Archive for December, 2008

h1

សូមនារីៗស្តាប់ខ្ញុំបន្តិចម្ហើ

December 2, 2008

ត្រូវ​ហើយ នារី​មិន​មែន​ជា​បុរស ហើយ​បុរស​ក៏​មិន​មែន​ជា​នារី​ដែរ តើ​ឲ្យ​សត្វលោក​ទាំង​ពីរ​នេះ​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​បាន​គ្រប់​ជ្រុងជ្រោយ​យ៉ាង​ម៉េច​ទៅ? នៅ​ក្នុង​សង្គម ស្ត្រី​មួយ​ចំនួន​ច្រណែន​នឹង​ជីវិតជាបុរស ឯ​បុរស​មួយ​ចំនួន​ក៏​ច្រណែន​នឹងជីវិតជា​ស្ត្រី​ដែរ។ តែ​ខ្ញុំ​គិត​ថា​ស្ត្រី​និង​បុរស​គឺ​ជា​ការ​បំពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ទោះ​ជា​វា​នោះ​ជា​តួ​នាទី​ក្នុង​សង្គម​ ឬ​ក៏​ជា​ហេតុ​បណ្តាល​ពី​ធម្មជាតិ​ក៏​ដោយ។ តើ​ផែនដី​នេះ​នឹង​វិល​ទេ បើ​បុរស​និង​ស្ត្រី​មិន​បង្កើត​ជា​គ្រួសារ? ខ្ញុំ​យល់​ថា​នឹង​គ្មាន​មនុស្ស​ធ្វើការ​ទេ ហើយ​នឹង​គ្មាន​ការ​រីក​ចម្រើនអ្វីដែរ អ៊ីចឹង​តើ​ផែនដី​វិល​បាន​ការ​អី? ដូច្នេះ​ហើយ​បាន​ជា​គេ​ថា គឺ​ស្នេហា​ហ្នឹង​ហើយ ដែល​ធ្វើ​ឲ្យ​ផែនដី​វិល​នោះ។

ច្រើន​ឆ្នាំ​មក​ហើយ តាំង​ពី​យល់ តាំង​ពី​ស្គាល់​សេចក្តី​ស្នេហា​មក ខ្ញុំ​តែង​មាន​សេចក្តី​ប៉ង​ប្រាថ្នា​ឲ្យ​មនុស្ស​លោក​គ្រប់​គ្នា​មាន​ការ​ស្រឡាញ់​គ្នា បារម្ភណ៍​ពី​គ្នា យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា ទៅ​វិញ​ទៅ​មក​ឲ្យ​បាន​ល្អ ហើយ​ថែ​រក្សា​សេចក្តី​ស្នេហា​នោះ​ឲ្យ​បាន​ផ្អែម​ល្ហែម​រហូត កុំ​ឲ្យ​មាន​ភាព​ប្រែ​ប្រួល។ ទោះ​ជា​មិន​មាន​ច្រើន​ក៏​ដោយ ក៏​យើង​បាន​ឃើញ​រួច​មក​ហើយ ថា​គូ​ស្នេហ៍​យាយតា​មួយ​ចំនួន​បាន​ធ្វើ​ឲ្យ​ក្មេងៗ​ជា​ច្រើន​នាក់​ ខ្មាស់​គាត់​រួច​មក​ហើយ។

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ភាគី​បុរស​ត្រូវ​បាន​គេ​និយាយ​ថា​មិន​បាន​ឲ្យ​តម្លៃ​គ្រប់​គ្រាន់​ទៅ​លើ​មនោ​សញ្ចេតនា​ស្នេហា​នោះ​ទេ ជា​ពិសេស​គឺ​នៅ​ពេល​ដែល​បាន​ខ្លួន​ប្រាណ ឬ​រៀប​ការ​ហើយ។ មាន​នារី​ខ្លះ​ខឹង​ពេក​រហូត​និយាយ​ចេញ​ក្តែងៗ​ថា “ពួក​អា​ប្រុសៗ​សុទ្ធ​តែ​ដូច​គ្នា!”។ យើង​សាក​គិត​ម្តង​ទៀត​មើហ៍​ តើ​ពាក្យ​នេះ​វា​យុត្តិធម៌​ដែរ​ទេ ចំពោះ​លោក​សង្ឃ​ដែល​បួស​តាំង​ពី​ក្មេង,​ចំពោះ​បុរស​ដែល​គ្នា​មិន​ទាន់​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​នារី​ម្នាក់​ណា​ផង​នោះ, ចំពោះ​បុរស​ដែល​មាន​ចិត្ត​ស្មោះ​នឹង​សង្សារ​, ស្មោះ​នឹង​ប្រពន្ធ​និង​គ្រួសារ? តើ​មិន​យល់​ថា និយាយ​ពាក្យ​នេះ​កាន់​តែ​ខ្លាំង គេ​គិត​ថា​អ្នក​នាង​មាន​ការ​ខូច​ចិត្ត​នឹង​ស្នេហា​កាន់​តែ​ខ្លាំង​ប៉ុណ្ណោះ​ដែរ​ទេ​ឬ?

រីឯ​នារី​ដែល​មិន​មាន​ការ​ខឹង​សម្បារ​នឹង​ប្រុសៗ​ដាច់​ក្បាល​ដាច់​កន្ទុយ​នោះ គឺ​គេ​គ្រាន់​តែ​និយាយ​ត្រឹម​ថា “បាន​តែ​មុន​ដំបូង​អ៊ីចឹង!”។ បាន​តែ​មុន​ដំបូង​យ៉ាង​ម៉េច​ទៅ? ខ្ញុំ​បាន​សួរ​បញ្ជាក់​ទៅ​មិត្ត​ភក្តិ​ស្រី​ខ្ញុំ​ម្នាក់ ក្នុង​ឱកាស​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់​ជាមួយ​គ្នា​បួន​ប្រាំ​នាក់​នា​ថ្ងៃ​មួយ។ នាង​រៀប​រាប់​ថា មាន​រឿង​មួយ​ជា​រឿង​ពិត គឺ​បុរស​ម្នាក់​នោះ​មុន​ពេល​រៀប​ការ​ជាមួយ​ប្រពន្ធ​គាត់ ៗ​យក​ចិត្ត​ទុក​ដាក់​នឹង​ប្រពន្ធ​ខ្លាំង​ណាស់។ ថ្ងៃ​មួយ​មាន​ភ្លៀង​យ៉ាង​ខ្លាំង រហូត​លេច​ផ្លូវ។ អ្នក​ដំណើរ​ជា​ច្រើន​ត្រូវ​បណ្តើរ​ម៉ូតូ ព្រោះ​តែ​ម៉ូតូ​ខូច។ ដូច​គ្នា​ដែរ ​បុរស​នោះ​បាន​ចុះ​បណ្តើរ​ម៉ូតូ ប៉ុន្តែ​អ្វី​ដែល​អស្ចារ្យ​ជាង​គេ គឺ​គាត់​ឲ្យ​នារី​នោះ​នៅ​អង្គុយ​លើ​ម៉ូតូ​រហូត។ ប៉ុន្មាន​ឆ្នាំ​កន្លង​ផុត​ទៅ ប្តីប្រពន្ធ​ទាំង​ពីរ​នាក់​នោះ​បាន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដដែល ប៉ុន្តែ​លើក​នេះ​គឺ​ពួក​គេ​បាន​រៀបការ​ហើយ។ “យី! យាយ​ប៉ិក​នេះ ម៉េច​មិន​ចុះ​ដើរ?! ធ្ងន់​ចង់​ងាប់!”។

យើង​សាក​គិត​មើល កាល​ពី​គាត់​មិន​ទាន់​រៀប​ការ គឺ​គាត់​នៅ​មាន​កម្លាំង​ខ្លាំង អាច​បណ្តើរ​ម៉ូតូ ដោយ​ឲ្យ​ប្រពន្ធ​គាត់​អង្គុយ។ តែ​ឥឡូវ​គាត់​មាន​ប្រពន្ធ​ហើយ កម្លាំង​គាត់​ក៏​មិន​ខ្លាំង​ក្លា​ដូច​មុន​ដែរ និយាយ​ឲ្យ​ស្រួល​ស្តាប់ គឺ​បាក់​កម្លាំង​ហ្នឹង​ណា៎។ ណា​មួយ​ទៀត គាត់​និយាយ​ឲ្យ​ប្រពន្ធ​គាត់​បែប​ហ្នឹង ព្រោះ​តែ​គាត់​គិត​ថា ប្តី​ប្រពន្ធ​មិន​អាច​បែក​គ្នា​ព្រោះ​តែ​រឿង​ប៉ុណ្ណឹង​ទេ តែ​សង្សារ​គឺ​អាច។ មាន​ន័យ​ថា កាល​ពី​មុន​គឺ​គាត់​នៅ​មាន​ការ​បារម្ភណ៍​ថា​នឹង​មិន​បាន​នារី​នោះ​ជា​គូ​គ្រង ទើប​គាត់​ធ្វើ​គ្រប់​យ៉ាង មិន​ឲ្យ​នារី​នោះ​អន់​ចិត្ត។ ប៉ុន្តែ​ពេល​នេះ គឺ​គាត់​ត្រូវ​គិត​ពី​គ្រួសារ ត្រូវ​ដឹកនាំ​គ្រួសារ ជា​កាតព្វកិច្ច​មួយ​ធំ​ណាស់ សម្រាប់​ជីវិត​ក្រោយ​រៀបការ​រួច ឲ្យ​គាត់​ធ្វើ​ដូច​មុន​ម៉េច​នឹង​បាន?

តើ​គាត់​លែង​ស្រលាញ់​ប្រពន្ធ​គាត់​ហើយ​មែន​ទេ? បើ​សិន​ជា​មាន​បុរស​ម្នាក់​ទៅ​លេប​ខាយ​ប្រពន្ធ​គាត់ តើ​គាត់​នឹង​នៅ​ស្ងៀម​ទេ? ទេ! ដូច្នេះ​សូម​នារីៗ​ទាំង​ឡាយ​ឈប់​ចោទ​បុរសៗ​ទៀត​ទៅ ហើយ​ត្រូវ​បើក​ចិត្ត​ឲ្យ​ទូលាយ​ថា ជីវិត​ជា​សង្សារ និង​ជីវិត​ជា​ប្តី​ប្រពន្ធ មិន​អាច​ឲ្យ​ដូច​គ្នា​ទាំងអស់​នោះ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ខ្ញុំ​មិន​មែន​ការពារ​បុរសៗ​គ្រប់​កាលៈ​ទេសៈ​នោះ​ទេ ដូចជា​(មាន​ប្រពន្ធ៖)ការ​ប្រើ​អំពើ​ហឹង្សា ដើរ​ចោល​ប្រពន្ធ ផឹក​ស្រា លេង​ល្បែង មាន​ស្រី​ឬ​ប្រពន្ធ​ចុង មិន​ធ្វើ​ជា​ប្រយោជន៍​ដល់​គ្រួសារ ហើយ​ថែម​ទាំង​បំផ្លាញ​គ្រួសារ និង(មានសង្សារ៖)​ ការ​លួច​មាន​សង្សារ​បន្ថែម ដើរលេងស៊ីផឹក​ វ៉ៃកាប់ចាក់បាញ់ ញៀន​ថ្នាំ លួចឆក់ប្លន់ ព្រហើន​កោង​កាច​អត់ខ្លាចអ្នកណា គ្មាន​សីលធម៌ គ្មានសាសនា​ មិនធ្វើការមិនសិក្សា ។ល។ និង​ ។ល។ ខ្ញុំ​ជឿ​ថា​អ្នក​ទាំង​អស់​គ្នា​ក៏​មិន​ឲ្យ​តម្លៃ​ទៅ​លើ​អំពើ​ទាំង​នេះ​ដែរ។

រឿង​ចុង​ក្រោយ​មួយ​ទៀត ដែល​នារី​មួយ​ចំនួន​មិន​គួរ​យល់​ច្រឡំ។ ថ្ងៃ​មួយ​ខ្ញុំ​ស្តាប់​កម្មវិធី​មួយ​ក្នុង​វិទ្យុ ស្រាប់​តែ​ឌីជេ​ស្ទាវ​មួយ​នោះ ប្រហែល​ជា​គាត់​និយាយ​ច្រើន​ពេក ញាប់​ពេក មិន​បាន​ប្រយ័ត្ន ឬ​គិត​មិន​ទាន់, បាន​ប្រលោយ​ពាក្យ​ថា “ប្រុសៗ​រៀបការ​ហើយ ចេះ​ដើរ​មាន​ស្រី​ខាង​ក្រៅ​បាន, អ៊ីចឹង​ស្រីៗ​ការ​ហើយ ក៏​អាច​ដើរ​រក​ប្រុស​ខាង​ក្រៅ​បាន​ដែរ! សិទ្ធិ​ស្មើ​គ្នា​ត្ហើ!” ។ ទស្សនៈ​នេះ បើ​តាម​ខ្ញុំ​យល់ គឺ​បាន​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ដល់​សង្គម​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​មាន​មនុស្ស​មិន​តិច​ទេ ដែល​ស្តាប់​អន្ទិត​នោះ, មាន​ន័យ​ថា​ការ​អះ​អាង​របស់​គាត់ បាន​ព្យាយាម​បណ្តុះ​ទុទ្ទិដ្ឋិនិយម​ទៅ​ក្នុង​គោល​គំនិត​របស់​នារី​ទាំងឡាយ ដែល​គំនិត​នេះ វា​ផ្ទុយ​ស្រឡះ​ពីៈ ១.) ប្រពៃណីខ្មែរ និង ២.) ច្បាប់​របស់​សង្គម ១៨០​ដឺក្រេ។

បុរាណ​​លោក​​ពោល​​ថា “ស៊ូ​ស្លាប់​បា កុំ​ឲ្យ​ស្លាប់​មេ” ។ សុភាសិត​នេះ​ស្តែង​យ៉ាង​ច្បាស់​ពី​តម្លៃ​នៃ​ស្រ្តី។ ទោះ​ជា​ក្នុង​សម័យ​នេះ​ហើយ​ក៏​ដោយ បុរស​នៅ​តែ​គិត​ថា ប្រពន្ធ​គឺ​ជា​តំណាង​នៃ​សេចក្តី​ស្មោះ​ត្រង់ តំណាង​ឲ្យ​គ្រួសារ​ទាំង​មូល ដូចជា​ការ​គ្រប់គ្រង​គ្រួសារ ការ​មើល​ថែ ចិញ្ចឹម អប់រំ​កូនចៅ ម្តាយ​ធ្វើ​បាន​ល្អ​ជាង និង​មាន​ភាព​ស្និទស្នាល​ជាង​អ្វី​ដែល​ឪពុក​អាច​ធ្វើ​បាន។ ក្នុង​ពេល​ជាមួយ​គ្នា នារី​​ថែម​​ទាំង​អាច​រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​ដូច​បុរស​ដែរ (រីឯ​បុរសមួយចំនួន​ ​ពេល​ផុត​ពី​ការងារ​ហើយ ឆ្លៀត​ដើរ​លេង​បន្តិច​ទៀត….)។ ដោយ​ភាព​ស្មោះត្រង់​នឹង​គ្រួសារ ធ្វើ​អ្វី​ក៏​ដើម្បី​តែ​គ្រួសារ​នេះ​ហើយ ទើប​បុរស​ឲ្យ​តម្លៃ​យ៉ាង​ខ្ពង់ខ្ពស់​ទៅ​លើ​ប្រពន្ធ​របស់​ខ្លួន គិត​ថា​ប្រពន្ធ​គឺ​ជា​ទ្រព្យសម្បតិ្ត​ដ៏​វិសេស​វិសាល។ ហើយ​កា​រដែល​ឲ្យ​តម្លៃ​ខ្ពស់​នេះ​ហើយ ទើប​ជា​មិន​អាច​ទទួល​បាន​ហ្នឹង នៅ​ពេល​ដែល​ដឹង​ថា​ប្រពន្ធ​លួច​មាន​ក្រៅ​នោះ។

បើ​ប្រពន្ធ​ចោទ​ប្តី​ថា​មាន​ស្រី​(អត់​ភស្តុតាង) ភាគ​ច្រើន​គឺ​អត់​បញ្ហា តែ​បើ​ប្តី​ចោទ​ប្រពន្ធ​(អត់​ភស្តុតាង​ដូច​គ្នា)ថា​មាន​ប្រុស នោះ​ប្រពន្ធ​ពិត​ជា​ខឹង​ដាច់​ក្បាល​ដាច់​កន្ទុយ​មិន​ខាន។ ប្រតិកម្ម​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រពន្ធ​មិន​អាច​ទទួល​ការ​មើល​ងាយ​ថា​មាន​ក្រៅ​បាន​ទេ។ វា​អយុត្តិធម៌​ចំពោះ​គាត់ នៅ​ពេល​ដែល​គាត់​ស្មោះ​ត្រង់ បែរ​ជា​ចោទ​គាត់​ថា​ក្បត់​ទៅ​វិញ។ ក្នុង​​ករណី​​នេះ ប្រពន្ធ​បាន​និង​កំពុង​តែ​ធ្វើ​យ៉ាងល្អ ស្មោះត្រង់​ជាមួយ​ប្តី និង​គ្រួសារ​ទៅ​ហើយ ហេតុអ្វី​ក៏​ឌីជេ​ស្ទាវ​នោះ​មក​បំផុស​គំនិត​ថា​មាន​សិទ្ធិ​ដូច​គ្នា គឺ​អាច​រក​ក្រៅ​ដូច​គ្នា​បាន ឲ្យ​ប្រពន្ធ​ចេះ​រក​ក្រៅ​ដែរ​ទៅ​​វិញ?  បើ​ប្តី​មាន​កំហុស​(ក្បត់ប្រពន្ធ)​ទៅ​ហើយ ម្តេច​ក៏​ចង់​ឲ្យ​ប្រពន្ធ​សាង​កំហុស​ដូច​គ្នា​ទៅ​វិញ? មិន​គួរ​ចង់​ឈ្នះ​តាម​របៀប​នេះ​ទេ… ចុះ​កូនៗ? កេរ្តិ៍​ឈ្មោះ​គ្រួសារ? បើ​ឳពុក​មាន​ស្រី​ក្រៅ ម្តាយ​មាន​ប្រុស​ក្រៅ តើ​អ្នក​ជិត​ខាង​គេ​មើល​មក​គ្រួសារ​នោះ​យ៉ាង​ម៉េច​ទៅ?

អ៊ីចឹង​សួរ​ថា​ខ្ញុំ​ហ្នឹង​គាំ​ទ្រ​ឲ្យ​ប្តី​មាន​ក្រៅ​ឬ? ទេ! ខ្ញុំ​ក៏​គាំទ្រ​ការ​មាន​សិទ្ធិ​ស្មើ​គ្នា​ដែរ ប៉ុន្តែ​មិន​មែន​ក្នុង​​របៀប​មួយ ដែល​ឲ្យ​ភាគី​ទាំង​សង​ខាង​ដើរ​រក​ក្រៅ​ទាំង​ពីរ​នោះ​ទេ! គំនិត​ខ្ញុំ​គឺ​ចង់​ទប់ស្កាត់ និង​ដាក់​ទណ្ឌកម្ម​លើ​ភាគី​ណាមួយ​ដែល​កំពុង​តែ​ធ្វើ​ខុស។ នេះ​ហើយ​ទើប​គេ​ហៅ​ថា “សិទ្ធិ​ស្មើគ្នា” នោះ! គឺ​មិន​បំពាន​សិទ្ធិ​អ្នក​ដទៃ មិន​បំពាន​លើ​ប្តី​ឬ​ប្រពន្ធ​របស់​ខ្លួន។ អ៊ីចឹង​សួរ​ថា​តើ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ទៅ ដើម្បី​ឲ្យ​អ្នក​ក្បត់​(ប្តី​ឬ​ប្រពន្ធ) ទទួល​កំហុស​បាន? មាន! គឺ​យើង​មាន​ច្បាប់​ស្ដី​ពី​ឯកពន្ធភាព​ សម្រាប់​ធ្វើ​ជា​មូលដ្ឋាន​បាន។

មាត្រា១ ក្នុង​ជំពូក​ទី១​(បទប្បញ្ញត្តិ​ទូទៅ)នៃ​ច្បាប់​ស្ដីពី​ឯកពន្ធភាព បានចែងថា ៖ “ច្បាប់​នេះ​មាន​គោល​បំណង​ការពារ​សេចក្ដី​ថ្លៃថ្នូរ និង​ពង្រឹង​សុខដុមរមនា សុភមង្គល​ក្នុង​គ្រួសារ និង​ការ​គោរព​សិទ្ធិ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ប្ដី​និង​ប្រពន្ធ….។”

មាត្រា៧ ក្នុង​ជំពូក​ទី២ (និយមន័យ ពិរុទ្ធភាព និង​នីតិវិធី) ៖ “ត្រូវ​ចាត់​ទុក​ថា​មាន​ពិរុទ្ធ​ក្នុង​បទផិត ចំពោះ​បុរស​ណា ដែល​មាន​ចំណង​អាពាហ៍​ពិពាហ៍​ពី​មុន​មិន​ទាន់​រលាយ ហើយ​ទៅ​រួមសេវនកិច្ច​ជាមួយ​ស្ត្រី​ផ្សេង​ទៀត ឬស្ត្រី​ណា ដែល​មាន​ចំណង​អាពាហ៍​ពិពាហ៍​ពី​មុន​មិន​ទាន់​រលាយ ហើយ​ទៅ​រួមសេវនកិច្ច​ជាមួយ​បុរស​ដទៃ​ទៀត។”

មាត្រា១០ ក្នុង​ជំពូក​ទី៣ (ទោសប្បញ្ញត្តិ)៖ “ជន​ណា​ប្រព្រឹត្ត​ល្មើស​នឹង​មាត្រា ៦ និង​មាត្រា ៧ នៃ​ច្បាប់​នេះ ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី ១ (មួយ) ខែ ដល់ ១ (មួយ) ឆ្នាំ និង​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់ពី ២០០.០០០ (ពីររយពាន់) រៀល ដល់ ១.០០០.០០០ (មួយលាន) រៀល ឬ ផ្ដន្ទាទោស​ណាមួយ​នៃ​ទោស​ទាំង​ពីរ។”

ទោះ​ជា​ការ​វិភាគ​ចំពោះ​រឿងនេះ មាន​ភាព​ចម្រូង​ចម្រាស​យ៉ាង​ណា​ក៏ដោយ ដោយសារ​មនុស្ស​មាន​មតិ​ខុសៗ​គ្នា ជា​ពិសេស​គឺ​សេចក្តី​លំអៀង​ទៅ​រក​ភេទ​នីមួយៗ, ក៏​ពលរដ្ឋ​កម្ពុជា​គ្រប់រូប​ត្រូវ​តែ​គោរព​តាម​ច្បាប់​របស់​ប្រទេស​កម្ពុជា​ដែរ គឺ​ច្បាប់​ឯកពន្ធភាព​នេះ​ឯង។

អត្ថបទ​នេះ​ផ្អែក​លើ​យោបល់​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ប៉ុណ្ណោះ ហេតុ​ដូច្នេះ​ហើយ វា​មិន​អាច​ស្រប​ទៅ​តាម​ទស្សនៈ​របស់​អ្នក​អាន​ទាំងអស់​គ្នា​បាន​ទេ។ ខ្ញុំ​ជឿថា​មាន​ខ្លះ​ក៏​ឯកភាព ខ្លះ​ក៏ជំ​ទាស់​ដែរ។ ទោះ​ជា​មាន​ការ​ខ្វែង​គំនិតគ្នា​យ៉ាង​ណា​ក៏ដោយ ក៏​ខ្ញុំ​ជឿ​ថា​ ទាំង​អស់​គ្នា​សុទ្ធ​តែ​ចង់​បាន ការ​ស្រឡាញ់​ ស្មោះត្រង់ យក​ចិត្ត​ទុក​ដាក់ រួម​រ័ក្ស​លុះក្ស័យ​អឺយ…៕៚