
សូមនារីៗស្តាប់ខ្ញុំបន្តិចម្ហើ
December 2, 2008
ត្រូវហើយ នារីមិនមែនជាបុរស ហើយបុរសក៏មិនមែនជានារីដែរ តើឲ្យសត្វលោកទាំងពីរនេះយល់ពីគ្នាទៅវិញទៅមកបានគ្រប់ជ្រុងជ្រោយយ៉ាងម៉េចទៅ? នៅក្នុងសង្គម ស្ត្រីមួយចំនួនច្រណែននឹងជីវិតជាបុរស ឯបុរសមួយចំនួនក៏ច្រណែននឹងជីវិតជាស្ត្រីដែរ។ តែខ្ញុំគិតថាស្ត្រីនិងបុរសគឺជាការបំពេញឲ្យគ្នាទៅវិញទៅមក ទោះជាវានោះជាតួនាទីក្នុងសង្គម ឬក៏ជាហេតុបណ្តាលពីធម្មជាតិក៏ដោយ។ តើផែនដីនេះនឹងវិលទេ បើបុរសនិងស្ត្រីមិនបង្កើតជាគ្រួសារ? ខ្ញុំយល់ថានឹងគ្មានមនុស្សធ្វើការទេ ហើយនឹងគ្មានការរីកចម្រើនអ្វីដែរ អ៊ីចឹងតើផែនដីវិលបានការអី? ដូច្នេះហើយបានជាគេថា គឺស្នេហាហ្នឹងហើយ ដែលធ្វើឲ្យផែនដីវិលនោះ។
ច្រើនឆ្នាំមកហើយ តាំងពីយល់ តាំងពីស្គាល់សេចក្តីស្នេហាមក ខ្ញុំតែងមានសេចក្តីប៉ងប្រាថ្នាឲ្យមនុស្សលោកគ្រប់គ្នាមានការស្រឡាញ់គ្នា បារម្ភណ៍ពីគ្នា យកចិត្តទុកដាក់ចំពោះគ្នា ទៅវិញទៅមកឲ្យបានល្អ ហើយថែរក្សាសេចក្តីស្នេហានោះឲ្យបានផ្អែមល្ហែមរហូត កុំឲ្យមានភាពប្រែប្រួល។ ទោះជាមិនមានច្រើនក៏ដោយ ក៏យើងបានឃើញរួចមកហើយ ថាគូស្នេហ៍យាយតាមួយចំនួនបានធ្វើឲ្យក្មេងៗជាច្រើននាក់ ខ្មាស់គាត់រួចមកហើយ។
ទោះជាយ៉ាងនេះក៏ដោយ ភាគីបុរសត្រូវបានគេនិយាយថាមិនបានឲ្យតម្លៃគ្រប់គ្រាន់ទៅលើមនោសញ្ចេតនាស្នេហានោះទេ ជាពិសេសគឺនៅពេលដែលបានខ្លួនប្រាណ ឬរៀបការហើយ។ មាននារីខ្លះខឹងពេករហូតនិយាយចេញក្តែងៗថា “ពួកអាប្រុសៗសុទ្ធតែដូចគ្នា!”។ យើងសាកគិតម្តងទៀតមើហ៍ តើពាក្យនេះវាយុត្តិធម៌ដែរទេ ចំពោះលោកសង្ឃដែលបួសតាំងពីក្មេង,ចំពោះបុរសដែលគ្នាមិនទាន់មានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់ណាផងនោះ, ចំពោះបុរសដែលមានចិត្តស្មោះនឹងសង្សារ, ស្មោះនឹងប្រពន្ធនិងគ្រួសារ? តើមិនយល់ថា និយាយពាក្យនេះកាន់តែខ្លាំង គេគិតថាអ្នកនាងមានការខូចចិត្តនឹងស្នេហាកាន់តែខ្លាំងប៉ុណ្ណោះដែរទេឬ?
រីឯនារីដែលមិនមានការខឹងសម្បារនឹងប្រុសៗដាច់ក្បាលដាច់កន្ទុយនោះ គឺគេគ្រាន់តែនិយាយត្រឹមថា “បានតែមុនដំបូងអ៊ីចឹង!”។ បានតែមុនដំបូងយ៉ាងម៉េចទៅ? ខ្ញុំបានសួរបញ្ជាក់ទៅមិត្តភក្តិស្រីខ្ញុំម្នាក់ ក្នុងឱកាសញ៉ាំបាយថ្ងៃត្រង់ជាមួយគ្នាបួនប្រាំនាក់នាថ្ងៃមួយ។ នាងរៀបរាប់ថា មានរឿងមួយជារឿងពិត គឺបុរសម្នាក់នោះមុនពេលរៀបការជាមួយប្រពន្ធគាត់ ៗយកចិត្តទុកដាក់នឹងប្រពន្ធខ្លាំងណាស់។ ថ្ងៃមួយមានភ្លៀងយ៉ាងខ្លាំង រហូតលេចផ្លូវ។ អ្នកដំណើរជាច្រើនត្រូវបណ្តើរម៉ូតូ ព្រោះតែម៉ូតូខូច។ ដូចគ្នាដែរ បុរសនោះបានចុះបណ្តើរម៉ូតូ ប៉ុន្តែអ្វីដែលអស្ចារ្យជាងគេ គឺគាត់ឲ្យនារីនោះនៅអង្គុយលើម៉ូតូរហូត។ ប៉ុន្មានឆ្នាំកន្លងផុតទៅ ប្តីប្រពន្ធទាំងពីរនាក់នោះបានស្ថិតនៅក្នុងស្ថានភាពដដែល ប៉ុន្តែលើកនេះគឺពួកគេបានរៀបការហើយ។ “យី! យាយប៉ិកនេះ ម៉េចមិនចុះដើរ?! ធ្ងន់ចង់ងាប់!”។
យើងសាកគិតមើល កាលពីគាត់មិនទាន់រៀបការ គឺគាត់នៅមានកម្លាំងខ្លាំង អាចបណ្តើរម៉ូតូ ដោយឲ្យប្រពន្ធគាត់អង្គុយ។ តែឥឡូវគាត់មានប្រពន្ធហើយ កម្លាំងគាត់ក៏មិនខ្លាំងក្លាដូចមុនដែរ និយាយឲ្យស្រួលស្តាប់ គឺបាក់កម្លាំងហ្នឹងណា៎។ ណាមួយទៀត គាត់និយាយឲ្យប្រពន្ធគាត់បែបហ្នឹង ព្រោះតែគាត់គិតថា ប្តីប្រពន្ធមិនអាចបែកគ្នាព្រោះតែរឿងប៉ុណ្ណឹងទេ តែសង្សារគឺអាច។ មានន័យថា កាលពីមុនគឺគាត់នៅមានការបារម្ភណ៍ថានឹងមិនបាននារីនោះជាគូគ្រង ទើបគាត់ធ្វើគ្រប់យ៉ាង មិនឲ្យនារីនោះអន់ចិត្ត។ ប៉ុន្តែពេលនេះ គឺគាត់ត្រូវគិតពីគ្រួសារ ត្រូវដឹកនាំគ្រួសារ ជាកាតព្វកិច្ចមួយធំណាស់ សម្រាប់ជីវិតក្រោយរៀបការរួច ឲ្យគាត់ធ្វើដូចមុនម៉េចនឹងបាន?
តើគាត់លែងស្រលាញ់ប្រពន្ធគាត់ហើយមែនទេ? បើសិនជាមានបុរសម្នាក់ទៅលេបខាយប្រពន្ធគាត់ តើគាត់នឹងនៅស្ងៀមទេ? ទេ! ដូច្នេះសូមនារីៗទាំងឡាយឈប់ចោទបុរសៗទៀតទៅ ហើយត្រូវបើកចិត្តឲ្យទូលាយថា ជីវិតជាសង្សារ និងជីវិតជាប្តីប្រពន្ធ មិនអាចឲ្យដូចគ្នាទាំងអស់នោះទេ។ ទោះជាយ៉ាងនេះក្តី ខ្ញុំមិនមែនការពារបុរសៗគ្រប់កាលៈទេសៈនោះទេ ដូចជា(មានប្រពន្ធ៖)ការប្រើអំពើហឹង្សា ដើរចោលប្រពន្ធ ផឹកស្រា លេងល្បែង មានស្រីឬប្រពន្ធចុង មិនធ្វើជាប្រយោជន៍ដល់គ្រួសារ ហើយថែមទាំងបំផ្លាញគ្រួសារ និង(មានសង្សារ៖) ការលួចមានសង្សារបន្ថែម ដើរលេងស៊ីផឹក វ៉ៃកាប់ចាក់បាញ់ ញៀនថ្នាំ លួចឆក់ប្លន់ ព្រហើនកោងកាចអត់ខ្លាចអ្នកណា គ្មានសីលធម៌ គ្មានសាសនា មិនធ្វើការមិនសិក្សា ។ល។ និង ។ល។ ខ្ញុំជឿថាអ្នកទាំងអស់គ្នាក៏មិនឲ្យតម្លៃទៅលើអំពើទាំងនេះដែរ។
រឿងចុងក្រោយមួយទៀត ដែលនារីមួយចំនួនមិនគួរយល់ច្រឡំ។ ថ្ងៃមួយខ្ញុំស្តាប់កម្មវិធីមួយក្នុងវិទ្យុ ស្រាប់តែឌីជេស្ទាវមួយនោះ ប្រហែលជាគាត់និយាយច្រើនពេក ញាប់ពេក មិនបានប្រយ័ត្ន ឬគិតមិនទាន់, បានប្រលោយពាក្យថា “ប្រុសៗរៀបការហើយ ចេះដើរមានស្រីខាងក្រៅបាន, អ៊ីចឹងស្រីៗការហើយ ក៏អាចដើររកប្រុសខាងក្រៅបានដែរ! សិទ្ធិស្មើគ្នាត្ហើ!” ។ ទស្សនៈនេះ បើតាមខ្ញុំយល់ គឺបានធ្វើឲ្យខូចប្រយោជន៍ដល់សង្គមយ៉ាងធ្ងន់ធ្ងរ ព្រោះមានមនុស្សមិនតិចទេ ដែលស្តាប់អន្ទិតនោះ, មានន័យថាការអះអាងរបស់គាត់ បានព្យាយាមបណ្តុះទុទ្ទិដ្ឋិនិយមទៅក្នុងគោលគំនិតរបស់នារីទាំងឡាយ ដែលគំនិតនេះ វាផ្ទុយស្រឡះពីៈ ១.) ប្រពៃណីខ្មែរ និង ២.) ច្បាប់របស់សង្គម ១៨០ដឺក្រេ។
បុរាណលោកពោលថា “ស៊ូស្លាប់បា កុំឲ្យស្លាប់មេ” ។ សុភាសិតនេះស្តែងយ៉ាងច្បាស់ពីតម្លៃនៃស្រ្តី។ ទោះជាក្នុងសម័យនេះហើយក៏ដោយ បុរសនៅតែគិតថា ប្រពន្ធគឺជាតំណាងនៃសេចក្តីស្មោះត្រង់ តំណាងឲ្យគ្រួសារទាំងមូល ដូចជាការគ្រប់គ្រងគ្រួសារ ការមើលថែ ចិញ្ចឹម អប់រំកូនចៅ ម្តាយធ្វើបានល្អជាង និងមានភាពស្និទស្នាលជាងអ្វីដែលឪពុកអាចធ្វើបាន។ ក្នុងពេលជាមួយគ្នា នារីថែមទាំងអាចរកចំណូលផ្គត់ផ្គង់គ្រួសារដូចបុរសដែរ (រីឯបុរសមួយចំនួន ពេលផុតពីការងារហើយ ឆ្លៀតដើរលេងបន្តិចទៀត….)។ ដោយភាពស្មោះត្រង់នឹងគ្រួសារ ធ្វើអ្វីក៏ដើម្បីតែគ្រួសារនេះហើយ ទើបបុរសឲ្យតម្លៃយ៉ាងខ្ពង់ខ្ពស់ទៅលើប្រពន្ធរបស់ខ្លួន គិតថាប្រពន្ធគឺជាទ្រព្យសម្បតិ្តដ៏វិសេសវិសាល។ ហើយការដែលឲ្យតម្លៃខ្ពស់នេះហើយ ទើបជាមិនអាចទទួលបានហ្នឹង នៅពេលដែលដឹងថាប្រពន្ធលួចមានក្រៅនោះ។
បើប្រពន្ធចោទប្តីថាមានស្រី(អត់ភស្តុតាង) ភាគច្រើនគឺអត់បញ្ហា តែបើប្តីចោទប្រពន្ធ(អត់ភស្តុតាងដូចគ្នា)ថាមានប្រុស នោះប្រពន្ធពិតជាខឹងដាច់ក្បាលដាច់កន្ទុយមិនខាន។ ប្រតិកម្មនេះបង្ហាញឲ្យឃើញថា ប្រពន្ធមិនអាចទទួលការមើលងាយថាមានក្រៅបានទេ។ វាអយុត្តិធម៌ចំពោះគាត់ នៅពេលដែលគាត់ស្មោះត្រង់ បែរជាចោទគាត់ថាក្បត់ទៅវិញ។ ក្នុងករណីនេះ ប្រពន្ធបាននិងកំពុងតែធ្វើយ៉ាងល្អ ស្មោះត្រង់ជាមួយប្តី និងគ្រួសារទៅហើយ ហេតុអ្វីក៏ឌីជេស្ទាវនោះមកបំផុសគំនិតថាមានសិទ្ធិដូចគ្នា គឺអាចរកក្រៅដូចគ្នាបាន ឲ្យប្រពន្ធចេះរកក្រៅដែរទៅវិញ? បើប្តីមានកំហុស(ក្បត់ប្រពន្ធ)ទៅហើយ ម្តេចក៏ចង់ឲ្យប្រពន្ធសាងកំហុសដូចគ្នាទៅវិញ? មិនគួរចង់ឈ្នះតាមរបៀបនេះទេ… ចុះកូនៗ? កេរ្តិ៍ឈ្មោះគ្រួសារ? បើឳពុកមានស្រីក្រៅ ម្តាយមានប្រុសក្រៅ តើអ្នកជិតខាងគេមើលមកគ្រួសារនោះយ៉ាងម៉េចទៅ?
អ៊ីចឹងសួរថាខ្ញុំហ្នឹងគាំទ្រឲ្យប្តីមានក្រៅឬ? ទេ! ខ្ញុំក៏គាំទ្រការមានសិទ្ធិស្មើគ្នាដែរ ប៉ុន្តែមិនមែនក្នុងរបៀបមួយ ដែលឲ្យភាគីទាំងសងខាងដើររកក្រៅទាំងពីរនោះទេ! គំនិតខ្ញុំគឺចង់ទប់ស្កាត់ និងដាក់ទណ្ឌកម្មលើភាគីណាមួយដែលកំពុងតែធ្វើខុស។ នេះហើយទើបគេហៅថា “សិទ្ធិស្មើគ្នា” នោះ! គឺមិនបំពានសិទ្ធិអ្នកដទៃ មិនបំពានលើប្តីឬប្រពន្ធរបស់ខ្លួន។ អ៊ីចឹងសួរថាតើត្រូវធ្វើយ៉ាងម៉េចទៅ ដើម្បីឲ្យអ្នកក្បត់(ប្តីឬប្រពន្ធ) ទទួលកំហុសបាន? មាន! គឺយើងមានច្បាប់ស្ដីពីឯកពន្ធភាព សម្រាប់ធ្វើជាមូលដ្ឋានបាន។
មាត្រា១ ក្នុងជំពូកទី១(បទប្បញ្ញត្តិទូទៅ)នៃច្បាប់ស្ដីពីឯកពន្ធភាព បានចែងថា ៖ “ច្បាប់នេះមានគោលបំណងការពារសេចក្ដីថ្លៃថ្នូរ និងពង្រឹងសុខដុមរមនា សុភមង្គលក្នុងគ្រួសារ និងការគោរពសិទ្ធិគ្នាទៅវិញទៅមករវាងប្ដីនិងប្រពន្ធ….។”
មាត្រា៧ ក្នុងជំពូកទី២ (និយមន័យ ពិរុទ្ធភាព និងនីតិវិធី) ៖ “ត្រូវចាត់ទុកថាមានពិរុទ្ធក្នុងបទផិត ចំពោះបុរសណា ដែលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយ ហើយទៅរួមសេវនកិច្ចជាមួយស្ត្រីផ្សេងទៀត ឬស្ត្រីណា ដែលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយ ហើយទៅរួមសេវនកិច្ចជាមួយបុរសដទៃទៀត។”
មាត្រា១០ ក្នុងជំពូកទី៣ (ទោសប្បញ្ញត្តិ)៖ “ជនណាប្រព្រឹត្តល្មើសនឹងមាត្រា ៦ និងមាត្រា ៧ នៃច្បាប់នេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ដល់ ១ (មួយ) ឆ្នាំ និងផ្ដន្ទាទោសពិន័យជាប្រាក់ពី ២០០.០០០ (ពីររយពាន់) រៀល ដល់ ១.០០០.០០០ (មួយលាន) រៀល ឬ ផ្ដន្ទាទោសណាមួយនៃទោសទាំងពីរ។”
ទោះជាការវិភាគចំពោះរឿងនេះ មានភាពចម្រូងចម្រាសយ៉ាងណាក៏ដោយ ដោយសារមនុស្សមានមតិខុសៗគ្នា ជាពិសេសគឺសេចក្តីលំអៀងទៅរកភេទនីមួយៗ, ក៏ពលរដ្ឋកម្ពុជាគ្រប់រូបត្រូវតែគោរពតាមច្បាប់របស់ប្រទេសកម្ពុជាដែរ គឺច្បាប់ឯកពន្ធភាពនេះឯង។
អត្ថបទនេះផ្អែកលើយោបល់ផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុណ្ណោះ ហេតុដូច្នេះហើយ វាមិនអាចស្របទៅតាមទស្សនៈរបស់អ្នកអានទាំងអស់គ្នាបានទេ។ ខ្ញុំជឿថាមានខ្លះក៏ឯកភាព ខ្លះក៏ជំទាស់ដែរ។ ទោះជាមានការខ្វែងគំនិតគ្នាយ៉ាងណាក៏ដោយ ក៏ខ្ញុំជឿថា ទាំងអស់គ្នាសុទ្ធតែចង់បាន ការស្រឡាញ់ ស្មោះត្រង់ យកចិត្តទុកដាក់ រួមរ័ក្សលុះក្ស័យអឺយ…៕៚
ខ្ញុំរកនឹកអាពាក្យហ្នឹងប្រកែកជាមួយស្រីៗ មិនបានសោះ ពេលនេះ បូរាណ បានបង្ហើបយ៉ាងច្បាស់ដូចនេះ ខ្ញុំលែងបារម្ភទៀតហើយ!
តែកន្ទុយចុងក្រោយ ដូចមានកូដអីគេវែងម៉្លេះ?
អូ សុំទោសរអាក់រអួលបច្ចេកទេសការផ្សាយ
) អាឡូវលុបចោលកូដនោះហើយ…
ខ្ញុំគាំទ្រចំពោះមតិ បូរាណ ហើយខ្ញុំចាប់អារម្មណ៌ត្រង់ចំនុចមួយ “ពួកអាប្រុសៗសុទ្ធតែដូចគ្នា!” ចុះចំពោះនារីដែលធ្វើបាបចិត្តបុរសវិញនោះគេនិយាយថាមិចវិញ?
បូរាណឯងទៅបាយអត់ហៅគ្នាទៅផងទេ…
ចំពោះសំនួររបស់ឌី អាចនឹងត្រូវបានបកស្រាយនៅក្នុងចំនុចចុងក្រោយរបស់វាគ្មិនយើង ដូច្នេះសូមកុំភ្លេចរង់ចាំទស្សនាកម្មវិធីនេះនៅពេលវេលាដដែល…
រូចពីណាប្រាប់ឌីអែងថាគេមិនហៅ? ខ្ញុំនៅចាំថាកាលនោះឌីឯងអង្គុយជាប់powerpuff girl alice ហ៎! ហើយម្ខាងដៃឌីឯងគឺស៊ា ទល់មុខឌីឯងគឺខ្ញុំនិងយាយ… ម៉េចនឹកឃើញនៅ?
អូគ្នាថាតាមិនមែនងៃណុយ…តាមពិតទៅគ្នាបាត់បង់ការចងចាំខ្លះៗ ឡូវចាំតិចៗវិញហើយ។ អរគុណដែលបានរំលឹក ហា៎….
យករឿងញុំនិយាយមកពិភាក្សាសោះ។ ត្រឹមត្រូវណាស់…ជីវិតប្តីប្រពន្ធមិនអាចដូចជីវិតគូសង្សាទេ (ហាហា…និយាយដូចរៀបការហើយ)។ប៉ុន្តែតើបុរសជាមនុស្សតែម្នាក់ក្នុងគ្រួសារ ដែលគិតគូរនិង ផ្គត់ផ្គង់ជីវភាពគ្រួសាររឺ? តើនារីជាភរិយាអត់បានគិតគូររឿងហ្នឹងទេ? ហើយថា តើបុរសជាស្វាមីត្រូវតែខិតខំរកប្រាក់ដោយគ្មានពេលគិតពីសុខទុក្ខប្រពន្ធកូន? ជាការពិតណាស់ប្រាក់ពិតជាសំខាន់ ប៉ុន្តែប្រាក់មិនអាចធ្វើឲ្យគ្រួសារមានសុភមង្គល ដោយគ្មានភាពល្អុកល្អើនពីសាមាជិកគ្រួសារនោះទេ។ អ្វីដែលខ្ញុំនិយាយមិនមែនមានន័យថា ឲ្យបុរសផ្អែមល្ហែមដូចកាលនៅជាសង្សារនោះទេហើយក៏មិនមែនថាឲ្យបុរសណាដែលគាត់ល្អគ្រប់គ្រាន់ចំពោះភរិយាដែរ។ ខ្ញុំសូមនិយាយតែប៉ុណ្ណឹងចុះ ព្រោះជឿជាក់ថាលោកបុរសអាចយល់ច្បាស់និងចូលរួមចែករំលែកជាមួយភរិយាដើម្បីឲ្យក្រុមគ្រួសាពោរពេញដោយសុភមង្គល។
នេះពិតជាអគ្គមហាគំនិតមែន! ថ្ងៃមុនខ្ញុំចុះទៅបំពេញបេសកកម្មនៅខេត្ត។ ពេលនោះខ្ញុំអង្គុយជិតរៀមច្បងម្នាក់។ ខ្ញុំមិនសូវនិយាយអីទេ ខ្ញុំចាំតែស្តាប់ ហើយថ្ងៃនោះខ្ញុំទទួលបានគតិមួយឃ្លាដ៏គួរឲ្យពិចារណា និងមានតម្លៃមែន… គាត់ថា “គួរថ្លឹងថ្លែងពេលវេលាការងារ និងពេលវេលាសម្រាប់គ្រួសារឲ្យបានសមរម្យ។ នៅក្នុងគ្រួសារ បើបាត់យើង គេនៅចាំយើងមួយជីវិត ប៉ុន្តែនៅកន្លែងធ្វើការបើអស់យើង គេចងចាំយើងបានតែមួយខែទេ…” នេះពិតជាស៊ីជម្រៅមែន…
អាលីស ឃ្លានេះពិតជាមានន័យណាស់…. សោកស្តាយដែលខ្ញុំមិនទាន់ស្គាល់ស្នេហា នឹងគេ
ចេះតែមានមកបកស្រាយហើយ! ហិហិ
ខ្ញុំធ្លាប់ជួបប្រទះមនុស្សម្នាក់ដែលបាននិយាយថា ស្រីៗជនជាតិ….គឺយ៉ាប់ណាស់ ហើយគេនឹងមិនរាប់ស្រីជនជាតិនោះជាមិត្តស្រីទេ។
ខ្ញុំគិតថាយោបល់នេះគឺខុសខ្លាំងណាស់ ព្រោះ ដូច បូរាណ រៀបរាប់់មក គឺមនុស្សម្នាក់ៗមានលក្ខណះខុសៗគ្នា ស្រីៗ មិនមែនដូចគ្នាទាំងអស់ ប្រុសៗ ក៏មិនដូចគ្នា ជនជាតិខ្មែរក្តី ីថៃ អាមេរិកក្ត ីក៏មានចរិក អាកប្បកិរិយា និងតំលៃគំនិតផ្សេងគ្នា។
ខ្ញុំយល់ថាការវៃប្រហាជាទូទៅនេះ ច្រើនតែមានមកពីមនុស្ស ដែលមិនបានគិតវែងឆ្ងាយប៉ុណ្ណោះ។
បែមកនិយាយពីរឿងស្នេហានិងក្រុមគ្រួសារវិញ គឺសំខាន់នៅត្រង់ការយល់ចិត្តគ្នា ឲ្យតំលៃគ្នា និងអាចនិយាយពីគំនិតម្នាក់ៗប្រាប់គ្នាជាចំហរ។ ហើយសំខាន់ដែរនោះគឺការចេះអត់អោន នៅទង្វើដែលអត់អោនបាន។ បើរៀបការហើយនៅតែប្រកាន់ខាងលិច ខាងកើត មើលលំដាប់គ្នា គឺវេទនានឹងរស់បានសុក្ខណាស់។
ជំនាន់មុន ប្រុសជាអ្នកផ្គត់ផ្គង់សេដ្ឋកិច្ចក្នុងគ្រួសារ ឯស្រីជាមេផ្ទះ រៀបចំទុកដាក់ តែសម័យនេះ ស្រីៗក៏ចេញធ្វើការនាំប្រាក់ចំណូលមិនតិចជាងប្រុសទេ ហេតុនេះវាមិនធ្ងន់ធ្ងរពេកទេ បើស្រីមានសំណូមពរឲ្យប្រុសជួយសំរាលកិច្ចការក្នុងផ្ទះនោះ។
ចប់ជាបរិបូរណ៍
ចា៎ៗ ត្រូវត្រឹមណាស់! ស្រ្តីសម័យនេះមានសមត្ថភាពណាស់ ខ្ញុំអត់ប្រកែកទេ… ខ្ញុំនិយាយថា”ដឹកនាំគ្រួសារ”គឺអ្នកនោះត្រូវខំរកផ្គត់ផ្គង់គ្រួសារ ថែរក្សាគ្រួសារប្រពន្ធកូន អីៗហ្នឹង ដែលរាប់ទាំងការសម្រាលកិច្ចការភរិយាអីដែរ… ត្រឹមត្រូវរ៉េ?
ម៉េចក៏ដូរ ថេមផ្លេតទៅ អានខ្មែរអត់ចេញទេ
ខ្ញុំអានចេញធម្មតាត្ហើ!?!… ចាំមើលបើអ្នកដទៃមើលអត់កើតដែរ ចាំខ្ញុំដូរ…
សន្តិភាព – អានចំណងជើងដំបូងដូចជាពិរោះណាស់ ស្មានតែអត្ថន័យយ៉ាងម៉េច ការពិតអីចឹងសោះ។ នៅតែមានលក្ខណះបុរសនិយមដដែលហ្នឹង។ រៀបការហើយ នារីលែងចង់ស្តាប់ពាក្យផ្អែមល្ហែមហើយហេ្អ? គិតនេះ ខុសតែហ្មង។ នារីណា ក៏ដូចជានារីណាដែរ ចង់រៀបការតែម្តងក្នុងមួយជីវិត។ ប៉ុន្តែ ក៏មិនចង់ទ្រាំរស់ជាមួយនឹងពាក្យគំរោះគំរើយរបស់ស្វាមីខ្លួនដែរ។ នារីត្រូវការពាក្យផ្អែមល្ហែម ទោះជាក្រោយរៀបការ ក៏ត្រូវការ ការយកចិត្តទុកដាក់របស់បុរសជាស្វាមីដែរ។ ខ្លួនជាប្តីមានស្រីក្រៅថាមិនខុសប្រពៃណី ដល់តែគ្នាជាប្រពន្ធមានក្រៅវិញ ក៏តាំងថាគ្នាហ្នឹងមិនគោរពប្រពៃណី មិនមែនជាគំរូនារីល្អក្នុងសង្គម។ អីក៏ចេះម្ល៉េះ! សិទ្ធស្មើគ្នាតើហ្អី! ប្រសិនបើអាចទៅរួច សូមរក្សាជីវិតក្រោយពេលរៀបការនោះ អោយបានដូចជាមុនពេលរៀបការផងទៅ មិនថា នារី រឺក៏បុរសទេ។ គួរតែអោយតំលៃគ្នាទៅវិញទៅមក។ មិនមែនអាងតែរៀបការរួច ក៏តាំងប្រើប្រាស់ពាក្យអ្វីក៏បាននោះទេ។ បើយើងចេះស្រលាញ់គ្នាទៅវិញទៅមក ចេះប្រើពាក្យផ្អែមល្ហែម និងថ្នាក់ថ្នមចិត្តគ្នាទៅវិញទៅមក មិនក្បត់គ្នានោះ វាមិនល្អទាំងសងខាងទេហ្អី! ធ្វើបែបនេះ ជីវិតរបស់គូស្វាមីភរិយានោះ ក៏នឹងមានសុភមង្គលដែរ។ លុយមិនមានច្រើនមែន តែសុភមង្គលក្នុងគ្រួសារមាន ចង់បានអ្វីទៀតលើសពីនេះនោះ។
អរគុណ សន្តិភាព ចំពោះការបញ្ចេញមតិដ៏មានអត្ថន័យជ្រាលជ្រៅកម្ររកបាននេះ។ ខ្ញុំសប្បាយចិត្តណាស់ ពេលឃើញគេនិយាយគាំទ្រអំពីសិទ្ធិស្មើគ្នា គាំទ្រអាពាហ៍ពិពាហ៍តែមួយ ។ល។ និង ។ល។ អស់ហ្នឹង… ប៉ុន្តែការសន្និដ្ឋានរបស់សន្តិភាពមកលើអត្ថបទរបស់ខ្ញុំ ដូចជាលឿនបន្តិចហើយ ព្រោះខ្ញុំអត់ទាន់បានបកស្រាយ ឬបង្ហាញពីជំហ៊ររបស់ខ្ញុំនៅឡើយទេ ចំពោះប្រធានបទដែលថាប្រពន្ធអាចរកក្រៅបាន នោះ។ កឋាខណ្ឌចុងក្រោយនោះ គ្រាន់តែជាសេចក្តីផ្តើម ដែលខ្ញុំទាញការចាប់អារម្មណ៏អំពីអ្នកអាន ឲ្យចាំស្តាប់ពីជំហ៊ររបស់ខ្ញុំចំពោះឃ្លា”ប្រពន្ធមានសិទ្ធិរកក្រៅដែរ” ទេតើ… រីឯការបកស្រាយ មិនទាន់មានផងនឹង… សុំទោសទាំងអស់គ្នាផង ដែលខ្ញុំលើកប្រធានបទចោល ដោយមិនទាន់បកស្រាយយូរយ៉ាងនេះ គឺខ្ញុំរវល់ពេក ពីរសប្តាហ៍ទៀត ទើបខ្ញុំប្រឡងរួច… ហើយខ្ញុំនឹងបង្ហើយអត្ថបទនេះ រូចនឹងថែមអត្ថបទផ្សេងៗទៀត ដើម្បីជាការប៉ះប៉ូវ… អរគុណសន្តិភាពម្តងទៀត សង្ឃឹមថាអាចបន្តការចូលរួមរិះគន់អត្ថបទរបស់ខ្ញុំផ្សេងៗទៀតបាន…
អូហ៍…សុទ្ធតែជាមតិមានន័យ គួរឲ្យរិះគិតមែន..ខ្ញុំអត់យោបល់អីទេ មកនេះគ្រាន់តែចង់ប្រាប់ថា “ស្នេហាដូចស្កគ្រាប់ចឹង”
សន្តិភាព – អរគុណណាស់ ដែលបានយល់ពីអ្វីដែលខ្ញុំចង់និយាយ។ ស្នេហា ផ្អែមល្ហែមបាននោះ វាអាស្រ័យលើគូស្នេហ៍នោះ។ គឺបានន័យថា ទាំងខាងប្រុស ទាំងខាងស្រី ខំប្រឹងរួមគ្នា ទើបស្អិតរមួតបាន។ ខាងស្រីមិនគួរនឹងខ្លាចប្រាប់ប្តីថា ខ្លួនស្រលាញ់គេខ្លាំង ហើយចំនែក ខាងប្រុសក៏គួរតែបង្ហាញប្រាប់ប្រពន្ធថា ស្រលាញ់គេខ្លាំងដែរ។ កុំអាងតែរៀបការរួច លែងខ្វល់ខ្វាយអីទាំងអស់ ធ្វើអីតាមតែអំពើចិត្តនោះ ប្រយ័ត្នតែថ្ងៃណាមួយ គេសុំលា ក៏អង្គុយឆ្ងល់ ខ្ញុំធ្វើអីខុស។ វាហួសពេលបាត់ទៅហើយ។ បើចេះស្រលាញ់គ្នាបេះមិនដាច់ ដូចបណ្ឌិតនោះ ទើបស្នេហាផ្អែមដូចជាស្ករគ្រាប់។