចមក គេអាចយល់បានថាឆឺរនោះច្បាស់ជាទទួលបានពិន្ទុយ៉ាងទាបបំផុត ចំពោះភាពទៀតទាត់របស់គាត់ក្នុងការមកបង្រៀន។ នៅថ្ងៃទី១នៃឆមាសទី២ គាត់មកដល់មុនសិស្សបានល្អណាស់ ហើយគាត់ប្រកាសថា អ្នកណាមកក្រោយគាត់ហៅឈ្មោះ គឺត្រូវអាប់សង់តែម្តង មិនដាក់ថាឡេតឡើយ…. ចំណុចនេះផ្ទុយពីច្បាប់របស់សាលាទាំងស្រុង ដែលអនុញ្ញាតឲ្យសិស្សអាចមកយឺតបាន១៥នាទី…
ជិះម៉ាសេរី
Posted in ទស្សនៈឡប់ៗ on February 16, 2009 by បូរាណខ្ញុំគឺជាអ្នកគោរពច្បាប់ចរាចរណ៍ដ៏ល្អម្នាក់ ព្រោះខ្ញុំពាក់មួកសុវត្ថិភាព ហើយម៉ូតូខ្ញុំមានដាក់កញ្ចក់សម្រាប់មើលក្រោយ។ ខ្ញុំចេះពាក់មួកសុវត្ថិភាពតាំងពីមុនគេចាប់ផ្តើមរករបរទទួលទាននឹងមួក/កញ្ចក់ យ៉ាងគគ្រឹកគគ្រេងទៅទៀតឯណោះ ព្រោះតែខ្ញុំដឹងពីសារប្រយោជន៍នៃការពាក់មួកសុវត្ថិភាពនេះដោយខ្លួនឯង មិនមែនដោយសារអ្នកណាម្នាក់មកបញ្ជានោះទេ។ ឯកញ្ចក់វិញ មានប្រយោជន៍ធំៗមួយចំនួនដូចជា ជួយលើកស្ទួយជីវភាពអ្នកលក់កញ្ចក់ម៉ូតូ និងអ្នកមានមុខរបរពាក់ព័ន្ធនឹងកញ្ចក់ម៉ូតូទាំងឡាយ, អាចទុកសម្រាប់ឆ្លុះមើលមុខមាត់សក់ ពេលទៅជួបស្រីស្នេហ៍, និងអាចបញ្ចាំងផ្លាតពន្លឺថ្ងៃចូលភ្នែកអ្នកបើកបរដែលនៅពីក្រោយយើងបាន។
ប្រដាប់ទៅដោយពន្ធផ្លូវ មួក និងកញ្ចក់គ្រប់គ្រាន់ ខ្ញុំជិះម៉ូតូតាមមហាវិថីម៉ៅសេទុងយ៉ាងសង្ហារ ដោយមិនខ្លាចរអានឹងអ្នកណាឡើយ។ ត្រង់ចំណុចស្តុបមួយ មានប៉ូលីសចរាចរណ៍ បួនប្រាំនាក់ ក្បាលពោះធំៗ កំពុងតែបំពេញការងារយ៉ាងសស្រាក់សស្រាំ។ មានលោកម្នាក់កំពុងអង្គុយនៅអហ្វីស រវល់សរសេរវិក្កយបត្រយ៉ាងញាប់ដៃញាប់ជើង ដើម្បីកត់ត្រាប្រមូលប្រាក់ផាកពិន័យ(ហេតុអ្វីផាកកញ្ចក់ថ្លៃជាងមួក? ហេតុអ្វីអ្នកជិះខាងក្រោយ អាចមិនពាក់មួកបាន? តើមានតែអ្នកជិះខាងមុខទេឬ ដែលមានគ្រោះថ្នាក់ប្រសិនបើដួល?) ចូលឲ្យរដ្ឋឲ្យបានត្រឹមត្រូវ។ ឯអ្នកក្រៅពីនោះ កំពុងត្រួតពិនិត្យចរាចរណ៍ គឺថាមិនឲ្យអ្នកបើកបរគ្មានមួកគ្មានកញ្ចក់ណាម្នាក់ រំលងផុតឡើយ។
ខ្ញុំឈប់នៅលើគំនូសសម្រាប់អ្នកថ្មើរជើងឆ្លងកាត់ ដូចអ្នកដទៃមួយចំនួនដែរ។ មានម៉ូតូមួយនោះអត់មានកញ្ចក់ ពេលឃើញប៉ូលីសដើរចេញមកសំដៅខ្លួន ភ័យពេក ស្លន់ស្លោរ ក៏ប្រុងបត់ត្រឡប់ក្រោយវិញ។ ក្នុងពេលប្រថុចញ៉ុច គាត់មើលក្រោយមិនទាន់ទេ ព្រោះចូលជិតកៀកប៉ូលីសទៅហើយ។ គាត់ក៏ជាន់ហ្វ្រាំងបត់ក្រោយវ៉េវ… ប្រ៉ាវ!… ម៉ូតូមកពីក្រោយបុកគាត់ម៉ាំង។ ប្រសិនជាឡានវិញ ម្ល៉េះគាត់ហោះរំលងស្តុប រួចផុតពីការចាប់របស់ប៉ូលីសបាត់ទៅហើយ។
ក្នុងនាមជាប៉ូលីសចរាចរណ៍ម្នាក់ លោករត់សំដៅកន្លែងកើតហេតុដោយមិនសំចៃកម្លាំងឡើយ។ គាត់ស្ទុះទៅហើយ… លឿនណាស់ ដូច ផ្លេក បន្ទោរ អ៊ីចឹង… វឹប! កញ្ឆក់យកសោរម៉ូតូរបស់ជនរងគ្រោះមកទុកក្នុងហោប៉ៅអាវសិន រួចចាំធ្វើកិច្ចការផ្សេងទៀត។ ខ្ញុំមិនបាននៅតាមដានសាច់រឿងទេ ក៏មួលហ្គ៊ែរម៉ូតូទៅមុខទៀត ដោយសារអ្នកនៅខាងក្រោយ គាត់ស៊ីផ្លេបង្ខំឲ្យខ្ញុំឆ្លងទៅទាំងភ្លើងនៅក្រហម សល់ប្រហែល៥វិនាទីទៀត។
ដោយខ្ញុំមានសិល្បៈក្នុងការបញ្ជារចង្កូតម៉ូតូនិងកាច់ចង្កេះយ៉ាងស្ទាត់ជំនាញ ខ្ញុំអាចឆ្លងទម្លុះហ្វូងម៉ូតូឡានដែលកំពុងឆ្លង ដោយជោគជ័យ និងសុវត្ថិភាព។ ប៉ុន្តែគួរអនិច្ចាឡានដែលមកតាមក្រោយខ្ញុំ មិនអាចជ្រែញាប់រវិចរវាមដូចខ្ញុំឯណា ធ្វើឲ្យអកហ្ស៊ឺជាមួយឡានឆ្លងមក រួចក៏បង្កទៅជាស្ទះយ៉ាងរដូករណែលពេញនោះទៅ។
ខ្ញុំសំឡឹងមើលពួកគេដែលកំពុងស្ទះ រួចក៏នឹកអាណិតដល់សាលាក្រុងរហូតខ្លោចចិត្តអស់ ព្រោះមួយថ្ងៃៗខិតខំពង្រីកផ្លូវ ពុះផ្លូវ បន្ថែមស្តុប សាងសង់ស្ពាន និងរហូតដល់ធ្វើផ្លូវហោះទៀតផង ដោយមិនបានខិតខំពង្រឹងឥរិយាបថបើកបររបស់អគ្គមហាប្រជាពលរដ្ឋយើង ជាពិសេសអ្នកបើកឡានឆ្លងភ្លើងក្រហមយ៉ាងងងើលពកថ្ងាស ទាំងអ្នកដទៃកំពុងតែឆ្លងទៅមកដោយភ្លើងបៃតង។
និយាយអ៊ីចឹង នៅយប់មួយ នៅទូរទស្សន៍ជាតិកម្ពុជា ខ្ញុំបានឃើញសមិទ្ធិផលដ៏ថ្មីស្រឡាងមួយទៀតរបស់សាលាក្រុងភ្នំពេញ គឺស្ពានភ្លោះព្រះមុនីវង្សថ្មី នៅច្បារអំពៅ ដែលនឹងបើកសម្ពោធឲ្យប្រើប្រាស់ក្នុងឪកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ហើយទន្ទឹមនឹងពេលនោះដែរ ក៏នឹងបើកសម្ពោធការដ្ឋានសាងសង់ស្ពានហោះមួយ នៅផ្លូវនរោត្តម ត្រង់ចំណុចគល់ស្ពាននោះដែរ នេះបើតាមការអះអាងរបស់ឯកឧត្តម កែប ជុតិមាដ៏មហាអស្ចារ្យរបស់យើង។
ខ្ញុំទទួលព័ត៌មាននោះដោយក្តីអំណរសាទរ រួចក៏ប្តូរប៉ុស្តិ៍រកមើលកម្មវិធីផ្សេង ក៏ប្រទះនឹងឆាកកំប្លែងមួយក្រុមដែលល្បីល្បាញដោយសារការប្រើសំដីអសុរោះ។ សាច់រឿងគាត់ក៏មិនសូវប្លែកពីសព្វមួយដងដែរ ប៉ុន្តែរាប់ថាមានអត្ថន័យអប់រំគួរទទួលយកបាន។ មិនតែប៉ុណ្ណោះ ក្រោយពេលបញ្ចប់សាច់រឿង ប្រធានក្រុមកំប្លែងដ៏ល្បីល្បាញរបស់យើងបានឆ្លៀតពាំនាំព័ត៌មានគ្រោះថ្នាក់ចរាចរណ៍មួយដែលគួរឲ្យព្រឺខ្លាច ដោយបានសម្លាប់ជីវិតមនុស្សច្រើននាក់ក្នុងពេលតែមួយ។ គាត់មានបំណងល្អណាស់ ដោយបានដាស់តឿនអ្នកជិះម៉ូតូឲ្យដាក់ភ្លើងពីក្រោយ។ គាត់បន្តរៀបរាប់ថា ពេលនោះមានឡានពីរមកបញ្ច្រាស់ទិសគ្នា ដោយមួយៗសុទ្ធតែបើកភ្លើងឡាហ្សែ រួចក៏មើលម៉ូតូមិនឃើញ ក៏កើតទៅជាសោកនាដកម្មដ៏គួរឲ្យរន្ធត់ក្រៃលែង។ ប៉ុន្តែគួរឲ្យស្តាយ ព័ត៌មានដែលខ្ញុំទន្ទឹងចាំស្តាប់ពីអ្នកកំប្លែងយើង គឺមិនត្រូវបានលើកនិយាយទៅវិញ គឺភាពស្របច្បាប់នៃភ្លើងឡាហ្សែនោះ។
សូមនារីៗស្តាប់ខ្ញុំបន្តិចម្ហើ
Posted in ទស្សនៈឡប់ៗ, ទិនានុប្បវត្តិ on December 2, 2008 by បូរាណ
ត្រូវហើយ នារីមិនមែនជាបុរស ហើយបុរសក៏មិនមែនជានារីដែរ តើឲ្យសត្វលោកទាំងពីរនេះយល់ពីគ្នាទៅវិញទៅមកបានគ្រប់ជ្រុងជ្រោយយ៉ាងម៉េចទៅ? នៅក្នុងសង្គម ស្ត្រីមួយចំនួនច្រណែននឹងជីវិតជាបុរស ឯបុរសមួយចំនួនក៏ច្រណែននឹងជីវិតជាស្ត្រីដែរ។ តែខ្ញុំគិតថាស្ត្រីនិងបុរសគឺជាការបំពេញឲ្យគ្នាទៅវិញទៅមក ទោះជាវានោះជាតួនាទីក្នុងសង្គម ឬក៏ជាហេតុបណ្តាលពីធម្មជាតិក៏ដោយ។ តើផែនដីនេះនឹងវិលទេ បើបុរសនិងស្ត្រីមិនបង្កើតជាគ្រួសារ? ខ្ញុំយល់ថានឹងគ្មានមនុស្សធ្វើការទេ ហើយនឹងគ្មានការរីកចម្រើនអ្វីដែរ អ៊ីចឹងតើផែនដីវិលបានការអី? ដូច្នេះហើយបានជាគេថា គឺស្នេហាហ្នឹងហើយ ដែលធ្វើឲ្យផែនដីវិលនោះ។
ច្រើនឆ្នាំមកហើយ តាំងពីយល់ តាំងពីស្គាល់សេចក្តីស្នេហាមក ខ្ញុំតែងមានសេចក្តីប៉ងប្រាថ្នាឲ្យមនុស្សលោកគ្រប់គ្នាមានការស្រឡាញ់គ្នា បារម្ភណ៍ពីគ្នា យកចិត្តទុកដាក់ចំពោះគ្នា ទៅវិញទៅមកឲ្យបានល្អ ហើយថែរក្សាសេចក្តីស្នេហានោះឲ្យបានផ្អែមល្ហែមរហូត កុំឲ្យមានភាពប្រែប្រួល។ ទោះជាមិនមានច្រើនក៏ដោយ ក៏យើងបានឃើញរួចមកហើយ ថាគូស្នេហ៍យាយតាមួយចំនួនបានធ្វើឲ្យក្មេងៗជាច្រើននាក់ ខ្មាស់គាត់រួចមកហើយ។
ទោះជាយ៉ាងនេះក៏ដោយ ភាគីបុរសត្រូវបានគេនិយាយថាមិនបានឲ្យតម្លៃគ្រប់គ្រាន់ទៅលើមនោសញ្ចេតនាស្នេហានោះទេ ជាពិសេសគឺនៅពេលដែលបានខ្លួនប្រាណ ឬរៀបការហើយ។ មាននារីខ្លះខឹងពេករហូតនិយាយចេញក្តែងៗថា “ពួកអាប្រុសៗសុទ្ធតែដូចគ្នា!”។ យើងសាកគិតម្តងទៀតមើហ៍ តើពាក្យនេះវាយុត្តិធម៌ដែរទេ ចំពោះលោកសង្ឃដែលបួសតាំងពីក្មេង,ចំពោះបុរសដែលគ្នាមិនទាន់មានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់ណាផងនោះ, ចំពោះបុរសដែលមានចិត្តស្មោះនឹងសង្សារ, ស្មោះនឹងប្រពន្ធនិងគ្រួសារ? តើមិនយល់ថា និយាយពាក្យនេះកាន់តែខ្លាំង គេគិតថាអ្នកនាងមានការខូចចិត្តនឹងស្នេហាកាន់តែខ្លាំងប៉ុណ្ណោះដែរទេឬ?
រីឯនារីដែលមិនមានការខឹងសម្បារនឹងប្រុសៗដាច់ក្បាលដាច់កន្ទុយនោះ គឺគេគ្រាន់តែនិយាយត្រឹមថា “បានតែមុនដំបូងអ៊ីចឹង!”។ បានតែមុនដំបូងយ៉ាងម៉េចទៅ? ខ្ញុំបានសួរបញ្ជាក់ទៅមិត្តភក្តិស្រីខ្ញុំម្នាក់ ក្នុងឱកាសញ៉ាំបាយថ្ងៃត្រង់ជាមួយគ្នាបួនប្រាំនាក់នាថ្ងៃមួយ។ នាងរៀបរាប់ថា មានរឿងមួយជារឿងពិត គឺបុរសម្នាក់នោះមុនពេលរៀបការជាមួយប្រពន្ធគាត់ ៗយកចិត្តទុកដាក់នឹងប្រពន្ធខ្លាំងណាស់។ ថ្ងៃមួយមានភ្លៀងយ៉ាងខ្លាំង រហូតលេចផ្លូវ។ អ្នកដំណើរជាច្រើនត្រូវបណ្តើរម៉ូតូ ព្រោះតែម៉ូតូខូច។ ដូចគ្នាដែរ បុរសនោះបានចុះបណ្តើរម៉ូតូ ប៉ុន្តែអ្វីដែលអស្ចារ្យជាងគេ គឺគាត់ឲ្យនារីនោះនៅអង្គុយលើម៉ូតូរហូត។ ប៉ុន្មានឆ្នាំកន្លងផុតទៅ ប្តីប្រពន្ធទាំងពីរនាក់នោះបានស្ថិតនៅក្នុងស្ថានភាពដដែល ប៉ុន្តែលើកនេះគឺពួកគេបានរៀបការហើយ។ “យី! យាយប៉ិកនេះ ម៉េចមិនចុះដើរ?! ធ្ងន់ចង់ងាប់!”។
យើងសាកគិតមើល កាលពីគាត់មិនទាន់រៀបការ គឺគាត់នៅមានកម្លាំងខ្លាំង អាចបណ្តើរម៉ូតូ ដោយឲ្យប្រពន្ធគាត់អង្គុយ។ តែឥឡូវគាត់មានប្រពន្ធហើយ កម្លាំងគាត់ក៏មិនខ្លាំងក្លាដូចមុនដែរ និយាយឲ្យស្រួលស្តាប់ គឺបាក់កម្លាំងហ្នឹងណា៎។ ណាមួយទៀត គាត់និយាយឲ្យប្រពន្ធគាត់បែបហ្នឹង ព្រោះតែគាត់គិតថា ប្តីប្រពន្ធមិនអាចបែកគ្នាព្រោះតែរឿងប៉ុណ្ណឹងទេ តែសង្សារគឺអាច។ មានន័យថា កាលពីមុនគឺគាត់នៅមានការបារម្ភណ៍ថានឹងមិនបាននារីនោះជាគូគ្រង ទើបគាត់ធ្វើគ្រប់យ៉ាង មិនឲ្យនារីនោះអន់ចិត្ត។ ប៉ុន្តែពេលនេះ គឺគាត់ត្រូវគិតពីគ្រួសារ ត្រូវដឹកនាំគ្រួសារ ជាកាតព្វកិច្ចមួយធំណាស់ សម្រាប់ជីវិតក្រោយរៀបការរួច ឲ្យគាត់ធ្វើដូចមុនម៉េចនឹងបាន?
តើគាត់លែងស្រលាញ់ប្រពន្ធគាត់ហើយមែនទេ? បើសិនជាមានបុរសម្នាក់ទៅលេបខាយប្រពន្ធគាត់ តើគាត់នឹងនៅស្ងៀមទេ? ទេ! ដូច្នេះសូមនារីៗទាំងឡាយឈប់ចោទបុរសៗទៀតទៅ ហើយត្រូវបើកចិត្តឲ្យទូលាយថា ជីវិតជាសង្សារ និងជីវិតជាប្តីប្រពន្ធ មិនអាចឲ្យដូចគ្នាទាំងអស់នោះទេ។ ទោះជាយ៉ាងនេះក្តី ខ្ញុំមិនមែនការពារបុរសៗគ្រប់កាលៈទេសៈនោះទេ ដូចជា(មានប្រពន្ធ៖)ការប្រើអំពើហឹង្សា ដើរចោលប្រពន្ធ ផឹកស្រា លេងល្បែង មានស្រីឬប្រពន្ធចុង មិនធ្វើជាប្រយោជន៍ដល់គ្រួសារ ហើយថែមទាំងបំផ្លាញគ្រួសារ និង(មានសង្សារ៖) ការលួចមានសង្សារបន្ថែម ដើរលេងស៊ីផឹក វ៉ៃកាប់ចាក់បាញ់ ញៀនថ្នាំ លួចឆក់ប្លន់ ព្រហើនកោងកាចអត់ខ្លាចអ្នកណា គ្មានសីលធម៌ គ្មានសាសនា មិនធ្វើការមិនសិក្សា ។ល។ និង ។ល។ ខ្ញុំជឿថាអ្នកទាំងអស់គ្នាក៏មិនឲ្យតម្លៃទៅលើអំពើទាំងនេះដែរ។
រឿងចុងក្រោយមួយទៀត ដែលនារីមួយចំនួនមិនគួរយល់ច្រឡំ។ ថ្ងៃមួយខ្ញុំស្តាប់កម្មវិធីមួយក្នុងវិទ្យុ ស្រាប់តែឌីជេស្ទាវមួយនោះ ប្រហែលជាគាត់និយាយច្រើនពេក ញាប់ពេក មិនបានប្រយ័ត្ន ឬគិតមិនទាន់, បានប្រលោយពាក្យថា “ប្រុសៗរៀបការហើយ ចេះដើរមានស្រីខាងក្រៅបាន, អ៊ីចឹងស្រីៗការហើយ ក៏អាចដើររកប្រុសខាងក្រៅបានដែរ! សិទ្ធិស្មើគ្នាត្ហើ!” ។ ទស្សនៈនេះ បើតាមខ្ញុំយល់ គឺបានធ្វើឲ្យខូចប្រយោជន៍ដល់សង្គមយ៉ាងធ្ងន់ធ្ងរ ព្រោះមានមនុស្សមិនតិចទេ ដែលស្តាប់អន្ទិតនោះ, មានន័យថាការអះអាងរបស់គាត់ បានព្យាយាមបណ្តុះទុទ្ទិដ្ឋិនិយមទៅក្នុងគោលគំនិតរបស់នារីទាំងឡាយ ដែលគំនិតនេះ វាផ្ទុយស្រឡះពីៈ ១.) ប្រពៃណីខ្មែរ និង ២.) ច្បាប់របស់សង្គម ១៨០ដឺក្រេ។
បុរាណលោកពោលថា “ស៊ូស្លាប់បា កុំឲ្យស្លាប់មេ” ។ សុភាសិតនេះស្តែងយ៉ាងច្បាស់ពីតម្លៃនៃស្រ្តី។ ទោះជាក្នុងសម័យនេះហើយក៏ដោយ បុរសនៅតែគិតថា ប្រពន្ធគឺជាតំណាងនៃសេចក្តីស្មោះត្រង់ តំណាងឲ្យគ្រួសារទាំងមូល ដូចជាការគ្រប់គ្រងគ្រួសារ ការមើលថែ ចិញ្ចឹម អប់រំកូនចៅ ម្តាយធ្វើបានល្អជាង និងមានភាពស្និទស្នាលជាងអ្វីដែលឪពុកអាចធ្វើបាន។ ក្នុងពេលជាមួយគ្នា នារីថែមទាំងអាចរកចំណូលផ្គត់ផ្គង់គ្រួសារដូចបុរសដែរ (រីឯបុរសមួយចំនួន ពេលផុតពីការងារហើយ ឆ្លៀតដើរលេងបន្តិចទៀត….)។ ដោយភាពស្មោះត្រង់នឹងគ្រួសារ ធ្វើអ្វីក៏ដើម្បីតែគ្រួសារនេះហើយ ទើបបុរសឲ្យតម្លៃយ៉ាងខ្ពង់ខ្ពស់ទៅលើប្រពន្ធរបស់ខ្លួន គិតថាប្រពន្ធគឺជាទ្រព្យសម្បតិ្តដ៏វិសេសវិសាល។ ហើយការដែលឲ្យតម្លៃខ្ពស់នេះហើយ ទើបជាមិនអាចទទួលបានហ្នឹង នៅពេលដែលដឹងថាប្រពន្ធលួចមានក្រៅនោះ។
បើប្រពន្ធចោទប្តីថាមានស្រី(អត់ភស្តុតាង) ភាគច្រើនគឺអត់បញ្ហា តែបើប្តីចោទប្រពន្ធ(អត់ភស្តុតាងដូចគ្នា)ថាមានប្រុស នោះប្រពន្ធពិតជាខឹងដាច់ក្បាលដាច់កន្ទុយមិនខាន។ ប្រតិកម្មនេះបង្ហាញឲ្យឃើញថា ប្រពន្ធមិនអាចទទួលការមើលងាយថាមានក្រៅបានទេ។ វាអយុត្តិធម៌ចំពោះគាត់ នៅពេលដែលគាត់ស្មោះត្រង់ បែរជាចោទគាត់ថាក្បត់ទៅវិញ។ ក្នុងករណីនេះ ប្រពន្ធបាននិងកំពុងតែធ្វើយ៉ាងល្អ ស្មោះត្រង់ជាមួយប្តី និងគ្រួសារទៅហើយ ហេតុអ្វីក៏ឌីជេស្ទាវនោះមកបំផុសគំនិតថាមានសិទ្ធិដូចគ្នា គឺអាចរកក្រៅដូចគ្នាបាន ឲ្យប្រពន្ធចេះរកក្រៅដែរទៅវិញ? បើប្តីមានកំហុស(ក្បត់ប្រពន្ធ)ទៅហើយ ម្តេចក៏ចង់ឲ្យប្រពន្ធសាងកំហុសដូចគ្នាទៅវិញ? មិនគួរចង់ឈ្នះតាមរបៀបនេះទេ… ចុះកូនៗ? កេរ្តិ៍ឈ្មោះគ្រួសារ? បើឳពុកមានស្រីក្រៅ ម្តាយមានប្រុសក្រៅ តើអ្នកជិតខាងគេមើលមកគ្រួសារនោះយ៉ាងម៉េចទៅ?
អ៊ីចឹងសួរថាខ្ញុំហ្នឹងគាំទ្រឲ្យប្តីមានក្រៅឬ? ទេ! ខ្ញុំក៏គាំទ្រការមានសិទ្ធិស្មើគ្នាដែរ ប៉ុន្តែមិនមែនក្នុងរបៀបមួយ ដែលឲ្យភាគីទាំងសងខាងដើររកក្រៅទាំងពីរនោះទេ! គំនិតខ្ញុំគឺចង់ទប់ស្កាត់ និងដាក់ទណ្ឌកម្មលើភាគីណាមួយដែលកំពុងតែធ្វើខុស។ នេះហើយទើបគេហៅថា “សិទ្ធិស្មើគ្នា” នោះ! គឺមិនបំពានសិទ្ធិអ្នកដទៃ មិនបំពានលើប្តីឬប្រពន្ធរបស់ខ្លួន។ អ៊ីចឹងសួរថាតើត្រូវធ្វើយ៉ាងម៉េចទៅ ដើម្បីឲ្យអ្នកក្បត់(ប្តីឬប្រពន្ធ) ទទួលកំហុសបាន? មាន! គឺយើងមានច្បាប់ស្ដីពីឯកពន្ធភាព សម្រាប់ធ្វើជាមូលដ្ឋានបាន។
មាត្រា១ ក្នុងជំពូកទី១(បទប្បញ្ញត្តិទូទៅ)នៃច្បាប់ស្ដីពីឯកពន្ធភាព បានចែងថា ៖ “ច្បាប់នេះមានគោលបំណងការពារសេចក្ដីថ្លៃថ្នូរ និងពង្រឹងសុខដុមរមនា សុភមង្គលក្នុងគ្រួសារ និងការគោរពសិទ្ធិគ្នាទៅវិញទៅមករវាងប្ដីនិងប្រពន្ធ….។”
មាត្រា៧ ក្នុងជំពូកទី២ (និយមន័យ ពិរុទ្ធភាព និងនីតិវិធី) ៖ “ត្រូវចាត់ទុកថាមានពិរុទ្ធក្នុងបទផិត ចំពោះបុរសណា ដែលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយ ហើយទៅរួមសេវនកិច្ចជាមួយស្ត្រីផ្សេងទៀត ឬស្ត្រីណា ដែលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយ ហើយទៅរួមសេវនកិច្ចជាមួយបុរសដទៃទៀត។”
មាត្រា១០ ក្នុងជំពូកទី៣ (ទោសប្បញ្ញត្តិ)៖ “ជនណាប្រព្រឹត្តល្មើសនឹងមាត្រា ៦ និងមាត្រា ៧ នៃច្បាប់នេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ដល់ ១ (មួយ) ឆ្នាំ និងផ្ដន្ទាទោសពិន័យជាប្រាក់ពី ២០០.០០០ (ពីររយពាន់) រៀល ដល់ ១.០០០.០០០ (មួយលាន) រៀល ឬ ផ្ដន្ទាទោសណាមួយនៃទោសទាំងពីរ។”
ទោះជាការវិភាគចំពោះរឿងនេះ មានភាពចម្រូងចម្រាសយ៉ាងណាក៏ដោយ ដោយសារមនុស្សមានមតិខុសៗគ្នា ជាពិសេសគឺសេចក្តីលំអៀងទៅរកភេទនីមួយៗ, ក៏ពលរដ្ឋកម្ពុជាគ្រប់រូបត្រូវតែគោរពតាមច្បាប់របស់ប្រទេសកម្ពុជាដែរ គឺច្បាប់ឯកពន្ធភាពនេះឯង។
អត្ថបទនេះផ្អែកលើយោបល់ផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុណ្ណោះ ហេតុដូច្នេះហើយ វាមិនអាចស្របទៅតាមទស្សនៈរបស់អ្នកអានទាំងអស់គ្នាបានទេ។ ខ្ញុំជឿថាមានខ្លះក៏ឯកភាព ខ្លះក៏ជំទាស់ដែរ។ ទោះជាមានការខ្វែងគំនិតគ្នាយ៉ាងណាក៏ដោយ ក៏ខ្ញុំជឿថា ទាំងអស់គ្នាសុទ្ធតែចង់បាន ការស្រឡាញ់ ស្មោះត្រង់ យកចិត្តទុកដាក់ រួមរ័ក្សលុះក្ស័យអឺយ…៕៚
តែ១០នាទីទេ?
Posted in ទិនានុប្បវត្តិ, រូបភាពថ្ងៃនេះ on November 14, 2008 by បូរាណរូបនេះថតថ្ងៃបុណ្យអុំទូក
យប់នោះខ្ញុំមានកិត្តិយសយ៉ាងខ្ពង់ខ្ពស់ដោយត្រូវបានអញ្ជើញដោយ ឌី ឲ្យទៅសម្រាកនៅផ្ទះល្វែងដ៏ថ្មីស្រឡាងរបស់គាត់ មួយយប់ នៅឯបុរីពិភពថ្មី។
អមដំណើរដោយឌី និងស៊ា ម៉ោងប្រមាណ៩យប់ ខ្ញុំមកដល់ផ្លូវបត់ចូល ដែលមានផ្ទាំងប៉ាណូមួយផ្សាយពីបុរីនេះ ដែលក្នុងនោះដែរ គេមានសរសេរអក្សរថា “ជិះតែ១០នាទីប៉ុណ្ណោះ”….
ជិះបត់ចូលមិនទាន់បានប៉ុន្មានផង ត្រូវបានស្វាគមន៍ដោយគ្រលុករាប់រយរាប់ពាន់ ដែលមួយៗមានមាឌសឹងកន្លះម៉ែត្រ… ធ្វើឲ្យនឹកឃើញដល់រន្ធបាយខុំដែលខ្ញុំធ្លាប់លេងកាលវ័យកុមារ ព្រមទាំងយូរៗម្តងឃើញមានរណ្តៅលូយ៉ាងធំដែលគ្រាន់តែឃើញក៏ព្រឺសំបុរ ព្រោះបើអ្នកណាជិះមិនប្រយ័ត្ន ក្លាយទៅជាក្បាលមឿងសម្រាប់រន្ធមួយនេះ គឺវេទនាមិនខានទេ។
រវល់តែគេចគ្រលុកមិនសូវជាបានសម្លឹងទៅមុខឆ្ងាយ ណាមួយងងឹតទៀតក៏មើលមិនឃើញ ស្រាប់តែឃើញទឹកឡើងល្ហល្ហាច ទើបដឹងខ្លួនថាមកដល់ភូមិទាហានជើងទឹក។ រឹតតែអស្ចារ្យណាស់ទៅទៀត ការដែលឆ្លងកាត់ទឹកនេះផុតដោយមិនទទឹកជើង(ទម្លាក់ជើងជ្រែងទប់លំនឹងម៉ូតូ) ចាត់ទុកថាពូកែជិះណាស់ ព្រោះមានដុំថ្មធំៗប្រហែលដុំឥដ្ឋខ្លះក៏ធំជាងដុំឥដ្ឋទៅទៀត ក្រាលពីក្រោមផ្ទៃទឹកនោះ។
ទីបំផុតក៏មកដល់ផ្ទះឌី ដែលពេលវេលាសរុបមិនតិចជាង២០នាទីទេ។ សម្រាកមួយយប់ ព្រឹកឡើងឡើងទៅខាងលើមើលទេសភាព ក៏បានឃើញរូបភាពដ៏គួរឲ្យគយគន់មួយនេះ(បង្ហាញខាងលើ) មកបង្ហាញជូនអ្នកទាំងអស់គ្នានៅទីនេះទៅ។ មើលចុះថ្ងៃអុំទូក ប្រជាពលរដ្ឋភូមិនេះបែរជាចែវក្បូនទៅវិញ… តែទោះជាយ៉ាងណាក៏គ្រាន់បើជាងភូមិខ្ញុំកាលពីទសវត្សរ៍៩០ដែរ ដែលកាលនោះខ្ញុំលុយតែទឹកទេ គ្មានក្បូនជិះអ៊ីចឹងផង…
ពេលជិះមកវិញទើបខ្ញុំដឹងថា ផ្សារដីហុយ ដែលខ្ញុំធ្លាប់តែឮតែមិនស្គាល់ ស្ថិតនៅម្តុំហ្នឹងសោះ។ ប៉ុន្តែមានឃើញដីហុយឯណា បើទឹកលេចប្រៀបថ្នល់ហើយហ្នឹង… ស្រួលម្យ៉ាងកុំឲ្យហុយដី…



