Archive for the ‘សង្ខេបរឿង’ Category

h1

សង្ខេបរឿង​ “កំណប់ភុជង្គនាគ”

March 31, 2008

-អ្នក​និពន្ធៈ វង់ ផឿង

-ប្រភេទៈរឿង​ស៊ើប​អង្កេត(ចារកម្មអន្តរជាតិ)

ម៉ោងជិត១២យប់ នៅឯព្រៃឬស្សីព្រំដែនសៀម អច្ឆរិយាកំពុងលបលួចឆ្លងកាត់​ព្រៃនេះ ដើម្បីឆ្លង​ចូល​ទឹកដី​សៀម។ ក្នុងពេលនោះ ទាហានសៀមដែលនៅក្នុងប៉ម ហាក់សង្ស័យថាមានអ្វី ក៏បាញ់រះ​ចោល មកលើកន្លែងអច្ឆរិយាកំពុងពួន ប៉ុន្តែគ្រាប់បានត្រឹមតែរត់ជិតត្រចៀកអច្ឆរិយា ដែលកំពុងពោលខ្សឹបៗ​រកធម៌ព្រះរតនត្រ័យ​ និងទេវតា​រក្សា​ព្រះស្វេតច្ឆ័ត្រខ្មែរ ព្រមទាំងព្រះវិញ្ញាណក្ខន្ធនៃព្រះបាទនរោត្តម​សុវណ្ណកោដ្ឋ។

នៅក្នុងព្រៃឬស្សីនោះ អនុសេនីយឯកអច្ឆរិយា បានណាត់ជួបជាមួយនឹងពលបាលត្រីត្រុឌី។ ទាំងពីរនាក់ ជាមនុស្សមកពីក្រសួងចារកម្មក្រុងភ្នំពេញ។ ដោយបានធ្វើអត្តសញ្ញាណប័ណ្ណសៀមក្លែងក្លាយសម្រាប់អច្ឆរិយារួចហើយ ត្រុតឌីបាននាំអច្ឆរិយាទៅតាមផ្លូវសំងាត់មួយ ទៅដល់ចំណតរថយន្តដឹកត្រីងៀត។

ពេលកំពុងបើកបរ អច្ឆរិយាមានអារម្មណ៍ថាមានអ្នកខ្មាំងលាក់ខ្លួន ក្នុងគំនរត្រីងៀតយ៉ាងតិចពីរនាក់ ដោយសំអាងថាឯកឧត្តមប្រកិតពិផាត រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិថៃ ជាអ្នកចុះហត្ថលេខាលើអ្នកអត្តសញ្ញាណប័ណ្ណក្លែងក្លាយនោះ មានន័យថា ឯកឧត្តមនេះបានដឹងថាត្រុតឌីជាដៃជើងយកការណ៍ របស់ខ្មែរទៅហើយ ហើយបានបណ្តោយឲ្យត្រុតឌីចេញចូលសៀមតាមចិត្ត ដើម្បីចាំស្ទាក់អច្ឆរិយា។

អច្ឆរិយាបានបញ្ជាឲ្យត្រុតឌីឈប់ឡាន ហើយបានយកដំបងដែកជីកផ្ទៃថ្នល់ខ្លាំងៗ នៅខាងក្រោមឡាន ដើម្បីគំរាមសត្រូវថាបានចូលដាក់គ្រាប់បែក នៅខាងក្រោមឡានរួចហើយ។ អ្នកក្លាហានខ្មែរទាំងពីរនាក់បានថយទៅពួនក្រោយដើមឈើធំមួយ ហើយស្រែកគំរាមអ្នកនៅក្នុងឡាន ឲ្យចេញពីក្នុងឡាន ដោយដាក់លក្ខខណ្ឌថា បើរាប់ដល់បីមិនចុះ ពួកគេនឹងបាញ់ ហើយបើរាប់ដល់ដប់នៅតែមិនចុះ ពួកគេនឹងទាញខ្សែ ឲ្យគ្រាប់បែកក្រោមឡាននោះផ្ទុះឡើង។

ពេលរាប់ដល់បី ខ្មាំងបានបាញ់ចេញពីគំនរត្រីងៀតមកមុន តែអច្ឆរិយាបាញ់ត ចំដៃខ្មាំង ធ្លាក់កាំភ្លើង។ ពេលរាប់ដល់បួន ខ្មាំងពីរនាក់ផ្សេងទៀតបាញ់ត្រឡប់មកវិញ អច្ឆរិយាបាញ់តប តែមិនត្រូវ។ រាប់ដល់ប្រាំ ខ្មាំងបាញ់មកទៀត តែលើកនេះត្រុតឌីបានដាក់មួយគ្រាប់ ទំលាយជញ្ជាំងឡាន ធ្វើឲ្យគ្នាវាងាប់អស់ម្នាក់។ រាប់ដល់ប្រាំមួយ អាសៀមម្នាក់ទៀតហក់ចុះពីលើឡាន ប្រុងធ្វើការតបត ប៉ុន្តែត្រូវអច្ឆរិយាបាញ់ត្រូវមុន ធ្វើឲ្យវាដួលរមួលតតេះតតះ ។ ដោយដឹងច្បាស់ពីក្បួនពុតត្បុតរបស់សៀម អច្ឆរិយាបានបន្ថែមបីគ្រាប់ទៀត កុំឲ្យសង្ស័យ។ ឯអាមួយដែលត្រូវចំដៃនោះ បានស្រែកចុះចាញ់ ហើយចុះពីលើឡានលើកដៃឡើងលើ។ អច្ឆរិយាដើរសំដៅវា តែវាចង់ដកកាំភ្លើងនៅចង្កេះ ពេលនោះក៏ត្រូវធ្លាយបំពង់កជាពីរ ដោយកាំបិតកៃហោះចេញពីដៃអច្ឆរិយា។

ទៅដល់កំពូលភ្នំដែលមានជ្រោះកំពស់ប្រម៉ាណ៣០០ម៉ែត្រ អ្នកទាំងពីរក៏រៀបយកខ្មោចមួយ ដាក់អង្គុយកន្លែងចង្កួត មួយទៀតដាក់នៅម្ខាង។ ត្រុឌីយកសាំងមួយធុង មកស្រោចលើសព និងក្បាលឡាន រួចដុតសាំងឆេះឡើង។ អ្នកទាំងពីរក៏ទំលាក់ឡានចុះទៅក្នុងជ្រោះ។

ក្នុងមហាអុទ្យានសាធារណនៃក្រុងបាងកក អច្ឆរិយាកំពុងលង់អារម្មណ៍ក្នុងផែនការណ៍នៃកំនប់ភុជង្គនាគ ក្នុងឈូងសមុទ្រសៀម។ ពេលនោះដែរ នាងអមរាអាយុ១៨ ១៩ឆ្នាំកំពុងលេងឆ្កែក្បែរនោះ។ ឆ្កែក៏លោតរត់ចុះ រត់កាត់អច្ឆរិយា ហើយអច្ឆរិយាក៏ចាប់ជាប់ អ្នកទាំងពីរក៏បានសន្ទនាគ្នា។ ដោយដឹងថានាងជាកូនរបស់ប្រកិតពិផាត ថែមមានសម្ផស្សស្រស់ស្អាត ជាក្រមុំបរិសុទ្ធផង អច្ឆរិយាក៏ប្រើសំដីទឹកឃ្មុំសារិកាលិនថោង គួបផ្សំនឹងសម្ផស្សនៃបុរសដ៏ល្អគ្មានផ្ទឹម សម្លាប់នាងអមរាដែលមានសម្តីដូចរន្ទះបាញ់ពីដំបូង ឲ្យបាក់ស្តូកស្តឹងដូចកូនចៀមស្ថិតក្នុងមាត់ខ្លា។

លើសពីនេះទៅទៀត មាត់ដែលចាំតែបឺត និងដៃដែលចាំតែអង្អែលរបស់អច្ឆរិយា បានធ្វើឲ្យនាងអមរាហោះហើរ នៅក្រោមដើមឈើក្នុងឧស្យាននោះ រហូតសុខចិត្តព្រមតាមការណាត់ជួបរបស់អច្ឆរិយា នៅឯសណ្ឋាគារនៅក្នុងយប់នោះដែរ។ អមរាមកមែន! អច្ឆរិយាក៏មិនបណ្តោយយូរ ក៏នាំនាងទៅលេងស្ថានព្រះច័ន្ទក្នុងពេលនោះទៅ។

វិជ្ជាគុណដ៏ស្ទាត់ជំនាញរបស់អច្ឆរិយា បានធ្វើឲ្យអមរាស្តាប់តាមគ្រប់យ៉ាង។ អច្ឆរិយាសុំឲ្យនាងមកកាន់សណ្ឋាគាររាល់ថ្ងៃ ដើម្បីឆែកមើលក្រែងអច្ឆរិយាបានផ្ញើទូរលេខមក ព្រោះបន្ទាប់ពីយប់ស្ថានសួគ៌នេះ អច្ឆរិយាបានចេញដំណើរតាមរថភ្លើង ទៅប៉ាក់ណាមបូរី ឆ្នេរសមុទ្រសៀម។

នៅលើរថភ្លើង អច្ឆរិយាបានឃើញព័ត៌មានក្នុងកាសែត ពីការផ្ទុះរថយន្តក្នុងជ្រោះ។ ផែនការណ៍បំភ័ន្តរបស់អច្ឆរិយាបានសម្រេចមែន ពួកសៀមជឿថា បណ្តាញចារកម្មខ្មែរទាំងពីរបានស្លាប់បាត់ហើយ។ នៅជិតអច្ឆរិយាគ្មានអ្នកអង្គុយទេ អច្ឆរិយាបានទាញផែនទីមហាកំណប់មកមើល មានសញ្ញាខ្វែងត្រង់ឈូងសមុទ្រសៀម គឺជាកន្លែងផ្ទុកមាសខ្មែរ ១០០០គីឡូក្រាម។

តាមប្រវត្តិសាស្ត នៅឆ្នាំ ១៩៤៥ កងទ័ពជប៉ុន បានគាំទ្រអាកំហូចសៀម ជិះជាន់ទឹកដីខ្មែរយកខេត្តបាត់ដំបង បានចាញ់ដៃសង្គ្រាមនៃកងទ័ពបារាំង និងខ្មែរម្ដងវិញ ។ សៀមក្នុងមហិច្ឆិតាឥតព្រំដែន បានប្លន់រាស្ត្រខ្មែរ និង គាស់កំនប់មាសនៃបុព្វបុរសខ្មែរប្រមូលបានមាស ១០០០គីឡូក្រាម គឺដឹកទៅជាមួយកងទ័ពរបស់ខ្លួន ដែលដកថយដោយសំងាត់ ក្នុងរថយន្តសឹកមួយ ។ ពួកវាបានដឹកមាសទៅតាមនាវា។ អ្នកដែលដៃដល់ក្នុងរឿងនេះគឺ វរសេនីយឯកពិចិត្រ ខាំណា អនុសេនីយឯកកាខារ៉ង ពលទោសារិថា និងអ្នកកាច់ចង្កូតចន្ថាណូ។ ពួកវាបានខាំគ្នាវាដណ្តើមយកមាស។

ចេញដំណើរបានប្រហែល២គីឡូម៉ែត្រ ពលទោសារិថាបានលបចាក់វរសេនីអែកពិចិត្រ មួយដាវពីក្រោយខ្នង ស្លាប់ធ្លាក់ក្នុងសមុទ្រ។ អនុសេនីយអែកកាខារ៉ង ហូតកាំភ្លើងខ្លី បាញ់ពលទោស្លាប់បាត់ទៅ។ អ្នកកាច់ចង្កូត បានបាញ់អនុសេនីយពីក្រោយ២គ្រាប់ ចំដៃនិងស្មា មិនស្លាប់។ ពេលនោះក៏មានព្យុះបោករំលិចនាវា។ មាសនោះក៏លិចទៅបាតសមុទ្រ ឯអាពីរនាក់នោះបានស្រវ៉ាបានឈើមួយបន្ទះ ល្មមរួចជីវិតបាន តែមិនបានដឹងថា គូបដិបក្ខខ្លួនបានរស់ដែរទេ ព្រោះពេលនោះយប់ងងឹត មើលមិនឃើញ។

អ្នកបើកនាវានៅចាំកន្លែងលិចកាប៉ាល់ ហើយគូសផែនទីមហាកំណប់ឡើង ប៉ុន្តែផែនទីនេះត្រូវបានគេលួចតៗគ្នា រហូតមកដល់កន្ដាប់ដៃអច្ឆរិយា ជាចុងក្រោយបំផុត បន្ដាលឲ្យ​មនុស្សស្លាប់គរជើងលើគ្នា។

រថភ្លើងបានមកដល់គោលដៅ។ អច្ឆរិយាមកស្នាក់នៅមហាសណ្ឋាគារមជ្ឈឹមប៌ូពា។ អច្ឆរិយាចេញមកដើរលេងតាមមាត់សមុទ្រ នឹករកវិធីយ៉ាងណា បានទៅកណ្តាលសមុទ្ទ ដែលជាកន្លែងកំណប់ ស្រាប់តែមានទូកមួយបើកមកឈប់។ ចុះពីលើទូក មានស្រ្តីជាតិបារាំងវ័យប្រហែល២០ឆ្នាំ ដ៏ស្រស់សោភាម្នាក់ កំពុងប្រកែកសំដីគ្នាជាមួយបុរសសៀម។ បុរសសៀមកំពុងតែតាមលួងអង្វរនាងបារាំងនោះ តែនាងបារាំងនោះមិនព្រមទទួល ហើយប្រុងទះកំភ្លៀងបុរសនោះ តែបុរសនោះចាប់ដៃជាប់ ក៏ប្រុងទះវិញ តែត្រូវអច្ឆរិយាធ្វើអន្តរាគមន៍ទាន់ពេលវេលា។ សៀមដែលកំពុងតែខឹងនោះ មិនព្រមស្តាប់តាមការសម្របសម្រួលរបស់អច្ឆរិយាទេ រួចក៏ចាប់ផ្តើមការប្រយុទ្ធទៅ។ ជាលទ្ធផលអាសៀមនោះចាញ់ ហើយរបួសដៃយ៉ាងទម្ងន់។ វាក៏រត់បាត់ទៅ តែវាសន្យាថាវានឹងមកសងសឹកមិនខាន។

ស្រីបារាំងនោះបានអញ្ជើញអច្ឆរិយាទៅលើកាប៉ាល់កណ្តាលសមុទ្ទនោះ។ សាសងគ្នាលើកាប៉ាល់ អច្ឆរិយាដឹងថានាងម៉ារីណា កំនើតបារាំងសែស សញ្ជាតិសៀម ត្រូវជាស្រីរបស់ឯកឧត្តមប្រកិតពិផាត ធ្វើឲ្យអ្នកមានអារម្មណ៍ថា ទេវតាខ្មែរដែលតាមថែរក្សាអ្នក បាននាំអ្នកចូលដល់ជំហ៊ានមួយទៀតក្នុងបេសកកម្មនេះ។ គ្មានអ្វីត្រូវយូរឡើយ ម៉ារីណាដែលកំពុងស្វែងរកសេចក្តីសុខផ្លូវភេទឥតរើសមុខស្រាប់ ជួបជាមួយអ្នកដែលមានសំដីសារិកាទៀត អច្ឆរិយាដ៏អស្ចារ្យ បានបំពេញភាពស្កប់ស្កល់ឲ្យនាងបារាំងសែសនោះយ៉ាងពេញចិត្ត។

ជួនជាចៃដន្យ ចន្ថាណូ អតីតអ្នកកាន់ចង្កូតនាវា និងកាខារ៉ង អតីតអនុសេនីយឯក ដែលឥឡូវនេះពិការដៃម្ខាង បាននឹកឃើញ មករកកំណប់ក្នុងពេលនេះដែរ។ នៅឯសណ្ឋាគារ កាខារ៉ងបានមើលតាមកែវឆ្លុះ ទៅទីតាំងកំណប់ ស្រាប់តែឃើញចន្ថាណូកំពុងនៅលើនាវាមួយក្បែរនោះដែរ។ កាខារ៉ងនឹកឃើញគំនុំចាស់ រួចនឹកចង់សងសឹក។

ពេលម៉ារីណាក្រោកឡើង អច្ឆរិយាក៏លានាងទៅផ្សារប៉ាកណាម រកទិញប្រដាប់ប្រដាបន្តិចបន្តួច [ប្រដាប់ដង្ហើមមុជទៅបាតសមុទ្ទ]។ ទិញបានហើយ អច្ឆរិយាក៏ទៅក្រសួងទូរគមនាគមន៍ ហើយសរសេរទូរលេខ ឲ្យអមរាមកកាន់សណ្ឋាគារមជ្ឈឹមបូព៌ាជាប្រញាប់។

ពេលយប់អច្ឆរិយា និងម៉ារីណាទៅរាំក្នុងរង្គសាលមួយ ដែលមានមនុស្សម្នាយ៉ាងណែន។ ពេលកំពុងរាំ អាសៀមដែលអច្ឆរិយាបានបំបាក់ដៃម្ខាងនោះ លួចដាក់ថ្នាំសណ្តំក្នុងកែវស្រា។ សំណាងល្អ ពេលត្រឡប់ពីរាំវិញ ម៉ារីណាយកកែវច្រឡំ រួចក៏ងងុយដេកភ្លាម។ អច្ឆរិយានាំនាងមកនាវាវិញ ដោយនឹកសង្ស័យថាមានអ្នកលួចដាក់ថ្នាំមិនខាន។

ក្នុងពេលនាងកំពុងដេកស្តឹងក្រោមឥទ្ធិពលថ្នាំ អច្ឆរិយាក៏ឆែកឆេរបាតកប៉ាល់ និងកាបូបរបស់នាង ហើយស្វែងយល់ពីបំណងរបស់ប្រកិតពិផាតថា នឹងនាំនាងម៉ារីណា និងកូនស្រី រត់ទៅបរទេស តាមកប៉ាល់នេះ បន្ទាប់ពីបានកំណប់រួចហើយ។

ដោយប្រើប្រដាប់ដែលបានទិញពីព្រឹក អច្ឆរិយាមុជចូលទៅបាតសមុទ្ទ។ អ្នកបានរកឃើញសាកសពកប៉ាល់នោះមែន ហើយកំពុងតែស្វែងរកហិបដាក់មាសនោះ ស្រាប់ផ្លែព្រួញបានហោះចេញពីដៃចន្ថាណូ ដែលកំពុងរាវរកដែរនោះ មកជិតនឹងត្រចៀកអ្នក។ ពេលនោះអច្ឆរិយាគ្មានអ្វីការពារ ក៏រត់យករួចខ្លួន តែត្រូវខ្មាំងថែមមួយព្រួញទៀត ចំប្រដាប់សន្សំខ្យល់ ធ្វើឲ្យអស់ខ្យល់វិះនឹងក្ស័យ ដោយឡើងមកលើផ្ទៃទឹកមិនសឹងទាន់។

មកដល់កាប៉ាល់វិញ សត្រូវចាស់ដែលយូរដៃស្តាំម្ខាង ដៃឆ្វេងកាន់ពូថៅមួយ កំពុងឈរចាំស្រាប់។ ដោយឃើញថា សត្រូវរបួសដៃម្ខាង អច្ឆរិយាគិតថាជារឿងថោកទាប ដែលសម្លាប់ជនពិការ រួចក៏សុំទោសសត្រូវ ប៉ុន្តែត្រូវសត្រូវយល់ថាជាការសុំលើកលែងជីវិតទៅវិញ។ អាខ្មាំងវាលែងស្តាប់ រួចគិតតែពីកាប់ចុះកាប់ឡើង តែមិនត្រូវ ព្រោះអច្ឆរិយាគេចរហ័សដូចផ្លេកបន្ទោរ នៅពេលមួយ វាក៏កាប់ចំឈើ ហើយក៏ជាប់ពូថៅនៅទីនោះ។ ដកមិនទាន់រួច ត្រូវអច្ឆរិយាជូនមួយកណ្តាប់ដៃ ដួលខ្ពោក រួចអ្នកក៏យកពូថៅនោះ បង្ហើយក្បាលអាក្របីព្រៃ ធ្លាយខួរខ្ចាយ។

អ្នកក៏បោះសពចូលក្នុងទឹក ហើយបង្វែរកាប៉ាល់ចេញពីទីនេះឲ្យឆ្ងាយ ដើម្បីកុំឲ្យប៉ូលីសមករញ៉េរញ៉ៃនៅព្រឹកស្អែក ពេលដែលប្រទះសាកសពរួច។
ចន្ថាណូងើបចេញពីផ្ទៃទឹកវិញ ហែលសំដៅទៅច្រាំង។ ទៅដល់ភ្លាមស្រាប់តែកាខារ៉ងកំពុងភ្ជង់កាំភ្លើងហើយស្រេច។ ចន្ថាណូប្រុងដកកាំបិតតបត តែត្រូវបានទម្លាយបេះដូងប្រ៉ាវ ដោយគ្រាប់កាំភ្លើងកាខារ៉ង។

ស្អែកឡើងលោកស្នងការ និងអធិការសាម៉ាយ៉ា មកពិនិត្យសពចន្ថាណូ និងតាមដានរឿងក្តីសម្លាប់មនុស្សទាំងពីរ កាលពីយប់។
ពេលល្ងាចឡើងទើបម៉ារីណាភ្ញាក់ដឹងខ្លួន ហើយហៅរកអច្ឆរិយា។ អច្ឆរិយាទើបតែជិះឡុងបូត្រតូចមួយ មកពីណា។ បន្ទាប់ពីទុកចិត្តម៉ារីណាហើយ អច្ឆរិយាក៏ប្រាប់ពីគម្រោងស្ទួចយកកំណប់ ឲ្យម៉ារីណាដឹង ហើយឲ្យម៉ារីណាសហការណ៍ជាមួយគ្នា ដោយឲ្យនាងនៅយាមខាងលើ ពេលដែលអ្នកចុះទៅក្រោម។

ម៉ារីណាធុំក្លិនទឹកអប់ប្លែក ដែលក្លិនដូចទឹកអប់របស់ប្រកិតពិផាតប្រើ។ នាងសង្ស័យ ហើយចោទអច្ឆរិយាថាមានស្រីថ្មី តែត្រូវអច្ឆរិយាបន្លប់ពីកំណប់មហាសាល ស្រីលោភលន់នោះ ក៏បាក់ចិត្តវិញលែងសង្ស័យវិញ។ តាមពិតពេលដែលម៉ារីណាមិនទាន់ក្រោកឡើង អច្ឆរិយាបានទៅជួបអមរា នៅឯសណ្ឋាគារ នាំនាងឡើងស្ថានសួគ៌នៅទីនោះ ហើយយកនាងមកលាក់ទុក នៅបាតកប៉ាល់ ដោយកុហកនាងថានឹងនាំនាងទៅហុងកុង ព្រោះឳពុករបស់អ្នកជាពាណិជ្ជករធំនៅទីនោះ។ ឯអមរាក៏មិនស្គាល់នាវានោះ ថាជានាវាឳពុកខ្លួនទៀត។

ពេលអច្ឆរិយាចុះទឹកក្នុងបាតសមុទ្រ នាងម៉ារីណាសង្ស័យ ពីអត្តសញ្ញាណរបស់អច្ឆរិយា រួចឆែកឆេរកាបូបអ្នក។ ពេលនេះនាងដឹងថា អច្ឆរិយាជាចារបុរសដៃឯកខ្មែរ។
ពេលនាងចេញមកក្បាលនាវា ត្រូវលោកអធិការសាម៉ាយ៉ា ដែលទើបពីទឹកឡើងកប៉ាល់នេះ ខ្ទប់មាត់ពីក្រោយ ធ្វើឲ្យនាងភ្ញាក់ស្លុតស្មារតី ហើយសន្លប់បាត់ទៅ។ អធិការដែលបានសង្ស័យថា បុរសមុជទឹកនោះជាអច្ឆរិយាដែរ បានចងដៃជើងម៉ារីណាទុក ហើយអង្គុយនៅក្បាលនាវា ចាំប្រហារអច្ឆរិយា។

ដូចលើកមុនដែរ អច្ឆរិយាឃើញមានបុរសម្នាក់កំពុងជីកហិប បណ្តោយមួយម៉ែត្រកន្លះ ទទឹងកន្លះម៉ែត្រ កម្ពស់កន្លះម៉ែត្រនោះ។ អ្នកក៏គិតថា នឹងចាំប្រហារនៅខាងលើវិញ ពេលដែលជននោះស្ទូចហិបឡើងបានហើយ។ អ្នកបានឡើងមកលើទឹកវិញ ស្រាប់តែឃើញនាវាមួយទៀត រួចក៏លបឡើងលើនាវានោះ ទើបស្តាប់ឮការសន្ទនា រវាងអ្នកនៅលើនាវា និងកាខារ៉ងដែលកំពុងនៅបាតសមុទ្រ ចងហិបមាសនោះ។

កាំបិតកៃបានលបប្រហារអ្នកសន្ទនាវិទ្យុនោះចំកណ្តាលខ្នង។ សម្រែកតាមវិទ្យុ ឮដល់កាខារ៉ងដែលខាងក្រោម ធ្វើឲ្យគេដឹងថា មានអ្នកលួចប្រហារដៃគូរបស់គេហើយ។ កាខារ៉ងធ្វើហាក់ដូចមិនដឹងស្ថានភាព ព្រោះដឹងថានឹងស្លាប់ បើអ្នកនៅខាងលើកាត់ខ្សែបំពង់ដង្ហើមចេញ។ គេក៏បន្តការសន្ទនារបស់គេ ហើយបញ្ជាឲ្យអ្នកនៅខាងលើ ទាញខ្សែស្ទូចឡើង។

អច្ឆរិយាដែលចូលជំនួសកន្លែងដៃគូកាខារ៉ងនោះ ក៏ស្ទូចហិបឡើង រួចកាត់ខ្សែដង្ហើមអ្នកនៅក្នុងទឹក។
ស្ទើតែដាច់ខ្យល់ស្លាប់ កាខារ៉ងងើបមកលើវិញ ក៏ឃើញកប៉ាល់មួយទៀត ហើយដឹងថាជាកប៉ាល់របស់ឃាតក ដែលសម្លាប់ដៃគូរបស់គេ និងជាអ្នកផ្តាច់បំពង់ខ្យល់ អម្បាញ់មិញ។

កាខារ៉ងលបឡើងលើនាវាសត្រូវ គិតថានឹងរកអាវុធខ្លះ ទៅប្រហារអ្នកដែលកំពុងស្ទូចហិបមាសនោះវិញ។ គ្រាន់តែឡើងលើនាវាភ្លាម ត្រូវអធិការដាក់បីគ្រាប់ដួលខ្ពោក។ អធិការនឹកស្មានតែខ្លួនបានសម្លាប់អច្ឆរិយា ដូចបំណងហើយ ក៏ចូលចិត្តពិនិត្យមើលសព ទើបដឹងថាមិនមែន។

នៅឯនាវាម្ខាងទៀត អច្ឆរិយាអាចមើលឃើញស្ទង់ៗ ដឹងថាមានមនុស្សពីរនាក់ កំពុងប្រយុទ្ធគ្នាលើកាប៉ាល់ម៉ារីណា។ អច្ឆរិយាបញ្ជានាវាស្ទូចនោះមកជិតនាវាម៉ារីណា ហើយចោលវត្ថុធ្ងន់មួយចូលក្នុងទឹក ដើម្បីបង្វែរការចាប់អារម្មណ៍របស់អធិការ ៗក៏ស្ទុះទៅចាំប្រហារ ដោយគិតថាជាមនុស្ស ប៉ុន្តែអច្ឆរិយាឆ្លៀតពេលនោះ ក៏មកពីក្រោយ រួចភ្ជង់ផ្លែព្រួញចំកញ្ចឹងកអធិការ។

អច្ឆរិយាបញ្ជាឲ្យទម្លាក់កាំភ្លើងចុះ ហើយបែរមុខ រួចសួរអធិការថាមកមានបំណងអ្វី។ អធិការឆ្លើយថា មកចាប់ឃាតករម្នាក់ និងអាចោរម្នាក់។ គ្រាន់តែឮថា “ចោរ” ភ្លាម អច្ឆរិយាបុកភ្នែកអធិការមួយព្រួញ ហើយដកមកភ្ជង់បំពង់កដដែល ៖ “មានតែអាមនុស្សខ្វាក់ទេ ដែលនិយាយយ៉ាងនេះ ។ អាសៀមប្លន់មាសខ្មែរ អញខ្មែរមកយកមាសនេះវិញ អាណាជាចោរខ្វាក់? ចុះអា !”

រហ័សណាស់ដែរ អធិការបានបុកទ្រូងអច្ឆរិយាមួយក្បាល ខ្ទាតផ្អឹបជញ្ជាំង។ អធិការដកកាំភ្លើង បាញ់មួយគ្រាប់ តែអច្ឆរិយាគេចទាន់ ត្រូវស្មា របួសស្រាល។ អធិការប្រុងកេះកៃមួយគ្រាប់ទៀត តែផ្លៃព្រួញបានរត់មកដល់ទ្រូងអធិការ រួចបាត់ទៅហើយ។ អធិការដួលគ្រាំង តែមុននឹងស្លាប់ បានបាញ់កាំភ្លើងកាំជ្រួចឡើងលើមេឃ ជាសញ្ញាឲ្យដៃគូ។

មែន! មិនយូរសោះ កងតម្រួតជើងទឹកបានលោមព័ទ្ធកាប៉ាល់ម៉ារីណាស្រេច។ ប៉ូលីសឲ្យពេលអច្ឆរិយា៥នាទី ដើម្បីប្រគល់ខ្លួន។ ពេលនោះអ្នកបានចូលទៅមើលខាងក្នុង ឃើញម៉ារីណាកំពុងជាប់ចំណង។ អ្នកស្រាយម៉ារីណាចេញ ម៉ារីណាប្រាប់អ្នកថាបានដឹងអត្តសញ្ញាណអ្នកហើយ ប៉ុន្តែនៅតែស្ម័គ្រស្មោះជានិច្ច។ អច្ឆរិយាស្ទុះទៅបន្ទប់ខាងក្រោមនាវា រួចស្រែកឲ្យអមរាចេញមក។

អច្ឆរិយាសុំស្រីទាំងពីរឲ្យធ្វើតាមខ្លួន ដើម្បីរស់ជីវិតទាំងអស់គ្នា។ អ្នកចងស្រីទាំងពីរ ទល់ខ្នងគ្នាជាមួយនឹងដងក្តោងដ៏ខ្ពស់មួយ រួចយកកាំភ្លើងផ្ជង់នារីទាំងពីរ ហើយគំរាមលើតម្រួតជើងទឹកទាំងនោះ។ ប្រកិតពិផាតដែលកំពុងមើលតាមកែវឆ្លុះ ឃើញប្រពន្ធនិងកូនរបស់ខ្លួន កំពុងជាប់ចំណង ក៏បញ្ជាមិនឲ្យបាញ់។

អច្ឆរិយាសន្យាថានឹងឲ្យនារីទាំងពីរជិះយន្តហោះមកវិញ ក្នុង៤៨ម៉ោងក្រោយ។
លោកអគ្គស្នងការប៉ាកណាមបូរី បានព្រមានប្រកិតពិផាត ថាជារឿងក្បត់ជាតិយ៉ាងឃោរឃៅ បើសិនជាបណ្តោយអច្ឆរិយាគេចខ្លួន ប៉ុន្តែប្រកិតពិផាតមិនស្តាប់ រួចក៏ដាល់មួយដៃចំសៀតផ្កា របស់លោកអគ្គស្នងការនោះ។ ប្រកិតពិផាតក៏បញ្ជាឲ្យបើកផ្លូវ។

ពេលដឹងថាផុតគ្រោះថ្នាក់ហើយ អច្ឆរិយាក៏ថើប និងអរគុណនាងទាំងពីរ ដែលកំពុងច្រណែនគ្នា។ អច្ឆរិយាពន្លត់ម៉ាស៊ីន ពេលចូលមកដល់សមុទ្រខ្មែរហើយ។ អច្ឆរិយាបើកប្រអប់មាសឡើង។ ពេលឃើញមាស នាងម៉ារីណាកើតក្តីលោភលន់ ចង់បានមាសតែម្នាក់ឯង ខុសពីនាងអមរាដែលមិនភ្ញាក់ផ្អើលនឹងមាសសោះឡើយ។

នារីទាំងពីររៀបចំអាហារ រួចក៏បរិភោគទាំងអស់គ្នា។ បានបន្តិច ស្រាប់តែនាងម៉ារីណាក្រោកឈរ ភ្ជង់កាំភ្លើងលើអ្នកទាំងពីរ។ ម៉ារីណាបាញ់ពីរគ្រាប់ទម្លាយទ្រូងនាងអមរាមុនគេ រួចហើយបោះកាំភ្លើងនោះចោល ព្រោះអស់គ្រាប់ ហើយក៏រើសយកកាំភ្លើងមួយទៀត។ ចំណែកឯនាងអមរាដ៏ស្មោះស្ម័គ្រនោះវិញ ពេលកំពុងស្ថិតនៅក្នុងរង្វង់ដៃរបស់អច្ឆរិយាហើយ ក៏ខំត្រដរខ្យល់ បួងសួងយ៉ាងអណោចអធម៌ គួរឲ្យខ្លោចចិត្តថា ៖ “អូនស្លាប់ក្នុងហត្ថាបងអច្ឆរិយាយ៉ាងនេះ អូនត្រេកអរណាស់! ជាតិក្រោយ អូនសូមសច្ចាធិដ្ឋាន បួងសួង សូមឲ្យព្រះអាទិទេពបង្កើតអមរាជា “នារីខ្មែរ” ហើយឲ្យបានជាគូរួមវាសនា… អស់កាលអនន្ត ជាមួយបងអច្ឆរិយា … កំពូល …ដួងចិត្ត… ពុទ្ធោ ! … ពុទ្ធោ !…”

កាំភ្លើងដែលម៉ារីណាកំពុងកាន់នោះ ជាកាំភ្លើងតកាណុង ខ្ទប់សំឡេង របស់ខ្មោចអធិការសាមាយ៉ា ដែលពេលអធិការនោះដួល កាំភ្លើងនេះបានបោក បាក់បំពង់ត្រែខ្ទប់សំឡេងរួចទៅហើយ។ អច្ឆរិយាទូន្មានម៉ារីណាថាវានឹងផ្ទុះសម្លាប់នាងវិញ បើសិនជាកេះកៃ ប៉ុន្តែត្រូវនាងយល់ថាជាល្បិច មិនព្រមស្តាប់ ក៏កេះកៃមែន ហើយក៏ផ្ទុះទម្លាយបំពង់កនាងមែន។

អច្ឆរិយាលុតជង្គង់ចុះចំពោះសពអមរា ទឹកភ្នែករលីងរលោង អាណិតដល់នាង ដែលបានបួងសួងឲ្យជួបអ្នកគ្រប់ជាតិ…..