Archive for July, 2008

h1

ប្រវត្តិកំណាព្យខ្មែរ

July 25, 2008

បើ ​យើង​ពឹង​ផ្អែក​លើ​បទ​ភ្លេង និង​ទំនុក​ច្រៀង​នៃ​វង់​ភ្លេង​អារក្ស​ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​ តន្រ្តីខ្មែរ​យល់​ថា ជា​វង់ភ្លេង​ខ្សែ​ដែល​កើត​មុន​គេ ដូច​គ្នា​នឹង​គ្រឿង “ដំគង​កាប់​ក្របី​របស់​បង​ប្អូន​ជន​ជាតិ” ដែរ​នោះ ជា​តន្ត្រី​សម្រាប់​បម្រើ​ពិធី​ផ្សេងៗ ៖ បូជា​អារក្ស​អ្នកតា ដែល​ជា​ជំនឿ​របស់​ខ្មែរដើម ហើយ​ដែល​កើត​មាន​​តាំង​ពី​មុន​សម័យ​ព្រះពុទ្ធ​សាសនា និង​ព្រហ្មញ្ញ​សាសនា រហូត​ចូល​មក​កម្ពុជា “៣០៩ឆ្នាំ មុនគ.ស” នេះ….

ម្យ៉ាងទៀត បើ​យើង​ពឹង​ផ្អែក​លើ​ទំនុក​ច្រៀង បទ​ភ្លេង​នៃ​វង់​ភ្លេង​ប្រពៃណី​(ភ្លេងការ) ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​យល់​ថា​កើត​មាន​តាំង​ពី​សតវត្សរ៍​ទី១ នៃ​គ្រឹស្ត​សករាជ គឺ​ក្នុង​ពេល​ដែល​រៀប​អាពាហ៍​ពិពាហ៍ មង្គលការ ព្រះថោង​និង​នាងនាគ (ហ៊ុនទៀន និង​នាង​លីវយី ឬ​ព្រះនាង​សោមា​កូនព្រះច័ន្ទ្រ) ហើយ​ដែល​មាន​បទ​មួយ​ចំនួន​ទាក់​ទង​នឹង​ប្រវត្តិសាស្រ្ត ដូចជា​ បទព្រះថោង​នាងនាគ នាគព័ន្ធ ជាដើម យើង​ឃើញ​ថា​កំណាព្យ​ខ្មែរ​ដែល​កើត​មាន​មុន​គេ គឺ​បទ​មេបួន ដែល​ក្នុង​មួយ​ល្បះខណ្ឌ​មាន ៤ឃ្លា និង​ក្នុង​មួយ​ឃ្លា​មាន ៤ព្យាង្គ ស្មើគ្នា។

រហូត ​​មក​ដល់​ចុង​សតវត្សទី៦ ដើម​សម័យ​ចេនឡា ទើប​យើង​ឃើញ​មាន​៤ទម្រង់​កំណាព្យ​មួយ​បទ​ទៀត កើត​ឡើង ៖ ឈ្មោះបទបថ្យាវត្ត គឺ​ក្នុង​១​ល្បះ​មាន​៤​ឃ្លា និង​ក្នុង​១​ឃ្លា​មាន​៨​ព្យាង្គ… ប៉ុន្តែ​ការ​ចាប់​ចុងចួន មិន​ដូច​បទ​កាព្យ​៨ ដែល​កើត​សម័យ​ក្រោយ​ទេ។

នៅ​ក្នុង​រឿង​រាមកេរ្តិ៍ ពី​ខ្សែ​១ ដល់​ខ្សែ​១០​ ដែល​កើត​មាន​នៅ​សម័យ​អង្គរ គេ​ឃើញ​មាន​ទម្រង់​កំណាព្យ ៥បទ​ទៀត កើត​ឡើង​គឺ ៖

- បទកាកគតិៈ ដែល​ក្នុង​១​ល្បះ​ខណ្ឌ មាន​៧​ឃ្លា និង​ក្នុង​១​ឃ្លា​មាន​៤​ព្យាង្គ​ស្មើគ្នា។

- បទព្រហ្មគីតិៈ ១​ល្បះ​មាន​៤​ឃ្លា – ឃ្លា​ទី​១​មាន​៥​ព្យាង្គ ឃ្លា​ទី​២​មាន​៦​ព្យាង្គ ឃ្លា​ទី​៣​មាន​៥​ព្យាង្គ និង​ឃ្លា​ទី​៤​មាន​៦​ព្យាង្គ។

- បទពំនោលៈ ១​ល្បះ​មាន​២​ឃ្លា​ – ឃ្លា​ទី​១​មាន​៦​ព្យាង្គ ឃ្លា​ទី​២​មាន​៤​ព្យាង្គ និង​ឃ្លា​ទី​៣មាន​៦​ព្យាង្គ។

- បទបន្ទោលកាកៈ ១​ល្បះ​មាន​៤​ឃ្លា – ឃ្លា​ទី​១​មាន​៤​ព្យាង្គ ឃ្លា​ទី​២​មាន​៦​ព្យាង្គ ឃ្លា​ទី​៣​មាន​៤​ព្យាង្គ ឃ្លា​ទី​៤​មាន​៦​ព្យាង្គ។

- បទភុជង្គលីលាៈ ១​ល្បះ​មាន​៣​ឃ្លា – ឃ្លា​ទី​១មាន​៦​ព្យាង្គ ឃ្លា​ទី​២​និង​ទី​៣​មាន​៤​ព្យាង្គ។

ទម្រង់ ​កំណាព្យ​ទាំង​៥​ខាង​លើ មាន​តាំង​ពី​សម័យ​អង្គរ​មក​ម្ល៉េះ ប៉ុន្តែ​គេ​ពុំ​ទាន់​ឃើញ​ប្រើ​ឈ្មោះ​នៅ​ឡើយ។ រហូត​មក​ដល់​សតវត្ស​ទី​១៥ ឆ្នាំ១៤៩៨ ក្នុង​ល្បើក​អង្គរវត្ត-អ្នកប៉ាង ទើប​កំណាព្យ​ដដែល​នេះ​មាន​ប្រើ​ឈ្មោះ​ជា កាកគតិ ព្រល្មគីតិពំនោល បន្ទោលកាក និង​ភុជង្គលីលា។

នៅ ​ក្នុង​រឿង​រាមកេរ្តិ៍ ពី​ខ្សែ​៧៥​ ដល់​៨០ ដែល​ជា​ស្នាដៃ​បន្ត ហើយ​ដែល​អ្នក​ស្រាវជ្រាវ​អក្សរសាស្ត្រ​ជាតិ​យល់​ថា​ជា​ស្នាដៃ​កើត​ក្រោយ​ សម័យ​អង្គរ ឬ​ក៏​ក្រោយ​ពេល​ជ្រួល​ច្របល់​ចលាចល ព្រោះ​សៀម​លុក​លុយ​ក្រុងអង្គរ​នោះ គេ​ឃើញ​មាន​កំណាព្យ​ថ្មី​មួយ​ទៀត គឺបទពាក្យ៦ ដែល​ក្នុង​១​ល្បះ​មាន​៤​ឃ្លា ក្នុង​១​ឃ្លា​មាន​៦​ព្យាង្គ​ស្មើ​គ្នា។

មក ​ដល់​សម័យ​ចតុមុខ ចាប់​ពី​ពេល​ដែល​ព្រះ​ចៅ​ពញាយ៉ាត​ប្តូរ​រាជធានី​ពី​អង្គរ​មក​តាំង​នៅ​ ស្រីសន្ធរ រួច​មក​ភ្នំពេញ និង​ការ​ផ្លាស់ប្តូរ​ទីក្រុង​ចុះ​ឡើង ពី​ភ្នំពេញ​ទៅ​លង្វែក ពី​លង្វែក​ទៅ​ឧត្តុង្គ និង​កន្លែង​ដទៃ​ជា​ច្រើន​ទៀត រហូត​ដល់​សម័យ​នរោត្តម​ប្តូរ​ទីក្រុង​ពី​ឧត្តុង្គ​មក​ភ្នំពេញ… ដល់​សព្វ​ថ្ងៃ​នេះ គេ​ឃើញ​មាន​កំណាព្យ​ជា​ច្រើន​ទៀត​បាន​កើត​ឡើង។

- បទពាក្យ៧ ៖ ក្នុង១ល្បះមាន៤ឃ្លា ក្នុង១ឃ្លាមាន៧ព្យាង្គ

- បទពាក្យ៨៖ ក្នុង១ល្បះមាន៤ឃ្លា ក្នុង១ឃ្លាមាន៨ព្យាង្គ

- បទពាក្យ៩៖ ក្នុង១ល្បះមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ

- បទពាក្យ១០៖ ក្នុង១ល្បះមាន៤ឃ្លា ក្នុង១ឃ្លាមាន១០ព្យាង្គ

- បទពាក្យ១១៖ ក្នុង១ល្បះមាន៤ឃ្លា ក្នុង១ឃ្លាមាន១១ព្យាង្គ

ហើយ ​មាន​បទ​ជា​ច្រើន​ទៀត​ដែល​ជា​របៀប​សរសេរ​បំភ្លៃ​ចេញ​ពី​បទ​ទាំងឡាយ​ខាង​ ក្រោយ​នេះ ដូចជា ៖ បទនមោ បទកខ បទអក្សរលូន បទអក្សរសង្វាស បទ​កង្កែប​លោត​កណ្តាល​ស្រះ បទ​កង្កែប​លោត​លើ​គោក បទ​កង្កែប​លោត​ស្លាក់​ពេជ្រ បទ​កង្កែប​លោត​ផ្ទាត់​ខ្ចៅ បទ​នាគ​បរិព័ទ្ធ បទ​នាគ​គៀវ​ក្រវាត់ បទ​នាគរាជ​ប្លែង​ឫទ្ធ បទ​គោ​ព័ទ្ធ​ស្នឹង បទ​សឹង្ហតោ​លេង​កន្ទុយ បទ​រមាំង​ដើរ​ព្រៃ បទ​ផ្កា​ឈូក​រីក បទ​ក្រប​ចក្រវាឡ បទ​ម្ករ​ខ្ជាក់​កែវ បទ​ឆ័ត្រ​បី​ដាន បទ​រលក​យោល​យាវ បទ​រលក​ខ្ទប់​ច្រាំង បទ​សហរា បទ​វិវិធមាលី បទ​ពស់​លេប​កន្ទុយ បទ​ថយ​ក្រោយ​ចូល​ព្រែក បទ​សត្វ​កាង​ស្លាប បទ​រមាំង​បើក​បាស បទ​ទន្សាយ​ទីស​ទាស បទ​មាន់​ទឹក​បណ្តើរ​កូន បទ​សរថី​ទាញ​រថ បទ​អើយរ៉ា បទ​ត្រឡាច​ឡើង​ទ្រើង បទ​សុក្រទិន​វិសាល បទ​សោរទិន​វិសាល បទ​យត្តិភ័ង្គ បទ​ស​បាត់​ស​ប៉ឹង បទ​ជាប់​ទង បទ​ត្រី​ពិធព័ន្ធ បទ​សឡាប​លូន បទ​វង្សវិចិត្រ និង​ព្រះ​ចន្ទ្រ​បាំង​ឆ័ត្រ។

ទំនាក់​ទំនង​រវាង​កំណាព្យ និង​ទម្រង់​សិល្បៈ​ដទៃ​ទៀត

បើ ​យើង​សង្កេត​មើល​ស្នាដៃ​ផ្នែក​អក្សរសាស្ត្រ ដែល​បុព្វបុរស​ដូនតា​យើង​បាន​បន្សល់​ទុក​ដល់​យើង​សព្វថ្ងៃ​នេះ យើង​នឹង​ឃើញ​​ភ្លាម​ថា​ភាគ​ច្រើន​សុទ្ធ​តែ​ជា​កំណាព្យ​កាព្យ​ឃ្លោង ដូចជា​រឿង​រាម​កេរ្តិ៍ ទុំទាវ ទិព្វសង្វារ កាកី ច្បាប់ប្រុស ច្បាប់ស្រី ច្បាប់កេរ្តិ៍កាល ច្បាប់ក្រម ល្បើកជុច​និងត្រី (។ល។​និង។ល។) នេះ​ជា​សក្ខីភាព​បញ្ជាក់​អំពី​វិធី​សាស្ត្រ​អប់រំ​បែប​បុរាណ​របស់​ដូនតា​យើង ដែល​យក​រូបភាព​កំណាព្យ “ពិរោះ​ត្រចៀក” ជា​មធ្យោបាយ ដើម្បី​ងាយ​ស្រួល​បញ្ចូល​ខ្លឹមសារ​នៃ​ការ​អប់រំ​ទូន្មាន​ទាំងឡាយ ដែល​លោក​ចង់​បាន ឲ្យ​ទៅ​ដក់​ជាប់​ចាំ​ជាប់​ក្នុង​សតិ​អារម្មណ៍​របស់​កុលបុត្រ​កុលធីតា​របស់​ ខ្លួន។

នៅ ​ក្នុងសង្គម​កម្ពុជា​យើង កំណាព្យ​មាន​ឥទ្ធិពល​ធំ​ណាស់។ ក្រៅ​ពី​ការ​រស់នៅ​និង​បំពេញ​តួនាទី​ដោយ​ឯកឯង​(ស្មូត្រ ឬ​សូត្រ​កំណាព្យ) កំណាព្យ​បាន​ជះ​ឥទ្ធិពល និង​មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​បំផុត​ជាមួយ​នឹង​ទម្រង់​សិល្បៈ​ដទៃ​ ទៀត​របស់​ខ្មែរ​យើង ដូចជាៈ ភ្លេង​អារក្ស ភ្លេង​ប្រពៃណី​”ភ្លេងការ” របាំ​ប្រពៃណី របាំ​បុរាណ ល្ខោន​ស្រមោល​(ស្បែកធំ-ស្បែកតូច) ល្ខោនខោល​(ល្ខោន​ពាក់​មុខ) យីកេ​អាប៉េ ល្ខោន​មហោរី ល្ខោន​បាសាក់ អាយ៉ៃ ​ចាប៉ី(។ល។​និង​។ល។)។

ទម្រង់​សិល្បៈ​ទាំងអស់​នេះ ត្រូវ​ការ​កំណាព្យ​ជា​ចាំបាច់ សម្រាប់​ជួយ​កម្រិត​ទម្រង់ ជួយ​លើក​សម្ផស្ស និង​សោភ័ណ​របស់​ខ្លួន។

ចំពោះ ​អ្នក​សិក្សា​ទម្រង់​សិល្បៈ​ខ្មែរ​វិញ កំណាព្យ​ក៏​ជា​កត្តា​មួយ​សំខាន់​ក្នុង​កត្តា​ច្រើន​ទៀត ដែល​ជួយ​បញ្ជាក់​អំពី​ចំណាស់ និង​ទម្រង់​សិល្បៈ​នីមួយៗ។ ផ្ទុយ​ទៅ​វិញ​ទម្រង់​សិល្បៈ​ដទៃ​ទៀត​ក៏​បាន​ជះ​ឥទ្ធិពល​ធំ​ធេង​ដែរ សម្រាប់​បញ្ជាក់​អំពី​ចំណាស់​នៃ​កំណាព្យ​នីមួយៗ​របស់​យើង។ ដូច្នេះ​បើ​ចង់​សិក្សា​កំណាព្យ​ខ្មែរ គួរ​សិក្សា​ពី​ទម្រង់​សិល្បៈ​ខ្មែរ​ដទៃទៀត​ផង ហើយ​បើ​ចង់​សិក្សា​ពី​ទម្រង់​សិល្បៈ​ដទៃ​ទៀត ក៏​មិន​អាច​បោះបង់​ចោល​កំណាព្យ​បាន​ដែរ។

——————————————————————————-

អត្ថបទនេះដកស្រង់ចេញពីសៀវភៅ “សិល្បៈតែងកំណាព្យ” និពន្ធដោយឯកឧត្តម ពេជ្រ ទុំក្រវ៉ិល, ភ្នំពេញ ២០០២។

h1

មួកសម្រាប់ភ្នំ

July 9, 2008

គណៈកម្មការ ​តាមដាន​វិនាសកម្ម​ក្នុង​ប្រទេស មាន​សេចក្តី​ទាន់ហន់​ឥត​ឧបមា សូម​ធ្វើការ​រៃ​អង្គាស​ជាកំហិត​នូវវិភាគទាន​ផ្ទាល់ខ្លួន​មួយ​ចំនួន ពី​សប្បុរសជននានា ដើម្បី​ចូលរួម​ជាចំណែក​តូច​មួយ ​ក្នុង​កិច្ច​អភិវឌ្ឍន៍​​ជាមួយ​រដ្ឋាភិបាល​របស់​យើង។ យើងខ្ញុំសូម​អំពាវនាវ​ដល់​សប្បុរសជន​ទាំងឡាយ​ចូលរួម​ឧបត្ថម្ភ​ជាទឹកប្រាក់​ ទឹកមាស ផ្លាកទីន ​វេរ​លុយ​ពី​ខេត្ត​មក ឬ​ផ្ទេរ​ចូល​កុង​ធនាគារ​រួម​របស់​គណៈកម្មការ​ដែល​មាន​លោក​ឌី ជា​តំណាង​ម្ចាស់​អាខោន​ក៏បាន ដើម្បីយក​ទៅផលិតមួក​សម្រាប់​ឲ្យភ្នំ​ពាក់។

មូលហេតុ

តាម ​ការ​សង្កេត​របស់​ខ្ញុំ​បាទ​ក្នុង​ពេល​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទៅ​ កំពង់សោម កំពង់ចាម​ជាមួយ​សហការី​ខ្ញុំ ក៏​​ដូចជា​តាម​ផ្លូវ​ឡើង​ភ្នំ​គូលេន​លេង​ជាមួយ​ពួកម៉ាក ខ្ញុំបាទសូម​ធ្វើ​ការ​ចាប់អារម្មណ៍​ដូចតទៅ ៖

មនុស្ស ​យើង​ពេល​គាត់​ចេញ​ទៅ​ណា​មក​ណា​កណ្តាល​ថ្ងៃត្រង់ ម្ល៉េះ​គាត់​តែង​រក​មួក​មក​ពាក់​ការពារ​កំដៅថ្ងៃ។ ជាពិសេស​លោកសង្ឃ គាត់​ត្រូវ​ការ​រក​ឆ័ត្រ​មក​បាំង ពេលព្រះអង្គ​និមន្ត​បិណ្ឌបាត្រ​រហូត​ដល់​ថ្ងៃ​ក្តៅ ព្រោះ​គាត់​នឹង​រឹត​តែ​ក្តៅ​ជាង​មនុស្ស​មាន​សក់ ដូចជា​យើង​រាល់គ្នា​ទៅ​ទៀត។

ចុះ ​ចំឡែក​អី​តែ​ភ្នំ! នៅ​កណ្តាល​ថ្ងៃត្រង់​រាល់ថ្ងៃ អត់​មាន​អី​បាំង ម៉្លេះ​សម​នឹង​ក្តៅ​យ៉ាងណា​ទៅ? មាន​ភ្នំ​ខ្លះ​ ប្រហែល​ជា​យុវភ្នំ​ហើយ​មើល​ទៅ ព្រោះ​ឃើញ​មាន​សក់​ច្រើន ទំនង​ជា​មិនក្តៅ​ទេ តែ​ភ្នំ​មួយ​ចំនួន​ទៀត​មើល​ទៅ​ប្រហែល​ជា​ជរាភ្នំ ព្រោះ​មិន​សូវ​ឃើញ​មាន​សក់​ទេ ប្រហែល​ជា​​ជ្រុះ​តាម​វ័យ​ក៏​មិន​ដឹង ឬមួយ​មាន​ពីណា​ដក​សក់​គាត់​? ឬ​មួយ​គាត់​ប្រើ​សាប៊ូ​ខុស​​ឬ​យ៉ាងណា? បាន​ជា​ឃើញ​មាន​នៅ​សល់​សក់​រុយៗ តើគាត់ក្តៅយ៉ាងណាទៅ? ពេល​នោះ​ខ្ញុំ​មាន​ចិត្ត​អាណិត​ភ្នំ​ទាំងនោះ​ពន់​ពេកក្រៃ ដោយក្តីស្រម៉ៃក្នុងចិត្តថា គួរ​តែ​នាំ​គ្នា​ធ្វើ​មួក​​សម្រាប់​ភ្នំ​ទាំង​នោះ​ពាក់ ដើម្បី​កុំ​ឲ្យ​ក្តៅ​ពេក។

កម្មវិធី

ដើម្បី ​ជា​សក្ខីភាព​នៃ​ព្រឹត្តិការណ៍​មហា​ប្រវត្តិសាស្ត្រនេះ គណៈកម្មការ​នឹង​បង្កើត​កម្មវិធី​សិល្បៈ​កំប្លែង ដឹកនាំ​សម្តែង​ដោយ​លោក ប៊ុនធឿន (Mr. Bean) កំដរ​នា​រាត្រីថ្ងៃសៅរ៍។ បញ្ជាក់ ៖ គណៈកម្មការ​សូម​រក្សាសិទ្ធិ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាត់ស្បែក​ជើង ឬ​មួក​របស់​អ្នក​ចូល​រួម​ទស្សនាឡើយ។

ចំនួន ​​មួក​​តិច​​ឬ​​ច្រើន​នឹង​ត្រូវ​បាន​ផលិត​ឡើង អាស្រ័យ​ទៅ​តាម​បរិមាណ​វិភាគទាន​ដែល​សប្បុរស​យើង​បាន​បរិច្ចាគ​​ ហើយ​ការ​ដឹកជញ្ជូន​មួក​ដ៏​មហិមារ ដែល​ត្រូវ​យក​ទៅ​តំឡើង​តាម​គីរី​ទាំងនេះ នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ បន្ទាប់​ពី​គណៈកម្មការ​លេង​វាយប៉េងប៉ុង​រួច។

សមាសភាពគណៈកម្មការ

- លោក ប៊ុនធឿន អ្នកដឹកនាំក្រុមកំប្លែងប្រចាំភូមិយើង

- លោក ស៊ា ប្រធានក្រុមបាល់ទាត់ជម្រើសយុវជនខូចចិត្តអាយុក្រោម ៨០ឆ្នាំរបស់ភូមិ

- លោក វាសនា ទីប្រឹ​ក្សា​វិភាគ​និងវិនិច្ឆ័យ​សីលធម៌​និងអត្តចរិក​ក្រមុំ​នៅ​ក្នុង​ភូមិ

- លោក ឌី គណនេយ្យករ​គ្រប់គ្រង​ចំណូល​ចំណាយ​លើ​ការ​ទិញ​ចង្រិតលីង ខ្ចៅស្ងោរ គ្រលីងឈូក និង​អំពៅសាង

- លោក បូរាណ ប្រធាន​កិត្តិយស​សមាគម​ជន​អត់​គ្រប់ទឹក​ភ្នំពេញ និង​ជា​មេក្លោង​បង្កើត​បញ្ហា​ឡប់ៗ​នេះ

ទំនាក់ទំនង

គណៈកម្មការ ​ទាំង​ប្រាំ​គ្រឿង​នេះ​តែង​តែ​ប្រចាំការ​នៅ​សួន​សម្តេច​អគ្គ​មហា​សេនា​ បតីតេជោ ហ៊ុន សែន នៅ​រៀងរាល់​ចុង​សប្តាហ៍ ពេលល្ងាច គឺ​សង្កេត​មើល​ក្រុម​ណា​លេង​ទាត់បាល់(សីដក់)​រញ៉េរញ៉ៃ គ្មាន​វិជ្ជាជីវៈ (មាន​សីលធម៌​ខ្ពស់) គឺ​ក្រុម​ហ្នឹង​ហើយ មិន​ខុស​ទេ ឬទាក់ទង​តាម​អ៊ី​មែល kaunkhmer@school.study.4kh ក៏បាន។ សូមអរគុណ!

h1

ជីវិតតស៊ូដ៏ឥតន័យ

July 4, 2008

ថ្ងៃនេះខ្ញុំបាទមានកិត្តិយស សូមនាំមកបង្ហាញនូវស្នាដៃនិពន្ធមួយរឿង ដែលខ្ញុំទើបទទួលបានពីមិត្តភក្តិខ្ញុំម្នាក់ឈ្មោះ កាតង់។ កាតង់ជាអ្នកមាននិស្ស័យនឹងសិល្បៈតែងនិពន្ធនេះខ្លាំងណាស់ដែរ។ គាត់ស្គាល់ច្បាស់ណាស់ពីសមាជិកយុវអ្នកនិពន្ធខ្មែរ ពេលដែលខ្ញុំសួរគាត់។ មិនដឹងពីមុនគាត់មានទំនាក់ទំនងយ៉ាងណាជាមួយក្រុមនេះទេ…. នៅមានរឿងជាច្រើនទៀតដែលគាត់បានសរសេរ ហើយខ្ញុំនឹងសុំអនុញ្ញាតរករឿងគាត់មកបង្ហាញអ្នករាល់គ្នាបានកំសាន្តជាបន្តទៀត នៅលើកក្រោយ។ សូមចុច ត្រង់នេះ ដើម្បីអានរឿង ជីវិតតស៊ូដ៏ឥតន័យ របស់គាត់។