រូបនេះថតថ្ងៃបុណ្យអុំទូក
យប់នោះខ្ញុំមានកិត្តិយសយ៉ាងខ្ពង់ខ្ពស់ដោយត្រូវបានអញ្ជើញដោយ ឌី ឲ្យទៅសម្រាកនៅផ្ទះល្វែងដ៏ថ្មីស្រឡាងរបស់គាត់ មួយយប់ នៅឯបុរីពិភពថ្មី។
អមដំណើរដោយឌី និងស៊ា ម៉ោងប្រមាណ៩យប់ ខ្ញុំមកដល់ផ្លូវបត់ចូល ដែលមានផ្ទាំងប៉ាណូមួយផ្សាយពីបុរីនេះ ដែលក្នុងនោះដែរ គេមានសរសេរអក្សរថា “ជិះតែ១០នាទីប៉ុណ្ណោះ”….
ជិះបត់ចូលមិនទាន់បានប៉ុន្មានផង ត្រូវបានស្វាគមន៍ដោយគ្រលុករាប់រយរាប់ពាន់ ដែលមួយៗមានមាឌសឹងកន្លះម៉ែត្រ… ធ្វើឲ្យនឹកឃើញដល់រន្ធបាយខុំដែលខ្ញុំធ្លាប់លេងកាលវ័យកុមារ ព្រមទាំងយូរៗម្តងឃើញមានរណ្តៅលូយ៉ាងធំដែលគ្រាន់តែឃើញក៏ព្រឺ សំបុរ ព្រោះបើអ្នកណាជិះមិនប្រយ័ត្ន ក្លាយទៅជាក្បាលមឿងសម្រាប់រន្ធមួយនេះ គឺវេទនាមិនខានទេ។
រវល់តែគេចគ្រលុកមិនសូវជាបានសម្លឹងទៅមុខឆ្ងាយ ណាមួយងងឹតទៀតក៏មើលមិនឃើញ ស្រាប់តែឃើញទឹកឡើងល្ហល្ហាច ទើបដឹងខ្លួនថាមកដល់ភូមិទាហានជើងទឹក។ រឹតតែអស្ចារ្យណាស់ទៅទៀត ការដែលឆ្លងកាត់ទឹកនេះផុតដោយមិនទទឹកជើង(ទម្លាក់ជើងជ្រែងទប់លំនឹង ម៉ូតូ) ចាត់ទុកថាពូកែជិះណាស់ ព្រោះមានដុំថ្មធំៗប្រហែលដុំឥដ្ឋខ្លះក៏ធំជាងដុំឥដ្ឋទៅទៀត ក្រាលពីក្រោមផ្ទៃទឹកនោះ។
ទីបំផុតក៏មកដល់ផ្ទះឌី ដែលពេលវេលាសរុបមិនតិចជាង២០នាទីទេ។ សម្រាកមួយយប់ ព្រឹកឡើងឡើងទៅខាងលើមើលទេសភាព ក៏បានឃើញរូបភាពដ៏គួរឲ្យគយគន់មួយនេះ(បង្ហាញខាងលើ) មកបង្ហាញជូនអ្នកទាំងអស់គ្នានៅទីនេះទៅ។ មើលចុះថ្ងៃអុំទូក ប្រជាពលរដ្ឋភូមិនេះបែរជាចែវក្បូនទៅវិញ… តែទោះជាយ៉ាងណាក៏គ្រាន់បើជាងភូមិខ្ញុំកាលពីទសវត្សរ៍៩០ដែរ ដែលកាលនោះខ្ញុំលុយតែទឹកទេ គ្មានក្បូនជិះអ៊ីចឹងផង…
ពេលជិះមកវិញទើបខ្ញុំដឹងថា ផ្សារដីហុយ ដែលខ្ញុំធ្លាប់តែឮតែមិនស្គាល់ ស្ថិតនៅម្តុំហ្នឹងសោះ។ ប៉ុន្តែមានឃើញដីហុយឯណា បើទឹកលេចប្រៀបថ្នល់ហើយហ្នឹង… ស្រួលម្យ៉ាងកុំឲ្យហុយដី…

