RSS

និយាយពីការព្យាបាលជំងឺ iPad

ថ្មីៗនេះខ្ញុំបានប្រឹងប្រែងព្យាបាលជំងឺ iPad ឲ្យកូនស្រីរបស់ខ្ញុំរហូតទាល់តែជាសះស្បើយ។ ជួនកាលមួយអាទិត្យមិនទាន់យកមកកាន់ផង។ (ឥឡូវនេះដល់វេនព្យាបាលជំងឺ Facebook ពីឪម្តង….)

គន្លឹះខ្លះៗប្រសិនបើឪពុកម្តាយចាប់អារម្មណ៍ស្រដៀងគ្នា៖

  1. អត់មានលុយដាក់អ៊ីនធឺណែត៖ មិនមែនក្រទេណា! គឺល្ហាមហ្មង។ បើដឹងថាមានអ៊ីនធឺណែត ប្រាកដជាបើក YouTube មើលវីដេអូក្មេងរាប់ម៉ោងមិនខាន។ មានអ្នកខ្លះចង់មើលរឿងឥណ្ឌាខ្លួនឯង ចង់អូសក្រឡាដាក់អ៊ីនធឺនែតឲ្យក្មេងអីឯណា។ ចង់អីតែគាត់? បើខ្ញុំអត់បានមើលរឿងជប៉ុនដែរហ្នឹង??
  2. ទិញប្រដាប់ប្រដារលេងថោកៗឲ្យច្រើន ដូចជាដីឥដ្ឋ រូបបិទ ។ល។ ដែលមិនពាក់ព័ន្ធនឹងគ្រឿងអេឡិចត្រូនិច។ ម្តងទៀ់ត មិនមែនក្រទេ! ត្រឹមអារបស់ទំនើបៗដែលអ្នកខ្លះឃើញសឹងហៀរទឹកមាត់កក្លាក់នោះ ខ្ញុំចង់ខ្ចីលុយគេទិញថ្មើណាក៏បានដែរ!! មនុស្សជាច្រើនគិតថាក្មេងបើប្រើរបស់អស់នេះ ធ្វើឲ្យឆ្លាត។ ខ្ញុំថាខុសស្រឡះហើយ!! រកមើលអត្ថបទស្រាវជ្រាវអំពីបញ្ហានេះឡើងវិញតាមអ៊ីនធើនែត។
  3. នាំទៅបណ្ណាគារដើររកទិញគំនូរផាត់ពណ៌ ដែលតាមពិតចង់អូសក្រឡាឲ្យកូនបានឃើញគំនរសៀវភៅ និងរៀនដើររើសសៀវភៅសោះ។ ម្យ៉ាងទៀត អាចទិញព្រីនធឺថោកមួយសម្រាប់ព្រីនគំនូរផាត់ពណ៌ស្អាតៗដែលកូនស្រឡាញ់។
  4. បើក្មេងចូលចិត្តភ្លេង ទិញ digital keyboard ដែលមានតម្លៃក្រោម១០០ដុល្លា ឲ្យរៀននិងលេង។ មានវគ្គបង្រៀនល្អៗដែលអាចរកដោនឡូតមកបង្រៀនកូនបាន។ ឬក៏បញ្ជូនទៅរៀនជាមួយគ្រូខាងក្រៅតែម្តង។ អ្នកខ្លះយល់ច្រឡំថាខ្ញុំចង់ឲ្យកូនចាប់អាជីពតន្ត្រីដែល”អត់ប្រយោជន៍” ដែលតាមពិតការរៀនតន្រ្តីនេះ ផ្តល់ផលប្រយោជន៍ជាច្រើនដល់ការសិក្សា ដូចជាបង្កើនសមត្ថភាពផ្ចង់អារម្មណ៍ សមត្ថភាពចង់ចាំ កាត់បន្ថយឱកាសដែលនាំឲ្យទៅប៉ះពាល់ជាមួយគ្រឿងញៀនដែលជាវិបត្តិដ៏ធ្ងន់ធ្ងរដែលហាក់ដូចជាត្រូវបានព្រងើយកន្តើយ…. បាន!! បកមកវិញកុំឲ្យគុកទាន់។ ។ល។
  5. និទានរឿងមុនគេង។ កូនខ្ញុំពេញចិត្តខ្លាំងណាស់នៅពេលប៉ានិយាយរឿង គេស្តាប់ ស្រមើស្រមៃ និងទាញត្រចៀកប៉ាលេង។ ខ្ញុំបាននិយាយរឿងឲ្យកូនស្តាប់តាំងពីគេមានអាយុ៤ខែ។ ស្តាប់ហើយគឺដេកទាំងលើដៃក៏មាន។ កាលពីនៅតូច ស្តាប់តែរឿងខ្លានិងទន្សាយមួយរឿងដដែលៗព្រោះមិនចេះប្រាប់ថាធុញ។ ឥឡូវនេះសុទ្ធតែរឿង ព្រះនាងសក់វែង Rapunzel កូនទេពមច្ចា កូនតុក្កតាឈើpinnochio ឯណាឯណី។ នេះបញ្ជាក់ថាទោះជា YouTube មានវីដេអូច្រើនយ៉ាងណាក៏ដោយ សម្រាប់ក្មេងគឺវាមិនសំខាន់ជាងការនិទានរឿងពីឪពុកម្តាយនោះឡើយ! ប្រយោជន៍នៃការនិទានរឿងគឺមានច្រើនទៀត ដែលខ្ជិលសរសេរច្រើននាំតែតាប៉ែ។
  6. ឆ្លៀតអានសៀវភៅទាក់ទងនឹងការអប់រំក្មេង (parenting) និងការអភិវឌ្ឍរបស់កុមារ។ ការយល់ខុសដ៏ធ្ងន់បំផុតមួយក្នុងឆាកជីវិត គឺគិតថាខ្លួនចេះអស់ហើយអារឿងអ៊ីចឹងៗអ្ហ៎។
  7. សុខចិត្តលះបង់ពេលវេលាលេងហ្វេសប៊ុកដ៏មានតម្លៃ មកផ្តល់ភាពកក់ក្តៅឲ្យកូន ផាត់រូបជាមួយកូន នាំកូនលេង…. ឥឡូវនេះទៅណាមកណាជាមួយប្រពន្ធកូន តិចថាឃើញខ្ញុំឈ្ងោកចុចទូរស័ព្ទទៀតទៅ? លែងមានហើយបាទ!! គឺតាំងពីអត់លុយទិញស្មាតហ្វូនប្រើមកម្ល៉េះ….
 

ប្រយោជន៍នៃការនិទានរឿងឲ្យកូនស្តាប់

ការនិទានរឿងឲ្យកូនស្តាប់ ជាទម្លាប់មួយដ៏ល្អដែលឪពុកម្តាយគួរព្យាយាមធ្វើឲ្យបានដើម្បីកូន ព្រោះវាផ្តល់នូវគុណសម្បត្តិជាច្រើនដូចជា៖

  1. បង្កើនភាពកក់ក្តៅដល់កូន
  2. អត្ថន័យអប់រំនៅក្នុងរឿងនិទាន គឺជាការទូន្មានដ៏ទន់ភ្លន់ដល់កូន។ កុមារតែងតែស្រមៃដាក់ខ្លួនគេទៅក្នុងរឿង ហើយទទួលយកការអប់រំពីសាច់រឿងដោយខ្លួនឯង ដោយមិនចាំបាច់ឪពុកម្តាយទេសនា ឬបង្ខិតបង្ខំ ជេរប្រទេចឡើយ។ កុមារតែងចង់បានភាពទន់ភ្លន់ក្នុងការទូន្មានបែបនេះ។
  3. កុមារដែលដឹងរឿងនិទានច្រើន ទំនងជាក្លាយជាក្មេងស្រគត់ស្រគុំ មិនច្រងេងច្រងាង និងងាយអប់រំ។
  4. សំខាន់បំផុត គឺការនិទានរឿងនេះ ធ្វើឲ្យកុមារចូលចិត្តអក្សរសិល្ប៍ និងអក្សរសាស្ត្រ ដូចជាការសរសេរ ការអាន ការស្រមើស្រមៃ ច្នៃប្រឌិតផ្សេងៗ ដែលទាំងនេះធ្វើឲ្យពួកគេចូលចិត្តរៀន។

ដើម្បីអនាគតកូន ឪពុកម្តាយមិនគួរមើលរំលង ឬខ្ជិលច្រអូសឡើយ។

សូមដោនឡូតសៀវភៅប្រជុំរឿងព្រេងខ្មែរពីតំណខាងក្រោម។ ខ្ញុំមិនបញ្ចូលរឿងមួយចំនួនតួចដែលគ្មានអត្ថន័យអប់រំសមស្របសម្រាប់កុមារ ដូចជារឿងអាប៉ាង នាងតី ជាដើម។ ខ្ញុំណែនាំឲ្យព្រីនជាសៀវភៅ ជំនួសឲ្យការអានលើ tablet ដើម្បីកាត់បន្ថយការប៉ះពាល់ភ្នែកកុមារ ក៏ដូចជាភាពញៀននឹងអេក្រង់ tablet។

នេះជាសៀវភៅដែលរៀបក្នុងទំហំ A5 សម្រាប់ព្រីនចេញ ឬអានលើ tablet: https://www.dropbox.com/s/6mes5hz1zow49bm/Khmer%20Folktales%20-%20A5.pdf?dl=0

នេះជាសៀវភៅដែលរៀបជាពិសេសសម្រាប់ Kindle: https://www.dropbox.com/s/e0gy0ryzxew1pni/Khmer%20Folktales%20-%20Kindle.pdf?dl=0

អត្ថបទត្រូវបានទាញចេញពី http://legendkhmer.blogspot.com/

 
Leave a comment

Posted by on October 27, 2015 in Uncategorized

 
 
Follow

Get every new post delivered to your Inbox.