
អមរាមាសបង – ភាគ១
April 10, 2009ប្រសិទ្ធិ៍កំពុងធ្វើការ ដោយអនឡាញក្នុងយ៉ាហ៊ូមេសិងជឺរក្នុងពេលជាមួយគ្នា។ នៅពេលមួយ ស្រាប់តែប្រអប់វីនដូរបស់យ៉ាហ៊ូ បង្ហាញឡើងជាមួយនឹងឈ្មោះ “លក្ខិណា” ដែលប្រសិទ្ធិ៍មិនដែលស្គាល់ទាល់តែសោះ។
“សួស្តី! ស្គាល់ខ្ញុំទេ?” លក្ខិណាសួរប្រសិទ្ធិ៍ឲ្យទាយ។
ប្រសិទ្ធិ៍ខំរកនឹកមិត្តភក្តិរបស់ខ្លួនមួយចំនួន រួមទាំងអមរាផងដែរ តែលក្ខិណាថាខុសរហូត។
“យើងធ្លាប់ស្គាល់គ្នាតាមអ៊ីនធឺណិតកាលពីប៉ុន្មានឆ្នាំមុននោះណា៎…?! នៅចាំទេ?” លក្ខិណាឲ្យតម្រុយដល់ប្រសិទ្ធិ៍បន្ថែម ដើម្បីទាយបន្ត ប៉ុន្តែប្រសិទ្ធិ៍នៅតែទាយមិនត្រូវ។ “កាលនោះខ្ញុំប្រើឈ្មោះជា បេប៊ី ណា៎! នៅចាំបេប៊ីទេ…?”
“អូ៎! ព្រះពុទ្ធជាម្ចាស់អឺយ…!!!” ប្រសិទ្ធិ៍នឹកឃើញឡើងវិញនូវមិត្តភក្តិចាស់ម្នាក់ដែលស្គាល់គ្នាតាមអ៊ីនធឺណិតតែមួយលើកប៉ុណ្ណោះ តាំងពីនាងនៅរៀនវិទ្យាល័យ ហើយពេលនេះនាងរៀនមហាវិទ្យាល័យឆ្នាំទី៣ទៅហើយ។ ពួកគេសួរសុខទុក្ខគ្នាទៅវិញទៅមក និងសួរពីរឿងរាវផ្ទាល់ខ្លួនមួយចំនួន។ លក្ខិណាមានអារម្មណ៍កណ្តោចកណ្តែង ហើយចង់មានមនុស្សប្រុសល្អម្នាក់ជាគូបេះដូង។ ប្រសិទ្ធិ៍ចង់ណែនាំមិត្តភក្តិរបស់គេម្នាក់ឲ្យនាងស្គាល់ ប៉ុន្តែប្រសិទ្ធិ៍ចង់ស្គាល់លក្ខិណាឲ្យច្បាស់ជាងនេះសិន។
ប្រសិទ្ធិ៍ឆ្លើយប្រាប់លក្ខិណានូវរឿងរ៉ាវផ្ទាល់ខ្លួនជាច្រើនដែលនាងសួរ រួមទាំងជីវិតស្នេហារបស់គេជាមួយអមរាផងដែរ។ មិនតែប៉ុណ្ណោះ ប្រសិទ្ធិ៍ថែមទាំងប្រាប់ឲ្យលក្ខិណាអានប្លក់របស់គេទៀតផង ដើម្បីឲ្យនាងស្គាល់កាន់តែច្បាស់ពីនិស្ស័យនិងអត្តចរិករបស់គេបន្ថែមទៀត។
ប្រសិទ្ធិ៍មានអារម្មណ៍រំភើបជាខ្លាំង ព្រោះបានជួបមិត្តចាស់ឡើងវិញ ហើយគិតថាអមរានិងលក្ខិណាមានចំណុចដូចគ្នាច្រើនគួរសម ទើបពេលជួបអមរានៅថ្ងៃដដែលនោះ ប្រសិទ្ធិ៍ប្រាប់ដំណឹងនេះដល់អមរាភ្លាម។ អមរាចាប់អារម្មណ៍នឹងដំណឹងនេះខ្លាំងណាស់ ហើយសួរនាំពីលក្ខិណាយ៉ាងច្រើន។
លក្ខិណាបានអនឡាញជាច្រើនដង ចាប់ពីថ្ងៃនោះមក។ ក្រោយពេលឃើញរូបថតរបស់អមរានៅក្នុងប្លក់របស់ប្រសិទ្ធិ៍ លក្ខិណាសរសើរពីរូបសម្ផស្សរបស់នាង ព្រមទាំងសួរនាំនិងជួយប្រឹក្សាប្រសិទ្ធិ៍ថែមទៀត នៅពេលពួកគេទាំងពីរមិនត្រូវគ្នា។
រាល់ពេលដែលលក្ខិណានិយាយពីអមរា ប្រសិទ្ធិ៍តែងតែនាំយកទៅប្រាប់អមរាឲ្យដឹងជានិច្ច។ ប៉ុន្តែនៅថ្ងៃមួយ… “លក្ខិណាៗ! លើកណាក៏លក្ខិណាដែរ…” អមរាហាក់ដូចជាប្រចណ្ឌនឹងលក្ខិណា ហើយមានពេលខ្លះក្តិចប្រសិទ្ធិ៍ថែមទៀតផង។
“ប្រសិទ្ធិ៍ចង់បានលេខទូរស័ព្ទខ្ញុំទេ?” លក្ខិណាសួរប្រសិទ្ធិ៍នៅថ្ងៃមួយ។ “មិនអីទេ យើងអាចជួបគ្នាតាមយ៉ាហ៊ូក៏បាន ឲ្យតែលក្ខិណាឧស្សាហ៍អនឡាញមក…”។ “ណ្ហើយ! បើមិនចង់បានក៏ហីចុះ!” លក្ខិណាមិនពេញចិត្តនឹងចម្លើយរបស់ប្រសិទ្ធិ៍។ ឯប្រសិទ្ធិ៍ក៏មិនចង់ឲ្យលក្ខិណាខឹង ក៏សុំលេខទូរស័ព្ទរបស់លក្ខិណា ប៉ុន្តែលក្ខិណាទាមទារឲ្យប្រាប់នាងមុន។ ពេលបានលេខទូរស័ព្ទរបស់ប្រសិទ្ធិ៍រួច លក្ខិណាបែរជាមិនព្រមប្រាប់លេខរបស់ខ្លួនឲ្យប្រសិទ្ធិ៍ដឹងទៅវិញ។ “អ៊ីចឹងខ្ញុំចង់មើលរូបរបស់លក្ខិណា ព្រោះលក្ខិណាមើលរូបខ្ញុំនិងអមរារួចហើយ…” ប្រសិទ្ធិ៍ទាមទារថ្នូរ ប៉ុន្តែលក្ខិណានៅតែបដិសេធ។
“បងឯងមានឲ្យលេខទូរស័ព្ទទៅស្រីណាទេ?” អមរាសំឡុតប្រសិទ្ធិ៍នាថ្ងៃមួយ។ “អត់ផង…” ប្រសិទ្ធិ៍ឆ្លើយរបៀបលេងសើចនិងមិនម៉ឺងម៉ាត់។ ប្រសិទ្ធិ៍មានអារម្មណ៍ខុសចំពោះអមរា ព្រោះមិនដែលកុហកនាងឡើយ នាពេលកន្លងមក។ “បងឯងនិយាយកុហក! មើលភ្នែកបងឯង អូនដឹងដល់ឆ្អឹងឯណោះ…!” ថាហើយ អមរាទាមទារយកទូរស័ព្ទរបស់ប្រសិទ្ធិ៍មកឆែកមើល។ “អូនកុំធ្វើអ៊ីចឹងអី នាំតែមានអារម្មណ៍មិនស្ងប់ខ្លួនឯងទេ។ បងមិនវៀចវេរពីអូនទេ…” ប្រសិទ្ធិ៍លួងលោមអមរា ហើយប្រគល់ទូរស័ព្ទឲ្យនាងដោយអង់អាច ព្រោះលក្ខិណាមិនដែលទូរស័ព្ទមកប្រសិទ្ធិ៍ទេ។ អមរាចាបកំហុសប្រសិទ្ធិ៍មិនបាន “កុំឲ្យអូនដឹងឲ្យសោះ ឮទេ?”។
“ចុះបងឯងមានណាត់ជួបគ្នាជាមួយលក្ខិណាទេ?” អមរានៅមិនអស់ចិត្ត។ “អត់មានទេអូន…!” លើកនេះប្រសិទ្ធិ៍ឆ្លើយយ៉ាងលះ ប៉ុន្តែមានអារម្មណ៍សោកស្តាយកាន់តែខ្លាំង ព្រោះអមរាកាន់តែមិនស្ងប់ក្នុងចិត្ត។ “គង់តែថ្ងៃមួយបងឯងទៅជួបគេមិនខាន!”។ “ឈប់សង្ស័យបងទៅ ណាអូន…. បើបងទៅ ក៍បងនាំអូនទៅជាមួយដែរ…” ប្រសិទ្ធិ៍លួងលោម និងអះអាងចំពោះអមរា។ អមរាហាក់ដូចជាស្ងប់ចិត្តវិញ។
លក្ខិណាខានមកអនឡាញជាច្រើនសប្តាហ៍។ ប៉ុន្តែនៅប៉ុន្មានថ្ងៃមុនថ្ងៃនៃក្តីស្រឡាញ់ នាងបានអនឡាញម្តងទៀត។ នាងប្រាប់ដំណឹងដ៏សោកស្តាយមួយដល់ប្រសិទ្ធិ៍ “បន្ទាប់ពីថ្ងៃនេះទៅ ខ្ញុំនឹងឈប់មកអនឡាញទៀតហើយ…”។ “មានរឿងអីទៅ? ប្រាប់ខ្ញុំបានទេ?” ប្រសិទ្ធិ៍សួរដោយភ្ញាក់ផ្អើល“។ “ខ្ញុំមិនសប្បាយចិត្តទេ…”។ “មិនសប្បាយចិត្តរឿងអី និយាយមក ក្រែងខ្ញុំអាចជួយបាន…”។ លក្ខិណាមិនឆ្លើយមួយសន្ទុះ…។
“ខ្ញុំមានអារម្មណ៍ល្អចំពោះប្រសិទ្ធិ៍…”។ “ខ្ញុំក៏មានអារម្មណ៍ល្អចំពោះលក្ខិណាដែរ…” ប្រសិទ្ធិ៍ឆ្លើយតបលក្ខិណាវិញ ដោយគិតថានាងមានន័យធម្មតា។ “ខ្ញុំច្រណែននឹងអមរាដែលមានមនុស្សប្រុសម្នាក់ស្រឡាញ់នាងដោយស្មោះ។ ខ្ញុំចង់បានដូចនាងដែរ… គឺខ្ញុំ… ស្រឡាញ់ប្រសិទ្ធិ៍…។ នេះហើយជារឿងដែលខ្ញុំមិនសប្បាយចិត្ត…”។
ប្រសិទ្ធិ៍ស្រឡាំងកាំង ព្រោះនឹកស្មានមិនដល់។ “ប្រសិទ្ធិ៍ស្រឡាញ់ខ្ញុំវិញដែរទេ?” លក្ខិណាសួរប្រសិទ្ធិ៍។ ប្រសិទ្ធិ៍ច្របូកប្របល់ក្នុងចិត្តជាខ្លាំង និងគិតដល់អមរា… រួចក៏ឆ្លើយបញ្ជៀសសំណួរ “យើងអាចស្និតស្នាលជាងនេះបាន…”។ ប្រសិទ្ធិ៍សំដៅលើការរាប់អានមួយ ដែលស្គាល់គ្នាជាក់ស្តែង មិនមែនតាមអ៊ីនធឺណិតរបៀបនេះ។
“បើបងបែកគ្នាពីអមរា ប្រាប់ខ្ញុំណា ខ្ញុំចាំបង…” លក្ខិណាហាក់ដូចជាថយមួយជំហានវិញ។ ប្រសិទ្ធិ៍ពិបាកឆ្លើយនឹងលក្ខិណាយ៉ាងខ្លាំង ព្រោះប្រសិទ្ធិ៍គិតថានឹងមិនបែកគ្នាពីអមរាទេ… “អរគុណដែលសុខចិត្តចាំខ្ញុំ។ ខ្ញុំមិនចង់ឲ្យលក្ខិណាពិបាកចិត្តទេ…” ប្រសិទ្ធិ៍នៅតែឆ្លើយមិនចំសំណួរដដែល ក្រោយពេលគិតយ៉ាងយូរ។
“ណ្ហើយ! ខ្ញុំគ្មានសង្ឃឹមទេ… ខ្ញុំលាបងហើយ!” លក្ខិណាគំរាមចាកចេញ។
“មាន!” ប្រសិទ្ធិ៍ឆ្លើយយ៉ាងរហ័ស ព្រោះចង់ឃាត់លក្ខិណាកុំឲ្យទៅ។ ប៉ុន្តែប្រសិទ្ធិ៍សោកស្តាយនឹងចម្លើយរបស់គេជាខ្លាំង។ ចំពោះអមរាវិញ ប្រសិទ្ធិ៍មានអារម្មណ៍ខុសចំពោះនាងយ៉ាងខ្លាំង រួចក៏ទូរស័ព្ទទៅនាង តែនាងបិទទូរស័ព្ទ ធ្វើឲ្យប្រសិទ្ធិ៍ខ្វាយខ្វល់ក្នុងចិត្តទ្វេរដង ហើយគិតថាអមរាកំពុងខឹងនឹងខ្លួន។ ប្រសិទ្ធិ៍យល់ដូច្នេះ ព្រោះអមរាហាក់ដូចជាមានញាណពិសេសអ្វីម្យ៉ាងដែលអាចដឹងថាមានរឿងអាក្រក់ឬល្អនឹងកើតឡើងចំពោះខ្លួន។
“អរគុណបងហើយ… ដើម្បីកុំឲ្យអូនពិបាកចិត្ត បងសុខចិត្តក្បត់ចិត្តអមរា…”។ “យើងអាចស្និតស្នាលជាងនេះបាន…” ប្រសិទ្ធិ៍ចង់ស្តារស្ថានភាពឡើងវិញ។ “ស្និតស្នាលជាងនេះយ៉ាងម៉េចទៅ?”។ “គឺយើងអាចជួបគ្នាបាន…”។ “ជួបថ្ងៃណា?”។ “ខ្ញុំមិនដឹងទេ”។ “ថ្ងៃនៃក្តីស្រឡាញ់ទៅអ៊ីចឹង…!”។ “តែខ្ញមិនស្គាល់លក្ខិណាទេ”។ “មិនអីទេ អូនស្គាល់បងទេតើ! បងគ្រាន់តែឈរចាំអូននៅទីនោះទៅ នឹងមាននារីម្នាក់ទៅកេះបងពីក្រោយខ្នងហើយ។ ធ្វើដូចនេះទើបភ្ញាក់ផ្អើល…”។
ចេញពីធ្វើការ ប្រសិទ្ធិ៍នៅតែទូរស័ព្ទទៅអមរាមិនចូលដដែល។ កាន់តែយូរ ប្រសិទ្ធិ៍មានអារម្មណ៍កាន់តែខុស… “បងសោកស្តាយណាស់ បងចង់ឲ្យលក្ខិណាសួរបងម្តងទៀត… បងអាចបាត់បង់អ្វីបាន តែមិនអាចបាត់បង់អូនទេ…” ប្រសិទ្ធិ៍គិតស្រម៉ៃក្នុងចិត្តម្នាក់ឯង ហាក់ដូចជាកំពុងនិយាយជាមួយអមរា។
ប្រសិទ្ធិ៍ព្យាយាមទូរស័ព្ទទៅអមរាដោយអន្ទះសា រហូតបានសម្រេចនៅពេលយប់។ “ហេតុអីអូនបិទទូរស័ព្ទ?”។
“អូនមិនសប្បាយចិត្ត… អូនមានអារម្មណ៍ចំឡែកម្យ៉ាង… មានអារម្មណ៍ថាបាត់បង់អ្វីមួយសំខាន់សម្រាប់ជីវិតអូន… អូនចង់តែយំម៉េចមិនដឹងទេ…”។
“បងសុំទោស…” ប្រសិទ្ធិ៍គិតក្នុងចិត្ត។ “មិនអីទេអូន មិនមែនជាការពិតឯណា…” ប្រសិទ្ធិ៍លួងលោមអមរា។
“យប់ម៉ិញអូនយល់សប្តិឃើញថា អូនកំពុងឈរនៅក្នុងចំណោមមនុស្សមួយហ្វូង។ ពួកគេសុទ្ធតែសើចចំអកឲ្យអូនគ្រប់គ្នា ហើយបងទៅណាបាត់ទុកឲ្យអូននៅម្នាក់ឯង អូនខ្លាចណាស់…”។
“អូ៎! យល់សប្តិទេតើ… អូនកុំខ្លាចអី បងនៅក្បែរអូនរហូតណា៎! ឮទេ?”។
“ស្អែកជាថ្ងៃនៃក្តីស្រឡាញ់ហើយ បងទៅណា?”។ “បងនៅជាមួយអូនហ្នឹងណា៎!” ប្រសិទ្ធិ៍ឆ្លើយដោយមិនស្ទាក់ស្ទើរ។
សួស្តីឆ្នាំថ្មី ជូនពរអោយសរសេរបានល្អ និងចប់ឆាប់ៗ។
ហេតុអីបានជាចំលើយប្រសិទ្ធ ហាក់ដូចជាផ្តល់ឱកាសឲ្យលក្ខិណា? តើនេះជានិសិ្សយបុរស រឺ?
ទោះជាយ៉ាងណាក៏ប្រសិទ្ធិ៍គ្រាន់បើជាងអ្នកខ្លះដែរ… អ្នកខ្លះ(ស្រីនិងប្រុស)មានហើយ ប្រាប់ថាគ្មានដែរ… ធ្វើឲ្យគេខាតអស់…
មិនឃើញគេថា ឆ្លើយយ៉ាងរហ័សព្រោះចង់ឃាត់កុំឲ្យទៅហ្ហ៊ែ? ហើយក៏សោកស្តាយនឹងចម្លើយទៅវិញ….។ កុំម៉ៅប្រុសទាំងអស់ឬស្រីទាំងអស់ ទាំងពីរនេះដូចតែគ្នាទេ :p
ប្រុសៗគឺច្ហឹង….ចូលចិត្តផ្តល់ក្តីសង្ឃឹមឲ្យគ្រប់ស្រី។ ប្រុសទាំងអស់នឹង….included my តាប៉ិក
បើអ៊ីចឹង ដោនឡូតបទចម្រៀង”ជូតទឹកភ្នែកទៅអូន”ហ្នឹង ទុកស្តាប់ទៅ ពេលតាសក់អំបោសធ្វើឲ្យខឹង…
អត់មានទឹកភ្នែកទុកឲ្យជូតផង :D
ហ៊ើយ! តួប្រុសហ្នឹងដូចជាចិត្តរេម៉េះ រេដូចអ្នកនិពន្ធចឹង ។ បើជាប្រសិទ្ធិ៍ខ្ញុំវិញណា៎ ទោះលក្ខិណាមកពីណាក៏ដោយ ខ្ញុំមិនក្បត់អមរាទេ នៅតែស្រលាញ់អមរា ។ តែយ៉ាងណាក៏… ធម្មតាទេ អារឿងរំលងភ្នែកពីស្រីស្អាតមិនបាននោះ! ប្រាប់លក្ខិណាថារាប់ត្រឹមមិត្តបានហើយ ហើយសំណាងណាស់បានមិត្តភក្តិស្អាតដូចលក្ខិណា ហេហេ (ខ្ញុំនិយាយនេះអត់ទុកចិត្តខ្លួនឯងដែរទេ ហាហា អានវគ្គ២ទៀតសិន ព្រោះតាមស្មានសាច់រឿងនេះវានឹងដូចអ្វីខ្ញុំកំពុងស្មានឬអត់)
ហ៊ី… ម៉េចក៏ថាដូចខ្ញុំអ៊ីចឹង??! ប្រញាប់សន្និដ្ឋានថាប្រសិទ្ធិ៍ក្បត់អមរាម្ល៉េះ? គ្រាន់តែគ្នាសម្រេចចិត្តលឿន គិតមិនទាន់ទេតើ… តែទោះជាយ៉ាងណាក៏ខុសដែរ…:D