Archive for August, 2008

h1

ទាល់តែយូរ

August 21, 2008

មួយរយៈ​នេះ ខ្ញុំ​មាន​សេចក្តី​រីក​រាយ​ណាស់ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ទាក់​ទង​នឹង​រឿង​ប្រទេស​ជាតិ។ ខ្ញុំ​ឃើញ​ប្រជាជន​ខ្មែរ​សាមគ្គី​គ្នា​យ៉ាង​ផុល​ផុស យ៉ាង​គគ្រឹក​គគ្រេង ដែល​ខ្ញុំ​មិន​ធ្លាប់​ដែល​នឹក​សង្ឃឹម​ដល់​ថ្នាក់​ហ្នឹង​សោះ។ ប្រជាជន​នៅ​គ្រប់​ទិស​ទី ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស ទាំង​អ្នក​ស្រែ ទាំង​អ្នក​ក្រុង អ្នក​មាន អ្នក​​ក្រ ឧកញ៉ា អ្នក​ជំនួញ​ធំៗ ហើយ​រឹត​តែ​គួរ​ឲ្យ​រំភើប​ទៀត​នោះ មាន​ទាំង​អ្នក​សុំ​ទាន​ទៀត​ផង បាន​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​ទាហាន​ដែល​ស្ម័គ្រ​ការពារ​ទឹក​ដី ប្រឆាំង​នឹង​ពួក​អាសត្វ​កំពូជ​ចោរ​៨០​ជាតិ។

នេះ​ជា​ស្មារតី​ដ៏​គួរ​ឲ្យ​គោរព​សរសើរ​ក្រៃ​លែង​ក្នុង​មួយ​ជីវិត​ខ្ញុំ។ ខ្ញុំ​សរសើរ​ជាង​គេ គឺ​អ្នក​សុំ​ទាន ព្រោះ​បើ​យើង​គិត​ជា​ភាគរយ​នៃ​ទ្រព្យ​សម្បត្តិ​សរុប​របស់​គាត់ ឃើញ​ថា​មាន​តែ​អ្នក​សុំ​ទាន​ទេ ដែល​បាន​ឧបត្ថម្ភ​ច្រើន​ជាង​គេ។ មិន​មែន​ខ្ញុំ​មិន​សរសើរ​លោក​ឧកញ៉ា ឯក​ឧត្តម្ភ អ្នក​ជំនួញ​ធំៗ​ទេ គ្រាន់​តែ​ថា​បើ​អ្នក​ទាំង​នោះ​ជួយ​បាន​កាន់​តែ​ច្រើន រឹត​តែ​​ល្អ​​ហើយ។

ក៏​សូម​ថ្លែង​អំណរ​គុណ​ដល់​រដ្ឋា​ភិបាល​របស់​យើង​យ៉ាង​ជ្រាល​ជ្រៅ ដែល​បាន​ចាត់​តាំង​មន្ត្រី​តាម​ភូមិ​ឃុំ ឲ្យ​រៃ​អង្គាស​លុយ​ប្រជាជន​ដល់​ផ្ទះ ដើម្បី​ចួល​រួម​ចំណែក​ក្នុង​មូល​នីធិ​អភិរក្ស​ប្រាសាទ​ព្រះវិហារ។ វិធី​នេះ​នឹង​ជួយ​សម្រួល​ដល់​ប្រជាជន​មួយ​ផ្នែក ដែល​គាត់​គ្មាន​មធ្យោ​បាយ​​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​គេ​រៃ​អង្គាស។ មីង​ស្រី​ម្នាក់​នៅ​ភូមិ​ខ្ញុំ មាន​ប្រសាសន៍​ថា “អញ​ចង់​ចូល​១​ម៉ឺន​ដែរ តែ​ដូច​ជា​ច្រើន​ពេក ម្ហូប​ឡូវ​ថ្លៃ​សឹង​អី ចូល​២​ដុល្លារ​ទៅ។ ម៉ែ​កា​ច្រឹប​វិញ ពេល​គេ​ចែក​អំណោយ ឃើញ​មុខ​ណាស់ ដល់​គេ​រៃ​អង្គាស​អ៊ី​ចឹង អត់​ចូល​ប៉ា​ដោយ… អត់​ចេះ​ខ្មាស់​គេ​សោះ យាយ​ប៉ិ​នេះ…”។

ខ្ញុំ​បាទ​ក៏​មាន​សេចក្តី​សោមនស្ស សូម​ដាក់​បណ្តាសា​ទុក​ជា​មុន​បើ​សិន​ជា​ជន​ណា​យក​លុយ​របស់​ប្រជាជន​ទៅ​បម្រើ​ផល​ប្រយោជន៍​ខ្លូន ឲ្យ​ជួប​ក្តី​វិនាស​អន្តរាយ និង​ធ្លាក់​នរក ហើយ​មិន​បាច់​ចាប់​ជាតិ​មក​វិញ​រក​ប្រកាច់​អី​ទេ បើ​មក​បំផ្លាញ​សង្គម​ជាតិ​ដដែល។ ខ្ញុំ​សូម​ដាក់​បណ្តាសា​បែប​នេះ ព្រោះ​យល់​ថា​រឿង​នេះ​ជា​រឿង​ដែល​មិន​គួរ​ឲ្យ​កើត​ឡើង​បាន​ទេ។ គេ​អាច​ប្រើ​វិធី​ផ្សេងៗ​ដើម្បី​រក​លុយ ដោយ​ជិះ​ជាន់ កៀប​សង្កន់​ប្រជាជន ទៅ​តាម​រូបភាព​ផ្សេងៗ អាស្រ័យ​ទៅ​លើ​ទេព្យ​កោសល្យ និង​គំនិត​ច្នៃ​ប្រឌិត​របស់​គេ ប៉ុន្តែ​រឿង​នេះ​មូយ ជា​រឿង​​បាបកម្ម​​ធ្ងន់​ធ្ងរ​​ណាស់ ​ធ្ងន់​​ធ្ងរ​​ណាស់។ (សុំ​លួច​ស្តាយល៍​សម្តេច​បន្តិច សូម​សម្តេច​មេត្តា​កុំ​ចាប់​ទោស​អូស​ដំណើរ​ខ្ញុំអី​ទាន)

ឥឡូវ​សូម​បញ្ចប់​រឿ​ង​រៃ​អង្គាស​នេះ​ត្រឹម​ណេះ​ទៅ​ចុះ សូម​ភ្ជាប់​ចូល​មក​រឿង​ពហិការ​មិន​ប្រើ​ផលិតផល​សៀម​ម្តង។

ថ្ងៃ​មុន​ស្តាប់​រ៉ាត់យោ​ប៉ះ​ត្រង់​លោក​ម្នាក់​គាត់​មាន​ប្រសាសន៍​ឡូហ្សិក​ផស់​គាត់ គួរ​ពិចារណា។ គាត់​ថា​អា​ការ​ធ្វើ​ពហិកា​មិន​ប្រើ​របស់​សៀមហ្នឹង វា​ដូច​ជា​មិន​សូវ​ចំណេញ​ទេ ព្រោះ​​យើង​​នឹង​​ងាក​ទៅ​រក​ផលិត​ផល​របស់​ប្រទេស​ផ្សេង​អាដែល។ គាត់​ថា​សំខាន់​គឺ​ខ្មែរ​ត្រូវ​លើក​តម្កើង​គំនិត​ជាតិ​និយម គឺ​ព្យាយាម​បង្កើត​ និង​ប្រើ​ប្រាស់​ផលិតផល​ក្នុង​ស្រុក… ។

មែន ឃើញ​ថា​ថ្មី​ៗ​នេះ គំនិត​ប្រឆាំង​សៀម​បាន​ផុស​ផុល​យ៉ាងខ្លាំង ប៉ុន្តែ​បើ​បាន​បំផុស​គំនិត​ជាតិ​និយម​តាំង​ពីណា​ពីណី​​ឲ្យ​​ខ្លាំង​​បែប​នេះ​​មក​ មិន​​ដឹង​​ជា​​មាន​​ប្រយោជន៍​​មហាសាល​​យ៉ាង​ណា​​ទេ…។ ឧទាហរណ៍ ប៉ុន្មាន​ឆ្នាំ​មុន​នោះ​មាន​ក្រុមហ៊ុន​ខ្មែរ​មួយ មាន​រហូត​ដល់​រោងចក្រ​អាច​បង្កើត​ផលិតផល​ខ្លួន​ឯង​បាន ប៉ុន្តែ​សុខ​ចិត្ត​បិទ​រោងចក្រ​ចោល​តាម​សំណូម​ពរ​បរទេស ដោយ​ទទួល​យក​លុយ​ជា​ថ្នូរ ធ្វើ​របៀប​នេះ​អា​បរទេស​នោះ​អាច​នាំ​ផលិតផល​ដូច​គ្នា​នេះ​ចូល​មក ហើយ​ប្រជាជន​ខ្មែរ​ត្រូវ​ប្រើ​ផលិត​ផល​នេះ​​នាំ​ចូល​​ទៅ​វិញ ដែល​តាម​ការ​ពិត​អាច​ធ្វើ​ខ្លួន​ឯង​បាន​សោះ​ហ្នឹង។

អាហ្និះ​នៅ​មិន​ទាន់​និយាយ​ពី​អ្វី​ដែល​ខ្មែរ​យើង​អាច​ធ្វើ​បាន ប៉ុន្តែ​គ្មាន​លទ្ធភាព​បង្កើត​ជា​រោង​ចក្រ​ឲ្យ​ចេញ​ជា​ផលិតផល​ត្រឹមត្រូវ ម៉ាកានរ​ទៀត​ផង។

ខ្ញុំ​​ថា​ទាល់​តែ​យូរ​បន្តិច ទើប​មាន​ការ​លើក​តម្កើង​គំនិត​ជាតិ​និយម រាប់​តាំង​ពី​ថ្នាក់​ដឹក​នាំ រហូត​ដល់​ប្រជាជន​សមញ្ញ។ ទាល់​តែ​យូរ ទើប​មាន​ការ​បណ្តុះ​គំនិត​ជាតិ​និយម​ដល់​ក្មេង​តាំង​ពី​បឋម​សិក្សា​មក។ ​​យូរ​​ណាស់ៗ ព្រោះ​នៅ​មាន​ប្រជាជន​ជាច្រើន ពេល​ឃើញ​អា​គ្នា​ខំ​ប្រឹង​ប្រើ​ប្រាស់​ផលិត​ផល​ខ្មែរ​ហើយ បែរ​ជា​ពេព​ជ្រាយ​ឲ្យ​គ្នា សុទ្ធ​តែ​របស់​មិន​ថ្លៃ មិន​ល្អ អី​ណាៗ… ហ៊ើយ….

h1

បទបថ្យាវត្ត

August 13, 2008
ត្រងោលបោលបាញ់លាបខ្លាញ់គីង្គក់ ត្រងោលដេកលក់គីង្គក់លោតថើប
គេចាក់ចង្កេះពុំចេះរសើប គេអោបគេថើបធ្វើតែវាហី។
ជាអ្នកដឹងនាំត្រូវមានខន្តី ហានិយាយស្តីតបក្តីមេត្តា
កូនចៅធ្វើខុសចេះប្រោសករុណា អាណិតមេត្តាដូចទឹកអម្រឹត។

សងេ្កត ៖ បើយើងពិនិត្យហើយប្រៀបធៀប កំណាព្យបទមេបួន និងបទបថ្យាវត្ត នោះយើងឃើញថា កំណាព្យបទបថ្យាវត្តគឺជាកំណាព្យដែលគួបយកកំណាព្យមេបួន ២ល្បះ ឲ្យមកនៅមួយល្បះប៉ុណ្ណោះ។

——————————————————————————-

អត្ថបទនេះដកស្រង់ចេញពីសៀវភៅ “សិល្បៈតែងកំណាព្យ” និពន្ធដោយឯកឧត្តម ពេជ្រ ទុំក្រវ៉ិល, ភ្នំពេញ ២០០២។

h1

បទមេបួន

August 13, 2008
ទឹកសាបមួយតក់ ស្រក់ក្នុងសមុទ្រ
ពិបាកបំផុត នឹងបន្សាបបាន។
ផ្ការុះរោយហើយ មិនដែលប្រែប្រាណ
ក្រពុំទៀតបាន ដូចដើមវិញទេ។
ទេវីអូនអឺយ អូនបានទៅគេ
អាចជួបវិញទេ ឬក៏យ៉ាងណា?។
បងតែងសង្ឃឹម ក្នុងភាពសង្កា
ថាជួបជីវ៉ា ទាំងឥតសង្ឃឹម។

——————————————————————————-

អត្ថបទនេះដកស្រង់ចេញពីសៀវភៅ “សិល្បៈតែងកំណាព្យ” និពន្ធដោយឯកឧត្តម ពេជ្រ ទុំក្រវ៉ិល, ភ្នំពេញ ២០០២។

h1

ធ្វើតាមគាត់ ទើបឡាបី

August 12, 2008

«…​ចាស៎ កម្មវិធី​ឡប់ៗ​របស់​នាង​ខ្ញុំ ក៏​សូម​ថ្លែង​អំណរ​គុណ​ជាមួយ​នឹង​ពុក​ម៉ែ​ បង​ប្អូន​ដែល​បាន​គាំ​ទ្រ​ជាមួយ​នឹង​កម្មវិធី​របស់​នាង​ខ្ញុំ។ ចាស៎ ជាមួយ​នឹង​កម្មវិធី​ពិសេស​នេះ លោក​អ្នក​ក៏​អាច​ទូរស័ព្ទ​សួរ​ជាមួយ​នឹង​សំនួរ​ដល់​វាគ្មិន​យើង​ ដែល​ទើប​បញ្ចប់​ជាមួយ​នឹង​ការ​សិក្សា​ថ្នាក់​ឧត្តម នៅ​ឯ​ជាមួយ​នឹង​បឋម​សិក្សា​ព្រែក​ត្នោត។ ចាស៎ សូម​ទូរស័ព្ទ​មក​ជាមួយ​នឹង​លេខ ០១០ ផែប្រាំបួនកូយបួនសាមកាចាស់ របស់​នាង​ខ្ញុំ​មក​ចុះ លោក​អ្នក​នឹង​ទទួល​បាន​ជាមួយ​នឹង​ចំណេះដឹង ទាក់ទង​ជាមួយ​នឹង​ស្ទីល​ប្លែកៗ​របស់​យុវវ័យ​សាម៉ៃ​ថ្មី​នេះ។ ជាមួយ​នឹង​កម្មវិធី ក៏​សូម​ថ្លែង​អំណរ​គុណ​ជាមួយ​នឹង​អ្នក​ឧបត្ថម្ភ​ដែល​បាន​ជួយ​កម្មវិធី​ឲ្យ​មាន​ដង្ហើម​មក​ដល់​ជាមួយនឹង​សព្វ​ថ្ងៃ។ ចាស៎ ជាមួយ​នឹង…»

បើ​និយាយ​ពី​ប្រជា​ប្រិយភាព​ពិធីករ​តាម​ទូរទស្សន៍ ឬ​រាត់យោ​វិញ​ហ្ហ៊ែ ធានា​ថា​ចាស់ៗ​មិន​អាច​ស៊ី​ខ្ញុំ​បាន​ចឹង​ម៉ង ទោះ​ជា​គាត់​រៀន​បាន​ច្រើន ឬ​មាន​បទ​ពិសោធន៍​យូរ​ហើយ​ក្តី។ និយាយ​ឲ្យ​ស្រួល​ស្តាប់ គឺ​មក​ពី​ខ្ញុំ​នេះ​ពូកែ​យក​ស្ទីល​ថ្មីៗ​មក​ប្រើ ហើយ​ពិធីករ​វ័យ​ចំណាស់ ឬ​អ្នក​ដែល​រៀន​សូត្រ​ច្រើន ដឹង​ខុស​ដឹង​ត្រូវ​ច្រើន​ពេក​នោះ គាត់​មិន​ចេះ​ធ្វើ​តាម​អ្នក​សាម៉ៃ​​ថ្មី​​ដូច​ជា​ខ្ញុំ​នេះ។

ដូចខ្ញុំបានលើកមកបង្ហាញនៅប្រយោគគំរូខាងលើនេះស្រាប់។ ពាក្យថា«ជាមួយនឹង» តើទស្សនិកជន ឬ អ្នក​ស្តាប់​រាត់ទ្យុ​ទាំងឡាយ​មិន​ដឹង​ទេ​ឬ​ក៏​អី ថា​អា​ពាក្យ​នេះ​វា​ពេញ​និយម​​យ៉ាង​ណា? ខ្ញុំ​បាន​រៀន​យក​ពាក្យ​នេះ​មក​ប្រើ​ឡើង​រត់មាត់ ប៉ុន្តែ​ចាស់ៗ និង​អ្នក​រៀន​សូត្រ​គាត់​ច្រណែន​ឈ្នានិស​ខ្ញុំ គាត់​សួរ​ខ្ញុំ​ថា កញ្ញា​ឯង​ចេះ​ខ្មែរ​ឬ​ក៏​អត់? ដែល​រៀន​វេយ្យាករណ៍​ខ្មែរ​ទេ? អា​វេយ្យាករណ៍​ស្រាលៗ​ក៏​បាន, ហើយ​ឡើង​មក​និយាយ​ហ្នឹង​បាន​ឆ្លងកាត់​ការ​ហ្វឹកហាត់​អត់?

ខ្ញុំ​ឆ្លើយ​ទៅ​អ្នក​សិក្សា​ទាំង​នោះ​ថា បង​ឯង ពូ​ឯង​អី​ក៏​ពិបាក​ម៉េះ? និយាយ​ចាំ​បាច់​ឲ្យ​ត្រូវ​វេយ្យាករណ៍​ស្អី? សាំ​ម៉េះពូ​ឯង? ខ្ញុំ​ប្រើ​ពាក្យ​នេះ តាម​ពិធីករ​និមិត្តរូប​របស់​ខ្ញុំ​ត្ហើ! មក​ពី​គាត់​ឡាបី បាន​ជា​ខ្ញុំ​ប្រឹង​ធ្វើ​តាម​គាត់។ ខ្វល់​ស្អី បើ​អ្នក​ស្តាប់​គេ​មិន​ដែល​និយាយ​ពី​រឿង​នេះ​ផង។ ឯ​អារឿង​ហ្វឹក​ហ្វាត់​ហ្នឹង​ក៏​មិន​ចាំ​បាច់​ដែរ ឲ្យ​តែ​ធ្វើ​តាម​គាត់​បាន គឺ​ឡូយ​ហើយ។ ខ្ញុំ​សួរ​ឌឺ​គាត់​វិញ​ថា ចុះ​ពូ​ឯង​នឹង​បណ្ឌិត​អក្សរសាស្ត្រ​ហ្ហី?

គាត់​ថា អា​ចំណុច​ស្រាលៗ​ប៉ា​ប៉ុន​ណឹង មិន​ចាំ​បាច់​ទៅ​រៀន​អី​ដល់​ថ្នា​ក់​បណ្ឌិត​រហូត​ដល់​ជ្រុះ​សក់​អី​ហ្ហេ គាត់​គ្រាន់​តែ​អាន​សៀវភៅ និង​អត្ថបទ​កាសែត​ធម្មតា​ៗ ​​ក៏​អាច​ប្រើ​ភាសា​ខ្មែរ​ឲ្យ​បាន​ត្រឹមត្រូវ​ឡ៉ា​មម​តែ​អាច​ទទួល​បាន​ហើយ។ តែ​អា​ពាក្យ «ជាមួយនឹង»​នេះ ពូ​ស្រ​កៀរ​ត្រចៀក​ណាស់ ទ្រាំ​វា​មិន​បាន!

ខ្ញុំ​មិន​ខ្វល់​ទេ។ បើ​ថា​ពូ​ឯង​ច្រណែន​ខ្ញុំ​ ក៏​ថា​ទៅ មិន​បាច់​មក​ទិទៀន​ខ្ញុំ​ទេ។ ខ្ញុំ​និយាយ​តាម​តែ​គាត់ ព្រោះ​គាត់​ឡា​បី..

h1

ព្រលឹមរន្ធត់

August 8, 2008

ផ្សែង​អ័ព្ទ​ធ្លាក់​ពាស​ពេញ គ្រប​ដណ្តប់​ស្រុកកោះធំ នាព្រឹកមួយ។ ពេល​នោះ​ខ្ញុំ​កំពុង​ដើរ​តាម​ផ្លូវ​រទេះ​គោ​តែ​ម្នាក់​ឯង នៅ​ម៉ោង​ប្រមាណ​៨​ព្រឹក។ ខ្ញុំ​ឃើញ​មាន​ចំការ​ពោត និង​វាល​ស្រែ​ធំ​ៗ​ឆ្ងាយ​ផុត​កន្ទុយ​ភ្នែក ហើយ​យូរៗ​ម្តង​ទើប​ឃើញ​មាន​ផ្ទះ​អ្នក​ភូមិ​មួយ​ខ្នង​លាក់​បង្កប់​ជាមួយ​ធម្មជាតិ​នៅ​តាម​ផ្លូវ ជា​ទិដ្ឋភាព​មួយ​គួរ​ចង់​ទស្សនា​ក្រៃ​លែង។ ប៉ុន្តែ​អ្វី​ដែល​ចំឡែក គឺ​ថា​ខ្ញុំ​ដើរ​យូរ​ហើយ នៅ​មិន​ទាន់​ឃើញ​​មាន​មនុស្ស​ធ្វើ​ដំណើរ​សោះ ទាំង​នៅ​តាម​ផ្លូវ និង​នៅ​តាម​ផ្ទះ​អ្នក​ភូមិ​ដែល​មើល​ម្តង​ដូច​ជា​ឃើញ ម្តង​ទៀត​ដូច​ជា​មិន​ឃើញ​យ៉ាង​ម៉េច​មិន​ដឹង​ទេ ដូច​ជា​ចង់​វិល​វល់​វង្វេង​វង្វាន់​ភាន់​ស្មារតី​អស់​ហើយ។

នៅ​ក្នុង​ភូមិ​គ្រឹះ​យ៉ាង​កញ្ចាស់​មួយ​ខ្នង ដែល​មាន​ក្បាច់​ក្បូរ​ចម្លាក់​លម្អ​គ្រប់​កន្លែង ទាំង​នៅ​ជញ្ជាំង និង​ពិដាន។ របស់​របរ​ប្រើ​ប្រាស់ គ្រឿង​សង្ហារឹម​សុទ្ធ​តែ​ជា​គ្រឿង​បូរាណ។ ខ្ញុំ​កំពុង​តែ​ស្ថិត​នៅ​បន្ទប់​ខាង​ក្រោម​បំផុត​នៃ​ភូមិ​គ្រឹះ​ដ៏​ស្ងាត់​ដូច​ចោរ​លួច​សេះ​មួយ​នេះ។ មើល​ម្តង​ទៀត វា​ហាក់​ដូច​ជា​នៅ​កន្លែង​អាង​ចិញ្ចឹម​ត្រី ព្រោះ​មាន​ទឹក​នៅ​សង​ខាង ដែល​មើល​ទៅ​កន្លែង​នេះគេ​ធ្លាប់​ចិញ្ចឹម​ត្រី​កាល​ពី​មុន តែ​ឥឡូវ​គេ​បោះបង់​ចោល​យូរ​ហើយ ព្រោះ​ឃើញ​មាន​សំណាញ់​ពីង​ពាង​ព័ទ្ធ​ជា​ច្រើន​កន្លែង​នៅ​តាម​កាច់​ជ្រុង​បន្ទប់ ពិដាន និង​ឧបករណ៍​ប្រើប្រាស់​ផ្សេងៗ។ រីឯ​ទឹក​នេះ​ក៏​ស្ងប់​ឈឹង នៅ​ក្នុង​អាង​ដែល​ពោរពេញ​ដោយ​ស្លែ​យ៉ាង​បៃតង​ស្រងាត់ គឺ​មិន​មាន​សញ្ញា​ថា​នឹង​មាន​ត្រី​នោះ​ទេ។

ខ្ញុំ​កំពុង​បន្ទន់​បន្ទាប​ខ្លួន បោះ​ជំហាន​យ៉ាង​ស្រាលៗ ដោយ​ប្រុង​ប្រយ័ត្ន​ក្រៃ​លែង នៅ​លើ​ស្ពាន​ពុក​មួយ​ធ្វើ​ពី​បន្ទះ​ឈើ ទទឹង​ប្រមាណ​កន្លះ​ម៉ែត្រ ដើម្បី​ឆ្ពោះ​ទៅ​កាន់​បន្ទប់​មួយ​ទៀត​ត​ភ្ជាប់​ពី​នេះ។ ខ្ញុំ​សង្កេត​គ្រប់​កន្លែង​ទាំង​អស់ ហើយ​មិន​ឃើញ​មាន​អ្វី​នៅ​លើ​ស្ពាន​នេះ​ទេ។ ពេល​ឆ្លង​ផុត​ស្ពាន​តូច​នេះ ខ្ញុំ​ដើរ​សំដៅ​ទ្វារ ដែល​នៅ​សល់​ប្រមាណ​៣​ម៉ែត្រ​ទៀត ស្រាប់​តែ​ឮ​សំឡេង​ទឹក​ប្រាវៗ​នៅ​ក្នុង​អាង​ទឹក។ ខ្ញុំ​ភ្ញាក់​យ៉ាង​ក្រញ៉ាង ហើយ​ក្រឡេក​មើល​ទៅ​ក្រោយ​យឺតៗ​យ៉ាង​ស្ទាក់​ស្ទើរ ស្រាប់​តែ​ឃើញ​ត្រី​មួយ​ហ្វូង​កំពុង​តែ​ប្រញាយ​គ្នា​ដណ្តើម​ចឹក​ស៊ី​ចំណី រួច​ក៏​បាត់​ទៅ​វិញ​អស់ ដូច​សភាព​ដើម។

“ទឹក​ស្ងប់​មិន​ប្រាកដ​ថា​គ្មាន​ត្រី​ពិត​មែន!” ខ្ញុំ​និយាយ​ក្នុង​ចិត្ត ក្នុង​បំណង​លួង​ខ្លួន​ឯង​កុំ​ឲ្យ​ភ័យ រួច​បែរ​ខ្លួន​ទៅ​កាន់​ទ្វារ​វិញ ដោយ​បន្ត​គិត​ថា “ចុះ​អ្នកណា​បោះ​ចំណី​ទៅ​ឲ្យ​ត្រី​អម្បាញ់​មិញ? អូ! ប្រហែល​ជា​នៅ​ពិដាន​នេះ​មាន​ប្រហោង ហើយ​ម្ចាស់​គេ​បោះ​ចំណី​មក​ក្រោម​ហើយ” ខ្ញុំ​និយាយ​លួង​ខ្លួន​ឯង​ជា​លើក​ទី​ពីរ ទោះ​ជា​មិន​ច្បាស់​ថា​ពេល​ដើរ​ឆ្លង​មក​អម្បាញ់​មិញ មាន​ប្រហោង​ពិត​មែន​ឬ​ក៏​អត់ តែ​ខ្ញុំ​ក៏​មិន​ហ៊ាន​ដើរ​ថយ​ក្រោយ​ទៅ​មើល​ឲ្យ​ច្បាស់​ដែរ។ ខ្ញុំ​នៅ​ឈរ​ទ្រឹង​មិន​ទាន់​បន្ត​ដំណើរ​នៅ​ឡើយ ព្រោះ​នៅ​មិន​ទាន់​អស់ចិត្ត រួច​ក៏​ក្រឡេក​ទៅ​ក្រោយ​មើល​ម្តង​ទៀត ក៏​ឃើញ​ចាន​ចំណី​ត្រី នៅ​លើ​ស្ពាន ក្បែរ​ចំណុច​ត្រី​លោត​នោះ។ ពេល​នេះ​ខ្ញុំ​ព្រឺ​សាច់​ព្រឺ​ឈាម​ទាំង​អស់ រោម​របស់​ខ្ញុំ​បះ​គ្រប់​កន្លែង និង​ព្រឺ​សម្បុរ​ពេញ​ខ្លួន រហូត​ដល់​ចុង​សក់ “អឺ!!! វីវរ​ហើយ​អញ​មួយ​ជាន់​នេះ! ព្រះពុទ្ធ​ព្រះធម៌​ព្រះសង្ប មាតា​បិតា​ដ៏​មាន​គុណ​អឺយ សូម​ជួយ​កូន​ឲ្យ​ផុត​ទុក្ខ​មួយ​គ្រា​នេះ​ផង!”

ខ្ញុំ​រត់​សំដៅ​ទ្វារ ស្រាប់​តែ​ទ្វារ​របើក​ខ្លួន​ឯង​ខ្វាំង។ ខ្ញុំ​ភ្ញាក់​ថយ​ក្រោយ ញ័រ​ខ្លួន​ទាំង​អស់​ទប់​មិន​ជាប់ ស្ទើរ​សន្លប់​បាត់​ស្មារតី បេះដូង​កន្ត្រាក់​ស្ទើរ​ដាច់​លោត​ផុត​ចេញ​ពី​ប្រអប់​ទ្រូង​មក​ក្រៅ ហើយ​ស្រែក​វ៉ាស​ភ្លាត់​សំឡេង… ពុទ្ធោ! ម៉ែ​អឺយ​ស្មាន​តែ​ខ្មោច!

នារី​ស្រស់​ស្អាត​បី​នាក់​កំពុង​រត់​ប្រឡែង​គ្នា សើច​យ៉ាង​កក្អិក។ នាង​ដែល​បើក​ទ្វារ​នោះ សួរ​មក​ខ្ញុំ​ក្នុង​សំឡេង​យ៉ាង​ផ្អែម​ស្រទន់ រួម​ជាមួយ​សម្ផស្ស​ស្រស់​ផូរ​ផង់​គួរ​ចាប់​ចិត្ត​ចេតនា ហាក់​ដូច​ជា​មិន​ខ្លាច​ថា​ខ្ញុំ​ជា​ចោរ​លួច​ចូល​ផ្ទះ​នាង​សោះ ផ្ទុយ​ទៅ​វិញ​ខ្ញុំ​អាច​មើល​តាម​រយៈ​កែវ​ភ្នែក​របស់​នាង ដឹង​ថា​នាង​មើល​មក​ខ្ញុំ​ជា​ជន​រងគ្រោះ​ម្នាក់ ដែល​កំពុង​ត្រូវ​គេ​ធ្វើ​បាប​ទៅ​វិញ “បង​ជា​នរណា? ម៉េច​បាន​ជា​បង​មក​ដល់​ទី​នេះ?” ខ្ញុំ​ប្រើ​ពេល​មួយ​សន្ទុះ ដើម្បី​សម្រួល​ឥរិយាបថ ព្រោះ​ខ្ញុំ​នៅ​មិន​ទាន់​និយាយ​អ្វី​រួច​ឡើយ។ បន្តិច​ក្រោយ​មក ខ្ញុំ​ក៏​អាច​ឆ្លើយ​ទៅ​នាង​បាន “អូ! ខ្ញុំ​មិន​មែន​អ្នក​ភូមិ​នេះ​ទេ ខ្ញុំ​មក​លេង​ស្រុក ហើយ​ដើរ​កាត់​ទី​នេះ។ តែ​ខ្ញុំ​ចាំ​មិន​បាន​ថា​ហេតុ​អី​បាន​ជា​ខ្ញុំ​មក​ដល់​ក្នុង​នេះ​ទេ គ្រាន់​តែ​ចាំ​ថា​មុន​នេះ​បន្តិច​ខ្ញុំ​កំពុង​ដើរ​នៅ​ផ្លូវ​រទេះ​គោ​មួយ។ ខ្ញុំ​គ្មាន​បំណ​ង​អាក្រក់​អី​នៅ​ទីនេះ​ទេ សូម​កុំ​យល់​ច្រឡំ​អី ខ្ញុំ​កំពុង​រក​កន្លែង​ចេញ ព្រោះ​ទ្វារ​ដែល​ខ្ញុំ​ចូល​មក​បើក​យ៉ាង​ម៉េច​ក៏​មិន​ចេញ​ដែរ” ។
នាង​ម្នាក់​នៅ​ខាង​ស្តាំ​ដៃ​​នាងដែល​​បើក​ទ្វារ ខ្សឹប​ដាក់​គ្នា​គេ តែ​ខ្ញុំ​អាច​ស្តាប់​ឮ​បាន “ស្រី​ពៅ​ចូល​ចិត្ត​លេង​ច្រើន​ណាស់”។ និយាយ​បាន​ប៉ុនណេះ នាង​ទី​បី​កេះ​នាង​នោះ​ឲ្យ​ឈប់​និយាយ ហាក់​ដូច​ជា​លាក់​លៀម​អ្វី​មួយ​ច្បាស់​ណាស់។ នាង​ដែល​បើក​ទ្វារ​នោះ​និយាយ​ថា “ម៉ោះ​បង​មក​តាម​ខ្ញុំ​មក ខ្ញុំ​នាំ​បង​ចេញ​ទៅ​វិញ”។ ខ្ញុំ​ដើរ​តាម​ពួក​នាង។ តាម​ផ្លូវ​ចេញ​ទៅ ខ្ញុំ​ឮ​សំឡេង​កូន​ក្មេង​សើច​រហូត ចេញ​ពី​បន្ទប់​សង​ខាង​ផ្លូវ។

ពួក​យើង​ដើរ​រហូត​មក​ដល់​ទ្វារ​ខាង​ក្រៅ​ភូមិ​គ្រឹះ​នេះ ស្រាប់​តែ​លាន់​ឮ​សំឡេង​ប៉ះ​ទង្គិច​យ៉ាង​ខ្លាំង ឡើង​ញ័រ​កក្រើក​ធរណី។ ខ្ញុំ​រត់​ចេញ​មក​មើល​ហេតុ​ការណ៍ ក៏​ឃើញ​មាន​រថយន្ត​ផ្ទុះ​ក្រឡាប់​មួយ​ចំហៀង ហើយ​នៅ​ក្បែរ​នោះ ខ្ញុំ​ឃើញ​មាន​សាក​សព​ពីរ ស្ថិត​ក្នុង​សភាព​ខ្លោច​ឆេះ​ពេញ​ខ្លួន។ ក្នុង​នោះ មួយ​ជា​ក្មេង​ស្រី និង​មួយ​ទៀត​ទំនង​ជា​ម្តាយ​របស់​ក្មេង​នោះ កំពុង​ដេក​ក្នុង​ថ្លុក​ឈាម​ក្បែរ​ដើម​ឈើ​មួយ យ៉ាង​អាណោច​អាធម្ម​ក្រៃ​លែង។ អ្វី​ដែល​គួរ​រន្ធត់​ឥត​ឧបមា​នោះ គឺ​សាកសព​ស្រី្ត បាន​របូត​ដាច់​ក្បាល​ចេញ​ពី​ខ្លួន មិន​ដឹង​ខ្ទាត​ទៅ​ដល់​ណា​បាត់។

ខ្ញុំ​យក​ដៃ​ទាំង​ពីរ​អោប​ក្បាល ស្ទើរ​ស្រែក​យំ ដោយ​តក់​ស្លុត​នឹង​រូបភាព​គ្រោះ​ថ្នាក់​នេះ។ ស្រាប់​តែ​នាង​ដែល​ស្អាត​ជាង​គេ​ម្នាក់​នោះ ដើរ​មក​ពី​ក្រោយ​ខ្ញុំ ហើយ​និយាយ​ជាមួយ​ខ្ញុំ ហាក់​មិន​ភ្ញាក់​ផ្អើល​នឹង​គ្រោះ​ថ្នាក់​នេះ​បន្តិច​សោះ។ នាង​ដោះ​ខ្សែ​ក​របស់​នាង ហើយ​ហុច​ឲ្យ​ខ្ញុំ “បង​យក​ខ្សែ​ក​នេះ​ពាក់​ចុះ។ វា​អាច​ជួយ​ការពារ​បង​ពី​ការ​សណ្តំ​បាន។ បង​ដើរ​ទៅ​ត្រង់​តាម​ផ្លូវ​នេះ បង​នឹង​ឃើញ​ផ្លូវ​រទេះ​គោ​ដែល​បង​ដើរ​អម្បាញ់​មិញ​នោះ​ហើយ។ រួច​ដើរ​ទៅ​ភូមិ​មនុស្ស​វិញ​ចុះ ហើយ​បង​ត្រូវ​កុំ​ដើរ​តាម​ផ្លូវ​នេះ​ទៀត​ឲ្យ​សោះ”។ ខ្ញុំ​អរគុណ​នាង រួច​លា​នាង​ទាំង​បី​នាក់ ហើយ​ទទួល​យក​ខ្សែ​ក​មក​ពាក់។

ខ្ញុំ​ត្រឡប់​បែរ​ខ្លួន​ទៅ​ផ្លូវ​វិញ ស្រាប់​តែ​មិន​មាន​ឃើញ​អ្វី​ទាំង​អស់ នៅ​ត្រង់​កន្លែង​កើត​ហេតុ។ រថយន្ត​ក៏​មិន​មាន ឯ​សាកសព​ក្បែរ​ដើម​ឈើ​ធំ​នោះ​ក៏​មិន​ឃើញ​ដែរ។ ពេល​នេះ​រោម​ខ្ញុំ​ចាប់​ផ្តើម​បះ​ឡើង​វិញ​ទាំង​អស់ តែ​ខ្ញុំ​ហាក់​ធូរ​ចិត្ត​ជាង​មុន ព្រោះ​អាង​លើ​ខ្សែ​ក​នោះ។ ពេល​ខ្ញុំ​ដើរ​ហួស​ដើម​ឈើ​នោះ​ប្រហែល​១០​ម៉ែត្រ ស្រាប់​តែ​មាន​ក្មេង​ស្រី​មក​ពី​ណា​មក​កាន់​ដៃ​ខ្ញុំ ហើយ​និយាយ​មក​ខ្ញុំ​ដូច​សប្បាយ​ចិត្ត​ណាស់ “ពូៗ! ឲ្យ​ខ្ញុំ​ទៅ​ដើរ​លេង​ជាមួយ​ពូ​ផង ខ្ញុំ​ចូល​ចិត្ត​លេង​ជាមួយ​ពូ!”។ “អុញ! ចូលចិត្ត​លេង​ជា​មួយ?! ទើប​តែ​ជួប​គ្នា​លើក​ដំបូង​សោះ​ហ្នឹង” ខ្ញុំ​ឆ្ងល់​ក្នុង​ចិត្ត តែ​ខ្ញុំ​មិន​ចាប់​អារម្មណ៍ ព្រោះ​គិត​ថា​ជា​ក្មេង។ ខ្ញុំ​អង្អែល​ក្បាល​ក្មេង​ស្រី​នោះ  “ទៅ​ជាមួយ​ពូ​បាន​ពីណា​ជូន​មក​វិញ?”។ “ស្រីពៅ! លេង​ប៉ុណ្ណឹង​បាន​ហើយ​កូន! ឲ្យ​ពូ​ទៅ​ចុះ!” ស្រ្តី​ម្នាក់​ឈរ​ក្បែរ​ដើម​ឈើ​ធំ​នោះ ស្រែក​ហៅ​កូន​ស្រី​គាត់​ដែល​កំពុង​តោង​ដៃ​ខ្ញុំ មិន​ដឹង​ថា​គាត់​មក​តាំង​ពី​អង្កាល់ ហើយ​មក​ពី​ទិស​ណា​ក៏​មិន​ដឹង ស្រាប់​តែ​ឃើញ​តែ​ម្តង។ “ហ្ន៎! ម៉ាក់​ហៅ​ហើយ! ទៅ​ម៉ាក់​ទៅ​ក្មួយ​ឆ្លាត!” “អូខេ! អ៊ី​ចឹង​ពូ​ទៅ​ចុះ ហើយ​មក​លេង​ជាមួយ​ខ្ញុំ​ទៀត​ណា​ពូ!” ក្មេង​ស្រី​និយាយ​ផង សើច​ផង ថែម​ទាំង​លៀន​អណ្តាត​ដាក់​ខ្ញុំ រួច​ក៏​រត់​សំដៅ​ម្តាយ​របស់​វា។ “អឺ! ស្អែក​មក​ទៀត​ហើយ! ហ៊ី! សុទ្ធ​តែ​អូខេ​ទៀត?!”

ខ្ញុំ​បន្ត​ដំណើរ​បាន​ពីរ​បី​ជំហាន ក៏​ចាប់​អារម្មណ៍​ថា ក្មេង​និង​ស្រ្តី​អម្បាញ់​មិញ និង​សាកសព​ពីរ​នោះ មាន​សំលៀក​បំពាក់​ដូច​គ្នា​បេះ​បិទ រួច​ក៏​ក្រឡេក​ទៅ​មើល​ម្តាយ​កូន​ម្តង​ទៀត ស្រាប់​តែ​បាត់​ស្រមោល​ឈឹង​តែ​ម្តង។ ពេល​នោះ​ខ្ញុំ​ក៏​ចាប់​ផ្តើម​រត់​គ្មាន​សំចៃ​កម្លាំង​ឡើយ រហូត​មក​ដល់​ផ្លូវ​រទេះ​គោ​ឡើង​វិញ។

គិត​ថា​ផុត​គ្រោះ​ថ្នាក់​ហើយ ខ្ញុំ​ក៏​ដើរ​តាម​ធម្មតា​ដើម្បី​សន្សំ​កម្លាំង។ មួយ​សន្ទុះ ខ្ញុំ​ក៏​ជួប​នឹង​អុំ​ម្នាក់​កំពុង​ជិះកង់។ គាត់​សួរ​ខ្ញុំ “ចុះ​ក្មួយ​ឯង​ម៉េច​ក៏​ហ៊ាន​ដើរ​តាម​ផ្លូវ​នេះ​តែ​ម្នាក់ឯង? ពូ​ឃើញ​ក្មួយ​ឯង​ដើរ​ជាមួយ​ស្រ្តី​ម្នាក់ និង​ក្មេង​ស្រី​ម្នាក់ ចុះ​ទៅ​តាម​ផ្លូវ​នោះ” គាត់​ចង្អុល​ទៅ​ផ្លូវ​ដែល​ខ្ញុំ​ទើប​រត់​ឡើង​មក​អម្បាញ់​មិញ “ពូ​ហៅ​ក្មួយ​ឯង​ណាស់​ដែរ តែ​ក្មួយ​ឯង​មិន​ងាក​សោះ។ ពូ​ស្រែក​ខ្លាំងៗ​ដែរ គួរ​ណាស់​តែ​ក្មួយ​ឯង​បាន​ឮ?!” “ខ្ញុំ​ដើរ​ជាមួយ​ក្មេង​ស្រី និង​ស្ត្រី​ម្នាក់?! ម៉េច​ខ្ញុំ​មិន​ដឹង?!” ខ្ញុំ​រក​នឹក​មួយ​សន្ទុះ… “កណ្តុម​ឆែម! មិញ​ហ្នឹង​ខ្ញុំ​និយាយ​ជាមួយ​ខ្មោច!” និយាយ​បាន​ប៉ុនណេះ ក៏​មាន​ខ្យល់​បក់​យ៉ាង​ខ្លាំង ហើយ​ក៏​ឮ​សំឡេង​ស្រ្តី​អម្បាញ់​មិញ​សើច​ឮ​យ៉ាង​គ្រលួច​តាម​ចុង​ឈើ ក្នុង​ព្រៃ​ខាង​ក្រោម​ផ្លូវ​នោះ ដែល​កំពុង​ទ្រេត​ចុះ​ទ្រេត​ឡើង​យ៉ាង​ខ្លាំង “ហា​ហា​ហា! ខ្មោច​ហើយ​ថា​មិន​ខ្មោច… ហ៊ីស​ៗៗៗ….”។

ខ្ញុំ​ពីរ​នាក់​អុំ​ប្រុស​ភ័យ​ខ្លាច​នឹង​សំឡេង​នេះ​ស្ទើរ​ជ្រុះ​សក់​អស់​នៅ​នឹង​កន្លែង​ទាំង​ពីរ​នាក់។ អុំ​ខំ​ប្រឹង​ធាក់​កង់​គាត់​ខ្វេះៗ​ពីរ​បី​ជើង ខុស​រហូត។ បបូរ​មាត់​គាត់​ឡើង​ស្វាយ។ គាត់​ធាក់​ទៀត ក៏​ធ្លាក់​ច្រវ៉ាក់​កង់​ល្មម។ ខ្ញុំ​ពិបាក​មើល​ពេក ហើយ​ស្លន់​ស្លោរ​ផង​នោះ ក៏​រុញ​កង់​គាត់​ពី​ក្រោយ បញ្ច្រាស់​ខ្យល់ ហត់​ស្ទើរ​ស្លាប់ រហូត​បាន​ផុត​ផ្លូវ​រទេះ​គោ​នេះ ទៅ​ដល់​ផ្លូវ​ធំ​មួយ ផុត​ពី​តំបន់​ខ្មោច​លង​នោះ​ទៅ។ អុំ​លើក​ដៃ​ស្បថ​ទាំង​ខ្លួន​ញ័រ​ចំប្រ៉ប់ ថា​លែង​ទៅ​ទីនោះ​ទៀត​ហើយ។ ឯ​ខ្ញុំ​ក៏​លា​អុំ​ប្រុស​នោះ “ខ្ញុំ​ទៅ​អម្ពេញ​វិញ​ហើយ មិន​នៅ​ទៀត​ទេ លោក​ម្ចាស់​អឺយ!”៕ ៚