RSS

Category Archives: ទិនានុប្បវត្តិ

និយាយពីការព្យាបាលជំងឺ iPad

ថ្មីៗនេះខ្ញុំបានប្រឹងប្រែងព្យាបាលជំងឺ iPad ឲ្យកូនស្រីរបស់ខ្ញុំរហូតទាល់តែជាសះស្បើយ។ ជួនកាលមួយអាទិត្យមិនទាន់យកមកកាន់ផង។ (ឥឡូវនេះដល់វេនព្យាបាលជំងឺ Facebook ពីឪម្តង….)

គន្លឹះខ្លះៗប្រសិនបើឪពុកម្តាយចាប់អារម្មណ៍ស្រដៀងគ្នា៖

  1. អត់មានលុយដាក់អ៊ីនធឺណែត៖ មិនមែនក្រទេណា! គឺល្ហាមហ្មង។ បើដឹងថាមានអ៊ីនធឺណែត ប្រាកដជាបើក YouTube មើលវីដេអូក្មេងរាប់ម៉ោងមិនខាន។ មានអ្នកខ្លះចង់មើលរឿងឥណ្ឌាខ្លួនឯង ចង់អូសក្រឡាដាក់អ៊ីនធឺនែតឲ្យក្មេងអីឯណា។ ចង់អីតែគាត់? បើខ្ញុំអត់បានមើលរឿងជប៉ុនដែរហ្នឹង??
  2. ទិញប្រដាប់ប្រដារលេងថោកៗឲ្យច្រើន ដូចជាដីឥដ្ឋ រូបបិទ ។ល។ ដែលមិនពាក់ព័ន្ធនឹងគ្រឿងអេឡិចត្រូនិច។ ម្តងទៀ់ត មិនមែនក្រទេ! ត្រឹមអារបស់ទំនើបៗដែលអ្នកខ្លះឃើញសឹងហៀរទឹកមាត់កក្លាក់នោះ ខ្ញុំចង់ខ្ចីលុយគេទិញថ្មើណាក៏បានដែរ!! មនុស្សជាច្រើនគិតថាក្មេងបើប្រើរបស់អស់នេះ ធ្វើឲ្យឆ្លាត។ ខ្ញុំថាខុសស្រឡះហើយ!! រកមើលអត្ថបទស្រាវជ្រាវអំពីបញ្ហានេះឡើងវិញតាមអ៊ីនធើនែត។
  3. នាំទៅបណ្ណាគារដើររកទិញគំនូរផាត់ពណ៌ ដែលតាមពិតចង់អូសក្រឡាឲ្យកូនបានឃើញគំនរសៀវភៅ និងរៀនដើររើសសៀវភៅសោះ។ ម្យ៉ាងទៀត អាចទិញព្រីនធឺថោកមួយសម្រាប់ព្រីនគំនូរផាត់ពណ៌ស្អាតៗដែលកូនស្រឡាញ់។
  4. បើក្មេងចូលចិត្តភ្លេង ទិញ digital keyboard ដែលមានតម្លៃក្រោម១០០ដុល្លា ឲ្យរៀននិងលេង។ មានវគ្គបង្រៀនល្អៗដែលអាចរកដោនឡូតមកបង្រៀនកូនបាន។ ឬក៏បញ្ជូនទៅរៀនជាមួយគ្រូខាងក្រៅតែម្តង។ អ្នកខ្លះយល់ច្រឡំថាខ្ញុំចង់ឲ្យកូនចាប់អាជីពតន្ត្រីដែល”អត់ប្រយោជន៍” ដែលតាមពិតការរៀនតន្រ្តីនេះ ផ្តល់ផលប្រយោជន៍ជាច្រើនដល់ការសិក្សា ដូចជាបង្កើនសមត្ថភាពផ្ចង់អារម្មណ៍ សមត្ថភាពចង់ចាំ កាត់បន្ថយឱកាសដែលនាំឲ្យទៅប៉ះពាល់ជាមួយគ្រឿងញៀនដែលជាវិបត្តិដ៏ធ្ងន់ធ្ងរដែលហាក់ដូចជាត្រូវបានព្រងើយកន្តើយ…. បាន!! បកមកវិញកុំឲ្យគុកទាន់។ ។ល។
  5. និទានរឿងមុនគេង។ កូនខ្ញុំពេញចិត្តខ្លាំងណាស់នៅពេលប៉ានិយាយរឿង គេស្តាប់ ស្រមើស្រមៃ និងទាញត្រចៀកប៉ាលេង។ ខ្ញុំបាននិយាយរឿងឲ្យកូនស្តាប់តាំងពីគេមានអាយុ៤ខែ។ ស្តាប់ហើយគឺដេកទាំងលើដៃក៏មាន។ កាលពីនៅតូច ស្តាប់តែរឿងខ្លានិងទន្សាយមួយរឿងដដែលៗព្រោះមិនចេះប្រាប់ថាធុញ។ ឥឡូវនេះសុទ្ធតែរឿង ព្រះនាងសក់វែង Rapunzel កូនទេពមច្ចា កូនតុក្កតាឈើpinnochio ឯណាឯណី។ នេះបញ្ជាក់ថាទោះជា YouTube មានវីដេអូច្រើនយ៉ាងណាក៏ដោយ សម្រាប់ក្មេងគឺវាមិនសំខាន់ជាងការនិទានរឿងពីឪពុកម្តាយនោះឡើយ! ប្រយោជន៍នៃការនិទានរឿងគឺមានច្រើនទៀត ដែលខ្ជិលសរសេរច្រើននាំតែតាប៉ែ។
  6. ឆ្លៀតអានសៀវភៅទាក់ទងនឹងការអប់រំក្មេង (parenting) និងការអភិវឌ្ឍរបស់កុមារ។ ការយល់ខុសដ៏ធ្ងន់បំផុតមួយក្នុងឆាកជីវិត គឺគិតថាខ្លួនចេះអស់ហើយអារឿងអ៊ីចឹងៗអ្ហ៎។
  7. សុខចិត្តលះបង់ពេលវេលាលេងហ្វេសប៊ុកដ៏មានតម្លៃ មកផ្តល់ភាពកក់ក្តៅឲ្យកូន ផាត់រូបជាមួយកូន នាំកូនលេង…. ឥឡូវនេះទៅណាមកណាជាមួយប្រពន្ធកូន តិចថាឃើញខ្ញុំឈ្ងោកចុចទូរស័ព្ទទៀតទៅ? លែងមានហើយបាទ!! គឺតាំងពីអត់លុយទិញស្មាតហ្វូនប្រើមកម្ល៉េះ….
Advertisements