Archive for the ‘ទិនានុប្បវត្តិ’ Category

h1

ស្ពានមុន្នីវង្សថ្មី នាពេលព្រះអាទិត្យរះ

September 22, 2009

កុំឲ្យ​គេ​ថា​អត់​ដែល​ស្គាល់​វត្តវ៉ា ថ្ងៃ​ភ្ជុំ​បិណ្ឌ​​ទី​មួយ ខ្ញុំ​បាន​ព្យាយាម​​ក្រោក​ពី​ម៉ោង​៤.៣០ព្រឹក ដើម្បី​ជួប​ជុំ​គ្នា​​បាន​បួន​នាក់ ទៅ​បោះ​បាយ​បិណ្ឌ​នឹង​គេ។ ពេល​ត្រឡប់​មក​ផ្ទះ​វិញ ទើប​តែ​ព្រលឹម​ស្រាងៗ។ ខ្ញុំ​ឃើញ​​មេឃ​ខៀវ​​ល្អ​ពេក ក៏​យក​កាមេរ៉ា​​មក​សាក​មើល។ អាប្អូន​ម្នាក់​នៅ​ជាប់​ផ្ទះ​​ដែល​​ទៅ​​បោះបាយ​បិណ្ឌ​ជាមួយ​គ្នា ឃើញ​ដូច្នេះ​​ក៏អូស​ម៉ូតូ​​ចេញ​បបួល​ខ្ញុំ​ជិះលេង​ក្រែង​​បាន​រូប​ខ្លះ។ ជិះ​ត្រិកៗ ក៏​មក​ដល់​ស្ពាន​​ភ្លោះ​មុន្នីវង្ស​ថ្មី​នេះ​​ឯង ក៏​​បាន​​​​ផ្តិត​រូបភាព​មក​ចែក​គ្នា​​មើល​កំសាន្តលេង… :D

h1

ជេរមួយទៅ! អ៊ឺស…!

August 21, 2009

ខ្ញុំ​កំពុង​​បើក​មើល​ទំព័រផ្សាយ​ការងារ ក៏បាន​ឃើញ​ការងារ​មួយចំនួន​ដែល​ចាប់​អារម្មណ៍។ មាន​ការងារ​មួយ​នោះ ដូច​ជាទំនង​។ អានរហូតដល់ទីបញ្ចប់ ស្រាប់តែចំនុច​requirementគេចុងក្រោយ សរសេរថា “Must be a Christian“.

គ្រាន់​តែ​ឃើញ​ប៉ុនណេះ ខ្ញុំ​ក៏​ឆេះ​​ភ្លាម ក៏​តាំង​​សរសេ​រអ៊ីមែល​​មួយ​ផ្ញើ​ទៅ​​អង្គការ​នោះ។ អត្ថន័យ​របស់​អ៊ីមែល​នោះ មាន​ដូច​តទៅ ៖

To: recruitment@—–.com

Subject: You are such a religion racist!

I am working in a multi-cultural environment, but we never have a single problem related to religion issue!

Cambodia welcomes every people with any religion, but why are you welcoming only Christian for your work? why you are such a religion racist in Cambodia??!

There are at least 90% of Buddhist in Cambodia! So just STAY AWAY FROM CAMBODIA if you really can’t live and work peacefully with us!!

RELIGION RACISM IS A ROOT CAUSE OF WARS!

h1

កំពង់សោម ២០០៩

August 7, 2009

១១ កក្កដា ២០០៩ ៖ កំពង់​សោម​ទៀត​ហើយ! ដោយ​សារ​តែ​កាលវិភាគ​មិន​ច្បាស់​លាស់ លើក​នេះ​បាត់​វត្តមាន​របស់​ធឿន, គួរ​ឲ្យ​ស្តាយ។ មិន​ជា​ថ្វី នៅ​មាន​ឌី ស៊ា សំណាង និង​សុភក្រ្ត​ដែរ ដែល​ល្មម​គ្រប់​គ្រឿង​បាន។

ប្រហែល​ជា​ទេវតា​ដឹងថា​ខ្ញុំ​ខាន​មើល​កុន​យូរ ក៏​ចាត់​ចែង​បញ្ចាំង​កុន​នៅ​លើ​រថយន្ត​ក្រុង​ឲ្យ​ពួក​ខ្ញុំ​មើល​កំសាន្ត។ ចេញ​ដំណើរ​មិន​បាន​ប៉ុន្មាន​ផង តួ​ស្រី​ដែល​អង្គុយ​នៅ​កៅអី​ជួរ​ខាង​មុខ​ខ្ញុំ​តែ​ម្តង ក៏​ចាប់​ផ្តើម​ប្រើ​ស្ទីល​អឺរ៉ុប បឺត​មាត់​តួ​ប្រុស ដោយ​ភាព​រោល​រាល​នៃ​តណ្ហា​យ៉ាង​ក្រាស់​ក្រែល នៅ​កណ្តាល​វាល ធ្វើ​ឲ្យ​ខ្ញុំ​មិន​ស្រួល​ខ្លួន​មួយ​រំពេច។ នាង​មិន​អើ​ពើរ​ចំពោះ​ភ្នែក​របស់​ពួក​ខ្ញុំ​ឡើយ មើល​តែ​ខ្ញុំ​ទាំង​អស់​គ្នាហ្នឹង​ជា​រុក្ខជាតិ​អ៊ីចឹង។

រថយន្ត​បាន​ឈប់​នៅ​ភោជនីយដ្ឋាន​ពេជ្រ​និល ដែល​នៅ​ក្បែរ​នោះ​គ្មាន​ អ្នក​ប្រកួត​ប្រជែង​ដទៃ​ទៀត​សោះ ធ្វើ​ឲ្យ​អ្នក​វិភាគ​ជា​ច្រើន​យល់​ឃើញ​ថា ប្រហែល​គេ​ជា​ម្ចាស់​តែ​មួយ​នឹង​ក្រុមហ៊ុន​រថយន្ត​ក្រុង ទើប​ធ្វើ​ឲ្យ​អ្នក​ដំណើរ​គ្មាន​ជម្រើស​បែប​នេះ។ បាន​កាហ្វេ​និង​នំប៉ាវ​មួយ​ពី​ព្រឹក ខ្ញុំ​ក៏​ហូប​តែ​បង្អែម​ផ្លែ​ឈើ​មួយ​ចានដូច​អ្នក​ទាំង​បួន​ទៀត​ដែរ ដែល​មួយ​ចានៗ​ មាន​តែ​ផ្លែ​ឈើ​ពីរ​បី​ចំណិត​ប៉ុណ្ណោះ។  តាម​មើល​ម្ចាស់​ហាង​ជំពាក់​លុយ​តុង​ទីន​គេ​ហើយ បាន​ជា​យក​ថ្លៃ​មួយ​ចាន​ដល់​ទៅ ៥០០០​រៀល! ស្លាប់​មនុស្ស​អស់​ជា​មិន​ខាន។ អាណិត​តែ​បង​ម្នាក់​នៅ​ក្បែរ​នោះ អង្គុយ​ហូប​គុយទាវ​តែ​ឯង មិន​ដឹង​ជា​អស់​ច្រើន​ប៉ុន្មាន​ទេ។

រូបគំនូរនៅក្នុងភោជនីយដ្ឋានពេជ្រនិល។ ខ្ញុំមើលដូចជាចេញរូបមួយផ្សេងទៀត ក្រៅពីរូបដំរី ម៉េចមិនដឹង។ តើអ្នកមើលឃើញអ្វីផ្សេងដូចខ្ញុំដែរទេ?

នៅ​ខាង​មុខ​ភោជនីយដ្ឋាន មាន​លក់​ចេក​អាំង អន្សម​អាំង និង​ផ្លែ​ឈើ។ ខ្ញុំ​ទិញ​កំពីងរាជត្រាំ​ពីរ​ផ្លែ​មក​លើ​ឡាន។ ឡាន​ចេញ​ដំណើរ​ត​ទៅ​ទៀត ឯ​កុន​ចេះ​តែ​បន្ត​បញ្ចាំង​ជាប់​រហូត។ មាន​ពេល​មួយ​នោះ គេ​កំពុង​តែ​ប្រើ​ស្ទីល​អឺរ៉ុប ឯ​ខ្ញុំ​កំពុង​ជញ្ជក់​គ្រាប់​កំពីងរាជ។ ខ្ញុំ​ក៏​ជួយ​បញ្ចូល​សំឡេង​ឲ្យ​ពួក​គេ, ខ្ញុំ​ជញ្ជក់​គ្រាប់ ឮ​តែ​ជីពៗៗៗៗ… ប៉ុន្តែ​នៅ​តែ​ដដែល គេ​ធ្វើ​ដូច​ជា​លើ​លោក​ហ្នឹង​មាន​តែ​ពីរ​នាក់​គេ​អ៊ីចឹង។

រថយន្ត​មក​ដល់​ចំណត​នៅ​ម៉ោង​ប្រហែល​ជា១១ថ្ងៃ​ត្រង់។ សំណាង​ទៀត​ហើយ យើង​មាន​ផ្ទះ​សំណាក់​រួច​ជា​ស្រេច ព្រោះ​ហ៊ាង​និង​សម្បត្តិ​បាន​មក​ដល់​មុន​ដោយ​រថយន្ត​ផ្ទាល់​ខ្លួន តាំង​ពី​ព្រឹក​ម្ល៉េះ។ ឈរ​ចាំ​អស់​ពីរ​បី​សន្ទុះ ទើប​ស្វាមី​ភរិយា​ទាំង​ពីរ​នាក់ មក​ដល់ រួច​យើង​ក៏​នាំ​គ្នា​ចូល​ផ្សារ​ទិញ​ម្ហូប។ ដោយ​ឡាន​ដឹក​មិន​អស់ ពួក​យើង​ក៏​ដើរ​សំដៅ​ផ្សារ​លើ ដែល​នៅ​ក្បែរ​នឹង​ចំណត​រថយន្ត​ក្រុង​នេះ​ឯង។ ដើរ​បាន​ពាក់​កណ្តាល​ផ្លូវ ក៏​ប្រទះ​នឹង​លោក​គ្រូ​គន្ធា រហស្សនាម ទិនហ្វី។ គាត់​មក​ជាមួយ​សិស្ស​មួយ​ក្រុម​ដែរ។ សំណេះ​សំណាល​ជាមួយ​គាត់​បន្តិច ពួក​យើង​ក៏​លា​គាត់​ទៅ​ទៀត។

លើក​មុន​ៗ ខ្ញុំ​មិន​ដែល​ចូល​ផ្សារ​ផ្សោញ​អី​ទេ គឺ​ចាំ​តែ​កិន​ពេល​ឆ្អិន​ប៉ុណ្ណោះ តែ​លើក​នេះ​បាន​ចូល​ផ្សារ​នឹង​គេ​ម្តង​ហើយ។ គេ​ថា​ឆ្លៀត​រៀន​សូត្រ​ទាន់​មាន​ឱកាស។ មែន ខ្ញុំ​កំពុង​សង្កេត ​មើល​ស្ថានភាព​ឲ្យ​ហើយ ព្រោះ​ថ្ងៃ​មុខ​ត្រូវ​នាំ​ប្រពន្ធ​មក​ដូច​សម្បត្តិ​ដែរ អ៊ីចឹង​កុំ​ឲ្យ​ខ្មាស់​គេ​ទាន់ ត្រូវ​ស្វែង​យល់​នៅ​ពេល​នេះ។ ម្យ៉ាង​ទៀត​គិត​ថា​នឹង​ទិញ​ក្តាម​ផ្ញើ​អ្នក​ផ្ទះ និង​បេប៊ី​ផង​ដែរ ;-)

សកម្មភាពក្នុងផ្សារពិតជាមមាញឹកមែនទែន។ សំឡេងមនុស្សម្នាក់ៗនិយាយគ្នា លាន់ឮរញ៉េវរញ៉ាវ។ អ្នកលក់ហៅពួកយើងឲ្យទិញ ឡើងរញ៉ែ។ ទិញ​ក្តាម​បង្គារ​មឹក​រួច​ហើយ យក​ទៅ​ឲ្យ​គេ​ធ្វើ​ឲ្យ​នៅ​ខាង​ក្រោយ​ផ្សារ។ ទិញ​បាយ បង្អែម ប្រដាប់​ប្រដារ​ផ្សេងៗ​ទៀតរួច ពួក​យើង​ចេញ​ដំណើរ​ទៅ​កាន់​ឆ្នេរ​អូរ​ឈើ​ទាល។ និយាយ​ថ្លៃ​តូប​ត្រូវ​គ្នា​ភ្លាម… ចាត់​ការ!

អូយ ស្រក់ទឹកមាត់…

ខ្ញុំ ឌី និង សំណាង ៖ កិនឲ្យឆ្អែតសិន ចាំលេងទឹក…!

រលក​ធំៗ វាយ​ប្រ៉ាវៗ បោក​ខ្យាច់​បែកខ្ចាយ ខ្ទាត​ទឹក​សំពោង…។ យើង​ទាំង​អស់​គ្នា ចុះ​លេង​យ៉ាង​សប្បាយ។ ខ្ញុំ​រត់​ដេញ​តាម​រលក រត់​បុក​ទប់ទល់​នឹង​កម្លាំង​រលក។ វា​មក​ហើយ… ខ្ញុំ​ឈ្មុល​ក្បាល​ចូល​ប្រឆាំង​នឹង​វា។ ទោះជាកម្លាំងវាខ្លាំង បោកខ្ញុំលិចទៅដល់បាតដី ឆ្លក់ទឹក​យ៉ាងណាក៏ដោយ ក៏នៅតែមិនរាងចាលដែរ។ ខ្ញុំលេងទាល់តែហត់ រត់លេងរួច, ណាមួយទើប​តែ​ឆ្អែត​បាយ​ ឯក្បាល​ពោះ​ក៏​ធំ​ផង។ ឯ​សម្បតិ្ត​និង​ហ៊ាង​វិញ លេង​ទឹក​បាន​តែ​បន្តិច​ក៏​ឡើង​បាត់។

ស៊ា​និង​ឌី មិន​ដឹង​ជា​ឃើញ​អ្វី​ល្អ​ទេ បាន​ជា​ចេះ​តែ​រំកិល​ម្តង​បន្តិច​ៗ ទៅ​តែ​កន្លែង​នោះ​អ៊ីចឹង? អូ៎ ​មើល​គេ​ធ្វើ​ស្ទីល​ពូន​ខ្សាច់​អី​ឯណា… តាម​ពិត​គឺ​ទៅ​ក្បែរ​ស្រី​ស្អាត​សោះ។ មួយ​សន្ទុះ​ក្រោយ​មក គេ​ឃើញ​ប្រាំ​គ្រឿង​នេះ ផ្តុំ​គ្នា​ពូន​ខ្សាច់​ទាំង​អស់​គ្នា។ ពេល​គេ​សួរ​អ្នកណា​ចង់​កប់​ខ្សាច់ ខ្ញុំ​ក៏​ស្ម័គ្រ​ចិត្ត។ អូយ ធ្ងន់​ណាស់ គេ​កប់​ខ្ញុំ​គ្រប់​កន្លែង លើក​លែង​តែ​មុខ។ គេ​ពូន​ខ្សាច់​មួយ​ដៃ​ធំ មក​បន្តុប​លើ​ទ្រូង​ខ្ញុំ​ទាំង​ពីរ… យី​ម៉េច​ក៏​ធ្ងន់​ម្ល៉េះ​នៅ​ត្រង់​ពាក់​កណ្តាល​ខ្លួន….? ខ្ញុំ​ងើប​ក្បាល​មើល ឃើញ​កំពូល​ខ្សាច់​យ៉ាង​វែង ត្រង់​ឡើង​លើ… ហ៊ី ម៉េច​ក៏​ធ្វើ​កន្ទុយ​មក​ខាង​មុខ​ទៅ​វិញ…?!!

ល្ងាច​ទៅ​ហើយ ពួក​យើង​ក៏​នាំ​គ្នា​ទៅ​ផ្ទះ​សំណាក់​ឡាក់គី។

ស៊ា ទិនហ្វី ឌី​ ម៉ូរា ហ៊ាង សម្បត្តិ សំណាង

ម៉ោង​ប្រមាណ​៨​យប់ ពួក​យើង​ទៅ​ហូប​បាយឆា​សាច់គោ​អាំង រួច​នាំ​គ្នា​ទៅដើរ​លេង​តាម​ឆ្នេរ​ខ្សាច់​ទៀត។ អីយ៉ា… មាន​គេ​ដុត​កាំជ្រួច​ល្អ​មើល​ណាស់​ហ្ន៎…! ពេល​ដើរ​ទៅ​ដល់ ក្រុម​អ្នក​ដុត​នោះ ប្រឡែង​គ្នា​ក៏​ប៉ះ​ពួក​ខ្ញុំ រួច​ពួក​ខ្ញុំ​ក៏​វៀង​ចេញ​មក​ខាង​ក្រោយ ស្រាប់​តែ… “អូ៎ លោកគ្រូទេ!”… ជួប​ទិនហ្វី​ទៀត។ តាម​ពិត​ក្រុម​ដុត​កាំជ្រួច​នេះ ជា​សិស្ស​រួម​សាលា​សោះ។

សំណេះ​សំណាល​ជាមួយ​ទិនហ្វី​បន្តិច ពួក​យើង​ក៏​ដើរ​ឡើង​មក​ផ្លូវ​ធំវិ​ញ។ ខ្ញុំ​ដើរ​ពី​ក្រោយ​គេ ព្រោះ​ជាប់​រវល់​និយាយ​ទូរស័ព្ទ​ជាមួយ​ហាន់នី។ នៅ​កន្លែង​មួយ មាន​ស្រី​បី​នាក់​ ដើរ​បញ្រ្ចាស់​ទិស​គ្នា​ពី​ពួក​យើង។ នារី​ម្នាក់​បាន​យក​ដៃ​មក​កេះ​ស្មា​ខ្ញុំ។ ខ្ញុំ​ងាក​ញញឹម​ដាក់ ស្រាប់​តែ​គេ​ធ្វើ​ហាក់​អៀន រួច​រត់​ទៅ​ពួក​ម៉ាក​​គេ​ពីរ​នាក់​ទៀត។ “អេ នែ៎! អម្បាញ់​ម៉ិញ​មា​នគ្នា​យើង​ណា​ម្នាក់​ត្រូវ​ស្រី​ស្អាត​កេះ​ទេ?” ខ្ញុំ​សួរ​អ្នក​ទាំង​បួន។ ពួក​គេ​ឆ្លើយ​ថា​អត់​ទាំង​អស់​គ្នា។ “នែ៎ មាន​ម្នាក់​ក្នុង​ហ្នឹង​ កេះ​ឯង​ណា៎…!” ខ្ញុំ​អួត​ពួក​គេ។ “អូ៎ បី​នាក់​ហ្នឹង​ខ្ទើយ​ត្ហើ! យី…” សំណាង​ឆ្លើយ។ “អុញ?! ចឹងទេ…?!”

ឡើង​មក​ដល់​ផ្លូវ ពួក​យើង​ដើរ​បន្ត​រហូត​ដល់​តោពីរ។ នៅ​ទីនេះ​យើង​ហូប​បង្អែម​ម្នាក់​មួយ​ចាន រួច​ទៅ​ថតរូប​ជាមួយ​តោ។ ​នៅ​ខាង​ស្តាំតោ លើ​រង្វង់មូល​នេះ មាន​មនុស្ស​មួយ​ក្រុម មាន​ស្រី​មាន​ប្រុស ក្មេង​ចាស់ អង្គុយ​លេង ហាក់​មាន​ភាព​រីករាយ។ ចំឡែកអី នៅ​ខាង​ឆ្វេង​តោ​វិញ មាន​មនុស្ស​ប្រុស​បួន​ប្រាំ​នាក់ កំពុង​អង្គុយ​ផឹក​ស្រា​យ៉ាង​ព្រងើយ​ទៅ​វិញ។ ថត​រួប​រួច ពួកយើងដើរត្រឡប់​មក​ផ្ទះ​សំណាក់​វិញ។ ងូត​ទឹក​ហើយ ក៏​ដេក​អស់។

ថតរូប​ជាមួយ​តោ។ (ចូរ​សង្កេត​មើល​ចង្កូម​របស់​តោ, អ្នក​ឃើញ​ពន្លឺ​នៅ​ក្នុង​នោះ​ទេ? តាម​ពិត​ជា​ពន្លឺ​ផ្លាត​ពី​ហ្វ្លាស់​របស់​ម៉ាស៊ីន​ថតរូប​ មិន​មែន​ពន្លឺ​មាន​ស្រាប់ទេ។

ពួក​យើង​នាំ​គ្នា​ងើប​ម៉ោង​៥​ព្រឹក ចាំ​មើល​ថ្ងៃរះ។ ប៉ុន្តែ​សេចក្តី​ប្រាថ្នានោះ ​មិន​បាន​សម​តាម​បំណង​ទេ ព្រោះ​ពពក​បាំង​ថ្ងៃ​ជិត​អស់ មើល​ព្រះអាទិត្យ​មិន​ឃើញ​សោះ។ ពូក​យើង​ក៏​នាំ​គ្នា​ត្រឡប់​មក​វិញ ដើម្បី​រក​ស្រស់​ស្រូប​អាហារ​ពេល​ព្រឹក។

កូន​ឆ្កែ​គួរ​ឲ្យ​ស្រឡាញ់​នេះ សុំ​តាម​ទៅ​មើល​ថ្ងៃ​រះ​ដែរ តែ​ខ្ញុំ​មិន​ព្រម ខ្លាច​វា​បាត់។

ដើរ​លេងៗ​ ម៉ូតូ​ឌុប​មួយ​ក៏​មក​ដល់។ “ប្អូន​រក​ម៉ូតូ​មែន​ទេ?” “អត់​ទេ​ពូ! ពូ​ជួយ​ហៅ​តុកតុក​មួយ​នៅ​ខាង​មុខ​ឲ្យ​ពួក​យើង​មួយ​ផង?” សំណាង​ស្នើ​សុំ​ពូ​ម៉ូតូ។ តុកតុក​ក៏​មក​ដល់ ខណៈ​ដែល​ភ្លៀង​កំពុង​ចាប់​ផ្តើម​ធ្លាក់។ “តោះ​ចូល​ជ្រក​ភ្លៀង​សិន​ទៅ!” និយាយ​រួច ខ្ញុំ​រត់​ឡើង​តុកតុក​មុនគេ ក្នុង​ពេល​ដែល​សុភ័ក្រ្ត​កំពុង​តែ​ចរចារ​ជាមួយ​ពូ​ម៉ូតូ​មិន​ទាន់​ត្រូវ​គ្នា​នៅ​ឡើយ។ ពូ​ម្ចាស់​ម៉ូតូ​មិន​និយាយ​អ្វី​ទេ។ គាត់​ដើរ​មក​ទម្លាក់​របាំង​ប្លាស្ទិក​ឲ្យ​ពួក​យើង រួច​ក៏​ចេញ​ដំណើរ​ដោយ​មិន​និយាយ​ស្តី។ ពួក​យើង​មាន​ការ​បារម្មណ៍​ ខ្លាច​គាត់​មិន​សប្បាយ​ចិត្ត។ ម៉ូតូ​ប្រឹង​រោរ៍​ឡើង​ទួល… “ចុម តិច​​ប្លុង​ពួក​យើង​ចោល​ទៅ?” ពួក​យើង​ខ្សឹប​គ្នា និង​និយាយ​លេង​សើច ដើម្បី​បន្លប់​ការ​ភ័យ។

នៅធ្វើឡូយទៀត មិនដឹងគេឌុបទៅទម្លាក់នៅទីណាផង…

មាន​ឯណា មក​ពី​គាត់​មិន​ចេះ​និយាយ​ច្រើន​ទេ​តើ។ គាត់​ថែម​ទាំង​ប្រាប់​យើង​ពី​កន្លែង​ដែល​អាច​រក​អី​ហូប​បាន​ទៀត​ផង គឺ​ស្ថានីយ៍​ប្រេង​តូតាល់។ នៅជាប់ខាងឆ្វេងតូតាល់ម៉ាត មាន​លក់​អាហារ​ពេល​ព្រឹក។ ពួក​យើង​ត្រូវ​រង់​ចាំ​ចុង​ភៅ​មក ដោយ​សារ​ពេល​នេះ​ព្រលឹម​ពេក។ នៅ​តុ​ខាង​មុខ​មាន​បុរស​បី​នាក់​កំពុង​និយាយ​គ្នា។ ម្នាក់​នោះ​អត់​និយាយ​អ្វី​ទាំងអស់ គិត​តែ​ដេក​ទ្រោប​ទៅ​លើ​តុ។ ម្នាក់​ទៀត​ជា​អ្នក​ចាំ​ស្តាប់។ ឯ​អ្នក​ដែល​និយាយ​ច្រើន​ជាង​គេ​នោះ ទំនង​ជា​ស្រវឹង។ បុរស​ទាំង​បី​នាក់​ជា​ជនជាតិ​ខ្មែរ​ទាំង​អស់ ប៉ុន្តែ​គាត់​និយាយ​ភាសា​អង់គ្លេស។

“…អាយ​ឡាវ​ស៊ី” បុរស​នោះ​រៀបរាប់។ “អូ៎ គាត់​នេះ​ស្រឡាញ់​សមុទ្រ អ៊ីចឹង​បាន​ជា​មក​លេង​កំពង់សោម ដូច​ពួក​យើង​ដែរ” ខ្ញុំ​គិត​ក្នុង​ចិត្ត។ គាត់​ក៏​រៀបរាប់​បន្ថែម ហាក់​បង្កប់​ដោយ​ក្តី​ឈឺ​ចាប់ “វ៉ាយ​ស៊ី​មែរី…?”។ “ចុម! អ្នក​ខូច​ចិត្ត​ស្នេហា​សោះ…!”។

ចាំ​យូរ​ពេក​ ពួក​យើង​ក៏​ដើរ​រក​កន្លែង​ផ្សេង​ទៀត។ រក​កន្លែង​ឃើញ និង​ហូប​រួច​ហើយ ពួក​យើង​ក៏​ដើរ​ទៅ​ទិញ​សំបុត្រ​រថយន្ត​សម្រាប់ជើងទី២ដែលចេញដំណើរនៅម៉ោង១.៣០នាទី ឲ្យ​ហើយ រួច​ក៏​រក​តុកតុក​ត្រឡប់​ទៅ​ផ្ទះ​សំណាក់​វិញ ។ ម៉ូតូ​លើក​នេះ​ទារ​ឈ្នួល​ថោក​ជាង​ម៉ូតូ​មុន ទាំង​មិន​ទាន់​ចរចារ​តម្លៃ​ផង។

ម៉ោង​១១.៣០​នាទី យើង​ក៏​ចាក​ចេញ​ពី​ផ្ទះ​សំណាក់។ យើង​ចូល​ផ្សារ ​ទិញ​ក្តាម​ឲ្យ​ហើយ មុន​នឹង​ទៅ​រក​ហូប​បាយ​ថ្ងៃត្រង់។ បាន​ក្តាម​ហើយ ត្រូវ​ទិញ​ទឹកកក​ក្លាសេ។ ពូ​លក់​ទឹក​កក ពិត​ជា​ប្រ៉ូហ្វេសិនណាល់​មែន។ គ្រាន់​តែ​បង្ហាញ​ក្តាម​គាត់​ភ្លាម គាត់​ក៏​ចាប់​ទឹកកក​មួយ​ដុំ មក​ដាក់​ក្នុង​បាវ រួច​វាយ​ភូសៗ ចាក់​ដាក់​ក្នុង​ធុង​ស្នោរ​រួច​ស្រេច មិន​ដល់​១នាទី​ស្រួលបួល​ផង។ ក្តាម​ត្រូវ​បាន​បែង​ចែក​ជា​ពីរ​ថង់ រួច​ត្រូវ​បាន​ក្លាសេ។ ស៊ា​បាន​ជួយ​ដើរ​រក​ទិញ​ជ័រ​ស្អិត ដើម្បី​យក​មក​បិទ​ឲ្យ​ជិត​ល្អ មិន​កំពប់​ពេល​ដាក់​ក្នុង​ឡាន។ ខ្ញុំ​ដើរ​ឱប​ធុង​ស្នោរ​ដាក់​ក្តាម​នេះ​រហូត ធ្ងន់​សឹង​អី។

មើលស្អីហ្នឹង អត់ទិញផង?

ចេញ​ពី​ផ្សារ ប្រមាណ​៥០​ម៉ែត្រ មាន​ភោជនីយដ្ឋាន​មួយ។ គ្រប់​គ្នា​ចង់​ហូប​បាយ​ឆា, អ្នក​ខ្លះ​យក​គ្រឿង​សមុទ្រ អ្នក​ខ្លះ​យក​សាច់​គោ។ ម៉ែ! បាយ​ឆា​ចាន​តូច តម្លៃ​១៥០០០រៀល! គិត​ថា​ពួក​ខ្ញុំ​មក​ជា​លើក​ចុង​ក្រោយ​មែន​ទេ? ខ្ញុំ​ចង់​យក​ចាន​ធំ គិត​ខ្លាច​ក្រែង​ឃ្លាន​នៅ​លើ​ឡាន។ ប៉ុន្តែ​ក៏​សម្រេច​យក​ចាន​តូច​ទាំង​អស់​គ្នា។ ពេល​បាយ​ចេញ​មក ទើប​ដឹង​ថា​ច្រើន ដល់​ថ្នាក់​សំណាង​ហូប​មិន​អស់។

“គិតលុយ ហើយ​យក​ផ្លែឈើ​មក​ផង!” សុភ័ក្ត្រ​ប្រាប់​ក្មេង​ស្រី​រត់​តុ​ម្នាក់​ដោយ​សំឡេង​កាច​ពីធម្មជាតិ​របស់​គាត់។ ក្មេង​នោះចូល​ក្នុង​មួយ​សន្ទុះ ក៏​យក​មក​មែន តែ​អ្នក​វិភាគ​យល់​ថា​ផ្លែឈើ​នេះ​យក​មក​ពី​ជំនាង​ផ្ទះ​ទេ ព្រោះ​ប្រហែល​ជា​ហាង​នេះ​គ្មាន​ផូលីស៊ី​ថែម​ផ្លែ​ឈើ​ឥត​គិត​ថ្លៃ​នោះ​ទេ ប៉ុន្តែ​មក​ពី​ក្មេង​នេះ​ខ្លាច​សុភ័ក្ត្រ​ប៉ុណ្ណោះ។

ចាំជើងរថយន្ត…

ហូប​បាយ​រួច ពួក​យើង​ក៏​មក​ចាំ​រថយន្ត​នៅ​ចំណត។ លើក​នេះ​អត់​មាន​កុន​មើល​ទៀត​ទេ។ ​តាមផ្លូវ​មានភ្លៀងយ៉ាងធំ។ ពួក​យើង​ក៏​ត្រឡប់​មក​ដល់​ភ្នំពេញ​វិញ​ដោយ​សុវត្ថិភាព នៅ​ម៉ោង​ប្រហែល​៦​ល្ងាច។ ស្អែក​ឡើង​ព័ត៌មាន​ផ្សាយ​ថា ទឹក​ជន់​លេច​ផ្លូវ​ជាតិ​លេខ​៤​អស់។ នេះ​ពិត​ជា​អ្នក​មាន​បុណ្យ​មែន…! ;-)

h1

ជេរពួកវា ក៏មិនបានស្អី

July 30, 2009

ម្សិលម្ង៉ៃ​ខ្ញុំ​បាន​ទទួល​សារ​ទូរស័ព្ទ​មួយ​ដែល​គេ​បញ្ជូនតៗ​គ្នា​មក។ វា​មាន​អត្ថន័យ​ថា “THAI = Thief, Hell, Abuse, and Idiot” ។ គេ​បន្ត​ទៀត​ថា សូម​ផ្ញើ​បន្ត​ទៅ​មិត្ត​ភក្តិ បើ​មិន​ផ្ញើ​ទេ គឺមិន​មែន​ខ្មែរ​ទេ។ ហ៊ី…??!

អូ៎ ចុះ​ខ្ញុំ​នឹង​មិន​ស្អប់​ពួក​វា​ទេ​ហ្ហី? ចុះ​បើ​ខ្ញុំ​មិន​ផ្ញើ ក៏​មិន​មែន​ខ្មែរ​ដែរ? ស្អី​វិញ​ទៅ​អ៊ីចឹង? អ៊ីចឹង​បើ​ចង់​ធ្វើ​ជា​ខ្មែរ ត្រូវ​តែ​ជេរ​ពួក​វា​មែន​ទេ? រួច​ចុះ​ជេរ​វា​ហើយ ធ្វើ​ម៉េច​ទៀត?

ខ្ញុំ​ក៏​សរសេរ​ឆ្លើយ​តប​ទៅ​គេ​វិញ “Cursing  Thai people will not help anything. If we want to win over Siam, we need to have a better and stronger Cambodia. And it can be better and stronger only if everyone of us has capacity, not just the leaders, and not by cursing other nations.”

និយាយ​ដល់​រឿង​ហ្នឹង​ ខ្ញុំ​ក៏​នឹក​ដល់​រឿង​ដែល​ទាក់ទង​គ្នា​មួយ ដែល​នឹក​ទៅ​គួរ​ឲ្យ​អស់​សង្ឃឹម​នឹង​អនាគត​របស់​ប្រទេស​ជាតិ​ជាខ្លាំង។

ពីរ​បី​ខែ​មុន មិត្ត​រួមថ្នាក់​ខ្ញុំ​ម្នាក់​ទើប​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​អាមេរិក។ គេ​ប្រាប់​ថា គេ​បាន​ព្យាយាម​អស់​បី​ឆ្នាំ​ហើយ ទម្រាំ​បាន​ជាប់។ ឆ្នាំ​ណា​ក៏​ដូច​ឆ្នាំណា សាលា​គេ​តែងតែ​ប្រាប់ថា អស់​លុយ​ជំនួយ(fund)ហើយ មិន​អាច​ផ្តល់​អាហារូបករណ៍​ឲ្យ​គាត់​បាន​ទេ។ ប៉ុន្តែ​នៅ​ឆ្នាំ​ចុង​ក្រោយ​នេះ គាត់​បាន​ព្យាយាម​ស្វែង​រក​ការ​ពិត។ គាត់​បាន​រក​ឃើញ​ថា នៅ​ប្រទេស​ជិត​ខាង មាន​សិស្ស​ជាប់​ជា​ច្រើន ចំឡែក​អី​ក៏​ខ្មែរ​ជាប់​តិច​ម្ល៉េះ។

គាត់​បាន​យក​​ចំណុច​នេះ​ទៅ​សួរ​សាលា​នោះ​វិញ។ ចុង​ក្រោយ​ទើប​សាលា​គេ​ប្រាប់​ថា មក​ពី​សិស្ស​ខ្មែរ​ទៅ​ហើយ ភាគ​ច្រើន​មិន​មក​ប្រទេស​វិញ។ មិត្តភក្តិ​ខ្ញុំ​រៀប​រាប់​ទៀត​ថា មាន​និស្សិត​ខ្លះ រៀន​ជិត​ចប់​ហើយ ក៏​រត់​ចោល​សាលា សុខ​ចិត្ត​រស់​នៅ​ខុស​ច្បាប់​នៅ​ប្រទេស​គេ ក៏​ល្អ​ជាង​មក​រស់​នៅ​ខ្មែរ​ដែរ។ និស្សិត​ខ្លះ​ជា​ស្រី ពេល​មាន​ស្នេហា​ជាមួយ​ជនជាតិ​គេ ក៏​ការ​នៅ​ស្រុក​គេ លែង​ត្រឡប់​មក​ខ្មែរ​វិញ​តែម្តង។ ខ្ញុំ​នឹក​អស់​សង្ឃឹម​ក្នុង​ចិត្ត “ហ៊ឹម សូម្បី​តែ​ធនធាន​មនុស្ស​ដែល​មាន​សក្តា​នុពល ក៏​នាំ​គ្នា​រត់ចោល​ស្រុក​អស់​ទៅ​ហើយ អ៊ីចឹង​ឲ្យ​ប្រទេស​រីក​ចម្រើន​តាម​របៀប​ណា​ទៅ? ពឹង​តែ​អ្នក​ដឹកនាំ​បាន​ដែរ?”។

h1

មិន​បាច់​ពឹង​បណ្ឌិត ក៏​លេង​ហ្គីតា​បាន​ដែរ

July 9, 2009

សម្រាប់​អ្នក​ចេះ​លេង​ហ្គីតា​ស្ទាត់​ជំនាញ ដូចជា បណ្ឌិត ជាដើម ប្រហែល​ជា​មិន​ត្រូវការ​ជំនួយ​អ្វីទេ ពួក​គាត់​គ្រាន់​តែ​ស្តាប់​បទ​ចម្រៀង​ណា​មួយ ក៏​អាច​លេង​តាម​បាន​បាត់​ទៅ​ហើយ។ ប៉ុន្តែ​សម្រាប់​អ្នក​ទើប​រៀន​លេង​ថ្មី​ថ្មោង មិន​ថា​រៀន​នៅ​សាលា ឬ​រៀន​លេង​ដោយ​ខ្លួន​ឯង​ទេ អ្នក​ពិត​ជា​អាច​លេង​ហ្គីតា​ដោយ​ខ្លួន​ឯង​បាន ដរាប​ណា​អ្នក ១.) ចេះ​មួល​តម្រូវ​ខ្សែ​ហ្គីតា ឲ្យ​ត្រូវ​តាម​សំឡេង​ដែល​ត្រឹមត្រូវ​ពិត​ប្រាកដ, ២.) មាន​អាគ័រ​ក្នុង​បទ​ចម្រៀង​ដែល​អ្នក​ចង់​លេង, និង ៣.) ចេះ​ស្តាប់​ចង្វាក់​ភ្លេង។

តើ​អ្នក​ធ្លាប់​យក​ហ្គីតា​មក​រៀន​លេង​តាម​សៀវភៅ ដោយ​បាន​សង្កត់​ម្រាម​ដៃ​យ៉ាង​ត្រឹមត្រូវ​តាម​អាគ័រ​នីមួយៗ ប៉ុន្តែ​វា​មិន​បញ្ចេញ​សំឡេង​ដូច​បទ​ដែល​កំពុង​លេង​ទេ? បើមែន សូម​កុំ​អស់​សង្ឃឹម​អី នេះ​មិន​មែន​ជា​កំហុស​របស់​អ្នក​ទេ តែ​ជា​កំហុស​របស់​ហ្គីតា។ ដូច្នេះ​ជំហ៊ាន​ដំបូង​ក្នុង​ការ​លេង​ហ្គីតា គឺ​ត្រូវ​មួល​តម្រូវ​ខ្សែ​វា​ឲ្យ​ត្រូវ​តាម​សំឡេង​ពិត​ប្រាកដ​របស់​វា​សិន។ អ្នក​ប្រហែល​ជា​សួរ​ខ្លួន​ឯង​ថា “ចុះ​ខ្ញុំ​ទើប​តែ​រៀន​លេង​ហ្នឹង មាន​សមត្ថភាព​ឯណា​ទៅ​ស្តាប់​ដឹង​ថា​សំឡេង​វា​ខុស​ឬ​ត្រូវ? មាន​តែ​យក​ទៅ​ឲ្យ លោកគ្រូ សុខគ្រវ៉ា ជួយ​មួល​តម្រូវ​ឲ្យ??”។ ខ្ញុំ​សូម​ប្រាប់​ថា អ្នក​សំណាង​ណាស់​ដែល​បាន​កើត​ក្នុង​សម័យ​បច្ចេកវិទ្យា​ទំនើប​មួយ​នេះ។

អ្នក​មិន​ចាំបាច់​ធ្វើ​ដំណើរ​វែងឆ្ងាយ ដឹក​ហ្គីតា​ច្រងេង​ច្រងាង យក​ទៅ​ពឹងពាក់​គ្រូ ឬ​មិត្តភក្តិ ឲ្យ​ជួយ​ទៀត​ទេ។ ខ្ញុំ​សូម​ណែនាំ​កម្មវិធី​សម្រាប់​មួល​តម្រូវ​សំឡេង​ហ្គីតា​មួយ ជូន​លោក​អ្នក។ កម្មវិធី​នេះ​មាន​ឈ្មោះ​ថា Digital Guitar Tuner។ វា​មាន​សមត្ថភាព​វិភាគ​សំឡេង​ហ្គីតា​របស់​យើង​បាន​យ៉ាង​ត្រឹមត្រូវ​ឥតខ្ចោះ។ វា​មាន​មុខងារ​ផ្ទៀងផ្ទាត់​សំឡេង​ហ្គីតា បាន​ច្រើន​បែប ច្រើន​ប្រភេទ ប៉ុន្តែ​យើង​មិន​ចាំបាច់​ទៅ​ស្មុគស្មាញ​ជាមួយ​វា​ច្រើន​ពេក​ទេ គ្រាន់​តែ​បើក​មក ក៏​ប្រើ​តាម​ការ​កំណត់​ដែល​មាន​ស្រាប់​តែ​ម្តង។

Digital Guitar Tuner

Digital Guitar Tuner

មាន​របៀប​ច្រើន​យ៉ាង​ក្នុង​ការ​ធ្វើ​ឲ្យ​កម្មវិធី​នេះ​អាច​ស្តាប់​សំឡេង​ហ្គីតា​របស់​យើង​បាន។ ចំពោះ​វិធី​ងាយ និង​ចំណាយ​លុយ​តិច គឺ​ប្រើ​ឧបករណ៍​ស្រូប​សំឡេង(Microphone)​ ដែល​មាន​ភ្ជាប់​ជាមួយ​កាស​ស្តាប់​ត្រចៀក។ យើង​ដោត​វា​ភ្ជាប់​ទៅ​កុំព្យូទ័រ តាម​រន្ធMic បន្ទាប់​មក ៖

  • ចុច​លេខ​ណា​មួយនៅលើក្តារឆ្នុច ពីលេខ ១ ដល់លេខ ៦ (លេខ៣ ក្នុងរូប)
  • កេះ​ខ្សែ​ណាមួយ តាម​លេខ​ដែល​បាន​ចុច ដោយ​មិន​បាច់​សង្កត់​ខ្សែ។ ដាក់​ឧបករណ៍​ស្រូប​សំឡេង​ឲ្យ​ចំ​ជិត​នឹង​រន្ធ​សំឡេង​របស់​ហ្គីតា។ ព្យាយាម​កុំ​ឲ្យ​មាន​សំឡេង​អ្វី​រំខាន ក្រៅ​ពី​សំឡេង​ហ្គីតា។
  • មើល​បន្ទាត់​ពណ៌​ផ្កាឈូក​(លេខ ១​ក្នុងរូប) វា​នឹង​វ័ធ​ទៅ​ឆ្វេង​ឬ​ស្តាំ
  • មួល​ខ្សែ​បន្ធូរ​ឬ​បន្តឹង រហូត​ទាល់​តែ​បន្ទាត់​ពណ៌​ផ្កាឈូក​វ័ធ​ទៅ​ត្រង់​ចំណុច​កណ្តាល​(លេខ ២ ក្នុងរូប)

បន្ទាប់​ពី​មូល​តម្រូវ​ខ្សែ​ទាំង​៦​បាន​ត្រឹម​ត្រូវ​ហើយ ហ្គីតា​របស់​អ្នក​នឹង​បញ្ចេញ​សំឡេង​តាម​អ្វី​ដែល​អ្នក​ចង់​ឮ។

ជំហ៊ាន​បន្ទាប់​គឺ​ត្រូវ​រក​អាគ័រ​ក្នុង​បទ​ចម្រៀង​ណា​មួយ។ ដូច​បណ្ឌិត​បាន​ចែក​រំលែក​បទពិសោធន៍​របស់​គាត់​អ៊ីចឹង គឺ​គាត់​ចំណាយ​ពេល​យ៉ាង​យូរ​ក្នុង​ការ​រាវរក​អាគ័រ​សម្រាប់​លេង​ក្នុង​បទ​នីមួយៗ។ អស់​បារម្ភ​ទៀត​ហើយ កម្មវិធី Easy Chords អាច​ប្រាប់​អ្នក​ពី​អាគ័រ​របស់​បទ​ចម្រៀង​បាន​យ៉ាង​ងាយ និង​យ៉ាង​ត្រឹមត្រូវ។ វា​គឺ​ជាកម្មវិធីរណបមួយ របស់​កម្មវិធី​ចាក់​ចម្រៀងWinamp។ វា​ដំណើរ​ការ​ជាមួយ​នឹងWinamp សម័យ​ទី​៣,៣ និង​៣,៥។ ពិសេស​ទៅ​ទៀត អ្នក​អាច​មើល​អាគ័រ​ក្នុង​បទ​ណាមួយ ខណៈ​ដែល Easy Chords កំពុង​ធ្វើ​ការ​ទាញ​យក​អាគ័រ​ក្នុង​បទ​ផ្សេង​ទៀត​បាន។ តើ​មាន​អ្នក​ជំនាញ​ភ្លេង​ម្នាក់​ណា ដែល​អាច​ប្រាប់​អ្នក​ពី​អាគ័រ​របស់​បទ​ចម្រៀង​បាន សូម្បី​តែ​មិន​ទាន់​បាន​ស្តាប់​បទ​នោះ​ផង? ;-)

Easy Chord

Easy Chord

ឥឡូវសំឡេង​ហ្គីតា ត្រូវ​ហើយ, អាគ័រ​ក៏​មាន​ដែរ, លេង​ពីរោះ​ឬ​មិន​ពីរោះ គឺ​នៅ​លើ​អ្នក​ហើយ។ ត្រង់​ចំណុច​នេះ យើង​ត្រូវ​ចេះ​គោះ​ចង្វាក់​តាម​បទ​ភ្លេង​នីមួយៗ។ មិន​ពិបាក​ទេ គ្រាន់​តែ​ចេះ​ច្រៀង​ខារ៉ាអូខេ ឲ្យ​ត្រូវ​តាម​ចង្វាក់​ភ្លេង គឺ​រាប់​ថា​ចេះ​គោះ​ចង្វាក់​ ហើយ។;-) សម្រាប់​អ្នក​ដែល​មិន​ដែល​ដឹង​ពី​មូលដ្ឋាន​នៃភ្លេង​សោះតែម្តង ឬ​ពិបាក​វាយ​តាម​ចង្វាក់​ភ្លេង នោះ​អ្នក​អាច​រៀន​វគ្គ​ហ្គីតា​ជា​មូលដ្ឋាន​ មួយ​វគ្គ​ក៏បាន។ លោកគ្រូ ងិន​សុខគ្រវ៉ា​គឺជា​អ្នក​បង្ហាត់​ភ្លេង​ដ៏​ល្បីល្បាញ​ម្នាក់។ ទី​តាំង​របស់​គាត់​គឺ​នៅ​ទល់​មុខ​សាលា​វត្តភ្នំ ក្បែរ​គល់​ស្ពាន​ជ្រោយ​ចង្វារ។ ជិះ​តែ​ម្តុំៗ​ហ្នឹង​ទៅ ឭក្ឌុងក្ឌាំងៗ គឺ​ផ្ទះ​គាត់​ហើយ។

សរុប​សេចក្តី​មក កម្មវិធី​២​នេះ ជួយ​ឲ្យ​អ្នក​អាច​លេង​ហ្គីតា​បាន​យ៉ាង​ត្រឹមត្រូវ។ ពិសេស​​ បំផុត គឺ​អ្នក​ចំណេញ​ពេលវេលា​យ៉ាង​ច្រើន​ក្នុង​ការ​មួល​តម្រូវ​ខ្សែ​ហ្គីតា និង​រាវរក​អាគ័រ​របស់​បទចម្រៀង។ សូម​ឲ្យ​បាន​សប្បាយ​នឹង​ការ​លេង​ហ្គីតា​របស់​អ្នក! :D

h1

សូមនារីៗស្តាប់ខ្ញុំបន្តិចម្ហើ

December 2, 2008

ត្រូវ​ហើយ នារី​មិន​មែន​ជា​បុរស ហើយ​បុរស​ក៏​មិន​មែន​ជា​នារី​ដែរ តើ​ឲ្យ​សត្វលោក​ទាំង​ពីរ​នេះ​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​បាន​គ្រប់​ជ្រុងជ្រោយ​យ៉ាង​ម៉េច​ទៅ? នៅ​ក្នុង​សង្គម ស្ត្រី​មួយ​ចំនួន​ច្រណែន​នឹង​ជីវិតជាបុរស ឯ​បុរស​មួយ​ចំនួន​ក៏​ច្រណែន​នឹងជីវិតជា​ស្ត្រី​ដែរ។ តែ​ខ្ញុំ​គិត​ថា​ស្ត្រី​និង​បុរស​គឺ​ជា​ការ​បំពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ទោះ​ជា​វា​នោះ​ជា​តួ​នាទី​ក្នុង​សង្គម​ ឬ​ក៏​ជា​ហេតុ​បណ្តាល​ពី​ធម្មជាតិ​ក៏​ដោយ។ តើ​ផែនដី​នេះ​នឹង​វិល​ទេ បើ​បុរស​និង​ស្ត្រី​មិន​បង្កើត​ជា​គ្រួសារ? ខ្ញុំ​យល់​ថា​នឹង​គ្មាន​មនុស្ស​ធ្វើការ​ទេ ហើយ​នឹង​គ្មាន​ការ​រីក​ចម្រើនអ្វីដែរ អ៊ីចឹង​តើ​ផែនដី​វិល​បាន​ការ​អី? ដូច្នេះ​ហើយ​បាន​ជា​គេ​ថា គឺ​ស្នេហា​ហ្នឹង​ហើយ ដែល​ធ្វើ​ឲ្យ​ផែនដី​វិល​នោះ។

ច្រើន​ឆ្នាំ​មក​ហើយ តាំង​ពី​យល់ តាំង​ពី​ស្គាល់​សេចក្តី​ស្នេហា​មក ខ្ញុំ​តែង​មាន​សេចក្តី​ប៉ង​ប្រាថ្នា​ឲ្យ​មនុស្ស​លោក​គ្រប់​គ្នា​មាន​ការ​ស្រឡាញ់​គ្នា បារម្ភណ៍​ពី​គ្នា យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា ទៅ​វិញ​ទៅ​មក​ឲ្យ​បាន​ល្អ ហើយ​ថែ​រក្សា​សេចក្តី​ស្នេហា​នោះ​ឲ្យ​បាន​ផ្អែម​ល្ហែម​រហូត កុំ​ឲ្យ​មាន​ភាព​ប្រែ​ប្រួល។ ទោះ​ជា​មិន​មាន​ច្រើន​ក៏​ដោយ ក៏​យើង​បាន​ឃើញ​រួច​មក​ហើយ ថា​គូ​ស្នេហ៍​យាយតា​មួយ​ចំនួន​បាន​ធ្វើ​ឲ្យ​ក្មេងៗ​ជា​ច្រើន​នាក់​ ខ្មាស់​គាត់​រួច​មក​ហើយ។

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ភាគី​បុរស​ត្រូវ​បាន​គេ​និយាយ​ថា​មិន​បាន​ឲ្យ​តម្លៃ​គ្រប់​គ្រាន់​ទៅ​លើ​មនោ​សញ្ចេតនា​ស្នេហា​នោះ​ទេ ជា​ពិសេស​គឺ​នៅ​ពេល​ដែល​បាន​ខ្លួន​ប្រាណ ឬ​រៀប​ការ​ហើយ។ មាន​នារី​ខ្លះ​ខឹង​ពេក​រហូត​និយាយ​ចេញ​ក្តែងៗ​ថា “ពួក​អា​ប្រុសៗ​សុទ្ធ​តែ​ដូច​គ្នា!”។ យើង​សាក​គិត​ម្តង​ទៀត​មើហ៍​ តើ​ពាក្យ​នេះ​វា​យុត្តិធម៌​ដែរ​ទេ ចំពោះ​លោក​សង្ឃ​ដែល​បួស​តាំង​ពី​ក្មេង,​ចំពោះ​បុរស​ដែល​គ្នា​មិន​ទាន់​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​នារី​ម្នាក់​ណា​ផង​នោះ, ចំពោះ​បុរស​ដែល​មាន​ចិត្ត​ស្មោះ​នឹង​សង្សារ​, ស្មោះ​នឹង​ប្រពន្ធ​និង​គ្រួសារ? តើ​មិន​យល់​ថា និយាយ​ពាក្យ​នេះ​កាន់​តែ​ខ្លាំង គេ​គិត​ថា​អ្នក​នាង​មាន​ការ​ខូច​ចិត្ត​នឹង​ស្នេហា​កាន់​តែ​ខ្លាំង​ប៉ុណ្ណោះ​ដែរ​ទេ​ឬ?

រីឯ​នារី​ដែល​មិន​មាន​ការ​ខឹង​សម្បារ​នឹង​ប្រុសៗ​ដាច់​ក្បាល​ដាច់​កន្ទុយ​នោះ គឺ​គេ​គ្រាន់​តែ​និយាយ​ត្រឹម​ថា “បាន​តែ​មុន​ដំបូង​អ៊ីចឹង!”។ បាន​តែ​មុន​ដំបូង​យ៉ាង​ម៉េច​ទៅ? ខ្ញុំ​បាន​សួរ​បញ្ជាក់​ទៅ​មិត្ត​ភក្តិ​ស្រី​ខ្ញុំ​ម្នាក់ ក្នុង​ឱកាស​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់​ជាមួយ​គ្នា​បួន​ប្រាំ​នាក់​នា​ថ្ងៃ​មួយ។ នាង​រៀប​រាប់​ថា មាន​រឿង​មួយ​ជា​រឿង​ពិត គឺ​បុរស​ម្នាក់​នោះ​មុន​ពេល​រៀប​ការ​ជាមួយ​ប្រពន្ធ​គាត់ ៗ​យក​ចិត្ត​ទុក​ដាក់​នឹង​ប្រពន្ធ​ខ្លាំង​ណាស់។ ថ្ងៃ​មួយ​មាន​ភ្លៀង​យ៉ាង​ខ្លាំង រហូត​លេច​ផ្លូវ។ អ្នក​ដំណើរ​ជា​ច្រើន​ត្រូវ​បណ្តើរ​ម៉ូតូ ព្រោះ​តែ​ម៉ូតូ​ខូច។ ដូច​គ្នា​ដែរ ​បុរស​នោះ​បាន​ចុះ​បណ្តើរ​ម៉ូតូ ប៉ុន្តែ​អ្វី​ដែល​អស្ចារ្យ​ជាង​គេ គឺ​គាត់​ឲ្យ​នារី​នោះ​នៅ​អង្គុយ​លើ​ម៉ូតូ​រហូត។ ប៉ុន្មាន​ឆ្នាំ​កន្លង​ផុត​ទៅ ប្តីប្រពន្ធ​ទាំង​ពីរ​នាក់​នោះ​បាន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដដែល ប៉ុន្តែ​លើក​នេះ​គឺ​ពួក​គេ​បាន​រៀបការ​ហើយ។ “យី! យាយ​ប៉ិក​នេះ ម៉េច​មិន​ចុះ​ដើរ?! ធ្ងន់​ចង់​ងាប់!”។

យើង​សាក​គិត​មើល កាល​ពី​គាត់​មិន​ទាន់​រៀប​ការ គឺ​គាត់​នៅ​មាន​កម្លាំង​ខ្លាំង អាច​បណ្តើរ​ម៉ូតូ ដោយ​ឲ្យ​ប្រពន្ធ​គាត់​អង្គុយ។ តែ​ឥឡូវ​គាត់​មាន​ប្រពន្ធ​ហើយ កម្លាំង​គាត់​ក៏​មិន​ខ្លាំង​ក្លា​ដូច​មុន​ដែរ និយាយ​ឲ្យ​ស្រួល​ស្តាប់ គឺ​បាក់​កម្លាំង​ហ្នឹង​ណា៎។ ណា​មួយ​ទៀត គាត់​និយាយ​ឲ្យ​ប្រពន្ធ​គាត់​បែប​ហ្នឹង ព្រោះ​តែ​គាត់​គិត​ថា ប្តី​ប្រពន្ធ​មិន​អាច​បែក​គ្នា​ព្រោះ​តែ​រឿង​ប៉ុណ្ណឹង​ទេ តែ​សង្សារ​គឺ​អាច។ មាន​ន័យ​ថា កាល​ពី​មុន​គឺ​គាត់​នៅ​មាន​ការ​បារម្ភណ៍​ថា​នឹង​មិន​បាន​នារី​នោះ​ជា​គូ​គ្រង ទើប​គាត់​ធ្វើ​គ្រប់​យ៉ាង មិន​ឲ្យ​នារី​នោះ​អន់​ចិត្ត។ ប៉ុន្តែ​ពេល​នេះ គឺ​គាត់​ត្រូវ​គិត​ពី​គ្រួសារ ត្រូវ​ដឹកនាំ​គ្រួសារ ជា​កាតព្វកិច្ច​មួយ​ធំ​ណាស់ សម្រាប់​ជីវិត​ក្រោយ​រៀបការ​រួច ឲ្យ​គាត់​ធ្វើ​ដូច​មុន​ម៉េច​នឹង​បាន?

តើ​គាត់​លែង​ស្រលាញ់​ប្រពន្ធ​គាត់​ហើយ​មែន​ទេ? បើ​សិន​ជា​មាន​បុរស​ម្នាក់​ទៅ​លេប​ខាយ​ប្រពន្ធ​គាត់ តើ​គាត់​នឹង​នៅ​ស្ងៀម​ទេ? ទេ! ដូច្នេះ​សូម​នារីៗ​ទាំង​ឡាយ​ឈប់​ចោទ​បុរសៗ​ទៀត​ទៅ ហើយ​ត្រូវ​បើក​ចិត្ត​ឲ្យ​ទូលាយ​ថា ជីវិត​ជា​សង្សារ និង​ជីវិត​ជា​ប្តី​ប្រពន្ធ មិន​អាច​ឲ្យ​ដូច​គ្នា​ទាំងអស់​នោះ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ខ្ញុំ​មិន​មែន​ការពារ​បុរសៗ​គ្រប់​កាលៈ​ទេសៈ​នោះ​ទេ ដូចជា​(មាន​ប្រពន្ធ៖)ការ​ប្រើ​អំពើ​ហឹង្សា ដើរ​ចោល​ប្រពន្ធ ផឹក​ស្រា លេង​ល្បែង មាន​ស្រី​ឬ​ប្រពន្ធ​ចុង មិន​ធ្វើ​ជា​ប្រយោជន៍​ដល់​គ្រួសារ ហើយ​ថែម​ទាំង​បំផ្លាញ​គ្រួសារ និង(មានសង្សារ៖)​ ការ​លួច​មាន​សង្សារ​បន្ថែម ដើរលេងស៊ីផឹក​ វ៉ៃកាប់ចាក់បាញ់ ញៀន​ថ្នាំ លួចឆក់ប្លន់ ព្រហើន​កោង​កាច​អត់ខ្លាចអ្នកណា គ្មាន​សីលធម៌ គ្មានសាសនា​ មិនធ្វើការមិនសិក្សា ។ល។ និង​ ។ល។ ខ្ញុំ​ជឿ​ថា​អ្នក​ទាំង​អស់​គ្នា​ក៏​មិន​ឲ្យ​តម្លៃ​ទៅ​លើ​អំពើ​ទាំង​នេះ​ដែរ។

រឿង​ចុង​ក្រោយ​មួយ​ទៀត ដែល​នារី​មួយ​ចំនួន​មិន​គួរ​យល់​ច្រឡំ។ ថ្ងៃ​មួយ​ខ្ញុំ​ស្តាប់​កម្មវិធី​មួយ​ក្នុង​វិទ្យុ ស្រាប់​តែ​ឌីជេ​ស្ទាវ​មួយ​នោះ ប្រហែល​ជា​គាត់​និយាយ​ច្រើន​ពេក ញាប់​ពេក មិន​បាន​ប្រយ័ត្ន ឬ​គិត​មិន​ទាន់, បាន​ប្រលោយ​ពាក្យ​ថា “ប្រុសៗ​រៀបការ​ហើយ ចេះ​ដើរ​មាន​ស្រី​ខាង​ក្រៅ​បាន, អ៊ីចឹង​ស្រីៗ​ការ​ហើយ ក៏​អាច​ដើរ​រក​ប្រុស​ខាង​ក្រៅ​បាន​ដែរ! សិទ្ធិ​ស្មើ​គ្នា​ត្ហើ!” ។ ទស្សនៈ​នេះ បើ​តាម​ខ្ញុំ​យល់ គឺ​បាន​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ដល់​សង្គម​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​មាន​មនុស្ស​មិន​តិច​ទេ ដែល​ស្តាប់​អន្ទិត​នោះ, មាន​ន័យ​ថា​ការ​អះ​អាង​របស់​គាត់ បាន​ព្យាយាម​បណ្តុះ​ទុទ្ទិដ្ឋិនិយម​ទៅ​ក្នុង​គោល​គំនិត​របស់​នារី​ទាំងឡាយ ដែល​គំនិត​នេះ វា​ផ្ទុយ​ស្រឡះ​ពីៈ ១.) ប្រពៃណីខ្មែរ និង ២.) ច្បាប់​របស់​សង្គម ១៨០​ដឺក្រេ។

បុរាណ​​លោក​​ពោល​​ថា “ស៊ូ​ស្លាប់​បា កុំ​ឲ្យ​ស្លាប់​មេ” ។ សុភាសិត​នេះ​ស្តែង​យ៉ាង​ច្បាស់​ពី​តម្លៃ​នៃ​ស្រ្តី។ ទោះ​ជា​ក្នុង​សម័យ​នេះ​ហើយ​ក៏​ដោយ បុរស​នៅ​តែ​គិត​ថា ប្រពន្ធ​គឺ​ជា​តំណាង​នៃ​សេចក្តី​ស្មោះ​ត្រង់ តំណាង​ឲ្យ​គ្រួសារ​ទាំង​មូល ដូចជា​ការ​គ្រប់គ្រង​គ្រួសារ ការ​មើល​ថែ ចិញ្ចឹម អប់រំ​កូនចៅ ម្តាយ​ធ្វើ​បាន​ល្អ​ជាង និង​មាន​ភាព​ស្និទស្នាល​ជាង​អ្វី​ដែល​ឪពុក​អាច​ធ្វើ​បាន។ ក្នុង​ពេល​ជាមួយ​គ្នា នារី​​ថែម​​ទាំង​អាច​រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​ដូច​បុរស​ដែរ (រីឯ​បុរសមួយចំនួន​ ​ពេល​ផុត​ពី​ការងារ​ហើយ ឆ្លៀត​ដើរ​លេង​បន្តិច​ទៀត….)។ ដោយ​ភាព​ស្មោះត្រង់​នឹង​គ្រួសារ ធ្វើ​អ្វី​ក៏​ដើម្បី​តែ​គ្រួសារ​នេះ​ហើយ ទើប​បុរស​ឲ្យ​តម្លៃ​យ៉ាង​ខ្ពង់ខ្ពស់​ទៅ​លើ​ប្រពន្ធ​របស់​ខ្លួន គិត​ថា​ប្រពន្ធ​គឺ​ជា​ទ្រព្យសម្បតិ្ត​ដ៏​វិសេស​វិសាល។ ហើយ​កា​រដែល​ឲ្យ​តម្លៃ​ខ្ពស់​នេះ​ហើយ ទើប​ជា​មិន​អាច​ទទួល​បាន​ហ្នឹង នៅ​ពេល​ដែល​ដឹង​ថា​ប្រពន្ធ​លួច​មាន​ក្រៅ​នោះ។

បើ​ប្រពន្ធ​ចោទ​ប្តី​ថា​មាន​ស្រី​(អត់​ភស្តុតាង) ភាគ​ច្រើន​គឺ​អត់​បញ្ហា តែ​បើ​ប្តី​ចោទ​ប្រពន្ធ​(អត់​ភស្តុតាង​ដូច​គ្នា)ថា​មាន​ប្រុស នោះ​ប្រពន្ធ​ពិត​ជា​ខឹង​ដាច់​ក្បាល​ដាច់​កន្ទុយ​មិន​ខាន។ ប្រតិកម្ម​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រពន្ធ​មិន​អាច​ទទួល​ការ​មើល​ងាយ​ថា​មាន​ក្រៅ​បាន​ទេ។ វា​អយុត្តិធម៌​ចំពោះ​គាត់ នៅ​ពេល​ដែល​គាត់​ស្មោះ​ត្រង់ បែរ​ជា​ចោទ​គាត់​ថា​ក្បត់​ទៅ​វិញ។ ក្នុង​​ករណី​​នេះ ប្រពន្ធ​បាន​និង​កំពុង​តែ​ធ្វើ​យ៉ាងល្អ ស្មោះត្រង់​ជាមួយ​ប្តី និង​គ្រួសារ​ទៅ​ហើយ ហេតុអ្វី​ក៏​ឌីជេ​ស្ទាវ​នោះ​មក​បំផុស​គំនិត​ថា​មាន​សិទ្ធិ​ដូច​គ្នា គឺ​អាច​រក​ក្រៅ​ដូច​គ្នា​បាន ឲ្យ​ប្រពន្ធ​ចេះ​រក​ក្រៅ​ដែរ​ទៅ​​វិញ?  បើ​ប្តី​មាន​កំហុស​(ក្បត់ប្រពន្ធ)​ទៅ​ហើយ ម្តេច​ក៏​ចង់​ឲ្យ​ប្រពន្ធ​សាង​កំហុស​ដូច​គ្នា​ទៅ​វិញ? មិន​គួរ​ចង់​ឈ្នះ​តាម​របៀប​នេះ​ទេ… ចុះ​កូនៗ? កេរ្តិ៍​ឈ្មោះ​គ្រួសារ? បើ​ឳពុក​មាន​ស្រី​ក្រៅ ម្តាយ​មាន​ប្រុស​ក្រៅ តើ​អ្នក​ជិត​ខាង​គេ​មើល​មក​គ្រួសារ​នោះ​យ៉ាង​ម៉េច​ទៅ?

អ៊ីចឹង​សួរ​ថា​ខ្ញុំ​ហ្នឹង​គាំ​ទ្រ​ឲ្យ​ប្តី​មាន​ក្រៅ​ឬ? ទេ! ខ្ញុំ​ក៏​គាំទ្រ​ការ​មាន​សិទ្ធិ​ស្មើ​គ្នា​ដែរ ប៉ុន្តែ​មិន​មែន​ក្នុង​​របៀប​មួយ ដែល​ឲ្យ​ភាគី​ទាំង​សង​ខាង​ដើរ​រក​ក្រៅ​ទាំង​ពីរ​នោះ​ទេ! គំនិត​ខ្ញុំ​គឺ​ចង់​ទប់ស្កាត់ និង​ដាក់​ទណ្ឌកម្ម​លើ​ភាគី​ណាមួយ​ដែល​កំពុង​តែ​ធ្វើ​ខុស។ នេះ​ហើយ​ទើប​គេ​ហៅ​ថា “សិទ្ធិ​ស្មើគ្នា” នោះ! គឺ​មិន​បំពាន​សិទ្ធិ​អ្នក​ដទៃ មិន​បំពាន​លើ​ប្តី​ឬ​ប្រពន្ធ​របស់​ខ្លួន។ អ៊ីចឹង​សួរ​ថា​តើ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ទៅ ដើម្បី​ឲ្យ​អ្នក​ក្បត់​(ប្តី​ឬ​ប្រពន្ធ) ទទួល​កំហុស​បាន? មាន! គឺ​យើង​មាន​ច្បាប់​ស្ដី​ពី​ឯកពន្ធភាព​ សម្រាប់​ធ្វើ​ជា​មូលដ្ឋាន​បាន។

មាត្រា១ ក្នុង​ជំពូក​ទី១​(បទប្បញ្ញត្តិ​ទូទៅ)នៃ​ច្បាប់​ស្ដីពី​ឯកពន្ធភាព បានចែងថា ៖ “ច្បាប់​នេះ​មាន​គោល​បំណង​ការពារ​សេចក្ដី​ថ្លៃថ្នូរ និង​ពង្រឹង​សុខដុមរមនា សុភមង្គល​ក្នុង​គ្រួសារ និង​ការ​គោរព​សិទ្ធិ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ប្ដី​និង​ប្រពន្ធ….។”

មាត្រា៧ ក្នុង​ជំពូក​ទី២ (និយមន័យ ពិរុទ្ធភាព និង​នីតិវិធី) ៖ “ត្រូវ​ចាត់​ទុក​ថា​មាន​ពិរុទ្ធ​ក្នុង​បទផិត ចំពោះ​បុរស​ណា ដែល​មាន​ចំណង​អាពាហ៍​ពិពាហ៍​ពី​មុន​មិន​ទាន់​រលាយ ហើយ​ទៅ​រួមសេវនកិច្ច​ជាមួយ​ស្ត្រី​ផ្សេង​ទៀត ឬស្ត្រី​ណា ដែល​មាន​ចំណង​អាពាហ៍​ពិពាហ៍​ពី​មុន​មិន​ទាន់​រលាយ ហើយ​ទៅ​រួមសេវនកិច្ច​ជាមួយ​បុរស​ដទៃ​ទៀត។”

មាត្រា១០ ក្នុង​ជំពូក​ទី៣ (ទោសប្បញ្ញត្តិ)៖ “ជន​ណា​ប្រព្រឹត្ត​ល្មើស​នឹង​មាត្រា ៦ និង​មាត្រា ៧ នៃ​ច្បាប់​នេះ ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី ១ (មួយ) ខែ ដល់ ១ (មួយ) ឆ្នាំ និង​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់ពី ២០០.០០០ (ពីររយពាន់) រៀល ដល់ ១.០០០.០០០ (មួយលាន) រៀល ឬ ផ្ដន្ទាទោស​ណាមួយ​នៃ​ទោស​ទាំង​ពីរ។”

ទោះ​ជា​ការ​វិភាគ​ចំពោះ​រឿងនេះ មាន​ភាព​ចម្រូង​ចម្រាស​យ៉ាង​ណា​ក៏ដោយ ដោយសារ​មនុស្ស​មាន​មតិ​ខុសៗ​គ្នា ជា​ពិសេស​គឺ​សេចក្តី​លំអៀង​ទៅ​រក​ភេទ​នីមួយៗ, ក៏​ពលរដ្ឋ​កម្ពុជា​គ្រប់រូប​ត្រូវ​តែ​គោរព​តាម​ច្បាប់​របស់​ប្រទេស​កម្ពុជា​ដែរ គឺ​ច្បាប់​ឯកពន្ធភាព​នេះ​ឯង។

អត្ថបទ​នេះ​ផ្អែក​លើ​យោបល់​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ប៉ុណ្ណោះ ហេតុ​ដូច្នេះ​ហើយ វា​មិន​អាច​ស្រប​ទៅ​តាម​ទស្សនៈ​របស់​អ្នក​អាន​ទាំងអស់​គ្នា​បាន​ទេ។ ខ្ញុំ​ជឿថា​មាន​ខ្លះ​ក៏​ឯកភាព ខ្លះ​ក៏ជំ​ទាស់​ដែរ។ ទោះ​ជា​មាន​ការ​ខ្វែង​គំនិតគ្នា​យ៉ាង​ណា​ក៏ដោយ ក៏​ខ្ញុំ​ជឿ​ថា​ ទាំង​អស់​គ្នា​សុទ្ធ​តែ​ចង់​បាន ការ​ស្រឡាញ់​ ស្មោះត្រង់ យក​ចិត្ត​ទុក​ដាក់ រួម​រ័ក្ស​លុះក្ស័យ​អឺយ…៕៚

h1

តែ១០នាទីទេ?

November 14, 2008

water-festival

រូបនេះថតថ្ងៃបុណ្យអុំទូក

យប់​នោះ​ខ្ញុំ​មាន​កិត្តិយស​យ៉ាង​ខ្ពង់​ខ្ពស់​ដោយ​ត្រូវ​បាន​អញ្ជើញ​ដោយ ឌី ឲ្យ​ទៅ​សម្រាក​នៅ​ផ្ទះល្វែង​ដ៏​ថ្មី​ស្រឡាង​របស់​គាត់​ មួយ​យប់ នៅឯ​បុរីពិភពថ្មី។

អម​ដំណើរ​ដោយ​ឌី​ និងស៊ា ម៉ោង​ប្រមាណ​៩​យប់ ខ្ញុំ​មក​ដល់​ផ្លូវ​បត់​ចូល ដែល​មាន​ផ្ទាំង​ប៉ាណូ​មួយ​ផ្សាយ​ពី​បុរី​នេះ ដែល​ក្នុង​នោះ​ដែរ គេ​មាន​សរសេរ​អក្សរ​ថា “ជិះ​តែ​១០​នាទី​ប៉ុណ្ណោះ”….

ជិះ​បត់​ចូល​មិន​ទាន់​បាន​ប៉ុន្មាន​ផង ត្រូវ​បាន​ស្វាគមន៍​ដោយ​គ្រលុក​រាប់​រយ​រាប់​ពាន់ ដែល​មួយៗ​មាន​មាឌ​សឹង​កន្លះម៉ែត្រ… ធ្វើ​ឲ្យ​នឹក​ឃើញ​ដល់​រន្ធ​បាយខុំ​ដែល​ខ្ញុំ​ធ្លាប់​លេង​កាល​វ័យ​កុមារ ព្រម​ទាំង​យូរៗ​ម្តង​ឃើញ​មាន​រណ្តៅលូ​យ៉ាង​ធំ​ដែល​គ្រាន់​តែ​ឃើញ​ក៏​ព្រឺ​ សំបុរ ព្រោះ​បើ​អ្នកណា​ជិះ​មិន​ប្រយ័ត្ន ក្លាយ​ទៅ​ជា​ក្បាល​មឿង​សម្រាប់​រន្ធ​មួយ​នេះ គឺ​វេទនា​មិនខានទេ។

រវល់​តែ​គេច​គ្រលុក​មិន​សូវ​ជា​បាន​សម្លឹង​ទៅ​មុខ​ឆ្ងាយ ណាមួយ​ងងឹត​ទៀត​ក៏​មើល​មិន​ឃើញ ស្រាប់​តែ​ឃើញ​ទឹក​ឡើង​ល្ហល្ហាច ទើប​ដឹង​ខ្លួន​ថា​មក​ដល់​ភូមិ​ទាហាន​ជើង​ទឹក។ រឹតតែ​អស្ចារ្យ​ណាស់​ទៅ​ទៀត ការ​ដែល​ឆ្លង​កាត់​ទឹក​នេះ​ផុត​ដោយ​មិនទទឹកជើង(ទម្លាក់​ជើង​ជ្រែង​ទប់​លំនឹង ​ម៉ូតូ) ចាត់​ទុក​ថាពូ​កែ​ជិះ​ណាស់ ព្រោះ​មាន​ដុំ​ថ្ម​ធំៗ​ប្រហែល​ដុំ​ឥដ្ឋ​ខ្លះ​ក៏​ធំ​ជា​ង​ដុំ​ឥដ្ឋ​ទៅ​ទៀត ក្រាល​ពី​ក្រោម​​ផ្ទៃ​ទឹក​នោះ។

ទី​បំផុត​ក៏​មក​ដល់​ផ្ទះ​ឌី ដែល​ពេលវេលា​សរុប​មិន​តិច​ជាង​២០​នាទី​ទេ។ សម្រាក​មួយយប់ ព្រឹក​ឡើង​ឡើង​ទៅ​ខាង​លើ​មើល​ទេសភាព ក៏​បាន​ឃើញ​រូបភាព​ដ៏​គួរ​ឲ្យ​គយគន់​មួយនេះ​(បង្ហាញខាងលើ) មក​បង្ហាញ​ជូន​អ្នក​ទាំងអស់​គ្នា​នៅ​ទីនេះ​ទៅ។ មើល​ចុះ​ថ្ងៃ​អុំទូក ប្រជាពលរដ្ឋ​ភូមិនេះ​បែរ​ជា​ចែវក្បូន​ទៅ​វិញ… តែ​ទោះ​ជា​យ៉ាង​ណា​ក៏​គ្រាន់​បើ​ជាង​ភូមិ​ខ្ញុំ​កាល​ពី​ទសវត្សរ៍​៩០​ដែរ ដែល​កាល​នោះ​ខ្ញុំ​លុយ​តែ​ទឹក​ទេ គ្មាន​ក្បូន​ជិះ​អ៊ីចឹង​ផង…

ពេល​ជិះ​មក​វិញ​ទើប​ខ្ញុំដឹង​ថា ផ្សារ​ដី​ហុយ ដែល​ខ្ញុំ​ធ្លាប់​តែ​ឮ​តែ​មិន​ស្គាល់ ស្ថិត​នៅ​ម្តុំ​ហ្នឹង​សោះ។ ប៉ុន្តែ​មាន​ឃើញ​ដី​ហុយ​ឯណា បើ​ទឹក​លេច​ប្រៀប​ថ្នល់​ហើយ​ហ្នឹង… ស្រួល​ម្យ៉ាង​កុំ​ឲ្យ​ហុយ​ដី…

h1

ទេសចរណ៍កំពង់សោម ២០០៨

May 22, 2008

សំឡេង ​ទឹក​ភ្លៀក​ធ្លាក់​ឆាវៗ​​យ៉ាង​សន្ធប់ ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ដឹង​ខ្លួន។ ខ្ញុំ​ទាញ​ទូរស័ព្ទ​មើល ឃើញ​ម៉ោង​៣ ទើប​សំងំ​ទៅ​វិញ ដោយ​សង្ឃឹម​ថា​ព្រឹក​ឡើង​វា​នឹង​រាំង។ ម៉ោង ៦.៣០ ទូរស័ព្ទ​រោទិ៍​ដាស់ខ្ញុំឡើង ប្រញាប់​ទៅ​ចំណត​ឡាន​ក្រុង​អូរឬស្សី។ សូម​អរគុណ​ដល់​ឳពុក​របស់ខ្ញុំ​ដែល​បាន​ជួយ​ជូន​ខ្ញុំ​ទៅ​កន្លែង​។​ ខ្ញុំ​ចូល​យក​សំណាង​សិន រួច​ទើប​ទៅ​ទី​នោះ។ នៅ​តាម​ផ្លូវ នៅ​តែ​មាន​ភ្លៀង​ស្រិច​ៗ​រហូត ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ទើស​ទាល់​ក្នុង​ចិត្ត​ក្រៃលែង ហើយ​ខំ​ប្រឹង​បួងសួង​បារមី​ព្រះពុទ្ធ​ជា​ម្ចាស់ សូម​កុំ​ឲ្យ​ឳពុក​របស់​ខ្ញុំ​មាន​ផ្តាសាយ​ឲ្យ​សោះ ដោយ​សារ​តែ​ជូន​ខ្ញុំ​នេះ។

ទូរស័ព្ទ ​ទាំង​ពីរ​ប្រព័ន្ធ​សុទ្ធ​តែ​អស់​លុយ ប៉ុន្តែ​ដោយ​គោលការណ៍​ខំ​ប្រឹង​កាត់​បន្ថយ​ចំណាយ​ដែល​ចៀស​មិន​បាន ដោយសារ​តែ​ប្រេង​សាំង​ឡើង​ថ្លៃ​ហួស​និយាយ និង​ទំនិញ​ទីផ្សារ​ឡើង​ថ្លៃ​កប់​អាកាសា ទើប​ខ្ញុំ​សម្រេច​ចិត្ត​ថា​បញ្ចូល​កាត​ទូរស័ព្ទ​តែ​ប្រព័ន្ធ​០៩៨ បាន​ហើយ ព្រោះ​ម្ចាស់​ជីវិត​របស់​ខ្ញុំ ក៏​ប្រើ​០៩៨ ដែរ។ ខ្ញុំ​ប្រាប់​ឲ្យ​សំណាង​ទៅ​ចាំ​នៅ​ចំណត​មុន រួច​ខ្ញុំ​រត់​ប្រុយ​កាត់​ភ្លៀង ទាំង​សាក់​កាដូ​ស្ពាយ ភ្នែក​ឡេង​ឡង់​ៗ​ព្រាត​ពេញ​ផ្លូវ សំឡឹង​រក​ផ្ទះ​លក់​កាត ឡើង​គេ​មើល​ហាក់​ឆ្ងល់។

ការ ​ធ្វើ​ទស្សនាចរ​លើក​នេះ មើល​ទៅ​ហាក់​ដូច​ជា​កាលីប​ជាង​សព្វ​មួយ​ដង ព្រោះ​លើក​នេះ​ជិះ​រថយន្ត​មេគង្គ​អិចប្រេស។ តម្លៃ​សំបុត្រ​សម្រាប់​រថយន្តនេះ គឺ​ថ្លៃ​ជាង​រថយន្ត​កាពីតូល ២ដុល្លា ប៉ុន្តែ​បើ​គិត​ពី​សេវា​ គឺ​អាច​ទូទាត់​គ្នា​បាន។ មេគង្គ​អិចប្រេស​មាន​ឡាន​ថ្មី​ជាង មាន​នំ​និង​ទឹក​សុទ្ធ​មួយ​ដប ជា​ពិសេស​បំផុត​គឺ​មាន​បន្ទប់​ទឹក។ ក្រុមហ៊ុន​នេះ ក៏​ថែម​ទាំង​បាន​ដាក់​បុគ្គលិក​ឲ្យ​សម្រប​សម្រួល និង​រៀប​រាប់​​ពី​​ប្រវត្តិ​សំខាន់ៗ​របស់​ទីតាំង​ដែល​រថយន្ត​ឆ្លង​កាត់​ថែម​ ទៀត​ផង ហើយ​ការ​រៀបរាប់​នេះ​គឺ​និយាយ​ជាអង់គ្លេស​ផង​ដែរ ដែល​ជា​ផ្នែក​មួយ​បម្រើ​ដល់​សេចក្តី​ទុក​ចិត្ត​ដល់​ភ្ញៀវ​បរទេស​ដែល​ចូល​មក​ ទស្សនា​រមណីដ្ឋាន​ផ្សេងៗ​ក្នុង​ប្រទេស​យើង។

គេ ​ថា​បើ​មិន​ជឿ សូម​កុំ​មើល​ងាយ។ មក​ដល់​ជ្រោះ​ពេជ្រ​និល អ្នក​អត្ថាធិប្បាយ​របស់​យើង បាន​ចុះ​អុជ​ធូប​បន់​ស្រន់​ឲ្យ​មាន​សេចក្តីសុខ​ក្នុង​ការ​ធ្វើ​ដំណើរ​គ្រប់​ គ្នា មាន​ន័យ​ថា​យើង​មិន​ចាំ​បាច់​ចុះ​ពី​រថយន្ត​ទេ មាន​គេ​បន់​ឲ្យ​ហើយ។ មិន​យូរ​ប៉ុន្មាន​យើង​អាច​មើល​ឃើញ​សមុទ្រ​ពី​ចម្ងាយ​បាន។ ម៉ោង​ប្រហែល​ជិត ១២ យើង​បាន​មក​ដល់​ចំណត​រថយន្ត​ក្រុង​ដោយ​សុវត្ថិភាព។ អង្គុយ​ចាំ​ចំណត​រថយន្ត​បី​នាក់ សំណាង និងធឿន មួយ​សន្ទុះ​ស៊ា និង​ឌី ដែល​​លួច​មក​មុន​មួយ​ថ្ងៃ ខ្ចី​​ឡាន​ពិសី​​មក​ទទួល។

ម៉ែ! សូម​កុំ​ទាន់​អស់​សង្ឃឹម​នឹង​កូន​អី ខ្ញុំ​ប្តេជ្ញា​ថា​នឹង​រក​សង្សារ​ឲ្យ​បាន!

បី ​នាក់​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​ឃើញ​ពិសី​មក​ដែរ ពីរ​នាក់​ដែល​មក​មុន មិន​បាន​ប្រាប់​ឲ្យ​ដឹង​ទេ។ មិនថ្វី! មិន​ជា​រឿង​ធំ​ដុំ មិន​បាច់​ដេញដោល​ច្រើន រឿង​សំខាន់​គឺ​​មាន​​ពួក​ម៉ាក​នៅ​​កំពង់​សោម ចិត្ត​​​បាន​​​អស់​ស្ទះ! ជួយ​​​នាំ​​​ផ្លូវ​ហើយ ថែម​ទាំង​ជួយ​​​ផ្តល់​​​ជា​កម្ចី​​​រថយន្ត​មួយ​ទៀត កុំ​​​អី​​​មិន​​​ដឹង​​​វង្វេង​​​ផ្លូវ​​ធ្លាក់​​​ទៅ​​​ដល់​​​ណា​​​ទេ លោក​​ម្ចាស់​​អឺយ…។ ពួក​យើង​យក​ឥវ៉ាន់​មក​ទុក​នៅ​ម៉ូតែល​​អូរ៉េន​សិន រួច​រៀប​ចំ​ខ្លួន​ទៅ​លេង​ទឹក​សមុទ្រ។

ញ៉ាំ​ក្តាម​សិន មុន​នឹង​ចុះ​លេង​ទឹក

ញ៉ាំ ​អី​ហើយ ពិសី​យក​ឡាន​ទៅ​ផ្ទះ​សិន យក​ទាំង​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ទាំងអស់​ដាក់​ក្នុង​ឡាន​ទៅ​ដែរ ដោយ​សារ​មិន​មាន​អ្នកណា​ស្ម័គ្រ​ចិត្ត​នៅ​ចាំ​ឥវ៉ាន់… បើ​ទោះ​ជា​វាយ​ឲ្យ​ស្លាប់​ក៏​ខ្ញុំ​មិន​ព្រម​នៅ​យាម​កន្លែង​ដែរ ខំ​កាត់​ចិត្ត​ឃ្លាត​ឆ្ងាយ​ពី​ម្ចាស់​ជីវីត​ពី​ភ្នំពេញ មក​លេង​សមុទ្រ​ហើយ រឿង​អី​ត្រូវ​អង្គុយ​ម្នាក់​ឯង?

ចេញ ​មក​ដល់​ទឹក​ភ្លាម ឃើញ​គេ​លេង​បាល់ ក៏​ចង់​ជួល​បាល់​មួយ​លេង​នឹង​គេ​ដែរ តែ​មាន​តែ​៣០០០៛​ជាប់​ខ្លួន ទើប​អេះអុញៗ។ ទី​បំផុត​ក៏​ដាច់​ចិត្ត​សុំ​ជួល​គេ​មុន រួច​ថា​ពេល​ពួកម៉ាក​មក​វិញ​ទើប​ឲ្យ​លុយ ឯ​អ្នក​ជួល​ក៏​យល់ព្រម​ទាំង​ស្ទាក់ស្ទើរ។ គ្រាន់​តែ​បាន​បាល់​ភ្លាម ក៏​មាន​អ្នក​ស្នេហា​បាល់ទាត់​មួយ​ក្រុម​ទៀត​ចង់​សាក​ថ្វី​ជើង​ជាមួយ។

បើក ​ការ​ប្រកួត​ភ្លាម ឃើញ​ថា​ក្រុម​គេ​មាន​ការ​គ្រប់គ្រង​បាល់​បាន​យ៉ាង​ស្ទាត់​ជំនាញ ដោយ​បាន​ស៊ុត​មួយ​ជើង​តាំង​ពី​នាទី​ទី​មួយ តែ​ត្រូវ​បាន​សង្គ្រោះ​ដោយ ឌី (Van der Sar) អ្នក ​ចាំទី​ដ៏​ចំណាន​។ ឃើញ​យ៉ាង​ដូច្នោះ ក្រុម​នោះ​ក៏​លើក​ខសន្យា​ថា​បើ​ចាញ់​ត្រូវ​អាវ៉ង់។ គ្រាន់​តែ​ឮ​ដូច្នោះ កីឡាករ​សាច់​ដុំ​កញ្ចាញ់ចេក ធឿន សំដែង​ទឹក​មុខ​តក់ស្លុត​មួយ​រំពេច តែ​ខ្ញុំ​លើក​ទឹក​ចិត្ត​ថា​ ខ្ញុំ​នឹង​អាវ៉ង់​ជំនួស​​បើ​ចាញ់ ទើប​ធឿន​មាន​ទឹក​ចិត្ត​លេង​ទៀត។

បាល់ ​ត្រូវ​បាន​ប៉ាស់សេ​ពីឆ្វេងទៅស្តាំ ពីស្តាំមកឆ្វេងវិញ ឡើង​វង្វេង​ស៊ុង​ដូចស្វា ណា​មួយ​រត់​លើ​ខ្សាច់​ទៀត ធ្វើ​ឲ្យ​ហត់​ធ្លាក់​អណ្តាត ទាំង​អ្នក​សម្រុក ទាំង​អ្នក​ការពារ។ ក្រុម​នោះ​បាន​ចិត្ត​យ៉ាង​ខ្លាំង ដោយ​បាន​ក្រឡុក​ពេញ​តារាង ប៉ុន្តែ​គេ​មិន​ដឹង​ថា​គេ​កំពុង​លេង​ជាមួយ​ក្រុម​អ្នក​ការពារ​របស់​ មែនឆេស្ទ័រ​យូណាយធីត​ទេ។ នៅ​ចំណុច​មួយ បាល់​ត្រូវ​បាន​វាយ​បក​វិញ ដោយ​ខ្សែ​ប្រយុទ្ធ​ដែល​មិន​ចេះ​ខ្ជះខ្ជាយ​បាល់ឡើយ…. បាន​បាល់​នៅ​ជើង​ភ្លាម​ មាន​គេ​រត់​មក​ផ្តេក​ខ្លួន​ឈូស​យក​បាល់ ប៉ុន្តែ​ដោយ​ខ្ញុំ​មាន​ទេព្យកោសល្យ​លេង​បាល់​ពី​កំណើត បាន​គាប​បាល់​ហោះ​ឡើង​លើ​អាកាសា រួច​ត្រដាង​ស្លាប​ចុះ​មក​វិញ​ដោយ​យក​បាល់​មក​ជាមួយ​ដែរ បន្ទាប់​មក​ក៏​ត្រិះបាល់ឡើង​លើ​បន្តិច ហើយ​គ្រលាស់​​បង្វិល​​ខ្លួន​៣៥ ជុំ បង្កើត​បាន​ជា​កម្លាំង​ចលករ​មួយ​ប្រតិកម្ម​ឡើង​វិល​ខ្ញាល់ គួច​គ្រាប់​ខ្សាច់​ហោះ​ឡើង​មើល​ដូច​ខ្យល់​ព្យុះ​សង្ខរាកំពុង​ឆ្ពោះ​ទៅ​ ប្រហារ​អ្នក​ចាំទី។ ឃើញ​ដូច្នោះ អ្នក​ចាំទី​ក្រុម​នោះ​បាត់​អស់​ព្រលឹង​ព្រលះ​ពី​ខ្លួន យក​តែ​ដៃ​​ម្ខាង​ខ្ទប់​​ពង ម្ខាង​ខ្ទប់​​មុខ មាត់​ស្រែក​រក​ម៉ែ​ឲ្យ​ជួយ​កុំ​ឲ្យ​គេ​ទាត់​ត្រូវ។ ខ្សែ​ប្រយុទ្ធ​មហា​អស្ចារ្យ បានកាប់ ​ចាន​មួយ​ជើង​យ៉ាង​ស្អាត​អត់​ខ្ចោះ រួច​ទំលាយ​ទី​របស់​គូ​បដិបក្ខ​ដោយ​ជោគជ័យ… ឯ​បាល់​វិញ​មិន​ទាន់​អស់​ល្បឿន​នៅ​ឡើយ​ទេ ទោះ​ជា​បាន​ឆ្លង​កាត់​ទី​របស់​គូ​ប្រកួត​ហើយ​ក៏​ដោយ ដោយ​កម្លាំង​ជើង​ដ៏​មហិមា​ បាល់​នៅ​តែ​បន្ត​ហើ​រហូត​ដល់​ប៉ះ​នឹង​ផ្ទាំង​សិលា​ដែល​នៅ​ឆ្នេរ​អូរ​ឈើ​ទាល់ លាន់​ផូង ធ្វើ​ឲ្យ​អ្នក​ទេសចរ​មាន​ការ​ភ្ញាក់ផ្អើល​មិន​ហ៊ាន​ព្រិច​​ភ្នែក​​គ្រប់ៗ​ គ្នា។ កម្លាំង​ប៉ះ​ទង្គិច​របស់​បាល់​បាន​បំបែក​ផ្ទាំងថ្ម​ធ្លាក់​ជាដុំៗ​នៅ​លើ​ ខ្សាច់ ដែល​មើល​ទៅ​តំរៀប​ចេញ​ជា​អក្សរ “ភរ”។

ទោះ ​ជា​ក្រុម​ខ្ញុំ​រង​នូវ​ការ​គាប​សង្កត់​ក៏​ពិត​មែន តែ​ជា​លទ្ធផល គឺ​យើង​ឈ្នះ ២-១។ រត់​លែង​រួច​ហើយ មិន​កើត​ទេ​នៅ​លើ​ខ្សាច់​អ៊ីចឹង​ហ៎ រួច​ក៏​ចុះ​ទៅ​លេង​ទឹក​សមុទ្រ។ អេហេ មើលគេ ឃើញ​ក្មេងៗ​ស្រី​​សាច់​ខ្ចី​ញ៉េញ​លេង​ទឹក មិន​ព្រម​ទៅ​ណា​ឆ្ងាយ​សោះ នៅ​ក្រវែលៗ​ឯ​ហ្នឹង​ហើយ! “ម៉ោ ទៅ​លេង​នៅ​ខាង​នោះ​វិញ!” ពូរបស់​ក្មេង​ស្រី​ទាំង​នោះ ហៅ​ក្មួយ​គាត់​ទៅ​លេង​ឆ្ងាយ​ពី​ប៉ុន្មាន​គ្រឿង​នេះ ដោយ​និយាយ​ជាមួយ​ក្មួយ​ តែ​ភ្នែក​សំឡឹង​មក​ពួក​យើង​ហាក់​ចង់​និយាយ​ថា “ស្ទីល​ហ្នឹង​អញ​ប្រើ​យូរ​ហើយ​ហ្ហឺយ!…”។ មួយ​សន្ទុះ

- បងល្ងាចហើយ ខ្ញុំសុំបាល់វិញ

- អុញ ចាំ​បន្តិច​ទៀត​ទៅ ពួកម៉ាក​ខ្ញុំ​មិនទាន់​មក​ផង​នឹង យើង​មាន​លុយ​​ឯណា​​ឲ្យ មាន​​តែ​​៣០០០​​ហ្នឹង ធ្វើ​ម៉េច​ទៅ?

ម្ចាស់បាល់ព្រមទទួលទាំងមិនអស់ចិត្ត តែគ្មានជម្រើស។

បេះដូង ​ដ៏​ស្អាត​នេះ​កើត​ឡើង​ពី​ការ​រួម​គំនិត​រវាង​កម្លោះ​ពីរ​រូប គឺ ស៊ា និង មិត្ត ឌី ដែល​ពួក​គេ មិន​ទាន់​មាន​ម្ចាស់​បេះដូង​នៅ​ឡើយ។ វា​គឺ​ជា (បេះដូង​បរិសុទ្ធ​របស់​ពួក​គេ ដែល​កំពុង​តែ​ស្វែង​រក​ម្ចាស់​ស្នេហ៍ មិន​ដឹង​ថា​ជា​នារី​ណា​មួយ​ឡើយ) ប្រហែល​ជា​ពួក​គេ​លង់ស្នេហ៍​លើ​ក្រមុំ​កំពង់សោម​ណា​ម្នាក់​ហើយ​មើល​ទៅ… បើ​ពិត​មែន តើ​ពួក​គេ​អាច​មាន​សង្ឃឹម​ដែរ​ឬ​ទេ? [1]

ពីសី ​ប្រគល់​ឡាន​ឲ្យ​ដាច់​មួយ​យប់ ស្អែក​ទើប​នាង​យក​​វិញ ដោយ​នឹក​ស្មាន​ថា​បក្ខពួក​នេះ​នឹង​ដើរ​លេង​យប់​ដល់​ណា​ដល់​ណី​មិនខាន មាន​ឯណា! ញ៉ាំ​សាច់​គោ​ហើយ ដើរ​រក​ទិញ​បៀរ​មួយ​ហ៊ូ មក​លេង​នៅ​ម៉ូតែល​វិញ​សោះ ព្រោះ​ប្រមើរ​មើល​ឃើញ​ថា​ឱកាស​ប្រឈម​នឹង​គ្រោះទុរ្ភិក្ស គឺ​មាន​កម្រិត​ខ្ពស់។

ទទួល​បញ្ចាំ​ទូរស័ព្ទ

បុរស​ពហុ​មុខងារ អាច​លេង​ទៀង​ឡេន​ផង សរសេរ​សារ​បាន​ទៀត

មុន ​ពេល​ដេក ឌី បាន​ទម្លាយ​ប្រវត្តិ​រឿងរ៉ាវ​ស្នេហា​មួយ​ដែល​អន្លង់​អន្លោច​ស្រងេះ​ស្រងោច​ ខ្លោចចិន្តា ដែល​នេះ​បាន​បញ្ចាក់​ភស្តុតាង​មួយ​ទៀត ដែល​ថា​មនុស្ស​លោក​សុទ្ធ​តែ​មាន​ស្នេហ សូម្បី​តែ​លោក​សង្ឃ​មួយ​អង្គ​នេះ ក៏​ចេះ​មាន​ស្នេហា​ដែរ ពិត​ជា​នឹក​ស្មាន​មិន​ដល់​ឡើយ…។ ឯ​ស៊ា​វិញ គេ​ខំ​សាក​ថ្ម​កាម៉េរា សង្ឃឹម​ថា​ងើប​ម៉ោង​៥ ទៅ​កំពង់​ផែ ថត​រូប… មាន​ឯណា​ភ្លៀង​រហូត ចេញ​មិន​កើត​ឡើយ។ ព្រឹក​ឡើង រៀប​ចំ​ខ្លួន​ចេញ​ពី​ម៉ូតែល ទៅ​លេង​នៅ​ឆ្នេរ មុន​នឹង​ឡើង​រថយន្ត​ក្រុង​នៅ​ម៉ោង ១២.៣០។

ហ៊ឹម… អស់​លុយ​ហើយ មាន​អី​ឲ្យ​ថ្លៃ​ម៉ូតែល​គេ​ទៅ?

អ៊ីចឹង​ចាំ​អង្កាល បាន​ប្រែន?

បូរាណអឺយ… តិចទៀតយើងទៅផ្ទះវិញហើយ… ឯងអត់ទាន់ចង់ទៅវិញសោះ…! [1]

រូប ​​ពិសេស​​ជាង​គេ​​សម្រាប់​ខ្ញុំ នៅ​ក្នុង​​ដំណើរ​​កម្សាន្ត​​លើក​​នេះ។ រឹត​តែ​សប្បាយ​ពេល​នាង​បាន​ទទួល​ហើយ លាន់​មាត់​ថា​ស្អាត​ណាស់ ហើយ​ប្រាប់​ថា​នាង​ស្រឡាញ់​រូប​នេះ។

រាប់ ​ពី​ឆ្វេង​ទៅ ១. ស៊ា អ្នក​ប្រដាល់​ក្បាច់​គុណ​បុរាណ​ខ្មែរ ដែល​ល្បីល្បាញ​ជាង​គេ​នៅ​ក្នុង​វង់សៀក​មួយ​នៅ​ភ្នំពេញ។ ២. ឌី អ្នក​បាញ់​សត្វ​ដៃ​ឯក ត្រង់​លែង​និយាយ តែ​គួរ​ឲ្យ​ស្តាយ​ គាត់​បាន​បដិសេដ​សំណើរ​ពី​រដ្ឋាភិបាល​ឲ្យ​ទៅ​បំរើ​ការ​នៅ​ប្រទេស​អ៊ីរ៉ាក់។ ៣. បូរាណ អ្នក​និពន្ធ​កំប៉ិក​កំប៉ុក ចូលចិត្ត​សរសេរ មិន​សូវ​ចេះ​និយាយ តែ​បើពុល ដូច​ជ្រូក​អ៊ីចឹង ចាប់​មិន​ឈ្នះ​ឡើយ។ ៤. ធឿន កីឡាករ​ម៉ារាតុង​ រត់​លឿន​​ដូចរន្ទះ តែ​មិន​ចូល​ចិត្ត​បង្ហាញ​សមត្ថភាព​ពិសេស​របស់​គាត់​ទេ ទាល់​តែ​មាន​អ្នកណា​ដេញ​វ៉ៃ ទើប​ដឹង។

ត្រូវ​រង្វាន់​ធំ ស្រា​ចាយស៊ាងអី ២យួរ ៥ដប

កុំ​ភ្លេច​មើល​ខាង​លើ មាន​ស្វា​មួយ

ជុំគ្នាអស់ហើយ មានប្រាំមួយគ្រឿងទាំងពីសី

ម្ចាស់​ជីវិត​បង​អឺយ បន្តិច​ទៀត​បង​ហោះ​ទៅ​ជួប​អូន​វិញ​ហើយ…

អ្នក​ទាត់​បាល់ រមាស់​ជើង​ពេក ឃើញ​ផ្លែដូង​ក៏​ទាត់​ដែរ… បើ​ចាប់​មិន​ជាប់ ចូល​មុខ ដង្ហើម​ចង្រិត​មិន​ខាន

ក្នុង ​ការ​ត្រឡប់​មក​វិញ ឌី​បាន​ជិះ​ឡាន​ជាមួយ​ពីសី ខណៈ​ដែល​បួន​គ្រឿង​ទៀត​ជិះ​ឡាន​ក្រុង តែ​មិន​សំណាង​ដូច​ពេល​មក​ទេ ព្រោះ​ឡាន​មេគង្គ​អ៊ិចប្រេស​អស់​សំបុត្រ​ហើយ មាន​តែ​កាពីតូល​ប៉ុណ្ណោះ ហើយ​ជួរក្រោយ​គេ​ទៀត។ ជាធម្មតា ក្នុង​ឡាន​ក្រុង​មាន​កៅអី​បួនជួរ ២ឆ្វេង ២ស្តាំ និង​ផ្លូវ​ដើរ​កណ្តាល​មួយ។ ចំណែក​ឯ​ជួរ​ក្រោយ គឺ​មាន​៥​កៅអី ដែល​គេ​កេង​យក​កន្លែង​កណ្តាល​គេ​ហ្នឹង ដាក់​មួយ​កៅអី​ទៀត ដែល​ជា​កន្លែង​ខ្ញុំ​អង្គុយ​ហ្នឹង​ហើយ ៗ​បើ​ឡាន​ត្រូវ​ជាន់​ហ្វ្រាំង​យ៉ាង​បង្ខំ ខ្ញុំ​នឹង​ត្រូវ​កម្លាំង​ខ្យល់​រុញ​ច្រាន​ឲ្យ​រត់​ទៅ​មុខ​មិន​ខាន។

នៅ ​​ខាង​​ស្តាំ​ដៃ​ខ្ញុំ​រំលង​មួយ​កៅអី​មាន​ជន​បរទេស​ម្នាក់ ឯ​កៅអី​ជាប់​ខាង​ដៃ​ស្តាំ​ខ្ញុំ​នៅ​ទំនេរ​នៅ​ឡើយ មិន​ទាន់​ដឹង​ថា​ស្រី​ឬ​ក៏​ប្រុស ក្មេង​ឬ​ក៏​ចាស់។ មួយ​សន្ទុះ​ឃើញ​នារី​ក្មេង​ស្រស់​ស្អាត​ម្នាក់ ដើរ​ក្រវែល​ឡាន ស៊ា​ក៏​សុំ​ខ្ញុំ​ដូរ​កន្លែង តែ​ខ្ញុំ​មិន​ព្រម។ មិន​យូរ​ប៉ុន្មាន ម្ចាស់​កន្លែង​នេះ​ក៏​មក​ដល់​មែន…. អុំ​ស្រី​អាយុ​ប្រហែល​៦០​ឆ្នាំ កំពុង​កាន់​សំបុត្រ​សំឡឹង​រក​លេខ​កៅអី​គាត់។ កុំ​ឲ្យ​ខ្មាស​គេ​ទាន់ ខ្ញុំ​ស្រែក​ហៅ “អុំស្រី កន្លែង​អុំ​នៅ​ទី​ហ្នៀក!” ។

ឡាន ​ចេញ​ដំណើរ​ភ្លាម ខ្ញុំ​ចាប់​ផ្តើម​ទូរស័ព្ទ​ទៅ​ប្រាប់​ម្ចាស់​ជីវិត​ខ្ញុំ ថា​ខ្ញុំ​កំពុង​តែ​ទៅ​ជួប​នាង​វិញ​ហើយ។ ខ្ញុំ​ប្រាប់​នាង​ថា និយាយ​គ្នា​បាន​តែ​បន្តិច​ទៀត​ទេ ដាច់​សេវា​ហើយ។ មិន​ដឹង​ជា​ស្អី ស៊ា​នេះ ក៏​ចេះ​លូក​មាត់ ស្រែក​ដាក់​ទូរស័ព្ទ​ខ្ញុំ “ដាច់​តែ​សេវា​ទេ! មិន​ដាច់​ចិត្ត​ឡើយ កុំ​បារម្ភណ៍​អី!”។

ភ្លៀង ​​ចាប់​​ផ្តើម​​ធ្លាក់​​ម្តង​​តិច​ម្តង​​ច្រើន​​មិន​​ទៀង ធ្លាក់​ជាប់​តាម​ផ្លូវ​រហូត។ មក​ដល់​កន្លែង​មួយ ឡាន​ឈប់​ឲ្យ​ចុះ​សម្រាក។ នៅ​ត្រង់​នេះ​យើង​បាន​ទិញ​កំពីងរាជ​ពីរ​យក​មក​លើ​ឡាន។ ខ្ញុំ​ឃើញ​ទៀប​​បារាំង​ទំនង ក៏​ទិញ​មួយ​ផ្ញើរ​ម៉ែ មួយគីឡូ ៥០០០៛។ “ទើប​តែ​លើក​នេះ​ទេ ឯង​ចេះ​ទិញ​អី​ផ្ញើរ​ម៉ែ យក​ចិត្ត​គាត់​ក្រែង​លោ​គាត់​រក​ប្រពន្ធ​ឲ្យមួយ” និយាយ​លេង​សោះ តាម​ពិត​គាត់​មាន​សុខភាព​​មិន​សូវ​ប្រសើរ ដោយសារ​ពិបាក​ចិត្ត​រឿង​អគ្គ​មហា​កូន​របស់​គាត់។ “សំណាង​អឺយ យើង​សន្សំ​លុយ​ទុក​ស៊ី​ការ​ឲ្យ​ហើយ​ទៅ មិន​ផុត​ឆ្នាំ​ហ្នឹង​ទេ​មើល​ទៅ” ស៊ា​ដាក់​មួយ​ផ្លែ​យ៉ាង​ឆ្ងាញ់។

តោះ​រក​កន្លែង​នោម….ចុះ​ ឌី​ ដឹងមេចម៉ាហើយទេ?

មិន ​យូរ​ប៉ុន្មាន យើង​ក៏​បាន​មក​ដល់​ភ្នំពេញ​វិញ​ដោយ​សុវត្ថិភាព។ ពេល​យក​ទៀប​ឲ្យ​ម៉ែ គាត់​ថា​គាត់​​ទិញ​​តែ​​មួយ​​គីឡូ ៣៥០០៛ សោះ​ហ្នឹង។ ៚

—————————

[1] ប្រយោគនេះសរសេរដោយ ឌី

h1

អាណិតណាស់ – ភាគ៣

April 18, 2008

នាវាលាច្រាំង​ បណ្តែតកាយចូលទៅក្នុងទន្លេកាន់តែជ្រៅទៅៗ អាកាសត្រជាក់ល្ហឹម ស្រឹមៗ បបោសអង្អែលដាស់អារម្មណ៍អ្នកមានស្នេហា ឲ្យសម្តែងមនោសញ្ចេតនាឡើងដោយមិនដឹងខ្លួន។ គូស្នេហ៍មួយចំនួនដែលកាលពីនៅច្រាំង ត្រឹមតែអង្គុយនិយាយគ្នាធម្មតា ឥឡូវនេះមើលម្តងទៀត ស្រាប់តែ ម៉ែ! បែរជាឃើញកំពុងតែផ្តេកផ្តួលផ្តោះផ្តងលំអងសួគ៌ាស្នេហាទៅវិញ?!…. តាំងពីពេលណាមកហើយក៏មិនដឹង ព្រោះមិនមានចេតនាតាមដានរំខានសេចក្តីសុខសត្វលោកឡើយ។

សឹងតែភ្លេចរាប់បញ្ចូលធឿនម្នាក់ទៀតដែលកំពុងតែហោះហើរក្នុងពិភពសុបិន្តស្នេហ៍កណ្តាល ជលសៃជាមួយស្នេហាដែលកំពុងតែចេញបណ្តូលលឹមៗលូតលាស់លៀនឡើងលបលិទ្ធស្និតឱរា របស់គេ​, សួរគេសួរឯងយ៉ាងអន្ទះសារថា ៖ “អ្នកទាំងពីរមានសាររូបភាពទូរស័ព្ទណាល្អៗទេ? រូបភាពដែលគេប្រើក្នុងន័យស្នេហាណា៎! ឯងពិតជាត្រូវការណាស់!”។

យល់ច្បាស់ពីអារម្មណ៍ស្នេហារបស់មិត្តភក្តិ ទោះជាមិនមានក៏ដោយ ក៏ខំប្រឹងរិះរកវិធីណាមកជំនួសឲ្យបានជាសាច់ការជួយគ្នា, ខ្ញុំឲ្យយោបល់ថា ៖ “អើ ម៉ោសួរឯងរកសាររូបភាពចឹងៗ ស្រេចបាត់ហើយ… ឯងមានពីណាមក! អេ៎ បើសិនជាប៉ុន្មានឆ្នាំមុនទៅ ឯងមានរូបភាពល្អៗចែកឲ្យហើយ តែអីឡូវអត់មានអីទៀតទេ។ ឯងថា សរសេរកំណាព្យស្នេហាជូននាងទៅ យ៉ាងម៉េចដែរ? ហើយវាជាអ្វីដែលយើងធ្វើខ្លួនឯងទៀត វាមានន័យជាងការគ្រាន់តែបញ្ជូនបន្តនូវរូបភាពដែលគេបានធ្វើហើយស្រេចនោះ។

ឌី ៖ កំណាព្យក៏ដោយ ក៏គេអាចបញ្ចូនបន្តដដែលហ្នឹង។ ក្រែងលោនារីនោះគិតថាធឿនអែងមិនបានធ្វើខ្លួនឯងផង តើគិតម៉េចវិញ បើចឹង?
ខ្ញុំ ៖ ច្បាស់ណាស់ ឌី! អារឿងហ្នឹងឯងធ្លាប់មានប្រវត្តិហើយ។ កាលមុន ឯងប្រឹងចាប់ឃ្លោងចាប់ឃ្លាចង់ងាប់ ផ្ញើឲ្យគេអានកំសាន្តលេងហើយ គេថា អរគុណណាស់ដែលបានបញ្ជូនបន្តសារអម្បាញ់ម៉ិញនេះ។ អុញ?! ឯងខូចចិត្តខ្លាំងពេក ក៏ខ្ជិលលែងសរសេរសរស៊ាំងអីទៀតទៅ។
ធឿន ៖ ហាហា… មុខបូរាណឯងមិនសមចេះតែងកំណាព្យហ្នឹងណា បានជាគេគិតថាបូរាណឯងចម្លងពីគេទៅ ធ្វើម៉េចទេ… តែចាំមើលណា ឯងនឹងធ្វើឲ្យនាងអន្លង់អន្លោចជាមួយកំណាព្យស្នេហារបស់ឯងម្តង។
ខ្ញុំ​ ៖ អើ ឯងជូនពរឲ្យតែបានសមបំណងទេ។ អារឿងឯង គេមិនជឿក៏មិនជឿទៅ។
កំពុងតែផ្អែម ឌីឆ្លើយ ៖ “អើ សម្រេចដូចបំណងវើយ គ្រាន់នឹងជួយលើកមុខមាត់ឲ្យឯងនិងបូរាណផង។ អេ៎ បង្អែមនេះបើសិនជាមានល្ងច្រើន ទើបឆ្ងាញ់​”។ មានអារម្មណ៍ដូចចង់វាយប្រហារឌី ខ្ញុំបន្ទរ “អឺ អ្នកស៊ីល្ង សុទ្ធតែល្ងង់”។ ធឿនចង់ជួយឌី ក៏សម្រាល “មិនអីទេ កុំឲ្យតែស៊ីពេលខែល្ងិត”។ ខ្ញុំជាន់ថែម “តែអាឡូវវាល្ងាចហើយត្ហើ”។ ស្រាប់តែឌី ចេញមុខមកសម្រេចកិច្ចការដោយខ្លួនឯង “ហ៊ើយ យ៉ាប់ណាស់ ឯងស៊ីល្ងជិតពួកម៉ាកល្ងីល្ងើចឹងហ្ហ៎”។ ខ្ញុំ និងធឿនកប់យោបល់ “អុញ?!”។

ខ្ញុំ ៖ ចូលឆ្នាំទៅស្រុក ឬក៏នៅលេងហ្និះ វ៉ី?
ឌី ៖ ដូចចង់ទៅលេងនៅកំពត
ខ្ញុំ ៖ អើ បើទៅកាពត កុំភ្លេចទិញកាពិកឲ្យអែងពីរបីកាប៉ុងផង
ធឿន ៖ អើ មើលៗប្រយ័ត្នផង កុំឲ្យរលាក់ដួលបែកកាពិតកាពុបអស់វើយ
ឌី​ ៖ បើកាពុប មានតែចោលនៅគម្ពោតហើយ មិនយរឲ្យស៊ីរ៉េ
និយាយលេងបណ្តើរ ក្រឡេកមើលជុំវិញបណ្តើរ ឃើញនារីម្នាក់នៅជាមួយក្មេងៗតូចៗពីរបីនាក់ ឈរនៅបង្កាន់ដៃសម្លឹងមើលធម្មជាតិជុំវិញដែលងងឹតចាក់ភ្នែកមើលពុំយល់សោះឡើយ។ អាចមើលដឹងថានារីនោះកំពុងតែស្រម៉ៃថាកំពុងស្ថិតនៅជាមួយនឹងបុរសណាម្នាក់ ដែលអាចគិតបានថាជាស្វាមីគាត់។ តែតាមជាក់ស្តែង មិនឃើញមានស្វាមីនាងមកកំដរឯណា។

“ឱ លោកប្តីណាទៅន៎ សុខចិត្តឲ្យភរិយាដ៏ស្រស់ស្អាតប្រឹមប្រីយ៌ ឈរអោបដៃកណ្តោចកណ្តែងកណ្តាលជលសារយ៉ាងនេះ…. មិនដឹងជានាងមានអារម្មណ៍កំព្រាច្រណែននឹងគូគេជិតខាងយ៉ាងណាទេ…” ខ្ញុំនិយាយតិចៗ។ ឌីឆ្លើយ “សង្ឃឹមថាស្វាមីរបស់នាងកំពុងតែរវល់ការងារចៀសមិនបានទៅចុះ មិនមែនកំពុងរវល់ដើរផឹកចៀសមិនបាននោះទេ…”។ ធឿនចេញឆ្កុយតែម្នាក់ឯង “ខុសពីឯង ឯងបើផឹកគឺអង្គុយ មិនដើររ៉េ…”។

h1

អាណិតណាស់​ – ភាគ២

April 10, 2008

ប្រដាប់ដោយចង្រិតលីង និងកូកាកូឡាគ្រប់ដៃ យុវជនដើរសំដៅកន្លែងចំណតនាវាកំសាន្ត ដូចទើបសងលុយគេរួច។ ឯនាវាវិញកំពុងតែបណ្តែតកាយ​ប្រឡែងនឹងជលសារ​នៅកណ្តាលទន្លេនៅឡើយ ទើបទាំងបីគ្រឿងអង្គុយលេង​នៅបង់វែងតាមច្រាំងទន្លេ ជាមួយចំណោមគូស្នេហ៍ច្រើនគូ ដែលកំពុងកៀកកិតគេងកើយ​ក្រោមពន្លឺព្រះច័ន្ទភ្លឺស្រទន់ ចាំងក្នុងទឹកទន្លេភ្លឺព្រិចៗ​មិនភ្លេចជាមួយវាយោរត្រជាក់រងារកាយាអស្ចារ្យក្រៃ។

ទៅណាមកណាជាមួយធឿន ប្រធានកិត្តិយសសមាគមជនអត់គ្រប់ទឹកព្រែកឯង ទៅហើយ, រឿងអីត្រូវខ្លាច​ថាអស់រឿងនិយាយនោះ?! ប្រហែលដៃគ្នា យុវជនជជែកចរចារ​ក្លែមវោហារ​ទៅវិញទៅមក​យ៉ាងរញៀវក្លៀវក្លាគ្មានដាច់ ធ្វើឲ្យមានអារម្មណ៍សប្បាយគ្រប់ៗគ្នា។ ស្រាប់តែពេលនោះ មានសំឡេងមួយ​បានមកកញ្ឆក់យកមនោសញ្ចេតនាខ្ញុំយ៉ាងជ្រាលជ្រៅ ៖ “កណ្តាលរាត្រី ស្រីហើយនិងបង ធ្លាប់សាសងបងហើយនិងអូន។ ខ្យល់បក់រំភើយ រាត្រីស្ងាត់សូន្យ ចន្ទ្រចរលយលឿនឆ្ងាយបន្តិចម្តង។ តារាព្រោងព្រាយរាយលើមេឃា ដេរដាសគណនារាប់មិនបានផង ដូចជាចិត្តស្នេហ៍របស់រៀមបង ស្នេហ៍លើនួនល្អងរៀបរាប់ពុំបាន…”

ហាក់ពេញចិត្តនឹងបទចម្រៀងយ៉ាងខ្លាំង ខ្ញុំបំបែកសាច់រឿង​ដែលកំពុងតែនិយាយជាមួយឌី និងធឿន ៖ “អូ៎! គ្នាស្រឡាញ់បទ​ក្លិនអើយក្លិនខ្លួន​នេះណាស់! ច្រៀងចំបទគ្នាចូលចិត្តតែម្តងហ្នៀក…!”។ និយាយហើយ ខ្ញុំក៏បង្វែរចក្ខុទៅតាមសំឡេងនោះ ក៏ឃើញរូបស្ទង់ៗ​កំពុងតែបោះជំហ៊ានមួយៗយ៉ាងស្ទាក់ស្ទើរ ហាក់ដូចខ្លាចធ្លាក់លូអញ្ចឹង។

ក្នុងសំលៀកបំពាក់ទាហានដាច់រយេករយាក​ដូចជាមានតែមួយកំប្លេ ប្រកបជាមួយមួកកំពុងកាន់ផ្ងារ​សម្រាប់ត្រងអ្វីមួយ, អ្នកចម្រៀងយើង​ដើរតាមទិសដៅខ្លួនយ៉ាងត្រង់ ហាក់មិនខ្លាចប៉ះពារអ្នកណា​ដែលស្ថិតនៅពីមុខបន្តិចសោះឡើយ។
គាត់ដើរមកកាន់តែជិតខ្ញុំហើយ ខ្ញុំអាចមើលច្បាស់ថា​គាត់កំពុងតែប្រកបរបរចិញ្ចឹមជីវិតដ៏កំសត់របស់គាត់​ដោយការច្រៀង។

ខ្ញុំជាអតិថិជនរបស់គាត់រួចបាត់ទៅហើយ ព្រោះគាត់បានច្រៀងបទ​ដែលខ្ញុំស្រឡាញ់ឲ្យខ្ញុំស្តាប់ ឥឡូវនៅតែពេល​ដែលខ្ញុំត្រូវបង់ថ្លៃសម្រាប់អ្វី​ដែលខ្ញុំត្រូវបានផ្តល់ជូនហើយនោះទេ។ ដកលុយហើយស្រេច ខ្ញុំឈរចាំគាត់​ដើរមកកាន់ខ្ញុំ។ ពេលគាត់មកដល់ ខ្ញុំហុចថ្លៃឈ្នួលពលកម្មទៅឲ្យគាត់ ស្រាប់តែគាត់ហាក់មិនអើរពើរនឹងខ្ញុំឡើយ។ គាត់ប្រុងតែដើរហួសខ្ញុំទៅទៀត តែខ្ញុំបានកេះដៃគាត់ រួចគាត់ក៏លារ​ប្រអប់ដៃដ៏អភ័ព្វរបស់គាត់ ហើយខ្ញុំក៏ដាក់លុយឲ្យគាត់​ដោយប្រុងប្រយ័ត្ន​ខ្លាចជ្រុះបាត់​ក៏គាត់មិនដឹងខ្លួនដែរ។ គាត់អរគុណ ហើយជូនពរខ្ញុំយ៉ាងសន្ធឹក តែគាត់អត់មានជូនពរខ្ញុំ​ឲ្យមានសង្សារនឹងគេសោះឡើយ ចិត្តអាក្រក់ណាស់។

ត្រឡប់មកវិញដោយឱរាអួលណែន នឹកអាណិតវីរបុរសរបស់ខ្ញុំ ដែលបានធ្លាក់ខ្លួនពិការដោយបុព្វហេតុស្នេហាជាតិ​,​ រួចដើរត្រាច់ចរតត្រុកតែលតោលក្នុងចំណោមមនុស្សត្រៀបត្រា​ដែលយូរៗម្តងទើបឃើញមានគេជួយឧបត្ថម្ភគាត់ខ្លះ, ខ្ញុំហាក់មានអារម្មណ៍ស្រងេះស្រងោចខ្លោចផ្សារចំពោះជនអភ័ព្វទាំងឡាយ ដែលមានខ្សែជីវិតប្រហាក់ប្រហែលនឹងគាត់។

ដើរសំដៅមិត្តភក្តិដោយទឹកមុខស្រពោន ខ្ញុំបន្តគិតទៀតថា​ ៖ “ហ៊ឹម មានម្តងនោះទៅស៊ីស៊ុប សល់លុយអាប់២-៣ពាន់ ប្រាប់គេមិនឲ្យអាប់ទៀត… ព្រោះតែកូនក្រមុំអ្នកលក់​ស្អាត ឱអញហ្ហើយ អីក៏ចង់ឡូយអីចង់ម៉េះ?!… លុយប៉ុណ្ណឹងចំពោះអ្នកលក់គឺតិចតួចណាស់ បើពេលនោះអញយកលុយនេះ ទុកគ្រាន់តែចែកអ្នកពិការ ក្មេងអនា​ថា យាយៗចាស់ៗទៅ វាមានតម្លៃជាងហ្នឹងឆ្ងាយណាស់!… ហ៊ឹម ពិតជាចាយលុយអត់ប្រយោជន៍មែន!…”។

“តោះយើង ទូកម៉ោដល់ហើយ!”។ ក្នុងសំលៀកបំពាក់អាវក្នុងខោ ដៃម្ខាងមានកាបូបដាក់សៀវភៅនិងឯកសារផ្សេងៗ យុវជនទាំងបីមើលទៅសាកសមជានិស្សិតពិតៗ កំពុងតែដើរទៅកាន់បន្ទប់សិក្សា… ទេ! មានឯណា! តាមពិតទៅជិះទូកសោះ។ សូមបញ្ជាក់ថា នេះមិនមែនជារូបភាពអវិជ្ជមានអីទេ​ លុះត្រាតែឃើញពួកខ្ញុំស្លៀកពាក់ឯកសណ្ឋានសិស្សឬនិស្សិត ចូលច្រៀងខារ៉ាអូខេបង្ហើរសំនៀងវាចាផ្តោះផ្តងវោហាផ្លែផ្កាសម្តីមាននារីក្មេងខ្ចីអោបត្រកង ក្នុងរង្វង់ហត្ថាថែមសុរាហែហម ចាំថាមិនសមណា៎។