h1

តែ១០នាទីទេ?

November 14, 2008

water-festival

រូបនេះថតថ្ងៃបុណ្យអុំទូក

យប់​នោះ​ខ្ញុំ​មាន​កិត្តិយស​យ៉ាង​ខ្ពង់​ខ្ពស់​ដោយ​ត្រូវ​បាន​អញ្ជើញ​ដោយ ឌី ឲ្យ​ទៅ​សម្រាក​នៅ​ផ្ទះល្វែង​ដ៏​ថ្មី​ស្រឡាង​របស់​គាត់​ មួយ​យប់ នៅឯ​បុរីពិភពថ្មី។

អម​ដំណើរ​ដោយ​ឌី​ និងស៊ា ម៉ោង​ប្រមាណ​៩​យប់ ខ្ញុំ​មក​ដល់​ផ្លូវ​បត់​ចូល ដែល​មាន​ផ្ទាំង​ប៉ាណូ​មួយ​ផ្សាយ​ពី​បុរី​នេះ ដែល​ក្នុង​នោះ​ដែរ គេ​មាន​សរសេរ​អក្សរ​ថា “ជិះ​តែ​១០​នាទី​ប៉ុណ្ណោះ”….

ជិះ​បត់​ចូល​មិន​ទាន់​បាន​ប៉ុន្មាន​ផង ត្រូវ​បាន​ស្វាគមន៍​ដោយ​គ្រលុក​រាប់​រយ​រាប់​ពាន់ ដែល​មួយៗ​មាន​មាឌ​សឹង​កន្លះម៉ែត្រ… ធ្វើ​ឲ្យ​នឹក​ឃើញ​ដល់​រន្ធ​បាយខុំ​ដែល​ខ្ញុំ​ធ្លាប់​លេង​កាល​វ័យ​កុមារ ព្រម​ទាំង​យូរៗ​ម្តង​ឃើញ​មាន​រណ្តៅលូ​យ៉ាង​ធំ​ដែល​គ្រាន់​តែ​ឃើញ​ក៏​ព្រឺ​ សំបុរ ព្រោះ​បើ​អ្នកណា​ជិះ​មិន​ប្រយ័ត្ន ក្លាយ​ទៅ​ជា​ក្បាល​មឿង​សម្រាប់​រន្ធ​មួយ​នេះ គឺ​វេទនា​មិនខានទេ។

រវល់​តែ​គេច​គ្រលុក​មិន​សូវ​ជា​បាន​សម្លឹង​ទៅ​មុខ​ឆ្ងាយ ណាមួយ​ងងឹត​ទៀត​ក៏​មើល​មិន​ឃើញ ស្រាប់​តែ​ឃើញ​ទឹក​ឡើង​ល្ហល្ហាច ទើប​ដឹង​ខ្លួន​ថា​មក​ដល់​ភូមិ​ទាហាន​ជើង​ទឹក។ រឹតតែ​អស្ចារ្យ​ណាស់​ទៅ​ទៀត ការ​ដែល​ឆ្លង​កាត់​ទឹក​នេះ​ផុត​ដោយ​មិនទទឹកជើង(ទម្លាក់​ជើង​ជ្រែង​ទប់​លំនឹង ​ម៉ូតូ) ចាត់​ទុក​ថាពូ​កែ​ជិះ​ណាស់ ព្រោះ​មាន​ដុំ​ថ្ម​ធំៗ​ប្រហែល​ដុំ​ឥដ្ឋ​ខ្លះ​ក៏​ធំ​ជា​ង​ដុំ​ឥដ្ឋ​ទៅ​ទៀត ក្រាល​ពី​ក្រោម​​ផ្ទៃ​ទឹក​នោះ។

ទី​បំផុត​ក៏​មក​ដល់​ផ្ទះ​ឌី ដែល​ពេលវេលា​សរុប​មិន​តិច​ជាង​២០​នាទី​ទេ។ សម្រាក​មួយយប់ ព្រឹក​ឡើង​ឡើង​ទៅ​ខាង​លើ​មើល​ទេសភាព ក៏​បាន​ឃើញ​រូបភាព​ដ៏​គួរ​ឲ្យ​គយគន់​មួយនេះ​(បង្ហាញខាងលើ) មក​បង្ហាញ​ជូន​អ្នក​ទាំងអស់​គ្នា​នៅ​ទីនេះ​ទៅ។ មើល​ចុះ​ថ្ងៃ​អុំទូក ប្រជាពលរដ្ឋ​ភូមិនេះ​បែរ​ជា​ចែវក្បូន​ទៅ​វិញ… តែ​ទោះ​ជា​យ៉ាង​ណា​ក៏​គ្រាន់​បើ​ជាង​ភូមិ​ខ្ញុំ​កាល​ពី​ទសវត្សរ៍​៩០​ដែរ ដែល​កាល​នោះ​ខ្ញុំ​លុយ​តែ​ទឹក​ទេ គ្មាន​ក្បូន​ជិះ​អ៊ីចឹង​ផង…

ពេល​ជិះ​មក​វិញ​ទើប​ខ្ញុំដឹង​ថា ផ្សារ​ដី​ហុយ ដែល​ខ្ញុំ​ធ្លាប់​តែ​ឮ​តែ​មិន​ស្គាល់ ស្ថិត​នៅ​ម្តុំ​ហ្នឹង​សោះ។ ប៉ុន្តែ​មាន​ឃើញ​ដី​ហុយ​ឯណា បើ​ទឹក​លេច​ប្រៀប​ថ្នល់​ហើយ​ហ្នឹង… ស្រួល​ម្យ៉ាង​កុំ​ឲ្យ​ហុយ​ដី…

17 comments

  1. ក្បូនឆ្នាំ២០០៨ ប្រើសុទ្ធតែកង់ឡាន! :p


  2. ហាហា មានក្បួនមួយនោះគេផ្ងារគ្រែដាក់លើកង់ឡាន… ប្រហែលជាគាត់មានជីវភាពធូរធារណាស់ហើយមើលទៅ…


  3. ម្យ៉ាង​ណ៎!!! :)


  4. គេធ្លាប់​ឃើញគេជន់លិច​ដោយសារ ការឡើង​នៃទឹក​ទន្ល​ សមុទ្រ ចំលែក​តែស្រុក​ខ្មែរ​ លិច​ដោយ​សារទឹក​ភ្លៀងទៅវិញ ២​ ខែហើយ ឬស្សីកែវ!


  5. ហាហាហាហា….វិមានឋានសួរវាអញ្ចឹងហើយ ត្រូវធ្វើដំណើរយ៉ាប់តិចអញ្ចឹង :p


  6. បូរាណឃ្លានេះមិនមែនចឹងទេ…ដែល​មាន​ផ្ទាំង​ប៉ាណូ​មួយ​ផ្សាយ​ពី​បុរី​នេះ ដែល​ក្នុង​នោះ​ដែរ គេ​មាន​សរសេរ​អក្សរ​ថា “ជិះ​តែ​១០​នាទី​ប៉ុណ្ណោះ”….សូមបព្ជាក់ថា10នាទីនេះសំរាប់ទៅ ហ្គ្រេនភ្នំពេញ ទេមិនមែនទៅបូរីដែលខ្ញុំនៅនោះទេ។​ ហើយឡូវទឹកលែងលិចហើយ គឺវារក្សាឈ្មោះដដែល គឺផ្សារដីហុយ ឡូវនេះដីហុយរាល់ថ្ងៃ….ហា​ ហា៎!!!!


  7. សួស្តី អាលីស សុខសប្បាយទេ?​ ផ្ទះខ្ញុំមិនមែនជាវិមានអីទេ ផ្ទះល្វែងធម្មតាដូចគេឯតា តែឡូវលែងពិបាកហើយ គ្រាន់តាដីហុយតា សមតាមឈ្មោះវាថា ផ្សារដីហុយ គឺដីហុយមែន ហា៎….


  8. អូ ចឹងទេ?! រាយការណ៌ខុសហើយ… ខ្មាស់គេណាស់..


  9. ចា៎សុខទុក្ខព្រមគ្នា អរគុណ,ចុះឌីវិញ? សូមជួយអបអរដែលបានវិលត្រលប់ទៅឈ្មោះដើម :D


  10. ឈ្មោះដើមមិចតូវ?​ អត់យល់? :-(


  11. អុញ!​គឺផ្សារដីហុយនោះអី!


  12. គ្រាន់តែប៉ុណ្ណឹងក៏មិនយល់ដែរ… គឺថាគេមិនហៅវាទៅជាផ្សារខ្ទប់ច្រមុះ ផ្សារបិទភ្នែក ឬផ្សារសក់កន្ទ្រើងអីណឹងណា៎…


  13. អូ…………….! យល់ច្បាស់ហើយបាទ……………..! :-) ខ្មាស់គេណាស់ប៉ុណ្ណឹងក៏មិនយល់ដែរខ្ញុំនេះ មកពីខានតូវ អាយអេហ្វអិល យូរពេកមើលតូវ…. នឹកស្រីស្អាតដែលអត់ទាន់មានស្នេហានៅណុងដល់ហើយនាក….​ :-D


  14. ជឿចាស់ទៅ ជួញជិតជាជាងជួញឆ្ងាយ… មើលនៅជុំវិញខ្លួនក៏បាន មិនចាំបាច់ទៅអាយអេហ្វអិលក៏បាន អ្នកនៅទីនោះក៏មិនសូវស្គាល់គេផងទេដឹង? ចុះអ្នកជិតៗដូចជាកន្លែងធ្វើការអីហ្នឹង… ឧទាហរណ៍ទេ…


  15. កន្លែងធ្វើការអី សុទ្ធតាប្រុសៗ អោយមើលមិចតូវ បូរាណឯអត់ខ្លាច អគ្គីរន្ទះទេរឺ? ខ្ញុំបារម្ភណាស់ណា…!


  16. ផ្លូវចាប់ផ្តើមធ្វើហើយ ឯផ្លូវកាត់សាលាខ្ញុំក៏ធ្វើជិតហើយដែរ ចាក់សុទ្ធតែម៉េតុងកំរាសមួយចម្អាម! ខ្ញុំយល់ថាតិចទៀតក្មេងនឹងឆ្ងល់ហើយថា ម៉េចហៅផ្សានេះថា ផ្សាដីហុយចឹង?


  17. មែនហើយ​ គេកំពុងតែធ្វើវា!​ តែយូតិចហើយចំពោះផ្លូវ ១០១៩(ផ្លូវហាណូយ)នោះ​ ខ្ញុំថាគេធ្វើហើយ ម៉ាកំណាត់ហើយ តែនៅចំមុខផ្សារវិញ រថយន្តក្រឡាប់ ៤​ ទៅ ៥ដងហើយ….!
    បើ រស្មី ទៅសាលារៀនតាមផ្លូវ ១០១៩ ពិតជាដឹងច្បាស់ហើយ! តែបើទៅតាមផ្លូវ ១៩៨៦ វិញ គឺគ្រាន់បើ ព្រោះធ្វើជិតហើយមែនទែនហើយ….លំបាកតាតិចទេ….​ ហេ! រៀននៅ លីមកុកវិញ មែន​​​? រស្មី …!​ :-)

    រីករាយដែលបានចូលមក ប្លក របស់ បូរាណ….. :-)



Leave a Comment