Archive for the ‘សិល្បៈតែងកំណាព្យ’ Category

h1

បទបថ្យាវត្ត

August 13, 2008
ត្រងោលបោលបាញ់លាបខ្លាញ់គីង្គក់ ត្រងោលដេកលក់គីង្គក់លោតថើប
គេចាក់ចង្កេះពុំចេះរសើប គេអោបគេថើបធ្វើតែវាហី។
ជាអ្នកដឹងនាំត្រូវមានខន្តី ហានិយាយស្តីតបក្តីមេត្តា
កូនចៅធ្វើខុសចេះប្រោសករុណា អាណិតមេត្តាដូចទឹកអម្រឹត។

សងេ្កត ៖ បើយើងពិនិត្យហើយប្រៀបធៀប កំណាព្យបទមេបួន និងបទបថ្យាវត្ត នោះយើងឃើញថា កំណាព្យបទបថ្យាវត្តគឺជាកំណាព្យដែលគួបយកកំណាព្យមេបួន ២ល្បះ ឲ្យមកនៅមួយល្បះប៉ុណ្ណោះ។

——————————————————————————-

អត្ថបទនេះដកស្រង់ចេញពីសៀវភៅ “សិល្បៈតែងកំណាព្យ” និពន្ធដោយឯកឧត្តម ពេជ្រ ទុំក្រវ៉ិល, ភ្នំពេញ ២០០២។

h1

បទមេបួន

August 13, 2008
ទឹកសាបមួយតក់ ស្រក់ក្នុងសមុទ្រ
ពិបាកបំផុត នឹងបន្សាបបាន។
ផ្ការុះរោយហើយ មិនដែលប្រែប្រាណ
ក្រពុំទៀតបាន ដូចដើមវិញទេ។
ទេវីអូនអឺយ អូនបានទៅគេ
អាចជួបវិញទេ ឬក៏យ៉ាងណា?។
បងតែងសង្ឃឹម ក្នុងភាពសង្កា
ថាជួបជីវ៉ា ទាំងឥតសង្ឃឹម។

——————————————————————————-

អត្ថបទនេះដកស្រង់ចេញពីសៀវភៅ “សិល្បៈតែងកំណាព្យ” និពន្ធដោយឯកឧត្តម ពេជ្រ ទុំក្រវ៉ិល, ភ្នំពេញ ២០០២។

h1

ប្រវត្តិកំណាព្យខ្មែរ

July 25, 2008

បើ ​យើង​ពឹង​ផ្អែក​លើ​បទ​ភ្លេង និង​ទំនុក​ច្រៀង​នៃ​វង់​ភ្លេង​អារក្ស​ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​ តន្រ្តីខ្មែរ​យល់​ថា ជា​វង់ភ្លេង​ខ្សែ​ដែល​កើត​មុន​គេ ដូច​គ្នា​នឹង​គ្រឿង “ដំគង​កាប់​ក្របី​របស់​បង​ប្អូន​ជន​ជាតិ” ដែរ​នោះ ជា​តន្ត្រី​សម្រាប់​បម្រើ​ពិធី​ផ្សេងៗ ៖ បូជា​អារក្ស​អ្នកតា ដែល​ជា​ជំនឿ​របស់​ខ្មែរដើម ហើយ​ដែល​កើត​មាន​​តាំង​ពី​មុន​សម័យ​ព្រះពុទ្ធ​សាសនា និង​ព្រហ្មញ្ញ​សាសនា រហូត​ចូល​មក​កម្ពុជា “៣០៩ឆ្នាំ មុនគ.ស” នេះ….

ម្យ៉ាងទៀត បើ​យើង​ពឹង​ផ្អែក​លើ​ទំនុក​ច្រៀង បទ​ភ្លេង​នៃ​វង់​ភ្លេង​ប្រពៃណី​(ភ្លេងការ) ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​យល់​ថា​កើត​មាន​តាំង​ពី​សតវត្សរ៍​ទី១ នៃ​គ្រឹស្ត​សករាជ គឺ​ក្នុង​ពេល​ដែល​រៀប​អាពាហ៍​ពិពាហ៍ មង្គលការ ព្រះថោង​និង​នាងនាគ (ហ៊ុនទៀន និង​នាង​លីវយី ឬ​ព្រះនាង​សោមា​កូនព្រះច័ន្ទ្រ) ហើយ​ដែល​មាន​បទ​មួយ​ចំនួន​ទាក់​ទង​នឹង​ប្រវត្តិសាស្រ្ត ដូចជា​ បទព្រះថោង​នាងនាគ នាគព័ន្ធ ជាដើម យើង​ឃើញ​ថា​កំណាព្យ​ខ្មែរ​ដែល​កើត​មាន​មុន​គេ គឺ​បទ​មេបួន ដែល​ក្នុង​មួយ​ល្បះខណ្ឌ​មាន ៤ឃ្លា និង​ក្នុង​មួយ​ឃ្លា​មាន ៤ព្យាង្គ ស្មើគ្នា។

រហូត ​​មក​ដល់​ចុង​សតវត្សទី៦ ដើម​សម័យ​ចេនឡា ទើប​យើង​ឃើញ​មាន​៤ទម្រង់​កំណាព្យ​មួយ​បទ​ទៀត កើត​ឡើង ៖ ឈ្មោះបទបថ្យាវត្ត គឺ​ក្នុង​១​ល្បះ​មាន​៤​ឃ្លា និង​ក្នុង​១​ឃ្លា​មាន​៨​ព្យាង្គ… ប៉ុន្តែ​ការ​ចាប់​ចុងចួន មិន​ដូច​បទ​កាព្យ​៨ ដែល​កើត​សម័យ​ក្រោយ​ទេ។

នៅ​ក្នុង​រឿង​រាមកេរ្តិ៍ ពី​ខ្សែ​១ ដល់​ខ្សែ​១០​ ដែល​កើត​មាន​នៅ​សម័យ​អង្គរ គេ​ឃើញ​មាន​ទម្រង់​កំណាព្យ ៥បទ​ទៀត កើត​ឡើង​គឺ ៖

- បទកាកគតិៈ ដែល​ក្នុង​១​ល្បះ​ខណ្ឌ មាន​៧​ឃ្លា និង​ក្នុង​១​ឃ្លា​មាន​៤​ព្យាង្គ​ស្មើគ្នា។

- បទព្រហ្មគីតិៈ ១​ល្បះ​មាន​៤​ឃ្លា – ឃ្លា​ទី​១​មាន​៥​ព្យាង្គ ឃ្លា​ទី​២​មាន​៦​ព្យាង្គ ឃ្លា​ទី​៣​មាន​៥​ព្យាង្គ និង​ឃ្លា​ទី​៤​មាន​៦​ព្យាង្គ។

- បទពំនោលៈ ១​ល្បះ​មាន​២​ឃ្លា​ – ឃ្លា​ទី​១​មាន​៦​ព្យាង្គ ឃ្លា​ទី​២​មាន​៤​ព្យាង្គ និង​ឃ្លា​ទី​៣មាន​៦​ព្យាង្គ។

- បទបន្ទោលកាកៈ ១​ល្បះ​មាន​៤​ឃ្លា – ឃ្លា​ទី​១​មាន​៤​ព្យាង្គ ឃ្លា​ទី​២​មាន​៦​ព្យាង្គ ឃ្លា​ទី​៣​មាន​៤​ព្យាង្គ ឃ្លា​ទី​៤​មាន​៦​ព្យាង្គ។

- បទភុជង្គលីលាៈ ១​ល្បះ​មាន​៣​ឃ្លា – ឃ្លា​ទី​១មាន​៦​ព្យាង្គ ឃ្លា​ទី​២​និង​ទី​៣​មាន​៤​ព្យាង្គ។

ទម្រង់ ​កំណាព្យ​ទាំង​៥​ខាង​លើ មាន​តាំង​ពី​សម័យ​អង្គរ​មក​ម្ល៉េះ ប៉ុន្តែ​គេ​ពុំ​ទាន់​ឃើញ​ប្រើ​ឈ្មោះ​នៅ​ឡើយ។ រហូត​មក​ដល់​សតវត្ស​ទី​១៥ ឆ្នាំ១៤៩៨ ក្នុង​ល្បើក​អង្គរវត្ត-អ្នកប៉ាង ទើប​កំណាព្យ​ដដែល​នេះ​មាន​ប្រើ​ឈ្មោះ​ជា កាកគតិ ព្រល្មគីតិពំនោល បន្ទោលកាក និង​ភុជង្គលីលា។

នៅ ​ក្នុង​រឿង​រាមកេរ្តិ៍ ពី​ខ្សែ​៧៥​ ដល់​៨០ ដែល​ជា​ស្នាដៃ​បន្ត ហើយ​ដែល​អ្នក​ស្រាវជ្រាវ​អក្សរសាស្ត្រ​ជាតិ​យល់​ថា​ជា​ស្នាដៃ​កើត​ក្រោយ​ សម័យ​អង្គរ ឬ​ក៏​ក្រោយ​ពេល​ជ្រួល​ច្របល់​ចលាចល ព្រោះ​សៀម​លុក​លុយ​ក្រុងអង្គរ​នោះ គេ​ឃើញ​មាន​កំណាព្យ​ថ្មី​មួយ​ទៀត គឺបទពាក្យ៦ ដែល​ក្នុង​១​ល្បះ​មាន​៤​ឃ្លា ក្នុង​១​ឃ្លា​មាន​៦​ព្យាង្គ​ស្មើ​គ្នា។

មក ​ដល់​សម័យ​ចតុមុខ ចាប់​ពី​ពេល​ដែល​ព្រះ​ចៅ​ពញាយ៉ាត​ប្តូរ​រាជធានី​ពី​អង្គរ​មក​តាំង​នៅ​ ស្រីសន្ធរ រួច​មក​ភ្នំពេញ និង​ការ​ផ្លាស់ប្តូរ​ទីក្រុង​ចុះ​ឡើង ពី​ភ្នំពេញ​ទៅ​លង្វែក ពី​លង្វែក​ទៅ​ឧត្តុង្គ និង​កន្លែង​ដទៃ​ជា​ច្រើន​ទៀត រហូត​ដល់​សម័យ​នរោត្តម​ប្តូរ​ទីក្រុង​ពី​ឧត្តុង្គ​មក​ភ្នំពេញ… ដល់​សព្វ​ថ្ងៃ​នេះ គេ​ឃើញ​មាន​កំណាព្យ​ជា​ច្រើន​ទៀត​បាន​កើត​ឡើង។

- បទពាក្យ៧ ៖ ក្នុង១ល្បះមាន៤ឃ្លា ក្នុង១ឃ្លាមាន៧ព្យាង្គ

- បទពាក្យ៨៖ ក្នុង១ល្បះមាន៤ឃ្លា ក្នុង១ឃ្លាមាន៨ព្យាង្គ

- បទពាក្យ៩៖ ក្នុង១ល្បះមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ

- បទពាក្យ១០៖ ក្នុង១ល្បះមាន៤ឃ្លា ក្នុង១ឃ្លាមាន១០ព្យាង្គ

- បទពាក្យ១១៖ ក្នុង១ល្បះមាន៤ឃ្លា ក្នុង១ឃ្លាមាន១១ព្យាង្គ

ហើយ ​មាន​បទ​ជា​ច្រើន​ទៀត​ដែល​ជា​របៀប​សរសេរ​បំភ្លៃ​ចេញ​ពី​បទ​ទាំងឡាយ​ខាង​ ក្រោយ​នេះ ដូចជា ៖ បទនមោ បទកខ បទអក្សរលូន បទអក្សរសង្វាស បទ​កង្កែប​លោត​កណ្តាល​ស្រះ បទ​កង្កែប​លោត​លើ​គោក បទ​កង្កែប​លោត​ស្លាក់​ពេជ្រ បទ​កង្កែប​លោត​ផ្ទាត់​ខ្ចៅ បទ​នាគ​បរិព័ទ្ធ បទ​នាគ​គៀវ​ក្រវាត់ បទ​នាគរាជ​ប្លែង​ឫទ្ធ បទ​គោ​ព័ទ្ធ​ស្នឹង បទ​សឹង្ហតោ​លេង​កន្ទុយ បទ​រមាំង​ដើរ​ព្រៃ បទ​ផ្កា​ឈូក​រីក បទ​ក្រប​ចក្រវាឡ បទ​ម្ករ​ខ្ជាក់​កែវ បទ​ឆ័ត្រ​បី​ដាន បទ​រលក​យោល​យាវ បទ​រលក​ខ្ទប់​ច្រាំង បទ​សហរា បទ​វិវិធមាលី បទ​ពស់​លេប​កន្ទុយ បទ​ថយ​ក្រោយ​ចូល​ព្រែក បទ​សត្វ​កាង​ស្លាប បទ​រមាំង​បើក​បាស បទ​ទន្សាយ​ទីស​ទាស បទ​មាន់​ទឹក​បណ្តើរ​កូន បទ​សរថី​ទាញ​រថ បទ​អើយរ៉ា បទ​ត្រឡាច​ឡើង​ទ្រើង បទ​សុក្រទិន​វិសាល បទ​សោរទិន​វិសាល បទ​យត្តិភ័ង្គ បទ​ស​បាត់​ស​ប៉ឹង បទ​ជាប់​ទង បទ​ត្រី​ពិធព័ន្ធ បទ​សឡាប​លូន បទ​វង្សវិចិត្រ និង​ព្រះ​ចន្ទ្រ​បាំង​ឆ័ត្រ។

ទំនាក់​ទំនង​រវាង​កំណាព្យ និង​ទម្រង់​សិល្បៈ​ដទៃ​ទៀត

បើ ​យើង​សង្កេត​មើល​ស្នាដៃ​ផ្នែក​អក្សរសាស្ត្រ ដែល​បុព្វបុរស​ដូនតា​យើង​បាន​បន្សល់​ទុក​ដល់​យើង​សព្វថ្ងៃ​នេះ យើង​នឹង​ឃើញ​​ភ្លាម​ថា​ភាគ​ច្រើន​សុទ្ធ​តែ​ជា​កំណាព្យ​កាព្យ​ឃ្លោង ដូចជា​រឿង​រាម​កេរ្តិ៍ ទុំទាវ ទិព្វសង្វារ កាកី ច្បាប់ប្រុស ច្បាប់ស្រី ច្បាប់កេរ្តិ៍កាល ច្បាប់ក្រម ល្បើកជុច​និងត្រី (។ល។​និង។ល។) នេះ​ជា​សក្ខីភាព​បញ្ជាក់​អំពី​វិធី​សាស្ត្រ​អប់រំ​បែប​បុរាណ​របស់​ដូនតា​យើង ដែល​យក​រូបភាព​កំណាព្យ “ពិរោះ​ត្រចៀក” ជា​មធ្យោបាយ ដើម្បី​ងាយ​ស្រួល​បញ្ចូល​ខ្លឹមសារ​នៃ​ការ​អប់រំ​ទូន្មាន​ទាំងឡាយ ដែល​លោក​ចង់​បាន ឲ្យ​ទៅ​ដក់​ជាប់​ចាំ​ជាប់​ក្នុង​សតិ​អារម្មណ៍​របស់​កុលបុត្រ​កុលធីតា​របស់​ ខ្លួន។

នៅ ​ក្នុងសង្គម​កម្ពុជា​យើង កំណាព្យ​មាន​ឥទ្ធិពល​ធំ​ណាស់។ ក្រៅ​ពី​ការ​រស់នៅ​និង​បំពេញ​តួនាទី​ដោយ​ឯកឯង​(ស្មូត្រ ឬ​សូត្រ​កំណាព្យ) កំណាព្យ​បាន​ជះ​ឥទ្ធិពល និង​មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​បំផុត​ជាមួយ​នឹង​ទម្រង់​សិល្បៈ​ដទៃ​ ទៀត​របស់​ខ្មែរ​យើង ដូចជាៈ ភ្លេង​អារក្ស ភ្លេង​ប្រពៃណី​”ភ្លេងការ” របាំ​ប្រពៃណី របាំ​បុរាណ ល្ខោន​ស្រមោល​(ស្បែកធំ-ស្បែកតូច) ល្ខោនខោល​(ល្ខោន​ពាក់​មុខ) យីកេ​អាប៉េ ល្ខោន​មហោរី ល្ខោន​បាសាក់ អាយ៉ៃ ​ចាប៉ី(។ល។​និង​។ល។)។

ទម្រង់​សិល្បៈ​ទាំងអស់​នេះ ត្រូវ​ការ​កំណាព្យ​ជា​ចាំបាច់ សម្រាប់​ជួយ​កម្រិត​ទម្រង់ ជួយ​លើក​សម្ផស្ស និង​សោភ័ណ​របស់​ខ្លួន។

ចំពោះ ​អ្នក​សិក្សា​ទម្រង់​សិល្បៈ​ខ្មែរ​វិញ កំណាព្យ​ក៏​ជា​កត្តា​មួយ​សំខាន់​ក្នុង​កត្តា​ច្រើន​ទៀត ដែល​ជួយ​បញ្ជាក់​អំពី​ចំណាស់ និង​ទម្រង់​សិល្បៈ​នីមួយៗ។ ផ្ទុយ​ទៅ​វិញ​ទម្រង់​សិល្បៈ​ដទៃ​ទៀត​ក៏​បាន​ជះ​ឥទ្ធិពល​ធំ​ធេង​ដែរ សម្រាប់​បញ្ជាក់​អំពី​ចំណាស់​នៃ​កំណាព្យ​នីមួយៗ​របស់​យើង។ ដូច្នេះ​បើ​ចង់​សិក្សា​កំណាព្យ​ខ្មែរ គួរ​សិក្សា​ពី​ទម្រង់​សិល្បៈ​ខ្មែរ​ដទៃទៀត​ផង ហើយ​បើ​ចង់​សិក្សា​ពី​ទម្រង់​សិល្បៈ​ដទៃ​ទៀត ក៏​មិន​អាច​បោះបង់​ចោល​កំណាព្យ​បាន​ដែរ។

——————————————————————————-

អត្ថបទនេះដកស្រង់ចេញពីសៀវភៅ “សិល្បៈតែងកំណាព្យ” និពន្ធដោយឯកឧត្តម ពេជ្រ ទុំក្រវ៉ិល, ភ្នំពេញ ២០០២។

h1

សិល្បៈកំណាព្យខ្មែរ

June 4, 2008

ដូចម្តេច​ដែល​ហៅ​ថា​កំណាព្យ?

សាកល្បង​ឆ្លើយ ៖ កំណាព្យ​គឺ​ជា​កម្រង​ពាក្យសំដី ដែល​មាន​ការ​ចាប់​ចុងចួន​ពិរោះ​រណ្តំ​ណែងណង មានឃ្លា មានល្បះ និងមានកម្រិតចំនួនព្យាង្គ​ជា​កំណត់…. ចេញ​ពី​ទឹកចិត្ត​រំភើប និងធ្វើ​ឲ្យ​អ្នក​ផង​រំភើប​ជាមួយ។

ឧទាហរណ៍ ៖

កាច់​ធ្មុង​ច្រក​ស្មុក

ដើរ​ចូល​ក្នុង​ស្រុក

ធ្វើ​ឫក​អាចារ្យ

ភូត​ភរ​ប្រជា

បាន​ច្រើន​កាលណា

ពាក់ធ្មុង​សង្ហារ

សាហាវ​លើសដើម។

ខ្មែរ​អឺយរឿងពិត

ខ្មែរ​តោង​ពិនិត្យ

គិតគ្រប់​ដង្ហើម

ខ្មែរបីលានប្លាយ

ស្លាប់​ឈាមសើមៗ

កុំ​ភ្លេច​រឿង​ដើម

ស្នាដៃ​ប៉ុលពត។

កំណាព្យកាព្យឃ្លោង?

ពាក្យ​កំណាព្យ​កាព្យឃ្លោង​នេះ ដូនតា​យើង​ប្រើ​សំគាល់ ឬ​ចង្អុល​បង្ហាញ​ពី​លក្ខណៈ​ដ៏ល្អ​របស់​កំណាព្យខ្មែរ ដែល​ចេញ​​ពី​ទឹកដៃ​ដ៏ប៉ិនប្រសប់​របស់​កវី គឺថា​កំណាព្យ​នោះ​ទាំង​រូបភាព ទាំងខ្លឹមសារ មានសម្ផស្ស និងសោភ័ណ រណ្តំ​បត់បែន ឃ្លោង​បញ្ឆិត​បញ្ឆៀង មិន​ត្រង់​ស្តូក ប៉ុន្តែ​មាន​ន័យ​គ្រប់​គ្រាន់។

ឧទាហរណ៍

- សូរិយាល្ងាចថ្ងៃ សូរិយាល្ងាចថ្ងៃ ទន្សោងគោព្រៃ រកស៊ីជើងភ្នំ។

- ស៊ីតូចដោយតូច ស៊ីធំដោយធំ រកស៊ីជើងភ្នំ ផឹកទឹកដងអូរ។

- ស៊ីផឹករួចហើយ​ ប្រជល់គ្នាវរ សុទ្ធតែឡើងក អួតអាងកម្លាំង។

តួ យ៉ាង​ដូច​អត្ថបទ​កំណាព្យ​ជា​ឧទាហរណ៍​ខាង​លើ​នេះ​មាន​ន័យ​ពីរ​៖

១​ – ន័យត្រង់ ៖ និយាយ​ពី​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​ទន្សោង​គោ​ព្រៃ

- ន័យ​បញ្ឆិត​បញ្ឆៀង ៖ រៀបរាប់​ពី​ការ​ប្រកាប់​ប្រចាក់​គ្នា របស់​ពួក​ពុករលួយ​ពាលា​អាវ៉ាសែ ស៊ី​សំណូក សូក​ប៉ាន់ ក្នុង​គ្រប់​ជំនាន់។

ហេតុ​ហ្នឹង​ហើយ ទើប​ដូនតា​យើង​និយម​ប្រើ​ពាក្យ​ថា កំណាព្យ កាព្យ​ឃ្លោង​យ៉ាង​ដូច​នេះ។

តើកំណាព្យ និងកម្រងកែវ ខុសគ្នាយ៉ាងណា?

សាកល្បងឆ្លើយ ៖ កម្រងកែវ​គឺ​ជា​កម្រង​ពាក្យ​សំដី ដែល​មាន​ការ​ចាប់​ចុង​ចួន ទាក់ទង​ពិរោះ​រណ្តំ​ណែងណង​ដែរ ប៉ុន្តែ​មិន​មាន​កម្រិត​ឃ្លា ឬល្បះ ឬក៏​ចំនួន​ព្យាង្គ​ជា​កំណត់​ទេ។

ឧទាហរណ៍

មេឃ​ប្រែ​​ស្រឡះ ពពក​ដេរដាស​ប្រែ​ជា​ស ស្លឹកឈើ​ប្រែ​ពណ៌​ខៀវ​ស្រស់​ល្អ ត្រូវ​ជំនោរ​កំដរ​បក់​រវិចៗ ចាំង​រំលេច​ពន្លឺ​សុរិយា​ភ្លឺ​ភ្លេកៗ​ដូច​សុវណ្ណ បក្សី​ទាំងគូៗ​ស្រែក​ច្រៀង​ឆ្លើយឆ្លង​យ៉ាង​រញៀវ​ខ្ញៀវខ្ញា ហោះហើរ​ឆ្វាត់ឆ្លែង​ប្រឡែង​លើ​វេហា លើ​ព្រឹក្សា​ ហាក់​អបអរ​ជូនពរ​ខ្ញុំ​និង​នាង​កំពុង​ធ្វើ ដំណើរ​តាម​ផ្លូវ​យ៉ាង​សុខ​មនោរម្យ។ (ដក​ស្រង់​ពី​រឿង “មិនទាន់អស់ចង់”)

ធាតុ​របស់​កំណាព្យ

នៅ​ក្នុង​កំណាព្យ​មាន​ធាតុ​សំខាន់ៗ ដូច​តទៅ​នេះ ៖

- ព្យាង្គ ៖ សំឡេង​មួយ​ម៉ាត់ៗ នៅ​ក្នុង​កំណាព្យ។

- ឃ្លា ៖ ព្យាង្គ​ច្រើន​រួម​គ្មាន បាន​ជា​ឃ្លា។

- ល្បះ ឬល្បះខ័ណ្ឌ ៖ ឃ្លា​ច្រើន​រួម​គ្នា​មក ដោយ​មាន​ខ័ណ្ឌ។

ព្យាង្គ និងពាក្យ

ព្យាង្គ ៖ គឺ​សំឡេង​ចេញ​មក​ម្តង ទោះ​បាន​ន័យ​ក្តី មិន​បាន​ន័យ​ក្តី។ ឧ. ក-គ-តិ-កិ-បង-សុំ-ទៅ-ឆាន់-ឮ

ពាក្យ ៖ គឺ​សំឡេង​ចេញ​មក​ម្តង​ក្តី ឬ​ច្រើន​ដង​ក្តី មាន​ន័យ​គ្រប់​គ្រាន់។ ឧ. (ពាក្យ​១​ព្យាង្គ) ក- ខ-​ឈប់-​គិត-​ពេញ, (ពាក្យ​២​ព្យាង្គ) សំដី-​សម្រស់-​ប្រសាសន៍-​សម្បតិ្ត, (ពាក្យ​៣​ព្យាង្គ) អន្តរធាន- វិនិច្ឆ័យ-​កេងប្រវ័ញ្ច, (ពាក្យ៤ព្យាង្គ) មមើមមាយ- អណ្តែតអណ្តូង-​ឆពណ្ណរង្សី

ពាក្យពេចន៍ និងពាក្យសម្ផស្ស

១. ពាក្យពេចន៍ ៖ សម្រាប់​រំលេច​ន័យ​ខ្លឹមសារ​របស់​អត្ថបទ​កំណាព្យ​ឲ្យ​លេចធ្លោ​ឡើង ឲ្យ​អត្ថបទ​នោះ​មាន​សោភ័ណ​ខ្ពស់ ពោល​គឺ​បង្កើត​រូបារម្មណ៍ និង​បំផុស​ឲ្យ​ដឹង​ច្បាស់​ពី​គំនិត​របស់​អត្ថបទ ចង់​និយាយ​យ៉ាងណាៗ​នោះ។

២. ពាក្យ​សម្ផស្ស ៖ គឺ​ជា​ពាក្យ​គន្លឹះ​ចួន ឬ​ហៅ​ចំណាប់​ចុង​ចួន ដែល​ធ្វើ​ឲ្យ​រូបភាព ឬ​ទម្រង់​នៃ​អត្ថបទ​កំណាព្យ​មាន​សម្រស់​ល្អ​ឡើង ប្រកប​ដោយ​លក្ខណៈ​ចួន​ផ្ទួន​រណ្តំ។

គេចែកពាក្យសម្ផស្សជាពីរគឺ ៖

ក. ពាក្យ​សម្ផស្ស​ក្នុង ៖ គឺ​សំគាល់​លើ​ចំណាប់​ចួន​ផ្ទួន​រណ្តំ ដែល​ស្ថិត​ក្នុង​ឃ្លា​ជាមួយ​គ្នា។ ឧ. ស្រី​ប្តី​ពីរ​បី​ពុំ​គាប់​រាប់

ខ. ពាក្យ​សម្ផស្ស​ក្រៅ ៖ គឺ​សំគាល់​ចំណាប់​ចួន ផ្ទួន រណ្តំ ដែល​ឆ្លង​គ្នា​ពី​ឃ្លា​មួយ​ទៅ​ឃ្លា​មួយ​ទៀត ឬ​ពី​ល្បះ​មួយ​ទៅ​ល្បះ​មួយ​ទៀត។ ឧទាហរណ៍ៈ

- សូរិយាកើតឃ្លង់

ក្នុងមុងចំបែង

លោកខែកើតស្រែង

ផ្កាយដុះកន្ទុយ។

- មូសពាំដំរី

ពីព្រៃធ្វើនុយ

ខ្លាចាស់ពោះស្អុយ

ស៊ីនុយផឹនមូស។

- រុយជាប់ពីងពាង

ទៅឈឺមាត់ឈ្លូស

បានដៃសត្វមូស

បឺតឈាមសព្វសត្វ។

(កំណាព្យ​នេះ​សរសេរ​​ក្នុង​សម័យ លន់ នុល បក​អាក្រាត​ពី​របប​ជិះជាន់​ពុករលួយ​ដល់​ខួរឆ្អឹង​ ចៃ​អាមេរិកកាំង។)

សូរស័ព្ទ ឬសូរសៀង ឬសំនៀង

សូរស័ព្ទ សូរសៀង ឬសំនៀងនេះ នៅ​ក្នុង​កំណាព្យ​មាន​សារសំខាន់​ណាស់ ព្រោះ​កំណាព្យ​ដែល​ល្អ គឺ​កំណាព្យ​ដែល​មាន​ចំណាប់​ចួន និង​ផ្ទួន​មាន​សូរ​សំឡេង​ដូច​គ្នា។ ពោល​បើ​សំនៀង​នោះ ចេញ​មក​ពី​ព្យញ្ជនៈ​ឃោសៈ ខ្យល់​គ្រលរ​សំឡេង “អ៊” ត្រូវ​តែ​ឲ្យ​ចួន​ឃោសៈ​ដែរ។ ឧទារហណ៍ ៖ គិត – មិត្ត – ពិត – រឹត។ គុំ – ជុំ – នំ – ធំ ។ល។ និង ។ល។

បើ​សំនៀង​ចេញ​មក​ពី​ព្យញ្ជនៈ អឃោសៈ សំឡេង​តូច​ស្រួយ​ខ្យល់ “អ” ត្រូវ​តែ​ឲ្យ​ចួន​អឃោសៈ​ដែរ។ ឧទាហរណ៍ ៖ កង – បង – ឡង – សង – ដង ។ សត្វ – បាត់ – កាត់ – ម៉ាត់ ។ល។ និង ។ល។

មិន​ត្រូវ​យក​ឃោសៈ ទៅ​ចួន​នឹង​អឃោសៈ ក៏​ប៉ុន្តែ​តាម​ការ​សង្កេត បើ​ព្យាង្គ ឬ​ពាក្យ​ទាំង​ឡាយ​ណា​ដែល​ប្រើ​ស្រៈ “ ួ ” ស្រៈ “ ឿ ” និង​ស្រៈ “ ៀ ” នោះ​ព្យញ្ជនៈ​ឃោសៈ និង​អឃោសៈ អាច​ចួន​គ្នា​បាន ព្រោះ​មាន​សូរ​សំឡេង​ដូច​គ្នា។ ឧទាហរណ៍ ៖

“​ ួ ” គួ – តួ, គួន – ចួន, ពួន - ខ្លួន

“ ឿ “ លឿង – សឿង, គ្រឿង – ក្បឿង

“ ៀ “ ទិតៀន - បៀតបៀន, ទៀត - ស្នៀត

ឬ​អាច​ឆ្លង​គ្នា​បែប​នេះ​ក៏​បាន គឺ​ឃោសនៈ​ស្រៈ “ ា “ ចួន​នឹង​អឃោសៈ​ស្រៈ “ ៀ “ ។ ឧទាហរណ៍ ៖ ឃ្លាន - ចៀន, នាង​ – សៀង, វាត – បៀត។

អាច​នៅ​មាន​ក្រៅ​ពី​នេះ​ខ្លះ​ទៀត ប៉ុន្តែ​ជា​សំខាន់​ចំណាំ​តែ​សូរ​សំឡេង​ដូច​គ្នា។

រង្វាស់ពាក្យ ឬមាត្រាពាក្យ

រង្វាស់​ពាក្យ ឬ​មាត្រា​ពាក្យ គឺ​ចំនួន​ព្យាង្គ​ជា​កំណត់​ក្នុង​ឃ្លា​នីមួយៗ និង​ចំនួន​ឃ្លា​ជា​កំណត់​ក្នុង​ល្បះ​នីមួយៗ។ គឺ​អាស្រ័យ​ចំណាប់​ចួន​ខុស​គ្នា… កំណត់​ព្យាង្គ និង​ឃ្លា ក្នុង​ល្បះ​ខុសៗ​គ្នា​នេះ​ហើយ ដែល​នាំ​ឲ្យ​រូបភាព “ទម្រង់” កំណាព្យ​ទាំង​ឡាយ​ខុស​គ្នា និង​មាន​ឈ្មោះ​ក៏​ប្លែកៗ​គ្នា​ដែរ។

ឧទាហរណ៍ ៖ បទ​មេ​បួន មួយ​ល្បះ​មាន​៤​ឃ្លា ក្នុង​មួយ​ឃ្លា​មាន​៤​ព្យាង្គ។ បទ​កាកគតិ មួយ​ល្បះ​មាន​៧​ឃ្លា ក្នុង​មួយ​ឃ្លា​មាន​៤​ព្យាង្គ​ស្មើ​គ្នា។

ចង្វាក់

ពាក្យ​ចង្វាក់​នៅ​ក្នុង​កំណាព្យ​គឺ សំគាល់​ការ​លើក ឬ​ដាក់​សំឡេង​ដែល​មាន​លក្ខណៈ​ខុសៗ​គ្នា ទៅ​តាម​បទ​កំណាព្យ​នីមួយៗ។ វា​ជា​ជំនួយ​ជួយ​សម្រួល​ដល់​ការ​និពន្ធ ការ​ពោល ឬ​ការ​សូត្រ​កំណាព្យ និង​ជួយ​ជម្រុញ​ឲ្យ​កំណាព្យ​មាន​លក្ខណៈ​ពិរោះ​រណ្តំ​ជា​តន្ត្រី។

ឧទាហរណ៍ ៖ បទពាក្យ ៧ ត្រូវ​សង្កត់​សំឡេង​លើ​ព្យាង្គ ២ និង ៤ – ស្តាយសាច់ ស្រអែម កែមសំដី…។ បទ​ពាក្យ ៨ ត្រូវ​សង្កត់​សំឡេង​លើ​ព្យាង្គ ៣ និង ៥ អនិច្ចា តោថ្ម លោកកសាង….។

សង្កេត

- បទពាក្យ ៦ ពាក្យ៧ ពាក្យ៨ ពាក្យ៩ ពាក្យ១០ និងពាក្យ១១ ជា​ឈ្មោះ​កំ​ណាព្យ ដែល​ចាស់​បុរាណ​យើង​បាន​និយម​ប្រើ ប៉ុន្តែ​តាម​ការ​ពិត “ពាក្យ” នេះ​មិន​មែន​សំគាល់​ចំនួន​ពាក្យ​នៅ​ក្នុង​ឃ្លា​ទេ ផ្ទុយ​ទៅ​វិញ​គឺ​សំគាល់​ចំនួន​ព្យាង្គ​នៅ​ក្នុង​ឃ្លា​នីមួយៗ ពោល​គឺៈ បទពាក្យ៦ មាន៦ព្យាង្គ​ក្នុងមួយឃ្លា, បទពាក្យ៧ មាន៧ព្យាង្គ​ក្នុងមួយឃ្លា, បទពាក្យ៨ មាន៨ព្យាង្គ​ក្នុងមួយឃ្លា, បទពាក្យ៩ មាន៩ព្យាង្គ​ក្នុងមួយឃ្លា, បទពាក្យ១០ មាន១០ព្យាង្គ​ក្នុងមួយឃ្លា និងបទពាក្យ១១ មាន១១ព្យាង្គ​ក្នុងមួយឃ្លា។

២ – តាម​ធម្មតា បើ​គេ​និពន្ធ​អត្ថបទ​កំណាព្យ​មួយ​ដែល​មាន​ច្រើន​ល្បះ គេ​ត្រូវ​រក្សា​ចំណាប់ចួន តាម​ពី​ល្បះ​ទី​១ រហូត​ដល់​ល្បះ​បញ្ចប់… មិន​ត្រូវ​ឲ្យ​ភ្លាត់ ឬ​ក៏​ដាច់​ចួន​នៅ​ដំណាក់​ណា​មួយ​ឡើយ។

៣ – ក្រោយ​ពី​ការ​សិក្សា​របៀប​សូត្រ​កំណាព្យ​ខ្មែរ យើង​អាច​សង្កេត​ឃើញ​ថាៈ បទ​កំណាព្យ​នីមួយៗ​មិន​មែន​សម្រាប់​បម្រើ​តែ​មនោសញ្ចេតនា​មួយ​ប៉ុណ្ណោះ​ទេ ផ្ទុយ​ទៅ​វិញ​បទ​ទាំង​នោះ អាច​បម្រើ​បាន​ស្ទើរ​តែ​គ្រប់​មនោសញ្ចេតនា​របស់​មនុស្ស ដូច​ជា​រំភើប សប្បាយ កំសត់ ពិពណ៌នា និរាស​ព្រាត់ប្រាស កំហឹង ទូន្មាន​ប្រៀន​ប្រដៅ សង្វេគ អវិជ្ជា ។ល។ និង ។ល។ ជាក់ស្តែង​គ្រាន់​តែ​បទ​កាកគតិ​មួយ យើង​អាច​សូត្រ​បាន​ច្រើន​បែប​គឺ ៖ សូត្រ​បែប​កូន​ក្មេង, សូត្រ​បែប​ចាស់, សូត្រ​បែប​ក្អែក​លោត, សូត្រ​បែប​​ក្អែក​បូល, សូត្រ​​បែប​ពិពណ៌នា, សូត្រ​​បែប​​ទំនួញ, សូត្រ​​បែប​​ពិលាប, សូត្រ​​បែប​​កាក​កាត់​ត្រើយ​, សូត្រ​បែប​ត្រៃ​លក្ខណ៌​ជាដើម, ដែល​អាស្រ័យ​ដោយ​ខ្លឹមសារ និង​មនោសញ្ចេតនា​នៃ​អត្ថបទ​នោះ​កំណត់។

——————————————————————————-

អត្ថបទនេះដកស្រង់ចេញពីសៀវភៅ “សិល្បៈតែងកំណាព្យ” និពន្ធដោយឯកឧត្តម ពេជ្រ ទុំក្រវ៉ិល, ភ្នំពេញ ២០០២។