សម្រាប់អ្នកចេះលេងហ្គីតាស្ទាត់ជំនាញ ដូចជា បណ្ឌិត ជាដើម ប្រហែលជាមិនត្រូវការជំនួយអ្វីទេ ពួកគាត់គ្រាន់តែស្តាប់បទចម្រៀងណាមួយ ក៏អាចលេងតាមបានបាត់ទៅហើយ។ ប៉ុន្តែសម្រាប់អ្នកទើបរៀនលេងថ្មីថ្មោង មិនថារៀននៅសាលា ឬរៀនលេងដោយខ្លួនឯងទេ អ្នកពិតជាអាចលេងហ្គីតាដោយខ្លួនឯងបាន ដរាបណាអ្នក ១.) ចេះមួលតម្រូវខ្សែហ្គីតា ឲ្យត្រូវតាមសំឡេងដែលត្រឹមត្រូវពិតប្រាកដ, ២.) មានអាគ័រក្នុងបទចម្រៀងដែលអ្នកចង់លេង, និង ៣.) ចេះស្តាប់ចង្វាក់ភ្លេង។
តើអ្នកធ្លាប់យកហ្គីតាមករៀនលេងតាមសៀវភៅ ដោយបានសង្កត់ម្រាមដៃយ៉ាងត្រឹមត្រូវតាមអាគ័រនីមួយៗ ប៉ុន្តែវាមិនបញ្ចេញសំឡេងដូចបទដែលកំពុងលេងទេ? បើមែន សូមកុំអស់សង្ឃឹមអី នេះមិនមែនជាកំហុសរបស់អ្នកទេ តែជាកំហុសរបស់ហ្គីតា។ ដូច្នេះជំហ៊ានដំបូងក្នុងការលេងហ្គីតា គឺត្រូវមួលតម្រូវខ្សែវាឲ្យត្រូវតាមសំឡេងពិតប្រាកដរបស់វាសិន។ អ្នកប្រហែលជាសួរខ្លួនឯងថា “ចុះខ្ញុំទើបតែរៀនលេងហ្នឹង មានសមត្ថភាពឯណាទៅស្តាប់ដឹងថាសំឡេងវាខុសឬត្រូវ? មានតែយកទៅឲ្យ លោកគ្រូ សុខគ្រវ៉ា ជួយមួលតម្រូវឲ្យ??”។ ខ្ញុំសូមប្រាប់ថា អ្នកសំណាងណាស់ដែលបានកើតក្នុងសម័យបច្ចេកវិទ្យាទំនើបមួយនេះ។
អ្នកមិនចាំបាច់ធ្វើដំណើរវែងឆ្ងាយ ដឹកហ្គីតាច្រងេងច្រងាង យកទៅពឹងពាក់គ្រូ ឬមិត្តភក្តិ ឲ្យជួយទៀតទេ។ ខ្ញុំសូមណែនាំកម្មវិធីសម្រាប់មួលតម្រូវសំឡេងហ្គីតាមួយ ជូនលោកអ្នក។ កម្មវិធីនេះមានឈ្មោះថា Digital Guitar Tuner។ វាមានសមត្ថភាពវិភាគសំឡេងហ្គីតារបស់យើងបានយ៉ាងត្រឹមត្រូវឥតខ្ចោះ។ វាមានមុខងារផ្ទៀងផ្ទាត់សំឡេងហ្គីតា បានច្រើនបែប ច្រើនប្រភេទ ប៉ុន្តែយើងមិនចាំបាច់ទៅស្មុគស្មាញជាមួយវាច្រើនពេកទេ គ្រាន់តែបើកមក ក៏ប្រើតាមការកំណត់ដែលមានស្រាប់តែម្តង។

Digital Guitar Tuner
មានរបៀបច្រើនយ៉ាងក្នុងការធ្វើឲ្យកម្មវិធីនេះអាចស្តាប់សំឡេងហ្គីតារបស់យើងបាន។ ចំពោះវិធីងាយ និងចំណាយលុយតិច គឺប្រើឧបករណ៍ស្រូបសំឡេង(Microphone) ដែលមានភ្ជាប់ជាមួយកាសស្តាប់ត្រចៀក។ យើងដោតវាភ្ជាប់ទៅកុំព្យូទ័រ តាមរន្ធMic បន្ទាប់មក ៖
- ចុចលេខណាមួយនៅលើក្តារឆ្នុច ពីលេខ ១ ដល់លេខ ៦ (លេខ៣ ក្នុងរូប)
- កេះខ្សែណាមួយ តាមលេខដែលបានចុច ដោយមិនបាច់សង្កត់ខ្សែ។ ដាក់ឧបករណ៍ស្រូបសំឡេងឲ្យចំជិតនឹងរន្ធសំឡេងរបស់ហ្គីតា។ ព្យាយាមកុំឲ្យមានសំឡេងអ្វីរំខាន ក្រៅពីសំឡេងហ្គីតា។
- មើលបន្ទាត់ពណ៌ផ្កាឈូក(លេខ ១ក្នុងរូប) វានឹងវ័ធទៅឆ្វេងឬស្តាំ
- មួលខ្សែបន្ធូរឬបន្តឹង រហូតទាល់តែបន្ទាត់ពណ៌ផ្កាឈូកវ័ធទៅត្រង់ចំណុចកណ្តាល(លេខ ២ ក្នុងរូប)
បន្ទាប់ពីមូលតម្រូវខ្សែទាំង៦បានត្រឹមត្រូវហើយ ហ្គីតារបស់អ្នកនឹងបញ្ចេញសំឡេងតាមអ្វីដែលអ្នកចង់ឮ។
ជំហ៊ានបន្ទាប់គឺត្រូវរកអាគ័រក្នុងបទចម្រៀងណាមួយ។ ដូចបណ្ឌិតបានចែករំលែកបទពិសោធន៍របស់គាត់អ៊ីចឹង គឺគាត់ចំណាយពេលយ៉ាងយូរក្នុងការរាវរកអាគ័រសម្រាប់លេងក្នុងបទនីមួយៗ។ អស់បារម្ភទៀតហើយ កម្មវិធី Easy Chords អាចប្រាប់អ្នកពីអាគ័ររបស់បទចម្រៀងបានយ៉ាងងាយ និងយ៉ាងត្រឹមត្រូវ។ វាគឺជាកម្មវិធីរណបមួយ របស់កម្មវិធីចាក់ចម្រៀងWinamp។ វាដំណើរការជាមួយនឹងWinamp សម័យទី៣,៣ និង៣,៥។ ពិសេសទៅទៀត អ្នកអាចមើលអាគ័រក្នុងបទណាមួយ ខណៈដែល Easy Chords កំពុងធ្វើការទាញយកអាគ័រក្នុងបទផ្សេងទៀតបាន។ តើមានអ្នកជំនាញភ្លេងម្នាក់ណា ដែលអាចប្រាប់អ្នកពីអាគ័ររបស់បទចម្រៀងបាន សូម្បីតែមិនទាន់បានស្តាប់បទនោះផង?

Easy Chord
ឥឡូវសំឡេងហ្គីតា ត្រូវហើយ, អាគ័រក៏មានដែរ, លេងពីរោះឬមិនពីរោះ គឺនៅលើអ្នកហើយ។ ត្រង់ចំណុចនេះ យើងត្រូវចេះគោះចង្វាក់តាមបទភ្លេងនីមួយៗ។ មិនពិបាកទេ គ្រាន់តែចេះច្រៀងខារ៉ាអូខេ ឲ្យត្រូវតាមចង្វាក់ភ្លេង គឺរាប់ថាចេះគោះចង្វាក់ ហើយ។;-) សម្រាប់អ្នកដែលមិនដែលដឹងពីមូលដ្ឋាននៃភ្លេងសោះតែម្តង ឬពិបាកវាយតាមចង្វាក់ភ្លេង នោះអ្នកអាចរៀនវគ្គហ្គីតាជាមូលដ្ឋាន មួយវគ្គក៏បាន។ លោកគ្រូ ងិនសុខគ្រវ៉ាគឺជាអ្នកបង្ហាត់ភ្លេងដ៏ល្បីល្បាញម្នាក់។ ទីតាំងរបស់គាត់គឺនៅទល់មុខសាលាវត្តភ្នំ ក្បែរគល់ស្ពានជ្រោយចង្វារ។ ជិះតែម្តុំៗហ្នឹងទៅ ឭក្ឌុងក្ឌាំងៗ គឺផ្ទះគាត់ហើយ។
សរុបសេចក្តីមក កម្មវិធី២នេះ ជួយឲ្យអ្នកអាចលេងហ្គីតាបានយ៉ាងត្រឹមត្រូវ។ ពិសេស បំផុត គឺអ្នកចំណេញពេលវេលាយ៉ាងច្រើនក្នុងការមួលតម្រូវខ្សែហ្គីតា និងរាវរកអាគ័ររបស់បទចម្រៀង។ សូមឲ្យបានសប្បាយនឹងការលេងហ្គីតារបស់អ្នក!