Archive for April, 2009

h1

អមរាមាសបង – ភាគ២

April 19, 2009

ថ្ងៃ​នៃ​ក្តី​ស្រឡាញ់ មក​ដល់…

ម៉ោង​៣.៣០នាទីល្ងាច ប្រសិទ្ធិ៍​រៀបចំ​ខ្លួន​រួច​ជាស្រេច​នឹង​ចេញ​ទៅ​ក្រៅ។ ប្រសិទ្ធិ៍​ផ្ញើ​សា​ទូរស័ព្ទ​ឲ្យ​អមរា ហើយ​រង់ចាំ​មួយ​សន្ទុះ​មិន​ឃើញ​ឆ្លើយតប ក៏​ហៅ​ទូរស័ព្ទ​ទៅ​អមរា តែ​នាង​បាន​បិទ​ទូរស័ព្ទ​ទៀត។

ប្រសិទ្ធិ៍​បាន​មក​ដល់​កន្លែង​ណាត់​ជាមួយ​លក្ខិណា។ ប្រសិទ្ធិ៍​មិន​ស្គាល់​ពី​ភិនភាគ​របស់​លក្ខិណា​ទេ ទើប​ឈរ​ចាំ​មួយ​កន្លែង។ ស្រាប់​តែ​មាន​នារី​ម្នាក់​មក​កេះ​ប្រសិទ្ធិ៍​ពី​ក្រោយ​ខ្នង​មែន។ ប្រសិទ្ធិ៍​ងាក​ក្រោយ​មើល ស្រាប់​តែ…

“បង​ភ្ញាក់​ផ្អើល​ណាស់​មែន​ទេ? អ្វីៗ​ដែល​យើង​ធ្លាប់​និយាយ​គ្នា គឺ​បង​ចាំ​បាន​ល្អ​ណាស់ ប៉ុន្តែ​បង​ភ្លេច​ថា​បង​បាន​ប្រាប់​អូន​នៅ​ថ្ងៃ​មួយ ថា​បង​ស្គាល់​នារី​ម្នាក់​អនឡាញ ឈ្មោះ​បេប៊ី….” អមរា​និយាយ​ទាំង​ភ្នែក​រលីង​រលោង ហើយ​ក្រឡេក​ឃើញ​ផ្កា​កូឡាប​ពណ៌លឿង​មួយ​ទង​នៅ​កន្ត្រក​ម៉ូតូ​របស់​ប្រសិទ្ធិ៍​ ធ្វើ​ឲ្យ​ទឹកភ្នែក​របស់​នាង​ស្រក់​ហូរ​ញាប់​ដូច​ទឹក​ភ្លៀង… រួច​នាង​ក៏​រត់​គេច​ពី​ប្រសិទ្ធិ៍​យ៉ាងលឿន​​បាត់​ទៅ។

ប្រសិទ្ធិ៍​បាន​តាម​រក​អមរា​ជា​ច្រើន​កន្លែង តែ​រក​មិន​ឃើញ​ឡើយ។ យប់​កាន់​តែ​ជ្រៅ ប្រសិទ្ធិ៍​កាន់​តែ​បារម្ភ។

ក្រោម​ដើម​ដូង​ជា​ជួរ នា​មាត់​បឹង​មួយ អមរា​អង្គុយ​ស្រងេះ​ស្រងោច​ខ្លោច​ផ្សា​តែ​ម្នាក់​ឯង។ ជំនោរ​រាត្រី​បក់​ផាត់​ប៉ះ​កាយា ធ្វើ​ឲ្យ​អមរា​រឹត​តែ​កណ្តោច​កណ្តែង​ខ្លាំង​ឡើង។ ប្រសិទ្ធិ៍​ដើរ​ថ្នមៗ មក​អង្គុយ​ក្បែរ​អមរា… “បង​សុំ​ទោស បង​ខុស​ហើយ…” ប្រសិទ្ធិ៍​លូក​ដៃ​កាន់​ដៃ​អមរា។ អមរា​ដក​ដៃ ហើយ​បែរ​មុខ​ចេញ​ពី​ប្រសិទ្ធិ៍។ នាង​គិត​តែ​យំ…។ “អូន​ឈប់​យំ ឈប់​ខឹង​បង​បាន​ទេ….? អូន​ក្តិច​បង​មក​ចុះ ក្តិច​ត្រង់​ណា​ក៏​បាន​ដែរ ឲ្យ​តែ​អូន​ឈប់​យំ…”

(បទ ៖ ជូត​ទឹក​ភ្នែក​ទៅ​អូន ច្រៀង​ដោយ​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត)

បី​ថ្ងៃ​ក្រោយ​មក….

“អមរា​ឯងឈប់​ខឹង​ប្រសិទ្ធិ៍​ហើយ​ឬ​នៅ?” មិត្តភក្តិ​អមរា​សួរ​នាង​ពេល​ចេញ​ពី​សាលារៀន​នៅ​យប់​មួយ។ “ហេតុអី​ត្រូវ​ឈប់?” អមរា​សំឡុត​មិត្តភក្តិ​នាង​វិញ។

ជិះ​ម៉ូតូ​ចេញ​ពី​សាលា អមរា​ឃើញ​មាន​ចរាចរ​ស្ទះណែន នៅ​ត្រង់​ស្តុប​មួយ​ជិត​សាលា​នាង។ មនុស្ស​ម្នា កង់ ម៉ូតូ ស៊ីក្លូ ឡាន ចរ​យឺតៗ មិន​ព្រម​ទៅ​មុខ​ហួស​សោះ។ ម៉ូតូ​មួយ​ដួល​ផ្ងារ​ច្រងាង​នៅ​កណ្តាល​ផ្លូវ។ ក្លិន​ឈាម​ឆ្អាប​ឈួល​ច្រមុះ។ មនុស្ស​មួយ​ហ្វូង​រោមជុំ​មនុស្ស​ម្នាក់​កំពុង​ដេក​ស្តូក​ស្តឹង។ មនុស្ស​ពីរ​បី​នាក់​នៅ​កណ្តាល​ហ្វូង​មនុស្ស ស្រែក​ទ្រហោ​យំ​ហ៊ូៗ។ មនុស្ស​ម្នា​ជជែក​ពី​ហេតុការណ៍​ដែល​ខ្លួន​បាន​ឃើញ យ៉ាង​កង​រំពង​ផ្លូវ…

“ហ៊ឺយ! ស្រុក​យើង​ស្រួល​ដែរ… ឲ្យ​តែ​មាន​ឡាន​ជិះ កិន​ពី​ណា​កិន​ទៅ កិន​ហើយ​ជិះ​រត់​បាត់​ទៀត មើល​តែ​កិន​ឆ្មារ​កិន​កណ្តុរ​អ៊ីចឹង​វឺយ…!”

“មក​ពី​គាត់​និយាយ​ទូរស័ព្ទ​ដែរ​ហ្នឹង បាន​ជា​មិន​ចាប់​អារម្មណ៍​នឹង​ឡាន…”

“ចុះ​ពី​ណា​ទៅ​ដឹង​ថា​ឡាន​ហ្នឹង​វា​ឆ្លង​ភ្លើង​ក្រហម​យ៉ាង​ងងើល​អ៊ីចឹង…?!”

“អើ! សំណាង​ដែរ ខ្ទាត​ទូរស័ព្ទ​ហើយ គេ​រើស​ឲ្យ​វិញ…”

“អើ! កុំ​តែ​ទូរស័ព្ទ​កញ្ចាស់​រ៉េ…”

មក​ដល់​ផ្ទះ​ប្រហែល​មួយ​ម៉ោង មិត្ត​ភក្តិ​របស់​អមរា​បាន​ទូរស័ព្ទ​មក​ម្តាយ​របស់​នាង។ “អមរា ឯង​ទប់​អារម្មណ៍​ណា គ្នា​មាន​ដំណឹង​អាក្រក់​ប្រាប់​ឯង”។ “ដំណឹង​អាក្រក់​អី​ទៅ?”។ “គឺ… គឺ​ប្រសិទ្ធិ៍…”។ “បង​ប្រសិទ្ធិ៍​កើត​អី!?” អមរា​ស្រែក​សួរ​ស្ទើរ​ភ្លាត់​សំឡេង។ “ប្រសិទ្ធិ៍​គ្រោះថ្នាក់​ចរាចរ​ប៉ុន្មាន​ម៉ោង​មុន​នេះ… គាត់​លេង​បាន​មក​ជួប​ពួក​យើង​ទៀត​ហើយ…” មិត្តភក្តិ​របស់​អមរា​និយាយ​ផង​យំ​ផង “ម្តាយ​របស់​គាត់​ប្រាប់​ថា លេខ​ហៅ​ចេញ​ចុង​ក្រោយ​ក្នុង​ទូរស័ព្ទ​របស់​គាត់ គឺ​ជា​ឈ្មោះ​របស់​ឯង។ គ្នា​គិត​ថា​គាត់​មក​ចាំ​ជួប​ឯង​នៅ​សាលា ហើយ​ក៏​មាន​គ្រោះថ្នាក់​ទៅ..។ អាឡូ!? អមរា!? ឯង​ឮ​គ្នា​និយាយ​ទេ…? ម្តេច​មិន​ឆ្លើយ…? អាឡូ…!?”។

អមរា​បើក​ភ្នែក​ព្រឹមៗ ឃើញ​ឪពុក​ម្តាយ​និង​មិត្តភក្តិ​របស់​នាង​ អង្គុយ​សំឡឹង​មើល​នាង​ដោយ​ក្តី​អាណិត​អាសូរ​ក្រៃលេង។ “ខ្ញុំ​នៅ​ទីណា​ហ្នឹង​ម៉ាក់?”។ “កូន​នៅ​មន្ទីរពេទ្យ… កូន​សន្លប់​ពីរ​ថ្ងៃ​ហើយ…” ម្តាយ​អមរា​ឆ្លើយ​តប​នាង ព្រម​ទាំង​យក​ដៃ​អង្អែល​ក្បាល​អមរា​ដោយ​ក្តី​ស្រឡាញ់ ថ្នម​លើស​កែវ​ភ្នែក។ មិន​បាន​ប៉ុន្មាន អមរា​នឹក​ឃើញ​ឡើង​វិញ ក៏​គិត​តែ​ពី​ស្រែក​ទ្រហោ​យំ ហៅ​រក​ប្រសិទ្ធិ៍ “បង​ប្រសិទ្ធិ៍…! កុំ​ទៅ​ចោល​អូន​អី! ក្រែង​បង​សន្យា​ជាមួយ​អូន​ថា​នៅ​ក្បែរ​អូន​រហូត​មែន​ទេ? មក​រក​អូន​វិញ​មក​បង​អឺយ… អូន​សុំ​ទោស អូន​លែង​បិទ​ទូរស័ព្ទ​ហើយ… បង​ហៅ​មក​អូន​ចុះ អូន​ចាំ​ស្តាប់​សំឡេង​បង​ហើយ….” អមរា​ស្រវេ​ស្រវា​រក​ទូរស័ព្ទ​មក​បើក។

ពេល​បើក​ទូរស័ព្ទ ប្រព័ន្ធ​ជូន​ដំណឹង​ពេល​បិទ​ទូរស័ព្ទ ប្រាប់​ថា​ប្រសិទ្ធិ៍​បាន​ហៅ​មក​អមរា​ជាង​មួយ​រយ​ដង។ ដោយ​ឡែក​មាន​សា​មួយ​ផ្ញើ​មក​ពី​ប្រសិទ្ធិ៍​ដដែល តាំង​ពី​ថ្ងៃទី១៤ ខែកុម្ភៈ វេលា​ម៉ោង៣.៣០នាទី មាន​អត្ថន័យ​ថា “អូន​សំឡាញ់…! បង​បាន​ទិញ​ផ្កា​កូឡាប​ពណ៌​លឿង​សម្រាប់​អូន​ហើយ។ មក​លឿន បង​ចាំ​អូន​កន្លែង​ដដែល ហើយ​យើង​ទៅ​ជួប​លក្ខិណា​ជាមួយ​គ្នា​ណា៎…!”៕‍‌៚

h1

អមរាមាសបង – ភាគ១

April 10, 2009

ប្រសិទ្ធិ៍​កំពុង​ធ្វើការ ដោយ​អនឡាញ​ក្នុង​យ៉ាហ៊ូ​មេសិងជឺរ​ក្នុង​ពេល​ជាមួយ​គ្នា។ នៅ​ពេល​មួយ ស្រាប់តែ​ប្រអប់​វីនដូ​របស់​យ៉ាហ៊ូ បង្ហាញ​ឡើង​ជាមួយនឹង​ឈ្មោះ “លក្ខិណា” ដែល​ប្រសិទ្ធិ៍​មិន​ដែល​ស្គាល់​ទាល់​តែ​សោះ។

“សួស្តី! ស្គាល់ខ្ញុំទេ?” លក្ខិណាសួរប្រសិទ្ធិ៍ឲ្យទាយ។

ប្រសិទ្ធិ៍​ខំ​រកនឹក​មិត្តភក្តិ​របស់​ខ្លួន​មួយចំនួន រួមទាំង​អមរា​ផងដែរ តែ​លក្ខិណា​ថា​ខុស​រហូត។

“យើង​ធ្លាប់​ស្គាល់​គ្នា​តាម​អ៊ីនធឺណិត​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នោះ​ណា៎…?! នៅ​ចាំ​ទេ?” លក្ខិណា​ឲ្យ​តម្រុយ​ដល់​ប្រសិទ្ធិ៍​បន្ថែម ដើម្បី​ទាយ​បន្ត ប៉ុន្តែ​ប្រសិទ្ធិ៍​នៅ​តែ​ទាយ​មិន​ត្រូវ។ “កាលនោះ​ខ្ញុំ​ប្រើ​ឈ្មោះ​ជា បេប៊ី ណា៎! នៅ​ចាំ​បេប៊ី​ទេ…?”

“អូ៎! ព្រះពុទ្ធ​ជា​ម្ចាស់​អឺយ…!!!” ប្រសិទ្ធិ៍​នឹក​ឃើញ​ឡើង​វិញ​នូវ​មិត្តភក្តិ​ចាស់​ម្នាក់​ដែល​ស្គាល់​គ្នា​តាម​អ៊ីនធឺណិត​តែ​មួយ​លើក​ប៉ុណ្ណោះ តាំង​ពី​នាង​នៅ​រៀន​វិទ្យាល័យ ហើយ​ពេល​នេះ​នាង​រៀន​មហា​វិទ្យាល័យ​ឆ្នាំទី៣​ទៅ​ហើយ។ ពួក​គេ​សួរ​សុខ​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក និង​សួរ​ពី​រឿងរាវ​ផ្ទាល់ខ្លួន​មួយ​ចំនួន។ លក្ខិណា​មាន​អារម្មណ៍​កណ្តោច​កណ្តែង ហើយ​ចង់​មាន​មនុស្ស​ប្រុស​ល្អ​ម្នាក់​ជា​គូ​បេះដូង។ ប្រសិទ្ធិ៍​ចង់​ណែនាំ​មិត្តភក្តិ​របស់​គេ​ម្នាក់​ឲ្យ​នាង​ស្គាល់ ប៉ុន្តែ​ប្រសិទ្ធិ៍​ចង់​ស្គាល់​លក្ខិណា​ឲ្យ​ច្បាស់​ជាង​នេះ​សិន។

ប្រសិទ្ធិ៍​ឆ្លើយ​ប្រាប់​លក្ខិណា​នូវ​រឿងរ៉ាវ​ផ្ទាល់ខ្លួន​ជាច្រើន​ដែល​នាង​សួរ រួមទាំង​ជីវិត​ស្នេហា​របស់​គេ​ជាមួយ​អមរា​ផង​ដែរ។ មិនតែ​ប៉ុណ្ណោះ ប្រសិទ្ធិ៍​ថែម​ទាំង​ប្រាប់​ឲ្យ​លក្ខិណា​អាន​ប្លក់​របស់​គេ​ទៀតផង ដើម្បី​ឲ្យ​នាង​ស្គាល់​កាន់តែ​ច្បាស់​ពី​និស្ស័យ​និង​អត្តចរិក​របស់​គេ​បន្ថែម​ទៀត។

ប្រសិទ្ធិ៍​មាន​អារម្មណ៍​រំភើប​ជាខ្លាំង ព្រោះ​បាន​ជួប​មិត្ត​ចាស់​ឡើង​វិញ ហើយ​គិត​ថា​អមរា​និង​លក្ខិណា​មាន​ចំណុច​ដូចគ្នា​ច្រើន​គួរសម ទើប​ពេល​ជួប​អមរា​នៅ​ថ្ងៃ​ដដែល​នោះ ប្រសិទ្ធិ៍​ប្រាប់​ដំណឹង​នេះ​ដល់​អមរា​ភ្លាម។ អមរា​ចាប់​អារម្មណ៍​នឹង​ដំណឹង​នេះ​ខ្លាំងណាស់ ហើយ​សួរ​នាំ​ពី​លក្ខិណា​យ៉ាង​ច្រើន។

លក្ខិណា​បាន​អនឡាញ​ជាច្រើន​ដង ចាប់​ពី​ថ្ងៃ​នោះ​មក។ ក្រោយ​ពេល​ឃើញ​រូបថត​របស់​អមរានៅ​ក្នុង​ប្លក់​របស់​ប្រសិទ្ធិ៍ លក្ខិណា​សរសើរ​ពី​រូប​សម្ផស្ស​របស់​នាង ព្រមទាំង​សួរនាំ​និង​ជួយ​ប្រឹក្សា​ប្រសិទ្ធិ៍​ថែមទៀត នៅ​ពេល​ពួកគេ​ទាំងពីរ​មិន​ត្រូវ​គ្នា។

រាល់​ពេល​ដែល​លក្ខិណា​និយាយ​ពី​អមរា ប្រសិទ្ធិ៍​តែងតែ​នាំ​យក​ទៅ​ប្រាប់​អមរា​ឲ្យ​ដឹង​ជានិច្ច។ ប៉ុន្តែ​នៅ​ថ្ងៃ​មួយ… “លក្ខិណាៗ! លើកណា​ក៏​លក្ខិណា​ដែរ…” អមរា​ហាក់​ដូចជា​ប្រចណ្ឌ​នឹង​លក្ខិណា ហើយ​មាន​ពេល​ខ្លះ​ក្តិច​ប្រសិទ្ធិ៍​ថែម​ទៀតផង។

“ប្រសិទ្ធិ៍​ចង់​បាន​លេខ​ទូរស័ព្ទ​ខ្ញុំ​ទេ?” លក្ខិណា​សួរ​ប្រសិទ្ធិ៍​នៅ​ថ្ងៃមួយ។ “មិនអី​ទេ យើង​អាច​ជួប​គ្នា​តាម​យ៉ាហ៊ូ​ក៏បាន ឲ្យ​តែ​លក្ខិណា​ឧស្សាហ៍​អនឡាញ​មក…”។ “ណ្ហើយ! បើ​មិន​ចង់​បាន​ក៏​ហី​ចុះ!” លក្ខិណា​មិន​ពេញចិត្ត​នឹង​ចម្លើយ​របស់​ប្រសិទ្ធិ៍។ ឯ​ប្រសិទ្ធិ៍​ក៏​មិន​ចង់​ឲ្យ​លក្ខិណា​ខឹង ក៏​សុំ​លេខ​ទូរស័ព្ទ​របស់​លក្ខិណា ប៉ុន្តែ​លក្ខិណា​ទាមទារ​ឲ្យ​ប្រាប់​នាង​មុន។ ពេល​បាន​លេខ​ទូរស័ព្ទ​របស់​ប្រសិទ្ធិ៍​រួច លក្ខិណា​បែរ​ជា​មិន​ព្រម​ប្រាប់​លេខ​របស់​ខ្លួន​ឲ្យ​ប្រសិទ្ធិ៍​ដឹង​ទៅ​វិញ។ “អ៊ីចឹង​ខ្ញុំ​ចង់​មើល​រូប​របស់​លក្ខិណា ព្រោះ​លក្ខិណា​មើល​រូប​ខ្ញុំ​និង​អមរា​រួច​ហើយ…” ប្រសិទ្ធិ៍​ទាមទារ​ថ្នូរ ប៉ុន្តែ​លក្ខិណា​នៅ​តែ​បដិសេធ។

“បង​​ឯង​មាន​ឲ្យ​លេខ​ទូរស័ព្​ទ​ទៅ​ស្រី​ណា​ទេ?” អមរា​សំឡុត​ប្រសិទ្ធិ៍​នា​ថ្ងៃ​មួយ។ “អត់ផង…” ប្រសិទ្ធិ៍​ឆ្លើយ​របៀប​លេងសើច​និង​មិន​ម៉ឺងម៉ាត់។ ប្រសិទ្ធិ៍​មាន​អារម្មណ​៍ខុស​ចំពោះ​អមរា ព្រោះ​មិន​ដែល​កុហក​នាង​ឡើយ នា​ពេល​កន្លង​មក។ “បង​ឯង​និយាយ​កុហក! មើល​ភ្នែក​បង​ឯង អូន​ដឹង​ដល់​ឆ្អឹង​ឯណោះ…!” ថា​ហើយ អមរា​ទាមទារ​យក​ទូរស័ព្ទ​របស់​ប្រសិទ្ធិ៍​មក​ឆែក​មើល។ “អូន​កុំ​ធ្វើ​អ៊ីចឹង​អី នាំ​តែ​មាន​អារម្មណ៍​មិន​ស្ងប់​ខ្លួន​ឯង​ទេ។ បង​មិន​វៀចវេរ​ព​ីអូន​ទេ…” ប្រសិទ្ធិ៍​លួងលោម​អមរា ហើយ​ប្រគល់​ទូរស័ព្​ទឲ្យ​នាង​ដោយ​អង់អាច ព្រោះ​លក្ខិណា​មិន​ដែល​ទូរស័ព្ទ​មក​ប្រសិទ្ធិ៍​ទេ។ អមរា​ចាប​កំហុស​ប្រសិទ្ធិ៍​មិន​បាន “កុំ​ឲ្យ​អូន​ដឹង​ឲ្យ​សោះ ឮទេ?”។

“ចុះ​បង​ឯង​មាន​ណាត់​ជួប​គ្នា​​ជាមួយលក្ខិណា​ទេ?” អមរា​នៅ​មិន​អស់​ចិត្ត។ “អត់​មាន​ទេ​អូន…!” លើក​នេះ​ប្រសិទ្ធិ៍​ឆ្លើយ​យ៉ាង​លះ ប៉ុន្តែ​មាន​អារម្មណ​៍សោក​ស្តាយ​កាន់​តែខ្លាំង ព្រោះ​អមរា​កាន់​តែ​មិន​ស្ងប់​ក្នុង​ចិត្ត។ “គង់​តែ​ថ្ងៃ​មួយ​បង​ឯង​ទៅ​ជួប​គេ​មិន​ខាន!”។ “ឈប់​​សង្ស័យ​បង​ទៅ ណាអូន…. បើ​បង​ទៅ ក​៍បង​នា​ំអូន​ទៅ​ជាមួយ​ដែរ…” ប្រសិទ្ធិ៍​លួងលោម និង​អះអាង​ចំពោះ​អមរា។ អមរា​ហាក់​ដូចជា​ស្ងប់​ចិត្ត​វិញ។

លក្ខិណា​ខាន​មក​អនឡាញ​ជាច្រើន​សប្តាហ៍។ ប៉ុន្តែ​នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់ នាង​បាន​អនឡាញ​ម្តង​ទៀត។ នាង​ប្រាប់​ដំណឹង​ដ៏​សោកស្តាយ​មួយ​ដល់​ប្រសិទ្ធិ៍ “បន្ទាប់​ពី​ថ្ងៃ​នេះ​ទៅ ខ្ញុំ​នឹង​ឈប់​មក​អនឡាញ​ទៀត​ហើយ…”។ “មាន​រឿង​អី​ទៅ? ប្រាប់​ខ្ញុំ​បានទេ?” ប្រសិទ្ធិ៍​សួរ​ដោយ​ភ្ញាក់​ផ្អើល“។ “ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទេ…”។ “មិន​សប្បាយ​ចិត្តរ​ឿងអី និយាយ​មក ក្រែង​ខ្ញុំ​អាច​ជួយ​បាន…”។ លក្ខិណា​មិន​ឆ្លើយ​មួយ​សន្ទុះ…។

“ខ្ញុំ​មាន​អារម្មណ៍​ល្អ​ចំពោះ​ប្រសិទ្ធិ៍…”។ “ខ្ញុំ​ក៏​មាន​អារម្មណ៍​ល្អ​ចំពោះ​លក្ខិណា​ដែរ…” ប្រសិទ្ធិ៍​ឆ្លើយ​តប​លក្ខិណ​ាវិញ ដោយ​គិត​ថា​នាង​មាន​ន័យ​ធម្មតា។ “ខ្ញុំ​ច្រណែន​នឹង​អមរា​ដែល​មាន​មនុស្ស​ប្រុសម្នាក់​ស្រឡាញ់​នាង​ដោយ​ស្មោះ។ ខ្ញុំ​ចង់​បាន​ដូច​នាង​ដែរ… គឺ​ខ្ញុំ… ស្រ​ឡាញ់​ប្រសិទ្ធិ៍…។ នេះ​ហើយ​ជា​រឿង​ដែល​ខ្ញុំ​មិន​សប្បាយ​ចិត្ត…”។

ប្រសិទ្ធិ៍​ស្រឡាំងកាំង ព្រោះ​នឹក​ស្មាន​មិន​ដល់។ “ប្រសិទ្ធិ៍​ស្រឡាញ់​ខ្ញុំ​វិញ​ដែរ​ទេ?” លក្ខិណា​សួរ​ប្រសិទ្ធិ៍។ ប្រសិទ្ធិ៍​ច្របូកប្របល់​ក្នុង​ចិត្ត​ជាខ្លាំង និង​គិត​ដល​់អមរា… រួច​ក៏​ឆ្លើយ​បញ្ជៀស​សំណួរ “យើង​អាច​ស្និត​ស្នាល​ជាងនេះ​បាន…”។ ប្រសិទ្ធិ៍​សំដៅ​លើ​ការ​រាប់អាន​មួយ ដែល​ស្គាល់​គ្នា​ជាក់​ស្តែង មិន​មែន​តាម​​អ៊ីនធឺណិត​របៀបនេះ។

“បើ​បង​បែក​គ្នា​ពី​អមរា ប្រាប់​ខ្ញុំ​ណា ខ្ញុំ​ច​ាំបង…” លក្ខិណា​ហាក់​ដូចជា​ថយ​មួយ​ជំហាន​វិញ។ ប្រសិទ្ធិ៍​ពិបាក​ឆ្លើយ​នឹង​លក្ខិណា​យ៉ាង​ខ្លាំង ព្រោះ​ប្រសិទ្ធិ៍​គិត​ថា​នឹង​មិន​បែកគ្នា​ពី​អមរា​ទេ… “អរគុណ​ដែល​សុខចិត្ត​ចាំ​ខ្ញុំ។ ខ្ញុំ​មិន​ចង់​ឲ្យ​លក្ខិណា​ពិបាក​ចិត្តទេ…” ប្រសិទ្ធិ៍​​​នៅត​ែឆ្លើយ​មិន​ចំ​សំណួរ​ដដែល ក្រោយ​ពេល​គិត​យ៉ាងយូរ។

“ណ្ហើយ! ខ្ញុំ​គ្មាន​សង្ឃឹម​ទេ… ខ្ញុំ​លា​បង​ហើយ!” លក្ខិណា​គំរាម​ចាកចេញ។
“មាន!” ប្រសិទ្ធិ៍​ឆ្លើយ​យ៉ាង​រហ័ស ព្រោះ​ចង់​ឃាត់​លក្ខិណា​កុំ​ឲ្យ​ទៅ។ ប៉ុន្តែ​ប្រសិទ្ធិ៍​សោក​ស្តាយ​នឹង​ចម្លើយ​របស់​គេ​ជា​ខ្លាំង។ ចំពោះ​អមរា​វិញ ប្រសិទ្ធិ៍​មាន​អារម្មណ៍​ខុស​ចំពោះ​នាង​យ៉ាង​ខ្លាំង រួច​ក៏​ទូរស័ព្ទ​ទៅ​នាង តែ​នាង​បិទ​ទូរស័ព្ទ ធ្វើ​ឲ្យ​ប្រសិទ្ធិ៍​ខ្វាយខ្វល់​ក្នុង​ចិត្ត​ទ្វេរ​ដង ហើយ​គិត​ថា​អមរា​កំពុង​ខឹង​នឹង​ខ្លួន។ ប្រសិទ្ធិ៍​យល់​ដូច្នេះ ព្រោះ​អមរា​ហាក់​ដូចជា​មាន​ញាណ​ពិសេស​អ្វីម្យ៉ាង​ដែល​អាច​ដឹង​ថា​មាន​រឿង​អាក្រក់​ឬ​ល្អ​នឹង​កើត​ឡើង​ចំពោះ​ខ្លួន។

“អរគុណ​បង​ហើយ… ដើម្បី​កុំ​ឲ្យ​អូន​ពិបាក​ចិត្ត បង​សុខ​ចិត្ត​ក្បត់​ចិត្​តអមរា…”។ “យើង​អាច​ស្និត​ស្នាល​ជាង​នេះបាន…” ប្រសិទ្ធិ៍​ចង់​ស្តារ​ស្ថានភាព​ឡើង​វិញ។ “ស្និត​ស្នាល​ជាងនេះ​យ៉ាង​ម៉េចទៅ?”។ “គឺ​យើង​អាច​ជួប​គ្នា​បាន…”។ “ជួប​ថ្ងៃ​ណា?”។ “ខ្ញុំ​មិន​ដឹង​ទេ”។ “ថ្ង​ៃន​ៃក្តី​ស្រឡាញ់​ទៅ​អ៊ីចឹង…!”។ “តែ​ខ្ញ​មិន​ស្គាល់​លក្ខិណា​ទេ”។ “មិន​អី​ទេ អូន​ស្គាល់​បង​ទេតើ! បង​គ្រាន់​តែ​ឈរ​ចាំ​អូន​នៅ​ទីនោះ​ទៅ នឹង​មាន​នារី​ម្នាក់​ទៅ​កេះ​បង​ពី​ក្រោយ​ខ្នង​ហើយ។ ធ្វើ​ដូចនេះ​ទើប​ភ្ញាក់​ផ្អើល…”។

ចេញ​ពី​ធ្វើការ ប្រសិទ្ធិ៍​នៅ​តែ​ទូរស័ព្ទ​ទៅ​អមរា​មិន​ចូល​ដដែល។ កាន់​តែ​យូរ ប្រសិទ្ធិ៍​មាន​អារម្មណ៍​កាន់តែ​ខុស… “បង​សោក​ស្តាយ​ណាស់ បង​ចង់​ឲ្យ​លក្ខិណា​សួរ​បង​ម្តង​ទៀត… បង​អាច​បាត់បង់​អ្វីបាន តែ​មិន​អាច​បាត់បង់​អូនទេ…” ប្រសិទ្ធិ៍​គិត​ស្រម៉ៃ​ក្នុង​ចិត្ត​ម្នាក់ឯង ហាក់​ដូចជា​កំពុង​និយាយ​ជាមួយ​អមរា។

ប្រសិទ្ធិ៍​ព្យាយាម​ទូរស័ព្ទ​ទៅ​អមរា​ដោយ​អន្ទះសា រហូត​បាន​សម្រេច​នៅ​ពេល​យប់។ “ហេតុអី​អូន​បិទ​ទូរស័ព្ទ?”។

“អូន​មិន​សប្បាយ​ចិត្ត… អូន​មាន​អារម្មណ៍​ចំឡែក​ម្យ៉ាង… មាន​អារម្មណ៍​ថា​បាត់បង់​អ្វីមួយ​សំខាន់​សម្រាប់​ជីវិត​អូន… អូន​ចង់​តែ​យំ​ម​៉េច​មិន​ដឹង​ទេ…”។

“បង​សុំ​ទោស…” ប្រសិទ្ធិ៍​គិត​ក្នុង​ចិត្ត។ “មិន​អី​ទេ​អូន មិន​មែន​ជា​ការ​ពិត​ឯណា…” ប្រសិទ្ធិ៍​លួងលោម​អមរា។

“យប់ម៉ិញ​អូន​យល់​សប្តិ​ឃើញ​ថា អូន​កំពុង​ឈរ​នៅ​ក្នុង​ចំណោម​មនុស្ស​មួយ​ហ្វូង។ ពួកគេ​សុទ្ធ​តែ​សើច​ចំអក​ឲ្យ​អូន​គ្រប់គ្នា ហើយ​បង​ទៅ​ណា​បាត់​ទុក​ឲ្យ​អូន​នៅ​ម្នាក់​ឯង អូន​ខ្លាច​ណាស់…”។

“អូ៎! យល់​សប្តិ​ទេ​តើ… អូន​កុំ​ខ្លាច​អី បង​នៅ​ក្បែរ​អូន​រហូត​ណា៎! ឮទេ?”។

“ស្អែក​ជា​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​ហើយ បង​ទៅ​ណា?”។ “បង​នៅ​ជាមួយ​អូន​ហ្នឹង​ណា៎!” ប្រសិទ្ធិ៍​ឆ្លើយ​ដោយ​មិន​ស្ទាក់​ស្ទើរ។