
ជិះម៉ាសេរី
February 16, 2009ខ្ញុំគឺជាអ្នកគោរពច្បាប់ចរាចរណ៍ដ៏ល្អម្នាក់ ព្រោះខ្ញុំពាក់មួកសុវត្ថិភាព ហើយម៉ូតូខ្ញុំមានដាក់កញ្ចក់សម្រាប់មើលក្រោយ។ ខ្ញុំចេះពាក់មួកសុវត្ថិភាពតាំងពីមុនគេចាប់ផ្តើមរករបរទទួលទាននឹងមួក/កញ្ចក់ យ៉ាងគគ្រឹកគគ្រេងទៅទៀតឯណោះ ព្រោះតែខ្ញុំដឹងពីសារប្រយោជន៍នៃការពាក់មួកសុវត្ថិភាពនេះដោយខ្លួនឯង មិនមែនដោយសារអ្នកណាម្នាក់មកបញ្ជានោះទេ។ ឯកញ្ចក់វិញ មានប្រយោជន៍ធំៗមួយចំនួនដូចជា ជួយលើកស្ទួយជីវភាពអ្នកលក់កញ្ចក់ម៉ូតូ និងអ្នកមានមុខរបរពាក់ព័ន្ធនឹងកញ្ចក់ម៉ូតូទាំងឡាយ, អាចទុកសម្រាប់ឆ្លុះមើលមុខមាត់សក់ ពេលទៅជួបស្រីស្នេហ៍, និងអាចបញ្ចាំងផ្លាតពន្លឺថ្ងៃចូលភ្នែកអ្នកបើកបរដែលនៅពីក្រោយយើងបាន។
ប្រដាប់ទៅដោយពន្ធផ្លូវ មួក និងកញ្ចក់គ្រប់គ្រាន់ ខ្ញុំជិះម៉ូតូតាមមហាវិថីម៉ៅសេទុងយ៉ាងសង្ហារ ដោយមិនខ្លាចរអានឹងអ្នកណាឡើយ។ ត្រង់ចំណុចស្តុបមួយ មានប៉ូលីសចរាចរណ៍ បួនប្រាំនាក់ ក្បាលពោះធំៗ កំពុងតែបំពេញការងារយ៉ាងសស្រាក់សស្រាំ។ មានលោកម្នាក់កំពុងអង្គុយនៅអហ្វីស រវល់សរសេរវិក្កយបត្រយ៉ាងញាប់ដៃញាប់ជើង ដើម្បីកត់ត្រាប្រមូលប្រាក់ផាកពិន័យ(ហេតុអ្វីផាកកញ្ចក់ថ្លៃជាងមួក? ហេតុអ្វីអ្នកជិះខាងក្រោយ អាចមិនពាក់មួកបាន? តើមានតែអ្នកជិះខាងមុខទេឬ ដែលមានគ្រោះថ្នាក់ប្រសិនបើដួល?) ចូលឲ្យរដ្ឋឲ្យបានត្រឹមត្រូវ។ ឯអ្នកក្រៅពីនោះ កំពុងត្រួតពិនិត្យចរាចរណ៍ គឺថាមិនឲ្យអ្នកបើកបរគ្មានមួកគ្មានកញ្ចក់ណាម្នាក់ រំលងផុតឡើយ។
ខ្ញុំឈប់នៅលើគំនូសសម្រាប់អ្នកថ្មើរជើងឆ្លងកាត់ ដូចអ្នកដទៃមួយចំនួនដែរ។ មានម៉ូតូមួយនោះអត់មានកញ្ចក់ ពេលឃើញប៉ូលីសដើរចេញមកសំដៅខ្លួន ភ័យពេក ស្លន់ស្លោរ ក៏ប្រុងបត់ត្រឡប់ក្រោយវិញ។ ក្នុងពេលប្រថុចញ៉ុច គាត់មើលក្រោយមិនទាន់ទេ ព្រោះចូលជិតកៀកប៉ូលីសទៅហើយ។ គាត់ក៏ជាន់ហ្វ្រាំងបត់ក្រោយវ៉េវ… ប្រ៉ាវ!… ម៉ូតូមកពីក្រោយបុកគាត់ម៉ាំង។ ប្រសិនជាឡានវិញ ម្ល៉េះគាត់ហោះរំលងស្តុប រួចផុតពីការចាប់របស់ប៉ូលីសបាត់ទៅហើយ។
ក្នុងនាមជាប៉ូលីសចរាចរណ៍ម្នាក់ លោករត់សំដៅកន្លែងកើតហេតុដោយមិនសំចៃកម្លាំងឡើយ។ គាត់ស្ទុះទៅហើយ… លឿនណាស់ ដូច ផ្លេក បន្ទោរ អ៊ីចឹង… វឹប! កញ្ឆក់យកសោរម៉ូតូរបស់ជនរងគ្រោះមកទុកក្នុងហោប៉ៅអាវសិន រួចចាំធ្វើកិច្ចការផ្សេងទៀត។ ខ្ញុំមិនបាននៅតាមដានសាច់រឿងទេ ក៏មួលហ្គ៊ែរម៉ូតូទៅមុខទៀត ដោយសារអ្នកនៅខាងក្រោយ គាត់ស៊ីផ្លេបង្ខំឲ្យខ្ញុំឆ្លងទៅទាំងភ្លើងនៅក្រហម សល់ប្រហែល៥វិនាទីទៀត។
ដោយខ្ញុំមានសិល្បៈក្នុងការបញ្ជារចង្កូតម៉ូតូនិងកាច់ចង្កេះយ៉ាងស្ទាត់ជំនាញ ខ្ញុំអាចឆ្លងទម្លុះហ្វូងម៉ូតូឡានដែលកំពុងឆ្លង ដោយជោគជ័យ និងសុវត្ថិភាព។ ប៉ុន្តែគួរអនិច្ចាឡានដែលមកតាមក្រោយខ្ញុំ មិនអាចជ្រែញាប់រវិចរវាមដូចខ្ញុំឯណា ធ្វើឲ្យអកហ្ស៊ឺជាមួយឡានឆ្លងមក រួចក៏បង្កទៅជាស្ទះយ៉ាងរដូករណែលពេញនោះទៅ។
ខ្ញុំសំឡឹងមើលពួកគេដែលកំពុងស្ទះ រួចក៏នឹកអាណិតដល់សាលាក្រុងរហូតខ្លោចចិត្តអស់ ព្រោះមួយថ្ងៃៗខិតខំពង្រីកផ្លូវ ពុះផ្លូវ បន្ថែមស្តុប សាងសង់ស្ពាន និងរហូតដល់ធ្វើផ្លូវហោះទៀតផង ដោយមិនបានខិតខំពង្រឹងឥរិយាបថបើកបររបស់អគ្គមហាប្រជាពលរដ្ឋយើង ជាពិសេសអ្នកបើកឡានឆ្លងភ្លើងក្រហមយ៉ាងងងើលពកថ្ងាស ទាំងអ្នកដទៃកំពុងតែឆ្លងទៅមកដោយភ្លើងបៃតង។
និយាយអ៊ីចឹង នៅយប់មួយ នៅទូរទស្សន៍ជាតិកម្ពុជា ខ្ញុំបានឃើញសមិទ្ធិផលដ៏ថ្មីស្រឡាងមួយទៀតរបស់សាលាក្រុងភ្នំពេញ គឺស្ពានភ្លោះព្រះមុនីវង្សថ្មី នៅច្បារអំពៅ ដែលនឹងបើកសម្ពោធឲ្យប្រើប្រាស់ក្នុងឪកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ហើយទន្ទឹមនឹងពេលនោះដែរ ក៏នឹងបើកសម្ពោធការដ្ឋានសាងសង់ស្ពានហោះមួយ នៅផ្លូវនរោត្តម ត្រង់ចំណុចគល់ស្ពាននោះដែរ នេះបើតាមការអះអាងរបស់ឯកឧត្តម កែប ជុតិមាដ៏មហាអស្ចារ្យរបស់យើង។
ខ្ញុំទទួលព័ត៌មាននោះដោយក្តីអំណរសាទរ រួចក៏ប្តូរប៉ុស្តិ៍រកមើលកម្មវិធីផ្សេង ក៏ប្រទះនឹងឆាកកំប្លែងមួយក្រុមដែលល្បីល្បាញដោយសារការប្រើសំដីអសុរោះ។ សាច់រឿងគាត់ក៏មិនសូវប្លែកពីសព្វមួយដងដែរ ប៉ុន្តែរាប់ថាមានអត្ថន័យអប់រំគួរទទួលយកបាន។ មិនតែប៉ុណ្ណោះ ក្រោយពេលបញ្ចប់សាច់រឿង ប្រធានក្រុមកំប្លែងដ៏ល្បីល្បាញរបស់យើងបានឆ្លៀតពាំនាំព័ត៌មានគ្រោះថ្នាក់ចរាចរណ៍មួយដែលគួរឲ្យព្រឺខ្លាច ដោយបានសម្លាប់ជីវិតមនុស្សច្រើននាក់ក្នុងពេលតែមួយ។ គាត់មានបំណងល្អណាស់ ដោយបានដាស់តឿនអ្នកជិះម៉ូតូឲ្យដាក់ភ្លើងពីក្រោយ។ គាត់បន្តរៀបរាប់ថា ពេលនោះមានឡានពីរមកបញ្ច្រាស់ទិសគ្នា ដោយមួយៗសុទ្ធតែបើកភ្លើងឡាហ្សែ រួចក៏មើលម៉ូតូមិនឃើញ ក៏កើតទៅជាសោកនាដកម្មដ៏គួរឲ្យរន្ធត់ក្រៃលែង។ ប៉ុន្តែគួរឲ្យស្តាយ ព័ត៌មានដែលខ្ញុំទន្ទឹងចាំស្តាប់ពីអ្នកកំប្លែងយើង គឺមិនត្រូវបានលើកនិយាយទៅវិញ គឺភាពស្របច្បាប់នៃភ្លើងឡាហ្សែនោះ។
សលធម៌ក្នុងការរស់នៅរបស់ប្រជាជនយើងមួយចំនួន នៅមានការខ្វះខាតនៅឡើយ ទាំងការបញ្ចារយានយន្ត ក៏ដូចជាអនាម័យផ្សេងៗ ។ មិនដឹងថាត្រូវប្រើរយៈប៉ុន្មានទេ ដើម្បីធ្វើការអប់រំ ។
និយាយរឿងនេះឡើងខ្ញុំឈឺចាប់ណាស់….! ហើយខ្មាស់របទេសទៀតផង…តើការចូលរួមចំណែក មួយផ្នែកតូចរបស់ពួកយើង អាចធ្វើអោយអ្នកដែលមិនទាន់ដឹង យល់ រឺអ្នកដែលដឹងហើយនៅតែល្មើស មានការភ្ញាក់រលឹកដែររឺទេ?
បើមានុអ្នកគោរពច្បាប់និងសិលធ៌មបើកបរ ហើយអ្នកនោះជួយនិយាយដាស់តឿនមនុស្សដែលគេស្គាល់ ហើយអ្នកដែលស្គាល់នោះ ក៏និយាយដាស់តឿនអ្នកដ៏ទៃទៀត ខ្ញុំថាបើមិនបានប្រសើច្រើន ក៏បានគ្រាន់តិចតួចដែ។ អ្វីៗ ក៏ត្រូវតែចាប់ផ្តើមពីតិច ទៅច្រើន។
ត្រូវហើយ អ្វីៗក៏ត្រូវចាប់ផ្តើមពីតិចទៅច្រើន ពីតូចទៅធំ… អ៊ីចឹងហើយបានជាគេឃើញមានតែម៉ូតូឌុប និងប្រជារាស្ត្រសាមញ្ញៗ អ្នកមកពីជនបទ ជនងាយរងគ្រោះ ។ល។ និង ។ល។ ត្រូវគេផាកពិន័យជាហូរហែរហ្នឹងណា៎!… ព្រោះតែគេកំពុងធ្វើពីតូចទៅធំ =))
តាមការសង្កេតរបស់ខ្ញុំ ភាគច្រើន បងៗ ពូៗ ដែលជាប៉ូលីសចរាចរណ៍ តែងតែធ្វើបើយ៍ ចំពោះ មន្រ្តីរាជការមួយចំនួន ពិសេស មន្រ្តីផ្នែកការពារជាតិ។ គាត់ហាក់ដូចជារើសអើងខ្លាំមែនទែនចំពោះមន្រ្តីទាំងនេះទោះបីជា មន្រ្តីនោះបំពានច្បាប់ចរាចរណ៍ស្រស់នៅនឹងមុខគាត់ក៏ដោយ ក៏បងៗ ពូៗ ប៉ូលីសយើងឈរធ្វើបើយ៍មិនខ្ចីឃើញឡើយ…….ផ្ទុយទៅវិញពួកគាត់មិនបានរើសអើងចំពោះពូៗ ដែលប្រកបរបរតូចតាច ឬមិនមានឋានះ បុណ្បសក្តិធំដុំអីនោះទេ…..ពិសេសពូ មី ដែលទើបអញ្ជើញមកពីស្រែ…..បងៗ ពូៗ ប៉ូលីសមិនរើសអើងចំពោះពួកគាត់ទេ….តាធ្វើខុសគឺមុខជាស្វាគមន៍មិនខាន……ខុសពីពូៗ មានសក្តិយស….ធ្វើខុសហើយ…..បងៗ ពូៗ ប៉ូលីសខ្ពើមស្វាគមន៍…..មិនយកភ្នែកមើល៍ទៀតហ៍……….នេះជាការរើងអើងមែនអត់….បូរាណ?
ហាហា បើនិយាយថាគេអនុវត្តច្បាប់ពីតូចទៅធំក៏ម្យ៉ាងបើនិយាយថារើសអើងក៏ម្យ៉ាង… តែខ្ញុំគិតថាប្រសិនបើយើងជាពួកគាត់ ក៏យើងធ្វើដូច្នោះដែរ។ ដើមហេតុពិតប្រាកដ គួរតែជាអ្វីផ្សេងពីហ្នឹង… ជឿថាអ្នកទាំងអស់គ្នាដឹងហើយ ព្រោះជាប្រធានបទដដែលៗ អ្នកណាៗក៏គេនិយាយពីរឿងហ្នឹងដែរ…
ពាក់មួកសំរាប់ការពារកំដៅថ្ងៃនិងជីវិត តែដាក់កញ្ចក់នាំតែទើសទែង ជ្រេរមិនកើត គេចចុះឡើង ប៉ះតែកញ្ចក់គ្នា លាន់ផូងផាង ពេលចតក៏ទើស។ ពួកអាចេញច្បាប់យកតំរាប់តាមអាយួន នេះបានចំជាអាយ៉ាប់មែន!
អូ៎! ‘No Name’ ខ្ញុំខំគិតខ្លាំងណាស់អំពីមូលហេតុនេះ តែខ្ញុំមិនដែលនឹកដល់ថាច្បាប់នេះចេញដោយយកតម្រាប់តាមសាសន៍ដទៃនោះទេ!… អូ៎ម៉ាយប៊ូដា! មានរឿងច្រើនណាស់ដែលខ្ញុំនឹកស្មានមិនដល់!…
មិនដឹងជាអ្នកបើកបរស្រុកយើងប៉ុន្មានអ្នកដែលបានចូលសាលា ច្បាប់ចរាចរណ័ បើអ្នកខ្លះបើទោះជាមាន ប័ណ្ឌបើកបរ ក័ទិញដែរ ស្រួលណាស់ស្រុកខ្ញុំនឹង។
បាទ! ត្រូវហើយ សាលាច្បាប់ចរាចរណ៍ មានសារប្រយោជន៍ហើយ ប៉ុន្តែគ្រាន់តែរឿងឆ្លងភ្លើងក្រហម រឿងឈប់លើគំនូសអ្នកដំណើរឆ្លងកាត់ ប៉ាប៉ិននេះកូនក្មេងក៏វាដឹងដែរ មិនចាំបាច់ទៅរៀននៅសាលាទេ… អ៊ីចឹងខ្ញុំគិតថាអ្វីដែលសំខាន់គឺ “សីលធម៌”ក្នុងការបើកបរទៅវិញទេ។
ត្រូវហើយស្រុកយើងវាស្រួលអ៊ីចឹង! បើបានឃើញទិដ្ឋភាពនៅស្តុបសាលាតិចណូវិញទើបឆ្អែតចិត្ត។ ពួកគេឈប់ពេញផ្លូវទាំងអស់ គឺមិនទុកចន្លោះខាងឆ្វេងផ្លូវ សម្រាប់ឲ្យអ្នកមកពីមុខឆ្លងកាត់បានទាល់តែសោះ។ សូម្បីតែម៉ូតូចូលមិនចង់រួចផង ចុះទម្រាំដល់ឡាន! ឈប់បាំងផ្លូវគ្មានជំពាក់អ្នកណាម៉ារៀលសោះ!
ចុមកាដុមសែប ចុះthemeនេះ លយម្ល៉េះ ធ្វើម៉េចបានដាក់ចឹងបានទៅ?