Archive for the ‘ទស្សនៈឡប់ៗ’ Category

h1

បើមានគេសំឡុត…

June 12, 2009

ក្នុង​ស្មារតី​ពង្រឹង​សុវត្ថិភាព សន្តិសុខ និង​សេចក្តី​ទុកចិត្ត​របស់​ប្រជា​ពលរដ្ឋ​នៅ​​តាម​​វើតប្រេស​ឬប្លក់ស្ប៉ត​ ឬអី្វ​ផ្សេង​ទៀត ក៏​ដូចជា​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ​ទាំងឡាយ​​ ជា​ពិសេស​ម៉ូតូ​ឌុប ខ្ញុំ​សូម​ជម្រាប​ថា ប្រសិន​បើ​អ្នក​ត្រូវ​ ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង​ធ្វើបាប​រាងកាយ​ឬផ្លូវចិត្ត​ផ្សេងៗ ដូចជា​ពួក​វាយ​ក្មេងយក​លុយ ពួក​ស្ទាក់​គំរាម​សំឡុតយក​លុយ​តាម​ទី​ស្ងាត់ឬ​ទី​ប្រជុំជន​ដូចជា​នៅ​តាម​ភ្លើងស្តុប ​ដោយ​សំឡុត​ទារ​ហួស​ហេតុ​លើស​ពី​បទ​បញ្ជា ធ្វើឲ្យ​ខូច​ខាត​​ពេល​វេលា​​ ការងារ ​និង​​លុយកាក់​​ដែល​​ខំ​​រក​ហូរ​​ញើស​​ហូរឈាម ផាត់​​តែ​ថ្លៃ​សាំង​ក៏​ស្ទើរ​តែ​អស់​វិញ​នោះ​ សូម​អ្នក​ប្រាប់​ឲ្យ​គេ​ដឹង​ថា​ ខ្ញុំ​គឺ​ជា​មេ​របស់​អ្នក ហើយ​ឲ្យ​រូប​នេះ​ទៅ​គេ​ទៅ គេ​ប្រាកដ​ជា​ញាក់​សាច់​មិន​ខាន… សូម​សំណាងល្អ​មាន​ដល់​អ្នក​គ្រប់​គ្នា…! ទន្ទឹម​នឹង​​ការ​បង្ហាញ​រូបថត​នេះ​ទៅ​គេ​ដែរ សូម​អ្នក​សំឡឹង​រក​​មើល​​ផ្លូវណា​ទូលាយ និង​ដោះ​ស្បែក​ជើង​ចេញ​ឲ្យ​ហើយ ក្នុង​ករណី​គេ​មិនខ្លាច…

DSC00611 copy

h1

ពុតសិស្សកុំត្រាប់ ច្បាប់សិស្សឲ្យយក

March 20, 2009

កាល​ពី​ព្រេង​នាយ មាន​សិស្ស​ម្នាក់​ត្រូវ​បាន​ប្រកាស​​លទ្ធផល​ឆមាស​ទី១ ថា​ធ្លាក់​នូវ​មុខ​វិជ្ជា​មួយ ប៉ុន្តែ​គួរ​ឲ្យ​សរសើរ​គាត់​ដែល​មាន​ការ​ជឿជាក់​លើ​ខ្លួន​ឯង​ដោយ​បាន​សុំ​​ សើររើ​មើល​ក្រដាស​ប្រឡង និង​កា​រ​បូក​ពិន្ទុ​របស់ឆឺរ​នោះ។ លទ្ធផល​​​បង្ហាញថា មក​ពី​ឆឺរ​មួយ​នោះ​ កែពិន្ទុ​អត់​បាន​ដាក់​​បញ្ចូល​ពិន្ទុ​អាសាញមិន​ឲ្យ​គាត់។ ក្នុង​ជំ​នួប​ពិភាក្សាមួយ គ្រូនោះបាន​សុំឲ្យ​សិស្ស​នោះ កុំសើ​រើ​ពិន្ទុ​របស់​គាត់ ហើយ​ទុក​ថា​ធ្លាក់​ចុះ ចាំ​ប្រឡងសង គាត់​ជួយ​ប្រាប់​វិញ្ញាសាមុន….

កាល​ពី​យូរលង់​ណាស់​មក​ហើយ មានឆឺរម្នាក់ បង្រៀន​មុខវិជ្ជា​លីធឺរ៉េតឈ័រ ហៅថា​កំពូល​អគ្គមហាអត់ឧស្សាហ៍។ ពីមួយ​ថ្ងៃទៅមួយថ្ងៃ សិស្ស​បាន​ទន្ទឹង​រង់ចាំមើល​លទ្ធផល​របស់ខ្លួន​យ៉ាងរីងរៃ តែឆឺរអត់ព្រមកែ​រីវីសិនតេស្ត៍​របស់​សិស្សទេ ទុក​រហូតដល់​ថ្ងៃប្រឡង។ គាត់​សុំ​លេខ​ទូរស័ព្ទ​របស់​ម៉ូនីទ័រ ហើយ​ប្រាប់​ថា​មុន​ប្រឡង​​ប៉ុន្មានថ្ងៃ គាត់​នឹង​ខល​​មក​យក​លទ្ធផល​តេស្ត៍។ នៅថ្ងៃនោះ សិស្ស​ជា​ច្រើន​បាន​មក​ដល់​សាលា​ចាំយក​លទ្ធផល​យ៉ាងមូរ​មីដេរដាស​ ប៉ុន្តែ​ឆឺរនោះ​បា​ន​បំបាំង​កាយ​បាត់ រក​មិន​ឃើញ​ឡើយ។ ពេល​មូនីទ័រ​ខល​ទៅ ​គាត់​អត់​លើក​ទៀត។ រហូត​ដល់​ថ្ងៃ​​ប្រឡង​មុខវិជ្ជាគាត់រួច ចប់ម៉ោង​ប្រឡង​មុខវិជ្ជា​គាត់​រួចភ្លាម ទើប​គាត់​យក​លទ្ធផលតេស្ត៍​មកឲ្យ….។ រឿង​ដែល​សោកស្តាយ​បំផុត​នោះ​គឺមាន​សំនួរ​ជាច្រើន​ក្នុង​ពេល​ប្រឡង ចេញ​ដូចគ្នា​នឹង​សំនួរ​ក្នុង​តេស្ត៍ដែរ…. នេះ​បាន​ហៅ​ថា​អគ្គមហាគ្រូមែនៗ!

មាន​ឆឺរ​ខ្លះ​ទៀត​ដូចជា​សប្បាយ​នឹង​គូស​ឈ្មោះ​សិស្ស​ដែល​មក​យឺត​ណាស់ សង្ស័យ​តែ​គូស​ឈ្មោះ​សិស្ស​មក​យឺត​បាន​ច្រើន សាលា​ថែម​បូណឺស​ឲ្យ​ហើយ​មើល​ទៅ… មិន​ដឹង​ជា​ពេល​ពួក​គាត់​នៅ​រៀន​ហ្នឹង​មិន​ដែល​មក​យឺត​សោះ ឬ​ក៏​អត់​មាន​ធ្វើ​អីសោះ​ក្រៅ​តែ​ពី​រៀន​តាម៉ង​មើល​ទៅ…

ឆឺរ​មួយ​ទៀត​មក​បង្រៀន​យឺត​ជា​ប្រចាំ ហើយ​ឧស្សាហ៍​ឈប់​ញឹកញាប់​ជាងគេ​បំផុត, សិស្ស​ភាគ​ច្រើនកើត​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ ដោយ​បារម្ភ​ពី​អនាគត​របស់​ខ្លួន​ជា​ពន់ពេក ព្រោះ​ជា​មុខវិជ្ជា​ស្នូល​ផង។ នៅ​ឆមាស​ទី២ ក្រោយ​ពេល​សិស្ស​វាយ​តម្លៃ​ការ​បង្រៀន​របស់​គ្រូ​រួច​មក គេ​អាច​យល់​បាន​ថា​ឆឺរនោះ​ច្បាស់​ជា​ទទួល​បាន​ពិន្ទុ​យ៉ាង​ទាប​បំផុត ចំពោះ​ភាព​ទៀតទាត់​របស់​គាត់​ក្នុង​ការ​មក​បង្រៀន។ នៅ​ថ្ងៃ​ទី១​នៃ​ឆមាស​ទី២ គាត់​មក​ដល់​មុន​សិស្ស​បាន​ល្អ​ណាស់ ហើយ​គាត់​ប្រកាស់​ថា អ្នកណា​មក​ក្រោយ​គាត់​ហៅ​ឈ្មោះ គឺ​ត្រូវ​អាប់សង់​តែ​ម្តង មិន​ដាក់​ថា​ឡេត​ឡើយ…. ចំណុច​នេះ​ផ្ទុយ​ពី​ច្បាប់​របស់​សាលា​ទាំងស្រុង ដែល​អនុញ្ញាត​ឲ្យ​សិស្ស​អាច​មក​យឺត​បាន​១៥​នាទី…

h1

ជិះម៉ាសេរី

February 16, 2009

ខ្ញុំ​គឺ​ជា​អ្នកគោរពច្បាប់ចរាចរណ៍ដ៏ល្អម្នាក់ ព្រោះ​​ខ្ញុំពាក់​មួក​សុវត្ថិភាព ហើយម៉ូតូ​ខ្ញុំ​មាន​ដាក់​កញ្ចក់​សម្រាប់​មើល​ក្រោយ។ ខ្ញុំ​ចេះ​ពាក់​មួក​សុវត្ថិភាពតាំង​ពី​មុន​គេ​ចាប់​ផ្តើម​រក​របរ​ទទួលទាន​នឹង​មួក/កញ្ចក់ យ៉ាង​គគ្រឹក​គគ្រេង​ទៅ​ទៀត​ឯណោះ ព្រោះ​តែ​ខ្ញុំ​ដឹង​ពី​សារ​ប្រយោជន៍​នៃ​ការ​ពាក់​មួក​សុវត្ថិភាព​នេះដោយ​ខ្លួន​ឯង មិន​មែន​ដោយ​សារ​អ្នក​ណា​ម្នាក់​មក​បញ្ជា​នោះ​ទេ។ ឯកញ្ចក់វិញ មាន​ប្រយោជន៍​ធំៗ​មួយ​ចំនួន​ដូចជា ជួយ​លើក​ស្ទួយ​ជីវភាព​អ្នក​លក់​កញ្ចក់​ម៉ូតូ និង​អ្នក​មាន​មុខ​របរ​ពាក់ព័ន្ធ​នឹង​កញ្ចក់​ម៉ូតូ​ទាំងឡាយ, អាច​ទុក​សម្រាប់​ឆ្លុះ​មើល​មុខ​មាត់​សក់ ពេល​ទៅ​ជួប​ស្រី​ស្នេហ៍, និង​អាច​បញ្ចាំង​ផ្លាត​ពន្លឺ​ថ្ងៃ​ចូល​ភ្នែក​អ្នក​បើកបរ​ដែល​នៅ​ពី​ក្រោយ​យើង​បាន។

ប្រដាប់ទៅដោយពន្ធផ្លូវ មួក​ និងកញ្ចក់គ្រប់គ្រាន់ ​ខ្ញុំ​ជិះ​ម៉ូតូ​តាម​មហា​វិថី​ម៉ៅសេទុងយ៉ាងសង្ហារ ដោយមិនខ្លាចរអានឹងអ្នកណាឡើយ។​ ត្រង់​ចំណុច​ស្តុប​មួយ មាន​ប៉ូលីស​ចរាចរណ៍ បួន​ប្រាំ​នាក់ ក្បាលពោះ​ធំៗ កំពុង​តែ​បំពេញ​ការងារ​យ៉ាង​សស្រាក់​សស្រាំ។ មាន​លោក​ម្នាក់​កំពុង​អង្គុយ​នៅ​អហ្វីស រវល់​សរសេរ​វិក្កយបត្រ​យ៉ាង​ញាប់​ដៃ​ញាប់​ជើង ដើម្បី​កត់ត្រា​ប្រមូល​ប្រាក់​ផាក​ពិន័យ​(ហេតុអ្វីផាកកញ្ចក់ថ្លៃជាងមួក? ហេតុអ្វី​អ្នក​ជិះ​ខាង​ក្រោយ អាច​មិន​ពាក់​មួក​បាន? តើ​មាន​តែ​អ្នក​ជិះ​ខាង​មុខ​ទេ​ឬ ដែល​មាន​គ្រោះថ្នាក់​ប្រសិន​បើ​ដួល?) ចូល​ឲ្យ​រដ្ឋ​ឲ្យ​បាន​ត្រឹម​ត្រូវ។ ឯ​អ្នក​ក្រៅ​ពីនោះ កំពុង​ត្រួត​ពិនិត្យ​ចរាចរណ៍ គឺ​ថា​មិន​ឲ្យ​អ្នក​បើកបរ​គ្មាន​មួក​គ្មាន​កញ្ចក់​ណា​ម្នាក់ រំលង​ផុត​ឡើយ។

ខ្ញុំ​ឈប់​នៅ​លើ​គំនូស​សម្រាប់​អ្នក​ថ្មើរ​ជើង​ឆ្លងកាត់ ដូច​អ្នក​ដទៃ​មួយ​ចំនួន​ដែរ។ មាន​ម៉ូតូ​មួយ​នោះ​អត់​មាន​កញ្ចក់ ពេល​ឃើញ​ប៉ូលីស​ដើរ​ចេញ​មក​សំដៅ​ខ្លួន ភ័យ​ពេក ស្លន់​ស្លោរ ក៏​ប្រុង​បត់​ត្រឡប់​ក្រោយ​វិញ។ ក្នុង​ពេល​ប្រថុច​ញ៉ុច គាត់​មើល​ក្រោយ​មិន​ទាន់​ទេ ព្រោះ​ចូល​ជិត​កៀក​ប៉ូលីស​ទៅ​ហើយ។ គាត់​ក៏​ជាន់​ហ្វ្រាំង​បត់​ក្រោយ​វ៉េវ… ប្រ៉ាវ!… ម៉ូតូ​មក​ពី​ក្រោយ​បុក​គាត់​ម៉ាំង។ ប្រសិន​ជា​ឡាន​វិញ ម្ល៉េះ​គាត់​ហោះ​រំលង​ស្តុប រួច​ផុត​ពី​ការ​ចាប់​របស់​ប៉ូលីស​បាត់​ទៅ​ហើយ។

ក្នុង​នាម​ជា​ប៉ូលីស​ចរាចរណ៍​ម្នាក់ លោក​រត់​សំដៅ​កន្លែង​កើត​ហេតុ​ដោយ​មិន​សំចៃ​កម្លាំង​ឡើយ។ គាត់​ស្ទុះ​ទៅ​ហើយ… លឿន​ណាស់ ដូច ផ្លេក បន្ទោរ អ៊ីចឹង… វឹប! កញ្ឆក់​យកសោរ​ម៉ូតូ​របស់​ជន​រង​គ្រោះ​​មក​ទុក​ក្នុង​ហោប៉ៅ​អាវ​សិន រួច​ចាំ​ធ្វើ​កិច្ច​ការ​ផ្សេង​ទៀត។ ខ្ញុំ​មិន​បាន​នៅ​តាម​ដាន​សាច់​រឿង​ទេ ក៏​មួល​ហ្គ៊ែរ​ម៉ូតូ​ទៅ​មុខ​ទៀត ដោយសារ​អ្នក​នៅ​ខាង​ក្រោយ​ គាត់​​ស៊ីផ្លេ​បង្ខំ​ឲ្យ​ខ្ញុំ​ឆ្លង​ទៅ​ទាំង​ភ្លើង​នៅ​ក្រហម សល់​ប្រហែល​៥វិនាទី​ទៀត។

ដោយ​ខ្ញុំ​មាន​សិល្បៈ​ក្នុង​ការ​បញ្ជារ​ចង្កូត​ម៉ូតូ​និង​កាច់​ចង្កេះ​យ៉ាង​ស្ទាត់​ជំនាញ ខ្ញុំ​អាច​ឆ្លង​ទម្លុះ​ហ្វូង​ម៉ូតូ​ឡាន​ដែល​កំពុង​ឆ្លង ដោយ​ជោគជ័យ​ និង​សុវត្ថិភាព។ ប៉ុន្តែ​គួរ​អនិច្ចា​ឡាន​ដែល​មក​តាម​ក្រោយ​ខ្ញុំ មិន​អាច​ជ្រែ​ញាប់​រវិចរវាម​ដូច​ខ្ញុំ​ឯណា ធ្វើ​ឲ្យ​អកហ្ស៊ឺ​ជាមួយ​ឡាន​ឆ្លង​មក រួច​ក៏​បង្ក​ទៅ​ជា​ស្ទះ​យ៉ាង​រដូករណែល​ពេញ​នោះ​ទៅ។

ខ្ញុំ​សំឡឹង​មើល​ពួក​គេ​ដែល​កំពុង​ស្ទះ រួច​ក៏​នឹក​អាណិត​ដល់​សាលាក្រុង​រហូត​ខ្លោច​ចិត្ត​អស់ ព្រោះ​មួយ​ថ្ងៃៗ​ខិត​ខំ​ពង្រីក​ផ្លូវ ពុះ​ផ្លូវ បន្ថែម​ស្តុប សាង​សង់​ស្ពាន និង​រហូត​ដល់​ធ្វើ​ផ្លូវ​ហោះ​ទៀត​ផង ដោយ​មិន​បាន​ខិត​ខំ​ពង្រឹង​ឥរិយាបថ​បើកបរ​របស់​អគ្គ​មហា​ប្រជា​ពលរដ្ឋ​យើង ជា​ពិសេស​អ្នក​បើក​ឡាន​ឆ្លង​ភ្លើង​ក្រហម​យ៉ាង​ងងើល​ពក​ថ្ងាស ទាំង​អ្នក​ដទៃ​កំពុង​តែ​ឆ្លង​ទៅ​មក​ដោយ​ភ្លើង​បៃតង។

និយាយ​អ៊ីចឹង នៅ​យប់​មួយ នៅ​ទូរទស្សន៍​ជាតិ​កម្ពុជា ខ្ញុំ​បាន​ឃើញ​សមិទ្ធិផល​ដ៏ថ្មី​ស្រឡាង​មួយ​ទៀត​របស់​សាលាក្រុង​ភ្នំពេញ គឺ​ស្ពាន​ភ្លោះ​ព្រះមុនីវង្ស​ថ្មី នៅ​ច្បារ​អំពៅ ដែល​នឹង​បើក​សម្ពោធ​ឲ្យ​ប្រើប្រាស់​ក្នុង​ឪកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ហើយ​ទន្ទឹម​នឹង​ពេល​នោះ​ដែរ ក៏​នឹង​បើក​សម្ពោធ​ការដ្ឋាន​សាង​សង់​ស្ពាន​ហោះ​មួយ នៅ​ផ្លូវ​នរោត្តម ត្រង់​ចំណុច​គល់​ស្ពាន​នោះ​ដែរ នេះ​បើ​តាម​ការ​អះអាង​របស់​ឯកឧត្តម​ កែប ជុតិមា​ដ៏​មហា​អស្ចារ្យ​របស់​យើង។

ខ្ញុំ​ទទួល​ព័ត៌មាន​នោះ​ដោយ​ក្តី​អំណរ​សាទរ រួច​ក៏​ប្តូរ​ប៉ុស្តិ៍​រក​មើល​កម្មវិធី​ផ្សេង ក៏​ប្រទះ​នឹង​ឆាក​កំប្លែង​មួយ​ក្រុម​ដែល​ល្បី​ល្បាញ​ដោយ​សារ​ការ​ប្រើ​សំដី​អសុរោះ។ សាច់​រឿង​គាត់​ក៏​មិន​សូវ​ប្លែក​ពី​សព្វ​មួយ​ដង​ដែរ ប៉ុន្តែ​រាប់​ថា​មាន​អត្ថន័យ​អប់រំ​គួរ​​ទទួល​យក​បាន។ មិន​តែ​ប៉ុណ្ណោះ ​ក្រោយ​ពេល​បញ្ចប់​សាច់​រឿង ប្រធាន​ក្រុម​កំប្លែង​ដ៏​ល្បីល្បាញ​របស់​យើង​បាន​ឆ្លៀត​ពាំនាំ​ព័ត៌មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ដែល​គួរ​ឲ្យ​ព្រឺខ្លាច ដោយ​បាន​សម្លាប់​ជីវិត​មនុស្ស​ច្រើន​នាក់​ក្នុង​ពេល​តែមួយ។ គាត់​មាន​បំណង​ល្អ​ណាស់ ដោយ​បាន​ដាស់​តឿន​អ្នក​ជិះ​ម៉ូតូ​ឲ្យ​ដាក់​ភ្លើង​ពី​ក្រោយ។ គាត់​បន្ត​រៀប​រាប់​ថា ពេល​នោះ​មាន​ឡាន​ពីរ​មក​បញ្ច្រាស់​ទិស​គ្នា ដោយ​មួយៗ​សុទ្ធ​តែ​បើក​ភ្លើង​ឡាហ្សែ ​រួច​ក៏​មើល​ម៉ូតូ​មិន​ឃើញ ក៏​កើត​ទៅ​ជា​សោកនាដកម្ម​ដ៏​គួរ​ឲ្យ​រន្ធត់​ក្រៃ​លែង។ ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ ​ ព័ត៌មាន​ដែល​ខ្ញុំ​ទន្ទឹង​ចាំ​ស្តាប់​ពី​អ្នក​កំប្លែង​យើង គឺ​មិន​ត្រូវ​បាន​លើក​និយាយ​ទៅ​វិញ គឺ​ភាព​ស្រប​ច្បាប់​នៃ​ភ្លើង​ឡាហ្សែ​នោះ។

h1

សូមនារីៗស្តាប់ខ្ញុំបន្តិចម្ហើ

December 2, 2008

ត្រូវ​ហើយ នារី​មិន​មែន​ជា​បុរស ហើយ​បុរស​ក៏​មិន​មែន​ជា​នារី​ដែរ តើ​ឲ្យ​សត្វលោក​ទាំង​ពីរ​នេះ​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​បាន​គ្រប់​ជ្រុងជ្រោយ​យ៉ាង​ម៉េច​ទៅ? នៅ​ក្នុង​សង្គម ស្ត្រី​មួយ​ចំនួន​ច្រណែន​នឹង​ជីវិតជាបុរស ឯ​បុរស​មួយ​ចំនួន​ក៏​ច្រណែន​នឹងជីវិតជា​ស្ត្រី​ដែរ។ តែ​ខ្ញុំ​គិត​ថា​ស្ត្រី​និង​បុរស​គឺ​ជា​ការ​បំពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ទោះ​ជា​វា​នោះ​ជា​តួ​នាទី​ក្នុង​សង្គម​ ឬ​ក៏​ជា​ហេតុ​បណ្តាល​ពី​ធម្មជាតិ​ក៏​ដោយ។ តើ​ផែនដី​នេះ​នឹង​វិល​ទេ បើ​បុរស​និង​ស្ត្រី​មិន​បង្កើត​ជា​គ្រួសារ? ខ្ញុំ​យល់​ថា​នឹង​គ្មាន​មនុស្ស​ធ្វើការ​ទេ ហើយ​នឹង​គ្មាន​ការ​រីក​ចម្រើនអ្វីដែរ អ៊ីចឹង​តើ​ផែនដី​វិល​បាន​ការ​អី? ដូច្នេះ​ហើយ​បាន​ជា​គេ​ថា គឺ​ស្នេហា​ហ្នឹង​ហើយ ដែល​ធ្វើ​ឲ្យ​ផែនដី​វិល​នោះ។

ច្រើន​ឆ្នាំ​មក​ហើយ តាំង​ពី​យល់ តាំង​ពី​ស្គាល់​សេចក្តី​ស្នេហា​មក ខ្ញុំ​តែង​មាន​សេចក្តី​ប៉ង​ប្រាថ្នា​ឲ្យ​មនុស្ស​លោក​គ្រប់​គ្នា​មាន​ការ​ស្រឡាញ់​គ្នា បារម្ភណ៍​ពី​គ្នា យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា ទៅ​វិញ​ទៅ​មក​ឲ្យ​បាន​ល្អ ហើយ​ថែ​រក្សា​សេចក្តី​ស្នេហា​នោះ​ឲ្យ​បាន​ផ្អែម​ល្ហែម​រហូត កុំ​ឲ្យ​មាន​ភាព​ប្រែ​ប្រួល។ ទោះ​ជា​មិន​មាន​ច្រើន​ក៏​ដោយ ក៏​យើង​បាន​ឃើញ​រួច​មក​ហើយ ថា​គូ​ស្នេហ៍​យាយតា​មួយ​ចំនួន​បាន​ធ្វើ​ឲ្យ​ក្មេងៗ​ជា​ច្រើន​នាក់​ ខ្មាស់​គាត់​រួច​មក​ហើយ។

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ភាគី​បុរស​ត្រូវ​បាន​គេ​និយាយ​ថា​មិន​បាន​ឲ្យ​តម្លៃ​គ្រប់​គ្រាន់​ទៅ​លើ​មនោ​សញ្ចេតនា​ស្នេហា​នោះ​ទេ ជា​ពិសេស​គឺ​នៅ​ពេល​ដែល​បាន​ខ្លួន​ប្រាណ ឬ​រៀប​ការ​ហើយ។ មាន​នារី​ខ្លះ​ខឹង​ពេក​រហូត​និយាយ​ចេញ​ក្តែងៗ​ថា “ពួក​អា​ប្រុសៗ​សុទ្ធ​តែ​ដូច​គ្នា!”។ យើង​សាក​គិត​ម្តង​ទៀត​មើហ៍​ តើ​ពាក្យ​នេះ​វា​យុត្តិធម៌​ដែរ​ទេ ចំពោះ​លោក​សង្ឃ​ដែល​បួស​តាំង​ពី​ក្មេង,​ចំពោះ​បុរស​ដែល​គ្នា​មិន​ទាន់​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​នារី​ម្នាក់​ណា​ផង​នោះ, ចំពោះ​បុរស​ដែល​មាន​ចិត្ត​ស្មោះ​នឹង​សង្សារ​, ស្មោះ​នឹង​ប្រពន្ធ​និង​គ្រួសារ? តើ​មិន​យល់​ថា និយាយ​ពាក្យ​នេះ​កាន់​តែ​ខ្លាំង គេ​គិត​ថា​អ្នក​នាង​មាន​ការ​ខូច​ចិត្ត​នឹង​ស្នេហា​កាន់​តែ​ខ្លាំង​ប៉ុណ្ណោះ​ដែរ​ទេ​ឬ?

រីឯ​នារី​ដែល​មិន​មាន​ការ​ខឹង​សម្បារ​នឹង​ប្រុសៗ​ដាច់​ក្បាល​ដាច់​កន្ទុយ​នោះ គឺ​គេ​គ្រាន់​តែ​និយាយ​ត្រឹម​ថា “បាន​តែ​មុន​ដំបូង​អ៊ីចឹង!”។ បាន​តែ​មុន​ដំបូង​យ៉ាង​ម៉េច​ទៅ? ខ្ញុំ​បាន​សួរ​បញ្ជាក់​ទៅ​មិត្ត​ភក្តិ​ស្រី​ខ្ញុំ​ម្នាក់ ក្នុង​ឱកាស​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់​ជាមួយ​គ្នា​បួន​ប្រាំ​នាក់​នា​ថ្ងៃ​មួយ។ នាង​រៀប​រាប់​ថា មាន​រឿង​មួយ​ជា​រឿង​ពិត គឺ​បុរស​ម្នាក់​នោះ​មុន​ពេល​រៀប​ការ​ជាមួយ​ប្រពន្ធ​គាត់ ៗ​យក​ចិត្ត​ទុក​ដាក់​នឹង​ប្រពន្ធ​ខ្លាំង​ណាស់។ ថ្ងៃ​មួយ​មាន​ភ្លៀង​យ៉ាង​ខ្លាំង រហូត​លេច​ផ្លូវ។ អ្នក​ដំណើរ​ជា​ច្រើន​ត្រូវ​បណ្តើរ​ម៉ូតូ ព្រោះ​តែ​ម៉ូតូ​ខូច។ ដូច​គ្នា​ដែរ ​បុរស​នោះ​បាន​ចុះ​បណ្តើរ​ម៉ូតូ ប៉ុន្តែ​អ្វី​ដែល​អស្ចារ្យ​ជាង​គេ គឺ​គាត់​ឲ្យ​នារី​នោះ​នៅ​អង្គុយ​លើ​ម៉ូតូ​រហូត។ ប៉ុន្មាន​ឆ្នាំ​កន្លង​ផុត​ទៅ ប្តីប្រពន្ធ​ទាំង​ពីរ​នាក់​នោះ​បាន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដដែល ប៉ុន្តែ​លើក​នេះ​គឺ​ពួក​គេ​បាន​រៀបការ​ហើយ។ “យី! យាយ​ប៉ិក​នេះ ម៉េច​មិន​ចុះ​ដើរ?! ធ្ងន់​ចង់​ងាប់!”។

យើង​សាក​គិត​មើល កាល​ពី​គាត់​មិន​ទាន់​រៀប​ការ គឺ​គាត់​នៅ​មាន​កម្លាំង​ខ្លាំង អាច​បណ្តើរ​ម៉ូតូ ដោយ​ឲ្យ​ប្រពន្ធ​គាត់​អង្គុយ។ តែ​ឥឡូវ​គាត់​មាន​ប្រពន្ធ​ហើយ កម្លាំង​គាត់​ក៏​មិន​ខ្លាំង​ក្លា​ដូច​មុន​ដែរ និយាយ​ឲ្យ​ស្រួល​ស្តាប់ គឺ​បាក់​កម្លាំង​ហ្នឹង​ណា៎។ ណា​មួយ​ទៀត គាត់​និយាយ​ឲ្យ​ប្រពន្ធ​គាត់​បែប​ហ្នឹង ព្រោះ​តែ​គាត់​គិត​ថា ប្តី​ប្រពន្ធ​មិន​អាច​បែក​គ្នា​ព្រោះ​តែ​រឿង​ប៉ុណ្ណឹង​ទេ តែ​សង្សារ​គឺ​អាច។ មាន​ន័យ​ថា កាល​ពី​មុន​គឺ​គាត់​នៅ​មាន​ការ​បារម្ភណ៍​ថា​នឹង​មិន​បាន​នារី​នោះ​ជា​គូ​គ្រង ទើប​គាត់​ធ្វើ​គ្រប់​យ៉ាង មិន​ឲ្យ​នារី​នោះ​អន់​ចិត្ត។ ប៉ុន្តែ​ពេល​នេះ គឺ​គាត់​ត្រូវ​គិត​ពី​គ្រួសារ ត្រូវ​ដឹកនាំ​គ្រួសារ ជា​កាតព្វកិច្ច​មួយ​ធំ​ណាស់ សម្រាប់​ជីវិត​ក្រោយ​រៀបការ​រួច ឲ្យ​គាត់​ធ្វើ​ដូច​មុន​ម៉េច​នឹង​បាន?

តើ​គាត់​លែង​ស្រលាញ់​ប្រពន្ធ​គាត់​ហើយ​មែន​ទេ? បើ​សិន​ជា​មាន​បុរស​ម្នាក់​ទៅ​លេប​ខាយ​ប្រពន្ធ​គាត់ តើ​គាត់​នឹង​នៅ​ស្ងៀម​ទេ? ទេ! ដូច្នេះ​សូម​នារីៗ​ទាំង​ឡាយ​ឈប់​ចោទ​បុរសៗ​ទៀត​ទៅ ហើយ​ត្រូវ​បើក​ចិត្ត​ឲ្យ​ទូលាយ​ថា ជីវិត​ជា​សង្សារ និង​ជីវិត​ជា​ប្តី​ប្រពន្ធ មិន​អាច​ឲ្យ​ដូច​គ្នា​ទាំងអស់​នោះ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ខ្ញុំ​មិន​មែន​ការពារ​បុរសៗ​គ្រប់​កាលៈ​ទេសៈ​នោះ​ទេ ដូចជា​(មាន​ប្រពន្ធ៖)ការ​ប្រើ​អំពើ​ហឹង្សា ដើរ​ចោល​ប្រពន្ធ ផឹក​ស្រា លេង​ល្បែង មាន​ស្រី​ឬ​ប្រពន្ធ​ចុង មិន​ធ្វើ​ជា​ប្រយោជន៍​ដល់​គ្រួសារ ហើយ​ថែម​ទាំង​បំផ្លាញ​គ្រួសារ និង(មានសង្សារ៖)​ ការ​លួច​មាន​សង្សារ​បន្ថែម ដើរលេងស៊ីផឹក​ វ៉ៃកាប់ចាក់បាញ់ ញៀន​ថ្នាំ លួចឆក់ប្លន់ ព្រហើន​កោង​កាច​អត់ខ្លាចអ្នកណា គ្មាន​សីលធម៌ គ្មានសាសនា​ មិនធ្វើការមិនសិក្សា ។ល។ និង​ ។ល។ ខ្ញុំ​ជឿ​ថា​អ្នក​ទាំង​អស់​គ្នា​ក៏​មិន​ឲ្យ​តម្លៃ​ទៅ​លើ​អំពើ​ទាំង​នេះ​ដែរ។

រឿង​ចុង​ក្រោយ​មួយ​ទៀត ដែល​នារី​មួយ​ចំនួន​មិន​គួរ​យល់​ច្រឡំ។ ថ្ងៃ​មួយ​ខ្ញុំ​ស្តាប់​កម្មវិធី​មួយ​ក្នុង​វិទ្យុ ស្រាប់​តែ​ឌីជេ​ស្ទាវ​មួយ​នោះ ប្រហែល​ជា​គាត់​និយាយ​ច្រើន​ពេក ញាប់​ពេក មិន​បាន​ប្រយ័ត្ន ឬ​គិត​មិន​ទាន់, បាន​ប្រលោយ​ពាក្យ​ថា “ប្រុសៗ​រៀបការ​ហើយ ចេះ​ដើរ​មាន​ស្រី​ខាង​ក្រៅ​បាន, អ៊ីចឹង​ស្រីៗ​ការ​ហើយ ក៏​អាច​ដើរ​រក​ប្រុស​ខាង​ក្រៅ​បាន​ដែរ! សិទ្ធិ​ស្មើ​គ្នា​ត្ហើ!” ។ ទស្សនៈ​នេះ បើ​តាម​ខ្ញុំ​យល់ គឺ​បាន​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ដល់​សង្គម​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​មាន​មនុស្ស​មិន​តិច​ទេ ដែល​ស្តាប់​អន្ទិត​នោះ, មាន​ន័យ​ថា​ការ​អះ​អាង​របស់​គាត់ បាន​ព្យាយាម​បណ្តុះ​ទុទ្ទិដ្ឋិនិយម​ទៅ​ក្នុង​គោល​គំនិត​របស់​នារី​ទាំងឡាយ ដែល​គំនិត​នេះ វា​ផ្ទុយ​ស្រឡះ​ពីៈ ១.) ប្រពៃណីខ្មែរ និង ២.) ច្បាប់​របស់​សង្គម ១៨០​ដឺក្រេ។

បុរាណ​​លោក​​ពោល​​ថា “ស៊ូ​ស្លាប់​បា កុំ​ឲ្យ​ស្លាប់​មេ” ។ សុភាសិត​នេះ​ស្តែង​យ៉ាង​ច្បាស់​ពី​តម្លៃ​នៃ​ស្រ្តី។ ទោះ​ជា​ក្នុង​សម័យ​នេះ​ហើយ​ក៏​ដោយ បុរស​នៅ​តែ​គិត​ថា ប្រពន្ធ​គឺ​ជា​តំណាង​នៃ​សេចក្តី​ស្មោះ​ត្រង់ តំណាង​ឲ្យ​គ្រួសារ​ទាំង​មូល ដូចជា​ការ​គ្រប់គ្រង​គ្រួសារ ការ​មើល​ថែ ចិញ្ចឹម អប់រំ​កូនចៅ ម្តាយ​ធ្វើ​បាន​ល្អ​ជាង និង​មាន​ភាព​ស្និទស្នាល​ជាង​អ្វី​ដែល​ឪពុក​អាច​ធ្វើ​បាន។ ក្នុង​ពេល​ជាមួយ​គ្នា នារី​​ថែម​​ទាំង​អាច​រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​ដូច​បុរស​ដែរ (រីឯ​បុរសមួយចំនួន​ ​ពេល​ផុត​ពី​ការងារ​ហើយ ឆ្លៀត​ដើរ​លេង​បន្តិច​ទៀត….)។ ដោយ​ភាព​ស្មោះត្រង់​នឹង​គ្រួសារ ធ្វើ​អ្វី​ក៏​ដើម្បី​តែ​គ្រួសារ​នេះ​ហើយ ទើប​បុរស​ឲ្យ​តម្លៃ​យ៉ាង​ខ្ពង់ខ្ពស់​ទៅ​លើ​ប្រពន្ធ​របស់​ខ្លួន គិត​ថា​ប្រពន្ធ​គឺ​ជា​ទ្រព្យសម្បតិ្ត​ដ៏​វិសេស​វិសាល។ ហើយ​កា​រដែល​ឲ្យ​តម្លៃ​ខ្ពស់​នេះ​ហើយ ទើប​ជា​មិន​អាច​ទទួល​បាន​ហ្នឹង នៅ​ពេល​ដែល​ដឹង​ថា​ប្រពន្ធ​លួច​មាន​ក្រៅ​នោះ។

បើ​ប្រពន្ធ​ចោទ​ប្តី​ថា​មាន​ស្រី​(អត់​ភស្តុតាង) ភាគ​ច្រើន​គឺ​អត់​បញ្ហា តែ​បើ​ប្តី​ចោទ​ប្រពន្ធ​(អត់​ភស្តុតាង​ដូច​គ្នា)ថា​មាន​ប្រុស នោះ​ប្រពន្ធ​ពិត​ជា​ខឹង​ដាច់​ក្បាល​ដាច់​កន្ទុយ​មិន​ខាន។ ប្រតិកម្ម​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រពន្ធ​មិន​អាច​ទទួល​ការ​មើល​ងាយ​ថា​មាន​ក្រៅ​បាន​ទេ។ វា​អយុត្តិធម៌​ចំពោះ​គាត់ នៅ​ពេល​ដែល​គាត់​ស្មោះ​ត្រង់ បែរ​ជា​ចោទ​គាត់​ថា​ក្បត់​ទៅ​វិញ។ ក្នុង​​ករណី​​នេះ ប្រពន្ធ​បាន​និង​កំពុង​តែ​ធ្វើ​យ៉ាងល្អ ស្មោះត្រង់​ជាមួយ​ប្តី និង​គ្រួសារ​ទៅ​ហើយ ហេតុអ្វី​ក៏​ឌីជេ​ស្ទាវ​នោះ​មក​បំផុស​គំនិត​ថា​មាន​សិទ្ធិ​ដូច​គ្នា គឺ​អាច​រក​ក្រៅ​ដូច​គ្នា​បាន ឲ្យ​ប្រពន្ធ​ចេះ​រក​ក្រៅ​ដែរ​ទៅ​​វិញ?  បើ​ប្តី​មាន​កំហុស​(ក្បត់ប្រពន្ធ)​ទៅ​ហើយ ម្តេច​ក៏​ចង់​ឲ្យ​ប្រពន្ធ​សាង​កំហុស​ដូច​គ្នា​ទៅ​វិញ? មិន​គួរ​ចង់​ឈ្នះ​តាម​របៀប​នេះ​ទេ… ចុះ​កូនៗ? កេរ្តិ៍​ឈ្មោះ​គ្រួសារ? បើ​ឳពុក​មាន​ស្រី​ក្រៅ ម្តាយ​មាន​ប្រុស​ក្រៅ តើ​អ្នក​ជិត​ខាង​គេ​មើល​មក​គ្រួសារ​នោះ​យ៉ាង​ម៉េច​ទៅ?

អ៊ីចឹង​សួរ​ថា​ខ្ញុំ​ហ្នឹង​គាំ​ទ្រ​ឲ្យ​ប្តី​មាន​ក្រៅ​ឬ? ទេ! ខ្ញុំ​ក៏​គាំទ្រ​ការ​មាន​សិទ្ធិ​ស្មើ​គ្នា​ដែរ ប៉ុន្តែ​មិន​មែន​ក្នុង​​របៀប​មួយ ដែល​ឲ្យ​ភាគី​ទាំង​សង​ខាង​ដើរ​រក​ក្រៅ​ទាំង​ពីរ​នោះ​ទេ! គំនិត​ខ្ញុំ​គឺ​ចង់​ទប់ស្កាត់ និង​ដាក់​ទណ្ឌកម្ម​លើ​ភាគី​ណាមួយ​ដែល​កំពុង​តែ​ធ្វើ​ខុស។ នេះ​ហើយ​ទើប​គេ​ហៅ​ថា “សិទ្ធិ​ស្មើគ្នា” នោះ! គឺ​មិន​បំពាន​សិទ្ធិ​អ្នក​ដទៃ មិន​បំពាន​លើ​ប្តី​ឬ​ប្រពន្ធ​របស់​ខ្លួន។ អ៊ីចឹង​សួរ​ថា​តើ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ទៅ ដើម្បី​ឲ្យ​អ្នក​ក្បត់​(ប្តី​ឬ​ប្រពន្ធ) ទទួល​កំហុស​បាន? មាន! គឺ​យើង​មាន​ច្បាប់​ស្ដី​ពី​ឯកពន្ធភាព​ សម្រាប់​ធ្វើ​ជា​មូលដ្ឋាន​បាន។

មាត្រា១ ក្នុង​ជំពូក​ទី១​(បទប្បញ្ញត្តិ​ទូទៅ)នៃ​ច្បាប់​ស្ដីពី​ឯកពន្ធភាព បានចែងថា ៖ “ច្បាប់​នេះ​មាន​គោល​បំណង​ការពារ​សេចក្ដី​ថ្លៃថ្នូរ និង​ពង្រឹង​សុខដុមរមនា សុភមង្គល​ក្នុង​គ្រួសារ និង​ការ​គោរព​សិទ្ធិ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ប្ដី​និង​ប្រពន្ធ….។”

មាត្រា៧ ក្នុង​ជំពូក​ទី២ (និយមន័យ ពិរុទ្ធភាព និង​នីតិវិធី) ៖ “ត្រូវ​ចាត់​ទុក​ថា​មាន​ពិរុទ្ធ​ក្នុង​បទផិត ចំពោះ​បុរស​ណា ដែល​មាន​ចំណង​អាពាហ៍​ពិពាហ៍​ពី​មុន​មិន​ទាន់​រលាយ ហើយ​ទៅ​រួមសេវនកិច្ច​ជាមួយ​ស្ត្រី​ផ្សេង​ទៀត ឬស្ត្រី​ណា ដែល​មាន​ចំណង​អាពាហ៍​ពិពាហ៍​ពី​មុន​មិន​ទាន់​រលាយ ហើយ​ទៅ​រួមសេវនកិច្ច​ជាមួយ​បុរស​ដទៃ​ទៀត។”

មាត្រា១០ ក្នុង​ជំពូក​ទី៣ (ទោសប្បញ្ញត្តិ)៖ “ជន​ណា​ប្រព្រឹត្ត​ល្មើស​នឹង​មាត្រា ៦ និង​មាត្រា ៧ នៃ​ច្បាប់​នេះ ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី ១ (មួយ) ខែ ដល់ ១ (មួយ) ឆ្នាំ និង​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់ពី ២០០.០០០ (ពីររយពាន់) រៀល ដល់ ១.០០០.០០០ (មួយលាន) រៀល ឬ ផ្ដន្ទាទោស​ណាមួយ​នៃ​ទោស​ទាំង​ពីរ។”

ទោះ​ជា​ការ​វិភាគ​ចំពោះ​រឿងនេះ មាន​ភាព​ចម្រូង​ចម្រាស​យ៉ាង​ណា​ក៏ដោយ ដោយសារ​មនុស្ស​មាន​មតិ​ខុសៗ​គ្នា ជា​ពិសេស​គឺ​សេចក្តី​លំអៀង​ទៅ​រក​ភេទ​នីមួយៗ, ក៏​ពលរដ្ឋ​កម្ពុជា​គ្រប់រូប​ត្រូវ​តែ​គោរព​តាម​ច្បាប់​របស់​ប្រទេស​កម្ពុជា​ដែរ គឺ​ច្បាប់​ឯកពន្ធភាព​នេះ​ឯង។

អត្ថបទ​នេះ​ផ្អែក​លើ​យោបល់​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ប៉ុណ្ណោះ ហេតុ​ដូច្នេះ​ហើយ វា​មិន​អាច​ស្រប​ទៅ​តាម​ទស្សនៈ​របស់​អ្នក​អាន​ទាំងអស់​គ្នា​បាន​ទេ។ ខ្ញុំ​ជឿថា​មាន​ខ្លះ​ក៏​ឯកភាព ខ្លះ​ក៏ជំ​ទាស់​ដែរ។ ទោះ​ជា​មាន​ការ​ខ្វែង​គំនិតគ្នា​យ៉ាង​ណា​ក៏ដោយ ក៏​ខ្ញុំ​ជឿ​ថា​ ទាំង​អស់​គ្នា​សុទ្ធ​តែ​ចង់​បាន ការ​ស្រឡាញ់​ ស្មោះត្រង់ យក​ចិត្ត​ទុក​ដាក់ រួម​រ័ក្ស​លុះក្ស័យ​អឺយ…៕៚

h1

ទាល់តែយូរ

August 21, 2008

មួយរយៈ​នេះ ខ្ញុំ​មាន​សេចក្តី​រីក​រាយ​ណាស់ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ទាក់​ទង​នឹង​រឿង​ប្រទេស​ជាតិ។ ខ្ញុំ​ឃើញ​ប្រជាជន​ខ្មែរ​សាមគ្គី​គ្នា​យ៉ាង​ផុល​ផុស យ៉ាង​គគ្រឹក​គគ្រេង ដែល​ខ្ញុំ​មិន​ធ្លាប់​ដែល​នឹក​សង្ឃឹម​ដល់​ថ្នាក់​ហ្នឹង​សោះ។ ប្រជាជន​នៅ​គ្រប់​ទិស​ទី ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស ទាំង​អ្នក​ស្រែ ទាំង​អ្នក​ក្រុង អ្នក​មាន អ្នក​​ក្រ ឧកញ៉ា អ្នក​ជំនួញ​ធំៗ ហើយ​រឹត​តែ​គួរ​ឲ្យ​រំភើប​ទៀត​នោះ មាន​ទាំង​អ្នក​សុំ​ទាន​ទៀត​ផង បាន​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​ទាហាន​ដែល​ស្ម័គ្រ​ការពារ​ទឹក​ដី ប្រឆាំង​នឹង​ពួក​អាសត្វ​កំពូជ​ចោរ​៨០​ជាតិ។

នេះ​ជា​ស្មារតី​ដ៏​គួរ​ឲ្យ​គោរព​សរសើរ​ក្រៃ​លែង​ក្នុង​មួយ​ជីវិត​ខ្ញុំ។ ខ្ញុំ​សរសើរ​ជាង​គេ គឺ​អ្នក​សុំ​ទាន ព្រោះ​បើ​យើង​គិត​ជា​ភាគរយ​នៃ​ទ្រព្យ​សម្បត្តិ​សរុប​របស់​គាត់ ឃើញ​ថា​មាន​តែ​អ្នក​សុំ​ទាន​ទេ ដែល​បាន​ឧបត្ថម្ភ​ច្រើន​ជាង​គេ។ មិន​មែន​ខ្ញុំ​មិន​សរសើរ​លោក​ឧកញ៉ា ឯក​ឧត្តម្ភ អ្នក​ជំនួញ​ធំៗ​ទេ គ្រាន់​តែ​ថា​បើ​អ្នក​ទាំង​នោះ​ជួយ​បាន​កាន់​តែ​ច្រើន រឹត​តែ​​ល្អ​​ហើយ។

ក៏​សូម​ថ្លែង​អំណរ​គុណ​ដល់​រដ្ឋា​ភិបាល​របស់​យើង​យ៉ាង​ជ្រាល​ជ្រៅ ដែល​បាន​ចាត់​តាំង​មន្ត្រី​តាម​ភូមិ​ឃុំ ឲ្យ​រៃ​អង្គាស​លុយ​ប្រជាជន​ដល់​ផ្ទះ ដើម្បី​ចួល​រួម​ចំណែក​ក្នុង​មូល​នីធិ​អភិរក្ស​ប្រាសាទ​ព្រះវិហារ។ វិធី​នេះ​នឹង​ជួយ​សម្រួល​ដល់​ប្រជាជន​មួយ​ផ្នែក ដែល​គាត់​គ្មាន​មធ្យោ​បាយ​​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​គេ​រៃ​អង្គាស។ មីង​ស្រី​ម្នាក់​នៅ​ភូមិ​ខ្ញុំ មាន​ប្រសាសន៍​ថា “អញ​ចង់​ចូល​១​ម៉ឺន​ដែរ តែ​ដូច​ជា​ច្រើន​ពេក ម្ហូប​ឡូវ​ថ្លៃ​សឹង​អី ចូល​២​ដុល្លារ​ទៅ។ ម៉ែ​កា​ច្រឹប​វិញ ពេល​គេ​ចែក​អំណោយ ឃើញ​មុខ​ណាស់ ដល់​គេ​រៃ​អង្គាស​អ៊ី​ចឹង អត់​ចូល​ប៉ា​ដោយ… អត់​ចេះ​ខ្មាស់​គេ​សោះ យាយ​ប៉ិ​នេះ…”។

ខ្ញុំ​បាទ​ក៏​មាន​សេចក្តី​សោមនស្ស សូម​ដាក់​បណ្តាសា​ទុក​ជា​មុន​បើ​សិន​ជា​ជន​ណា​យក​លុយ​របស់​ប្រជាជន​ទៅ​បម្រើ​ផល​ប្រយោជន៍​ខ្លូន ឲ្យ​ជួប​ក្តី​វិនាស​អន្តរាយ និង​ធ្លាក់​នរក ហើយ​មិន​បាច់​ចាប់​ជាតិ​មក​វិញ​រក​ប្រកាច់​អី​ទេ បើ​មក​បំផ្លាញ​សង្គម​ជាតិ​ដដែល។ ខ្ញុំ​សូម​ដាក់​បណ្តាសា​បែប​នេះ ព្រោះ​យល់​ថា​រឿង​នេះ​ជា​រឿង​ដែល​មិន​គួរ​ឲ្យ​កើត​ឡើង​បាន​ទេ។ គេ​អាច​ប្រើ​វិធី​ផ្សេងៗ​ដើម្បី​រក​លុយ ដោយ​ជិះ​ជាន់ កៀប​សង្កន់​ប្រជាជន ទៅ​តាម​រូបភាព​ផ្សេងៗ អាស្រ័យ​ទៅ​លើ​ទេព្យ​កោសល្យ និង​គំនិត​ច្នៃ​ប្រឌិត​របស់​គេ ប៉ុន្តែ​រឿង​នេះ​មូយ ជា​រឿង​​បាបកម្ម​​ធ្ងន់​ធ្ងរ​​ណាស់ ​ធ្ងន់​​ធ្ងរ​​ណាស់។ (សុំ​លួច​ស្តាយល៍​សម្តេច​បន្តិច សូម​សម្តេច​មេត្តា​កុំ​ចាប់​ទោស​អូស​ដំណើរ​ខ្ញុំអី​ទាន)

ឥឡូវ​សូម​បញ្ចប់​រឿ​ង​រៃ​អង្គាស​នេះ​ត្រឹម​ណេះ​ទៅ​ចុះ សូម​ភ្ជាប់​ចូល​មក​រឿង​ពហិការ​មិន​ប្រើ​ផលិតផល​សៀម​ម្តង។

ថ្ងៃ​មុន​ស្តាប់​រ៉ាត់យោ​ប៉ះ​ត្រង់​លោក​ម្នាក់​គាត់​មាន​ប្រសាសន៍​ឡូហ្សិក​ផស់​គាត់ គួរ​ពិចារណា។ គាត់​ថា​អា​ការ​ធ្វើ​ពហិកា​មិន​ប្រើ​របស់​សៀមហ្នឹង វា​ដូច​ជា​មិន​សូវ​ចំណេញ​ទេ ព្រោះ​​យើង​​នឹង​​ងាក​ទៅ​រក​ផលិត​ផល​របស់​ប្រទេស​ផ្សេង​អាដែល។ គាត់​ថា​សំខាន់​គឺ​ខ្មែរ​ត្រូវ​លើក​តម្កើង​គំនិត​ជាតិ​និយម គឺ​ព្យាយាម​បង្កើត​ និង​ប្រើ​ប្រាស់​ផលិតផល​ក្នុង​ស្រុក… ។

មែន ឃើញ​ថា​ថ្មី​ៗ​នេះ គំនិត​ប្រឆាំង​សៀម​បាន​ផុស​ផុល​យ៉ាងខ្លាំង ប៉ុន្តែ​បើ​បាន​បំផុស​គំនិត​ជាតិ​និយម​តាំង​ពីណា​ពីណី​​ឲ្យ​​ខ្លាំង​​បែប​នេះ​​មក​ មិន​​ដឹង​​ជា​​មាន​​ប្រយោជន៍​​មហាសាល​​យ៉ាង​ណា​​ទេ…។ ឧទាហរណ៍ ប៉ុន្មាន​ឆ្នាំ​មុន​នោះ​មាន​ក្រុមហ៊ុន​ខ្មែរ​មួយ មាន​រហូត​ដល់​រោងចក្រ​អាច​បង្កើត​ផលិតផល​ខ្លួន​ឯង​បាន ប៉ុន្តែ​សុខ​ចិត្ត​បិទ​រោងចក្រ​ចោល​តាម​សំណូម​ពរ​បរទេស ដោយ​ទទួល​យក​លុយ​ជា​ថ្នូរ ធ្វើ​របៀប​នេះ​អា​បរទេស​នោះ​អាច​នាំ​ផលិតផល​ដូច​គ្នា​នេះ​ចូល​មក ហើយ​ប្រជាជន​ខ្មែរ​ត្រូវ​ប្រើ​ផលិត​ផល​នេះ​​នាំ​ចូល​​ទៅ​វិញ ដែល​តាម​ការ​ពិត​អាច​ធ្វើ​ខ្លួន​ឯង​បាន​សោះ​ហ្នឹង។

អាហ្និះ​នៅ​មិន​ទាន់​និយាយ​ពី​អ្វី​ដែល​ខ្មែរ​យើង​អាច​ធ្វើ​បាន ប៉ុន្តែ​គ្មាន​លទ្ធភាព​បង្កើត​ជា​រោង​ចក្រ​ឲ្យ​ចេញ​ជា​ផលិតផល​ត្រឹមត្រូវ ម៉ាកានរ​ទៀត​ផង។

ខ្ញុំ​​ថា​ទាល់​តែ​យូរ​បន្តិច ទើប​មាន​ការ​លើក​តម្កើង​គំនិត​ជាតិ​និយម រាប់​តាំង​ពី​ថ្នាក់​ដឹក​នាំ រហូត​ដល់​ប្រជាជន​សមញ្ញ។ ទាល់​តែ​យូរ ទើប​មាន​ការ​បណ្តុះ​គំនិត​ជាតិ​និយម​ដល់​ក្មេង​តាំង​ពី​បឋម​សិក្សា​មក។ ​​យូរ​​ណាស់ៗ ព្រោះ​នៅ​មាន​ប្រជាជន​ជាច្រើន ពេល​ឃើញ​អា​គ្នា​ខំ​ប្រឹង​ប្រើ​ប្រាស់​ផលិត​ផល​ខ្មែរ​ហើយ បែរ​ជា​ពេព​ជ្រាយ​ឲ្យ​គ្នា សុទ្ធ​តែ​របស់​មិន​ថ្លៃ មិន​ល្អ អី​ណាៗ… ហ៊ើយ….

h1

ធ្វើតាមគាត់ ទើបឡាបី

August 12, 2008

«…​ចាស៎ កម្មវិធី​ឡប់ៗ​របស់​នាង​ខ្ញុំ ក៏​សូម​ថ្លែង​អំណរ​គុណ​ជាមួយ​នឹង​ពុក​ម៉ែ​ បង​ប្អូន​ដែល​បាន​គាំ​ទ្រ​ជាមួយ​នឹង​កម្មវិធី​របស់​នាង​ខ្ញុំ។ ចាស៎ ជាមួយ​នឹង​កម្មវិធី​ពិសេស​នេះ លោក​អ្នក​ក៏​អាច​ទូរស័ព្ទ​សួរ​ជាមួយ​នឹង​សំនួរ​ដល់​វាគ្មិន​យើង​ ដែល​ទើប​បញ្ចប់​ជាមួយ​នឹង​ការ​សិក្សា​ថ្នាក់​ឧត្តម នៅ​ឯ​ជាមួយ​នឹង​បឋម​សិក្សា​ព្រែក​ត្នោត។ ចាស៎ សូម​ទូរស័ព្ទ​មក​ជាមួយ​នឹង​លេខ ០១០ ផែប្រាំបួនកូយបួនសាមកាចាស់ របស់​នាង​ខ្ញុំ​មក​ចុះ លោក​អ្នក​នឹង​ទទួល​បាន​ជាមួយ​នឹង​ចំណេះដឹង ទាក់ទង​ជាមួយ​នឹង​ស្ទីល​ប្លែកៗ​របស់​យុវវ័យ​សាម៉ៃ​ថ្មី​នេះ។ ជាមួយ​នឹង​កម្មវិធី ក៏​សូម​ថ្លែង​អំណរ​គុណ​ជាមួយ​នឹង​អ្នក​ឧបត្ថម្ភ​ដែល​បាន​ជួយ​កម្មវិធី​ឲ្យ​មាន​ដង្ហើម​មក​ដល់​ជាមួយនឹង​សព្វ​ថ្ងៃ។ ចាស៎ ជាមួយ​នឹង…»

បើ​និយាយ​ពី​ប្រជា​ប្រិយភាព​ពិធីករ​តាម​ទូរទស្សន៍ ឬ​រាត់យោ​វិញ​ហ្ហ៊ែ ធានា​ថា​ចាស់ៗ​មិន​អាច​ស៊ី​ខ្ញុំ​បាន​ចឹង​ម៉ង ទោះ​ជា​គាត់​រៀន​បាន​ច្រើន ឬ​មាន​បទ​ពិសោធន៍​យូរ​ហើយ​ក្តី។ និយាយ​ឲ្យ​ស្រួល​ស្តាប់ គឺ​មក​ពី​ខ្ញុំ​នេះ​ពូកែ​យក​ស្ទីល​ថ្មីៗ​មក​ប្រើ ហើយ​ពិធីករ​វ័យ​ចំណាស់ ឬ​អ្នក​ដែល​រៀន​សូត្រ​ច្រើន ដឹង​ខុស​ដឹង​ត្រូវ​ច្រើន​ពេក​នោះ គាត់​មិន​ចេះ​ធ្វើ​តាម​អ្នក​សាម៉ៃ​​ថ្មី​​ដូច​ជា​ខ្ញុំ​នេះ។

ដូចខ្ញុំបានលើកមកបង្ហាញនៅប្រយោគគំរូខាងលើនេះស្រាប់។ ពាក្យថា«ជាមួយនឹង» តើទស្សនិកជន ឬ អ្នក​ស្តាប់​រាត់ទ្យុ​ទាំងឡាយ​មិន​ដឹង​ទេ​ឬ​ក៏​អី ថា​អា​ពាក្យ​នេះ​វា​ពេញ​និយម​​យ៉ាង​ណា? ខ្ញុំ​បាន​រៀន​យក​ពាក្យ​នេះ​មក​ប្រើ​ឡើង​រត់មាត់ ប៉ុន្តែ​ចាស់ៗ និង​អ្នក​រៀន​សូត្រ​គាត់​ច្រណែន​ឈ្នានិស​ខ្ញុំ គាត់​សួរ​ខ្ញុំ​ថា កញ្ញា​ឯង​ចេះ​ខ្មែរ​ឬ​ក៏​អត់? ដែល​រៀន​វេយ្យាករណ៍​ខ្មែរ​ទេ? អា​វេយ្យាករណ៍​ស្រាលៗ​ក៏​បាន, ហើយ​ឡើង​មក​និយាយ​ហ្នឹង​បាន​ឆ្លងកាត់​ការ​ហ្វឹកហាត់​អត់?

ខ្ញុំ​ឆ្លើយ​ទៅ​អ្នក​សិក្សា​ទាំង​នោះ​ថា បង​ឯង ពូ​ឯង​អី​ក៏​ពិបាក​ម៉េះ? និយាយ​ចាំ​បាច់​ឲ្យ​ត្រូវ​វេយ្យាករណ៍​ស្អី? សាំ​ម៉េះពូ​ឯង? ខ្ញុំ​ប្រើ​ពាក្យ​នេះ តាម​ពិធីករ​និមិត្តរូប​របស់​ខ្ញុំ​ត្ហើ! មក​ពី​គាត់​ឡាបី បាន​ជា​ខ្ញុំ​ប្រឹង​ធ្វើ​តាម​គាត់។ ខ្វល់​ស្អី បើ​អ្នក​ស្តាប់​គេ​មិន​ដែល​និយាយ​ពី​រឿង​នេះ​ផង។ ឯ​អារឿង​ហ្វឹក​ហ្វាត់​ហ្នឹង​ក៏​មិន​ចាំ​បាច់​ដែរ ឲ្យ​តែ​ធ្វើ​តាម​គាត់​បាន គឺ​ឡូយ​ហើយ។ ខ្ញុំ​សួរ​ឌឺ​គាត់​វិញ​ថា ចុះ​ពូ​ឯង​នឹង​បណ្ឌិត​អក្សរសាស្ត្រ​ហ្ហី?

គាត់​ថា អា​ចំណុច​ស្រាលៗ​ប៉ា​ប៉ុន​ណឹង មិន​ចាំ​បាច់​ទៅ​រៀន​អី​ដល់​ថ្នា​ក់​បណ្ឌិត​រហូត​ដល់​ជ្រុះ​សក់​អី​ហ្ហេ គាត់​គ្រាន់​តែ​អាន​សៀវភៅ និង​អត្ថបទ​កាសែត​ធម្មតា​ៗ ​​ក៏​អាច​ប្រើ​ភាសា​ខ្មែរ​ឲ្យ​បាន​ត្រឹមត្រូវ​ឡ៉ា​មម​តែ​អាច​ទទួល​បាន​ហើយ។ តែ​អា​ពាក្យ «ជាមួយនឹង»​នេះ ពូ​ស្រ​កៀរ​ត្រចៀក​ណាស់ ទ្រាំ​វា​មិន​បាន!

ខ្ញុំ​មិន​ខ្វល់​ទេ។ បើ​ថា​ពូ​ឯង​ច្រណែន​ខ្ញុំ​ ក៏​ថា​ទៅ មិន​បាច់​មក​ទិទៀន​ខ្ញុំ​ទេ។ ខ្ញុំ​និយាយ​តាម​តែ​គាត់ ព្រោះ​គាត់​ឡា​បី..

h1

មួកសម្រាប់ភ្នំ

July 9, 2008

គណៈកម្មការ ​តាមដាន​វិនាសកម្ម​ក្នុង​ប្រទេស មាន​សេចក្តី​ទាន់ហន់​ឥត​ឧបមា សូម​ធ្វើការ​រៃ​អង្គាស​ជាកំហិត​នូវវិភាគទាន​ផ្ទាល់ខ្លួន​មួយ​ចំនួន ពី​សប្បុរសជននានា ដើម្បី​ចូលរួម​ជាចំណែក​តូច​មួយ ​ក្នុង​កិច្ច​អភិវឌ្ឍន៍​​ជាមួយ​រដ្ឋាភិបាល​របស់​យើង។ យើងខ្ញុំសូម​អំពាវនាវ​ដល់​សប្បុរសជន​ទាំងឡាយ​ចូលរួម​ឧបត្ថម្ភ​ជាទឹកប្រាក់​ ទឹកមាស ផ្លាកទីន ​វេរ​លុយ​ពី​ខេត្ត​មក ឬ​ផ្ទេរ​ចូល​កុង​ធនាគារ​រួម​របស់​គណៈកម្មការ​ដែល​មាន​លោក​ឌី ជា​តំណាង​ម្ចាស់​អាខោន​ក៏បាន ដើម្បីយក​ទៅផលិតមួក​សម្រាប់​ឲ្យភ្នំ​ពាក់។

មូលហេតុ

តាម ​ការ​សង្កេត​របស់​ខ្ញុំ​បាទ​ក្នុង​ពេល​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទៅ​ កំពង់សោម កំពង់ចាម​ជាមួយ​សហការី​ខ្ញុំ ក៏​​ដូចជា​តាម​ផ្លូវ​ឡើង​ភ្នំ​គូលេន​លេង​ជាមួយ​ពួកម៉ាក ខ្ញុំបាទសូម​ធ្វើ​ការ​ចាប់អារម្មណ៍​ដូចតទៅ ៖

មនុស្ស ​យើង​ពេល​គាត់​ចេញ​ទៅ​ណា​មក​ណា​កណ្តាល​ថ្ងៃត្រង់ ម្ល៉េះ​គាត់​តែង​រក​មួក​មក​ពាក់​ការពារ​កំដៅថ្ងៃ។ ជាពិសេស​លោកសង្ឃ គាត់​ត្រូវ​ការ​រក​ឆ័ត្រ​មក​បាំង ពេលព្រះអង្គ​និមន្ត​បិណ្ឌបាត្រ​រហូត​ដល់​ថ្ងៃ​ក្តៅ ព្រោះ​គាត់​នឹង​រឹត​តែ​ក្តៅ​ជាង​មនុស្ស​មាន​សក់ ដូចជា​យើង​រាល់គ្នា​ទៅ​ទៀត។

ចុះ ​ចំឡែក​អី​តែ​ភ្នំ! នៅ​កណ្តាល​ថ្ងៃត្រង់​រាល់ថ្ងៃ អត់​មាន​អី​បាំង ម៉្លេះ​សម​នឹង​ក្តៅ​យ៉ាងណា​ទៅ? មាន​ភ្នំ​ខ្លះ​ ប្រហែល​ជា​យុវភ្នំ​ហើយ​មើល​ទៅ ព្រោះ​ឃើញ​មាន​សក់​ច្រើន ទំនង​ជា​មិនក្តៅ​ទេ តែ​ភ្នំ​មួយ​ចំនួន​ទៀត​មើល​ទៅ​ប្រហែល​ជា​ជរាភ្នំ ព្រោះ​មិន​សូវ​ឃើញ​មាន​សក់​ទេ ប្រហែល​ជា​​ជ្រុះ​តាម​វ័យ​ក៏​មិន​ដឹង ឬមួយ​មាន​ពីណា​ដក​សក់​គាត់​? ឬ​មួយ​គាត់​ប្រើ​សាប៊ូ​ខុស​​ឬ​យ៉ាងណា? បាន​ជា​ឃើញ​មាន​នៅ​សល់​សក់​រុយៗ តើគាត់ក្តៅយ៉ាងណាទៅ? ពេល​នោះ​ខ្ញុំ​មាន​ចិត្ត​អាណិត​ភ្នំ​ទាំងនោះ​ពន់​ពេកក្រៃ ដោយក្តីស្រម៉ៃក្នុងចិត្តថា គួរ​តែ​នាំ​គ្នា​ធ្វើ​មួក​​សម្រាប់​ភ្នំ​ទាំង​នោះ​ពាក់ ដើម្បី​កុំ​ឲ្យ​ក្តៅ​ពេក។

កម្មវិធី

ដើម្បី ​ជា​សក្ខីភាព​នៃ​ព្រឹត្តិការណ៍​មហា​ប្រវត្តិសាស្ត្រនេះ គណៈកម្មការ​នឹង​បង្កើត​កម្មវិធី​សិល្បៈ​កំប្លែង ដឹកនាំ​សម្តែង​ដោយ​លោក ប៊ុនធឿន (Mr. Bean) កំដរ​នា​រាត្រីថ្ងៃសៅរ៍។ បញ្ជាក់ ៖ គណៈកម្មការ​សូម​រក្សាសិទ្ធិ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាត់ស្បែក​ជើង ឬ​មួក​របស់​អ្នក​ចូល​រួម​ទស្សនាឡើយ។

ចំនួន ​​មួក​​តិច​​ឬ​​ច្រើន​នឹង​ត្រូវ​បាន​ផលិត​ឡើង អាស្រ័យ​ទៅ​តាម​បរិមាណ​វិភាគទាន​ដែល​សប្បុរស​យើង​បាន​បរិច្ចាគ​​ ហើយ​ការ​ដឹកជញ្ជូន​មួក​ដ៏​មហិមារ ដែល​ត្រូវ​យក​ទៅ​តំឡើង​តាម​គីរី​ទាំងនេះ នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ បន្ទាប់​ពី​គណៈកម្មការ​លេង​វាយប៉េងប៉ុង​រួច។

សមាសភាពគណៈកម្មការ

- លោក ប៊ុនធឿន អ្នកដឹកនាំក្រុមកំប្លែងប្រចាំភូមិយើង

- លោក ស៊ា ប្រធានក្រុមបាល់ទាត់ជម្រើសយុវជនខូចចិត្តអាយុក្រោម ៨០ឆ្នាំរបស់ភូមិ

- លោក វាសនា ទីប្រឹ​ក្សា​វិភាគ​និងវិនិច្ឆ័យ​សីលធម៌​និងអត្តចរិក​ក្រមុំ​នៅ​ក្នុង​ភូមិ

- លោក ឌី គណនេយ្យករ​គ្រប់គ្រង​ចំណូល​ចំណាយ​លើ​ការ​ទិញ​ចង្រិតលីង ខ្ចៅស្ងោរ គ្រលីងឈូក និង​អំពៅសាង

- លោក បូរាណ ប្រធាន​កិត្តិយស​សមាគម​ជន​អត់​គ្រប់ទឹក​ភ្នំពេញ និង​ជា​មេក្លោង​បង្កើត​បញ្ហា​ឡប់ៗ​នេះ

ទំនាក់ទំនង

គណៈកម្មការ ​ទាំង​ប្រាំ​គ្រឿង​នេះ​តែង​តែ​ប្រចាំការ​នៅ​សួន​សម្តេច​អគ្គ​មហា​សេនា​ បតីតេជោ ហ៊ុន សែន នៅ​រៀងរាល់​ចុង​សប្តាហ៍ ពេលល្ងាច គឺ​សង្កេត​មើល​ក្រុម​ណា​លេង​ទាត់បាល់(សីដក់)​រញ៉េរញ៉ៃ គ្មាន​វិជ្ជាជីវៈ (មាន​សីលធម៌​ខ្ពស់) គឺ​ក្រុម​ហ្នឹង​ហើយ មិន​ខុស​ទេ ឬទាក់ទង​តាម​អ៊ី​មែល kaunkhmer@school.study.4kh ក៏បាន។ សូមអរគុណ!

h1

រកឃើញហើយ ស៊ុបពើមែន

May 10, 2008

មេឃ​ចាប់​ផ្តើម​ងងឹត​ស្លុប ខ្មៅ​កក្រិត​តាំង​ពី​ម៉ោង​បី​ល្ងាច ហាក់​ដូច​ជា​កំពុង​តែ​សោក​សង្រេង​នឹង​អ្វី​មួយ។ វាយោ​បក់​ផាត់​យ៉ាង​កញ្ឆក់​កញ្ឆែង គួច​សំរាម​​ធូលី​នៅតាម​ផ្លូវ ហោះ​ឡើង​ខ្ញាល់​ វិល​វល់ ងងឹត​ងងុល​មើល​មិន​យល់​អ្វី​សោះ​ឡើយ…. គួច​ទាំង​ខោ​លីអូ​ពី​​ណាគេ​ទេ​ហ្ន៎! យក​ទៅ​ហើយ ម៉េច​ក៏​មិន​សារ​ខោ​អាវ​ទុក​អ៊ីចឹង? មិន​ដឹង​ធ្លាក់​ទៅ​ត្រូវ​សត្វ​លោក​ណា​ម្នាក់​ក៏​មិន​ដឹង។ សំឡេង​បង្អួច​នៅ​ការិយាល័យ​ធ្វើ​ការ​របស់​ខ្ញុំ បក់​បោក​ត្រគោះ​ប៉ះ​គ្នា​លាន់​​ប្រ៉ាវៗគួរ​បារម្ភ​ក្រៃ​ពេក។

ម៉ោង​ជាង​​បួន គូកន​របស់​មេឃា​បាន​បញ្ចេញ​សំឡេង​គ្រឹម​ៗ គ្រហឹម​ឡើង​កក្រើក​អាកាសា លាន់​ឮ​អស្ចារ្យ​សែន​រន្ធត់ រក​តក់​ស្លុត​អ្វី​ម្ល៉េះ​ទេ។ ព្រះ​ភិរុណ​បាន​បំពេញ​បំណង​របស់​មេឃា និង បក្ខ​ពួក​របស់​គេ ដោយ​បង្អុរ​ទឹក​ភ្លៀង​ចុះ​មក ដូច​ជា​កំពុង​តែ​មាន​ពិរោធ​នឹង​អ្នក​ណា​ក៏​មិន​ដឹង។ ដំណក់​ទឹក​ភ្លៀង​រាប់​លាន​គ្រាប់ ហូរ​កាត់​បង្អួច​កញ្ចក់​ខ្ញុំ​ឡើង​ខ្ជាក់ៗ កញ្ជ្រោល​កញ្ជ្រាយ​រាយ​ប្រដេញ​គ្នា បង្ខាំង​មនុស្ស​ម្នា​មិន​ឲ្យ​ចេញ​ទៅ​ក្រៅ​បាន​ឡើយ។

អាកាស​ធាតុ​ត្រឡប់​ជា​ត្រជាក់​ស្រេប សែន​រងា ស្លេក​មេ​ជើង ផ្សំ​នឹង​ខាង​ក្នុង​បន្ទប់​នេះ ម៉ាស៊ីន​ត្រជាក់​ដាក់​ថយ​អស់​លេខ​ផង ​មែ! សែន​រងារ​ញ័រ​ញាក់​សព្វ​សារពាង្គ​ឥត​បើ​ថ្លែង ដួង​ចិត្ត​រឹង​រឹត​តែ​ចម្បែង​នឹក​ដល់​ម្ចាស់​ស្នេហ៍… អង្គុយ​ធ្វើ​ការ​ទាំង​ស្រណោះ ការងារ​ក៏​ភ្លេច​អស់ គិត​ចង់​តែ​ហោះ​ទៅ​ជួប​ដួង​ជីវិត….។ ឥយ៉ា! នាង​ផ្ញើ​សារ​មក​ហើយ នាង​រងារ​នឹក​ដល់​ខ្ញុំ​ដែរ​មិន​ខាន​ឡើយ

- អូយ ឃ្លាន​ណាស់…. អូន​ចង់​ញ៉ាំ​ត្រចៀក​ជ្រូក!
- អុញ! អូខេ​ចង់​ញ៉ាំ​បង​ឲ្យ​ញ៉ាំ តែ​ត្រូវ​ចាំ​ញ៉ាំ​មួយ​ចំហៀង មួយ​ទៀត​សូម​ទុក​ស្តាប់​សៀង ម៉ុម​អូន​ច្រៀង​បំពេរ​រៀម….
- ចង់ញ៉ាំមាត់ជ្រូកបានទេ? មាត់ហ្នឹងផ្អែមពេក….
- អូ៎! បើ​ពៅ​ញ៉ាំ​មាត់​ពិត​ភ្លាត់​កិច្ច​ការ បាត់​អស់​វោហា​ចចារ​ជាមួយ​ថ្លៃ សូម​ទុក​មាត់​នេះ​បាត់​ថើប​ចរណៃ ច្រៀង​លោម​ហរទ័យ សម្តី​ផ្អែម​ទៀត​ណា៎​ពៅ​ព្រលឹង….
- បើ​បង​ទុក​មាត់​សម្រាប់​ថើប អ៊ីចឹង​ឲ្យ​អូន​ញ៉ាំ​ច្រមុះ​ជ្រូក​របស់​បង​ណា៎….
- ឱ! បើ​អត់​ច្រមុះ​បង​រស់​ម្តេច​បាន? បាត់​ក្លិន​កល្យាណ​ខុស​អី​នឹង​ក្ស័យ? ច្រមុះ​ជា​គូ​នឹង​មាត់​ណា៎​ថ្លៃ ពៅ​កុំ​ញ៉ាំ​អី សុំ​ទុក​ស្រង់​ក្លិន​កេសា​ពិដោរ​អូន….
- រងា​​ទេ​​បង? ឲ្យ​​អូន​​ត្រកង​​ក្រសោប​​ស្ងួន គ្រាន់​​បាន​​ជា​​គ្នា អស់​​​រងា​ណា​​នឹម​​នួន ម៉ោះ​​ម៉ោ​​ឲ្យ​​ជិត​​ម៉ោ អូន​​ក្រសោប…
- អ៊ឺម​​ហ៊ឺម​​អូហូ​​កក់​​ក្តៅ​​ណាស់​​អូន ហត្ថា​​នឹម​​នួន​​ដូច​​ជា​​ផាហ៊ុម បង​​ចង់​​ដណ្តប់​​ព័ទ្ធ​​ឲ្យ​​ជិត​​ជុំ ឱ! ដៃ​​ផាហ៊ុម​​គឺ​​ដៃ​​នួន​​ល្អង…

ដឹង​ថា​បង្ខាំង​ខ្ញុំ​ក៏​ឥត​ប្រយោជន៍ ព្រោះ​ខ្ញុំ​លែង​រងា គ្រាប់​ភ្លៀង​ទាំង​ឡាយ​ក៏​សុខ​ចិត្ត​ដក​ថយ​ទៅ​វិញ ឥឡូវ​​នេះ​ខ្ញុំ​អាច​ចេញ​ទៅ​សាលា​បាន​ហើយ តែ​នៅ​តែ​យឺត​ម៉ោង​ទី​មួយ​ដដែល។ នៅ​ម្តុំ​ផ្សារ​អូឡាំពិក ផ្លូវ​សាលារៀន​ចិន គ្រាន់​តែ​ដល់​នេះ​ភ្លាម ឃើញ​ទឹក​ល្ហ​ល្ហាច​គ្រប់​ច្រក​ល្ហក ទៅ​ណា​ក៏​គង់​តែ​មិន​ផុត​ឡើយ មាន​តែ​ប្រថុយ​ជិះ​កាត់​មហាសាគរ​នេះ​​ហើយ រលត់​ឬ​មិន​រលត់​ពឹង​លើ​សម្លាញ់​ខ្ញុំ​ហើយ​ពេល​នេះ។ អូ៎​ហូ! មើល​ក្មេង​ស្រី​នោះ​ចុះ ស្លៀក​សំពត់​ខ្លី​មហា​ខ្លី សាច់​ឡើង​ស​ខ្ចី​ដើរ​កាត់​ទឹក​ ឃើញ​ភ្លាម​ស្ទើរ​តែ​ភ្លឹក មនុស្ស​ច្រើន​សន្ធឹក​នាង​ហ៊ាន​កង្ខើញ​ទៀត​ហ្ន៎!

- នែ​នែ ក្មួយ​ស្រី លេច​ហើយ!
- ចា៎​ពូ! ឲ្យ​តែ​ភ្លៀង​លេច​រហូត​ហ្នឹង កុំ​ទៅ​ឆ្ងល់!
- អុញ!?!

កូន​ទូក​បណ្តែត​ខ្លួន​គើម​ៗ​លើ​ជលសា ក្រឡេក​គ្រាប់​ទិសា​ឃើញ​សុទ្ធ​តែ​ទឹក​បែប​នេះ ដូច​ជា​កំពុង​ជិះ​ទូក​នៅ​កំពង់​សោម​អ៊ីចឹង ធ្វើ​ឲ្យ​នឹក​ដល់​កោះ​ពស់​ណាស់​លោក​អឺយ!….។ មក​ដល់​ផ្លូវ​បត់​មួយ ខ្ញុំ​រក​បត់​ទៅ​ហើយ តែ…. អីយ៉ូយ លុចស៊ីស​ស្លាក​លេខ​ខ.ម.​មួយ ស្ទុះ​សង្គ្រប់​យក​កន្លែង​បាន​មុន​ស្រេច​ទៅ​ហើយ។ ពេល​នេះ​ខ្ញុំ​ស្ថិត​នៅ​ជាប់​ចំ​ពី​មុខ​ឡាន​តែ​ម្តង ខ្ញុំ​ឃើញ​ភ្នែក​វា​ធំ​ៗ​សែន​មុត មាន​ចង្កូម​យ៉ាង​វែង​ស​ស្ញាច គួរ​ឲ្យ​ខ្លាច​មែន​ទែន ដល់​ពេល​វា​លោត​ស្ទុះ​មក​ភ្លាម​​ៗអ៊ីចឹង​ទៀត ហាក់​ដូច​ជា​សីហ​កំពុង​គម្រាម​យក​ជីវិត​សត្វ​ប្រើស​មួយ​ក្បាល​អ៊ីចឹង ប្រើស​ក៏​មិន​ហ៊ាន​នៅ​ទើស​ដំណើរ​ដែរ រួច​ប្រញាប់​ប្រញាល់​រត់​ចេញ ក្រែង​លោ​សីហ​ទ្រាំ​មិន​បាន ត្របាក់​យក​ជីវិត​ទៅ។ មិន​ហ៊ាន​ទេ លោក​ម្ចាស់​អឺយ ទៅ​ចុះ​ទាន! សុំ​តែ​ម៉ា​រួច​ខ្លួន​គ្រាន់​តែ​សរសេរ​រឿង​ឲ្យ​គេ​បាន​សើច​កំសាន្ត​លេង​ទេ ជា​ពិសេស​គឺ​ម្ចាស់​ជីវិត​របស់​ខ្ញុំ។

សីហ​បាន​ពុះ​ជ្រែក​យក​ផ្លូវ​មួយ​ចំហៀង​ម្នាក់​ឯង រួច​បោះ​ពួយ​ចូល​ព្រៃ​បាត់​ហើយ នៅ​សល់​តែ​ម្រឹគី​ម្រឹគា​តូច​ៗ​កំពុង​តែ​ចែវ​ទូក​ខ្វេះ​ៗ មិន​ហ៊ាន​លឿន​ឡើយ ខ្លាច​សាច​ទឹក​ប៉ះ​គ្នា…. មាន​អធ្យាស្រ័យ​ចំពោះ​គ្នា​ល្អ​ណាស់ គួរ​ឲ្យ​សរសើរ​មែន​ទែន…។ យី! ចុះ​អា​ប្រកាច់​នោះ​ម៉ោ​ពី​ណា​ខុស​​គេខុស​ឯង​អ៊ីចឹង?! វា​ចែវ​ទូក​ឬ​ក៏​ប្រណាំង​ម៉ូតូ?! មើល​វា​ៗ! ម៉ោ​ហើយ​ៗ! គេច​ទៅ​ណា​ក៏​មិន​ផុត​ដែរ​! [ឆ្វាច់!] ទទឹក​សើម​មួយ​ចំហៀង​ខ្លួន​គ្រប់​គ្នា ទាំំង​អ្នក​នៅ​មុខ​ខ្ញុំ ទាំង​ខ្ញុំ និង អ្នក​នៅ​ក្រោយ​ៗ​ទាំង​អស់ វា​រាស់​ស្អាត​ម៉ា​ផ្លូវ​ដាច់ ឡូយ​ផស់​វា។ “អា​ច្រវាក់​ក! អា​ប្រញាប់​ទៅ​ងាប់! ហ្ហែង​មេឃ​ចឹង​ផង​ប្រយ័ត្ន​រន្ទះ​ជួយ​បំពេញ​បំណង​ហ្ហែង​ទៅ អា​ស្លាប់​យ៍!…” ខ្ញុំ​ជេរ​វា​ក្នុង​ពោះ ព្រោះ​វា​ធំ​ជាង​ខ្ញុំ។ អា​ហ្និះ​ស្លៀក​ពាក់​ថ្លៃ​ថ្នូរ​ណាស់ មើល​ទៅ​ដូច​បញ្ញាវ័ន្ត តែ​សីលធម៌​វា​អន់​ជាង​ក្មេង​កំព្រា​ដើរ​រើស​អេត​ចាយ​ទៅ​ទៀត។ ក្មេង​ទាំង​នោះ​មិន​បាន​ទទួល​ការ​អប់រំ​ខ្ពង់​ខ្ពស់​ផង នៅ​មិន​ដែល​ធ្វើ​ឲ្យ​គេ​ស្អប់​ដល់​ថ្នាក់​ហ្នឹង​ដែរ ចុះ​អា​ហ្និះ​សំណាង​វា​កើត​ចំ​គ្រួសារ​ស្តុកស្តម​ហើយ ម្តេច​​មិនថែ​កិត្តិយស​ឲ្យ​ឪ​ម៉ែ​វា​វិញ​ផង?

ផុត​ពី​នេះ​ទៅ អត់​មាន​ទឹក​លេច​ទៀត​ទេ រហូត​ដល់​ម្តុំ​ឃ្លាំង​រំសេវ​ទើប​មាន​ទឹក​ល្ហល្ហាច​ទៀត។ ខ្ញុំ​មិន​បាន​ដឹង​ខ្លួន​ជា​មុន បើ​ខ្ញុំ​ដឹង​ខ្ញុំ​វាង​ទៅ​ផ្លូវ​ពេទ្យ​​សង្ឃ​ហើយ នឹង​បាន​រួច​ខ្លួន តែ​ជ្រុល​ហើយ ទឹក​លិច​លើស​ជង្គង់​ទៅ​ទៀត រក​ត្រឡប់​ក៏​មិន​កើត មនុស្ស​ក៏​ច្រើន។ កូន​ទូក​តូច​ៗ​ជា​ច្រើន ត្រូវ​ម្ចាស់​វា​អូស​បណ្តើរ​កាត់​ទឹក​ទៅ​វិញ ហាក់​ដូច​គេ​អូស​ពួក​អា​ចោរ​ឈ្លាន​ពាន​ទឹក​ដី​យើង យក​ទៅ​ប្រហារ​អ៊ឹចឹង មុខ​ឡើង​ក្រញូវ មាត់​ជីព​អូចៗ​ទៀត មិន​ដឹង​ជា​ជេរ​ទូក​របស់​គាត់ ឬ​ក៏​ជេរ​អ្នក​ណា​ផ្សេង​ទៀត​ដែល​បង្ហូរ​ទឹក​ឲ្យ​លេច​ពេញ​តែ​ផ្លូវ​បែប​នេះ។

គូ​ប្រកួត​របស់​ខ្ញុំ​ជា​ច្រើន​បាន​ចុះ​ចាញ់​អស់​ច្រើន​ហើយ តែ​ខ្ញុំ​ និង ​សម្លាញ់​ខ្ញុំ នៅ​តែ​មាន​អនុភាព​ពុះ​ជ្រែក​ជលសារ​ដ៏​ល្វឹង​ល្វើយ​នេះ​នៅ​ឡើយ ទោះ​ជា​ពេល​ខ្លះ​ត្រូវ​កប៉ាល់​ធំ​ៗ​បើក​ជិត ធ្វើ​ឲ្យ​មាន​រលក​ដ៏​មហិមា បក់​បោក​វឹប​ៗ​ស្ទើរ​ក្រឡាប់​ម្តង​ៗ​ក៏​​ដោយ ក៏ការ​សហការ​គ្នា​នឹង​យល់​ចិត្ត​គ្នា​យ៉ាង​ស្អិត​រមួត​របស់​អ្នក​ក្លាហាន​ទាំង​ពីរ​នេះ នៅ​តែ​ធ្វើ​ការ​តស៊ូ​រក​អ្នក​ឈ្នះ​ចាញ់​ឲ្យ​ខាង​តែ​បាន។

ដំណាក់​កាល​ដែល​ក្តៅ​គគុក​បំផុត ដែល​នឹង​សម្រេច​ថា​អ្នក​ណា​ជា​អ្នក​ខ្លាំង គឺ​នៅ​ត្រង់​សាលា​សន្ធរម៉ុក​នេះ​ឯង។ អស់​មែន​ទែន​ហើយ គូ​ប្រកួត​ខ្ញុំ​ចុះ​ចាញ់​អស់​ហើយ នៅ​សល់​តែ​សម្លាញ់​ខ្ញុំ​កំពុង​តែ​ពុះ​ពារ បិទ​ភ្នែក​ខាំ​មាត់​ទធាក់​ជើង​ខ្វេះ​ៗ លូន​បន្តិច​ម្តង​ៗ តឹង​ទ្រូង​មែន​ទែន សឹង​តែ​ថប់ ដណ្តើម​ជំនួស​វា “ប្រឹង​ឡើង​ៗ! អា​សម្លាញ់ ជិត​ដល់​ទី​ហើយ! ដល់​ទី​យើង​នឹង​បាន​រង្វាន់!”។

អស់​ស្ទះ! រក​ឃើញ​ហើយ​អ្នក​ខ្លាំង! អស្ចារ្យ​មែន ស៊ុប​ពើ​មែន​គឺ​ម៉ូតូ​ខ្ញុំ​ហ្នឹង​ហើយ! ចាប់​ពី​ ពេល​នេះ​ទៅ ខ្ញុំ​លែង​ខ្លាច​ទឹក​លេច​ទៀត​ហើយ ទោះ​ជា​ទឹក​លេច​ដល់​ត្រឹម​ក​ក៏​ខ្ញុំ​មិន​ខ្លាច​ដែរ! “អូខេ! អា​សម្លាញ់ រង្វាន់​របស់​ឯង​គឺ​ប្រេង​ម៉ាស៊ីន​មួយ​កំប៉ុង​ណា! ពេញ​ចិត្ត​ទេ?”៚

h1

មានន័យថាម៉េច?

March 9, 2008

ម្សិលមិញខ្ញុំជិះម៉ូតូទៅសាលា។ ខ្ញុំដូចជាកំពុងតែកំសាន្តភ្នែកនិងអារម្មណ៍ជាមួយនឹងរូបភាពដែលខ្ញុំឃើញនៅតាមដងវិថី។ ភ្នែកខ្ញុំវាអរគុណខ្ញុំ ដែលនាំវាមើលស្រីៗស្អាតៗ មានខ្លះទៅ រាងតូចច្រឡឹងៗផស់គេ ជិះម៉ូតូទៅរៀនដោយទឹកមុខញញឹមប្រឹមប្រិយ ក្នុងសំលៀកបំពាក់យេយេទាន់សម័យ ខ្ញុំក៏និយាយជាមួយក្មេងស្រីទាំងនោះថា “អេ ក្មួយៗពូ ខំរៀនឮនៅ? ស្អាតៗចឹងបើរៀនពូកែទៀតឡូយដល់ហើយ ហើយចូលឲ្យដល់ក្នុងថ្នាក់ឮនៅ? កុំនៅតាប៉ែ ក្បែររបងសាលា វាអាក្រក់មើល បើត្រូវទៅណា ទៅៗ កុំនៅឲ្យខូចសណ្តាប់ធ្នាប់ និងខូចសតិអារម្មណ៍ដល់មាតាបិតាទាំងឡាយដែលគាត់ជិះកាត់ ហើយគាត់គិតដល់កូនគាត់ដែរហ្នួក។” សូមបញ្ជាក់ថាខ្ញុំនិយាយក្នុងពោះទេ បាទ ពីណាទៅហ៊ាននិយាយចឹងៗជាមួយក្មេងស្រីដែលគួរឲ្យស្រឡាញ់ទាំងអស់នោះ? ព្រោះនិយាយចឹងវាដូចថាឲ្យគេដែរ ទោះជាតាមពិតក្មួយស្រីទាំងនោះខំប្រឹងរៀនក៏ដោយ។

ជិះបន្តិចទៀត ខ្ញុំក៏ឃើញនារីមួយចំនួនកំពុងជិះចេញពីធ្វើការជាមួយនឹងសំលៀកបំពាក់អ៊ុតយ៉ាងស្អាតភ្លឹងៗ បើស្រមោចហ៊ានវាតោង ត្រូវធ្លាក់បាក់កមិនខាន។ ម្នាក់ៗមានរូបសម្ផស្សស្រស់ស្អាត គួរចាប់ចិត្តចេតនាដល់ហើយ។ ខ្លះទៀតក៏មានប្តីគេឌុបអោបចង្កេះគ្នាឡើងខ្វិតគួរ ជាទីច្រណែនពន់ពេក នឹកឡើងថាមិនដឹងជាខ្ញុំហ្នឹង មានថ្ងៃហ្នឹងដែរទេហ្ន៎? ចាស់ទៅៗហើយ…។

ដូចជាចៃដន្យណាស់ដែរ ខ្ញុំឃើញពួកម៉ាកខ្ញុំម្នាក់ដែលបែកគ្នាជិតមួយទសវត្សរ៍ទៅហើយ វាកំពុងស្ថិតក្នុងសំលៀកបំពាក់អ្នកធ្វើការ ជិះម៉ូតូអាគ្លិកស៊េរីថ្មី សក់វាលាបចាហួយឡើងភ្លឹង ធ្វើឲ្យស្រីៗម៉ាចំនួនជ្រុលចង្កូតម៉ូតូស្ទើតែកិនគ្នាម្តងៗ ចំឡែកអីក៏មានយាយចាស់ម្នាក់ អាឡៃតាមើលវា ភ្លេចមើលស្តុប ក៏ធាក់កង់ឆ្លងផ្លូវទាំងភ្លើងក្រហម រួចក៏បណ្តាលឲ្យមាន គ្រោះថ្នាក់ចរាចរយ៉ាងអណោចអធម ព្រោះគាត់បានជិះទៅកិនស៊ីក្លូ ធ្វើឲ្យក្រឡាប់ស៊ីក្លូ ហើយយាយនោះក៏ហោះផ្លោងស្ទុយ ដូចស៊ីឡុងនីក្នុងរឿងអ្នកក្លាហានឥន្រ្ទីយ៌ទេព រួចក៏ធ្លាក់ សង្កត់លើតាស៊ីក្លូដ៏កំសត់នោះទៅ។
ខ្ញុំជាសាក្សីផ្ទាល់ភ្នែកនឹងព្រឹត្តិការណ៍នេះ បានចុះទៅធ្វើការសម្របសម្រួលស្ថានភាព។ “អូ ស្លាប់ហើយ គ្មានរស់ទេតាអឺយ…!” ខ្ញុំស្រែកដោយក្តីអាណិត និងអស់សង្ឃឹម ពេលឃើញមុខរបស់តាឡើងក្រហមឆ្អៅ។ ខ្ញុំក៏ស្ទុះទៅជួយលើកយាយចាស់ដ៏គួរឲ្យអាណិត ស្រាប់តែឃើញទឹកមាត់ស្លាគាត់នៅស្រក់តក់ៗលើមុខតាស៊ីក្លូ “អូ តា មិនអីទេ… ម៉ោតា ខ្ញុំជួយលើក”។

យី អត់មានរឿងអីសោះ គ្រាន់តែសម្លឹងមើលខ្លាំងពេកក៏មានគ្រោះថ្នាក់ដែរហ្ន៎។ “យាយ យាយដឹងថាយាយខុសអត់? យាយឆ្លងភ្លើងក្រហមណា?” ។ យាយឆ្លើយតបខ្ញុំវិញដោយទឹកមុខស្រពាប់ស្រពាន “អូ អាចៅយាយអាឡៃតាមើអាចៅ ដ៏សង្ហាមួយម៉ិញនោះ យាយនឹកដល់ចៅយាយដែលមិនចេះធ្វើការ ចេះតែទារលុយពីយាយ យកទៅដើរលេង។ វាប៉ាប៉ិនគេប៉ាប៉ិនឯងដែរ តែវាចោលម្សៀត។ និយាយឲ្យអស់តាម៉ងទៅ វារៀនចេះច្រើន សឹងអីហ្នឹង តែវាគិតតាពីដើរ មិនរកការធ្វើ! ហ៊ឹម…” “ណ្ហើយ យាយកុំពិបាកចិត្តពេក ទិចទៀតវាគង់ដែរភ្ញាក់ខ្លួនទេ តោះខ្ញុំជួយដាក់ច្រវ៉ាក់កង់ឲ្យ” “អើអាចៅ តែយាយស្លាប់ទៅ វាដឹងខ្លួនហើយ!” “អុញ!?! ខ្ញុំអត់មានថាចឹងហ្នា៎ យាយ!?”។

ខ្ញុំក៏បន្តការកំសាន្តរបស់ខ្ញុំទៀតដោយក្តីសោមនស្ស។ ខ្ញុំគិតថា “យ៉ា ឡូវគេតែងខ្លួនស្អាតៗដល់ហើយ។” ស្រាប់តែភ្លាមនោះការរំពឹងគិតរបស់ខ្ញុំបានរលាយសូន្យដូចអំបិលម្រេចត្រូវពងទាស្ងោរ។ ខ្ញុំបានឃើញយុវជនម្នាក់ជិះម៉ូតូមកបញ្ច្រាស់ទិសខ្ញុំ។ យុវជនដ៏កាលីបម្នាក់នោះ កំពុងតែជិះម៉ូតូអាគុបយ៉ាងរំភើយផាយផាត់តែម្នាក់ឯង ភ្នែកសម្លឹងមើលជន្នានុជនដែលកំពុងចរយាត្រាតាមវិថី ស្រដៀងនឹងខ្ញុំដែរ តែទាស់ត្រង់ថាវាហ្នឹងមើលម៉ាភ្លែតធានាថាដូចអឺរុបតាម៉ង។ សក់ក្បាលវា ម៉ែ! លាបពណ៌លឿងច្រាល បើតាមការរាយការណ៍ពីភ្នាក់ងារឌីហ្សាញ គាត់ថាពណ៌ហ្នឹងបើយើងលាយវាតាមស៊ីអឹមវ៉ាយខេ គឺសូន្យសូន្យម្ភៃសូន្យ តែគាត់បញ្ចាក់ទៀតថាពណ៌នេះ បើបោះពុម្ពគឺពិបាកណាស់ ព្រោះវាមានចំណាំងផ្លាតភ្លឺផ្លេកៗ ដូចសុវណ្ណពេលត្រូវនឹងកាំរស្មីនៃព្រះអាទិត្យដែលហៀបនឹងអស្តង្គតទៅ។ បើនិយាយពីពន្លឺចាំងវិញ វាហាក់ដូចជាបាតុភូតសូរគ្រាសចឹង ហើយបើឲ្យជិះកាប៉ាល់ហោះមើលពីលើម៉ោ ឬក៏មើលតាមផ្កាយរណបចាប់ឲ្យចំកម្ពុជា ភ្នំពេញ ត្រង់ម្តុំស្តុបសន្ធរម៉ុកវិញហ្ហេ ធានាថាឃើញក្បាលអន្ទិតហ្នឹងមុនគេ។

បើនិយាយទៅគួរឲ្យសរសើរគាត់ដែរ អស់គេគ្រប់គ្នា ក៏ដូចជាខ្ញុំដែរ ជិះម៉ូតូដៃពីរ តែអន្ទិតហ្នឹងឡូយអស់ស្ទះ ជិះម៉ូតូតាដៃមួយហ្ហេ ដៃមួយទៀតកាន់បារីជក់ហ្ហ៎ ចំណេញជាង។ យុវជនដែលមានសំបុរឡើងល្ងិតឈឹងដូចមេឃរកភ្លៀង៧មេនេះ លើកបារីជក់ដោយក្រសែភ្នែកចោលទៅលើអ្នកជិតខាងគាត់ ក្នុងន័យមួយដ៏សែនពិបាកពន្យល់រ៉ាយរ៉ាប់ គឺហាក់ដូចជាអ្នកនៅជុំវិញ គាត់ហ្នឹងសុទ្ធតាជំពាក់លុយគាត់ចឹង ឬគេទាំងអស់គ្នាហ្នឹងមិនស្មើគាត់អីម៉ាទិចសោះ។ ខ្ញុំក៏គិតថា “យី ចុះអ្នកកាលីបម្នាក់នេះអីក៏ចំឡែកខុសគេខុសឯងម៉េះ? ធើ្វចឹងៗបានតាគេហ្នឹង កូនសេដ្ឋី ឧកញ៉ា សាច់ឈាមស្រស់ថ្លាអីទៅ វាសមមើលខ្លះ ចុះឯងហ្នឹងវាស្អីដែរ ជិះម៉ូតូយ៉ាងកាចាសហ៍ ពណ៌ងងឹតតែសក់ភ្លឺដូចរន្ទះ ជិះម៉ូតូជើងឡើងកោង ដៃកាន់បារីជក់ដូចមនុស្សពាលជាគ្នា សម្តែងឬកដូចអស់គេរាល់គ្នានោះជាសំរាម ធើ្វចឹងមានន័យថាម៉េច?….”