Archive for May, 2008

h1

អាល័យ

May 28, 2008

ថ្នាក់ថ្នម​បមបី​រូបថតស្រី​អនុស្សាហ៍ គន់ភក្ត្រា​ខ្លោចឱរា​ផ្សាពេកពន់ រៀមនឹក​រៀមស្រម៉ៃ​នៅអាល័យ​ដៃស្រទន់ ស្នេហ៍អឺយ​ទុក្ខសែនធ្ងន់​រាល់យប់យន់​គន់តែថ្លៃ….

h1

ទេសចរណ៍កំពង់សោម ២០០៨

May 22, 2008

សំឡេង ​ទឹក​ភ្លៀក​ធ្លាក់​ឆាវៗ​​យ៉ាង​សន្ធប់ ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ដឹង​ខ្លួន។ ខ្ញុំ​ទាញ​ទូរស័ព្ទ​មើល ឃើញ​ម៉ោង​៣ ទើប​សំងំ​ទៅ​វិញ ដោយ​សង្ឃឹម​ថា​ព្រឹក​ឡើង​វា​នឹង​រាំង។ ម៉ោង ៦.៣០ ទូរស័ព្ទ​រោទិ៍​ដាស់ខ្ញុំឡើង ប្រញាប់​ទៅ​ចំណត​ឡាន​ក្រុង​អូរឬស្សី។ សូម​អរគុណ​ដល់​ឳពុក​របស់ខ្ញុំ​ដែល​បាន​ជួយ​ជូន​ខ្ញុំ​ទៅ​កន្លែង​។​ ខ្ញុំ​ចូល​យក​សំណាង​សិន រួច​ទើប​ទៅ​ទី​នោះ។ នៅ​តាម​ផ្លូវ នៅ​តែ​មាន​ភ្លៀង​ស្រិច​ៗ​រហូត ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ទើស​ទាល់​ក្នុង​ចិត្ត​ក្រៃលែង ហើយ​ខំ​ប្រឹង​បួងសួង​បារមី​ព្រះពុទ្ធ​ជា​ម្ចាស់ សូម​កុំ​ឲ្យ​ឳពុក​របស់​ខ្ញុំ​មាន​ផ្តាសាយ​ឲ្យ​សោះ ដោយ​សារ​តែ​ជូន​ខ្ញុំ​នេះ។

ទូរស័ព្ទ ​ទាំង​ពីរ​ប្រព័ន្ធ​សុទ្ធ​តែ​អស់​លុយ ប៉ុន្តែ​ដោយ​គោលការណ៍​ខំ​ប្រឹង​កាត់​បន្ថយ​ចំណាយ​ដែល​ចៀស​មិន​បាន ដោយសារ​តែ​ប្រេង​សាំង​ឡើង​ថ្លៃ​ហួស​និយាយ និង​ទំនិញ​ទីផ្សារ​ឡើង​ថ្លៃ​កប់​អាកាសា ទើប​ខ្ញុំ​សម្រេច​ចិត្ត​ថា​បញ្ចូល​កាត​ទូរស័ព្ទ​តែ​ប្រព័ន្ធ​០៩៨ បាន​ហើយ ព្រោះ​ម្ចាស់​ជីវិត​របស់​ខ្ញុំ ក៏​ប្រើ​០៩៨ ដែរ។ ខ្ញុំ​ប្រាប់​ឲ្យ​សំណាង​ទៅ​ចាំ​នៅ​ចំណត​មុន រួច​ខ្ញុំ​រត់​ប្រុយ​កាត់​ភ្លៀង ទាំង​សាក់​កាដូ​ស្ពាយ ភ្នែក​ឡេង​ឡង់​ៗ​ព្រាត​ពេញ​ផ្លូវ សំឡឹង​រក​ផ្ទះ​លក់​កាត ឡើង​គេ​មើល​ហាក់​ឆ្ងល់។

ការ ​ធ្វើ​ទស្សនាចរ​លើក​នេះ មើល​ទៅ​ហាក់​ដូច​ជា​កាលីប​ជាង​សព្វ​មួយ​ដង ព្រោះ​លើក​នេះ​ជិះ​រថយន្ត​មេគង្គ​អិចប្រេស។ តម្លៃ​សំបុត្រ​សម្រាប់​រថយន្តនេះ គឺ​ថ្លៃ​ជាង​រថយន្ត​កាពីតូល ២ដុល្លា ប៉ុន្តែ​បើ​គិត​ពី​សេវា​ គឺ​អាច​ទូទាត់​គ្នា​បាន។ មេគង្គ​អិចប្រេស​មាន​ឡាន​ថ្មី​ជាង មាន​នំ​និង​ទឹក​សុទ្ធ​មួយ​ដប ជា​ពិសេស​បំផុត​គឺ​មាន​បន្ទប់​ទឹក។ ក្រុមហ៊ុន​នេះ ក៏​ថែម​ទាំង​បាន​ដាក់​បុគ្គលិក​ឲ្យ​សម្រប​សម្រួល និង​រៀប​រាប់​​ពី​​ប្រវត្តិ​សំខាន់ៗ​របស់​ទីតាំង​ដែល​រថយន្ត​ឆ្លង​កាត់​ថែម​ ទៀត​ផង ហើយ​ការ​រៀបរាប់​នេះ​គឺ​និយាយ​ជាអង់គ្លេស​ផង​ដែរ ដែល​ជា​ផ្នែក​មួយ​បម្រើ​ដល់​សេចក្តី​ទុក​ចិត្ត​ដល់​ភ្ញៀវ​បរទេស​ដែល​ចូល​មក​ ទស្សនា​រមណីដ្ឋាន​ផ្សេងៗ​ក្នុង​ប្រទេស​យើង។

គេ ​ថា​បើ​មិន​ជឿ សូម​កុំ​មើល​ងាយ។ មក​ដល់​ជ្រោះ​ពេជ្រ​និល អ្នក​អត្ថាធិប្បាយ​របស់​យើង បាន​ចុះ​អុជ​ធូប​បន់​ស្រន់​ឲ្យ​មាន​សេចក្តីសុខ​ក្នុង​ការ​ធ្វើ​ដំណើរ​គ្រប់​ គ្នា មាន​ន័យ​ថា​យើង​មិន​ចាំ​បាច់​ចុះ​ពី​រថយន្ត​ទេ មាន​គេ​បន់​ឲ្យ​ហើយ។ មិន​យូរ​ប៉ុន្មាន​យើង​អាច​មើល​ឃើញ​សមុទ្រ​ពី​ចម្ងាយ​បាន។ ម៉ោង​ប្រហែល​ជិត ១២ យើង​បាន​មក​ដល់​ចំណត​រថយន្ត​ក្រុង​ដោយ​សុវត្ថិភាព។ អង្គុយ​ចាំ​ចំណត​រថយន្ត​បី​នាក់ សំណាង និងធឿន មួយ​សន្ទុះ​ស៊ា និង​ឌី ដែល​​លួច​មក​មុន​មួយ​ថ្ងៃ ខ្ចី​​ឡាន​ពិសី​​មក​ទទួល។

ម៉ែ! សូម​កុំ​ទាន់​អស់​សង្ឃឹម​នឹង​កូន​អី ខ្ញុំ​ប្តេជ្ញា​ថា​នឹង​រក​សង្សារ​ឲ្យ​បាន!

បី ​នាក់​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​ឃើញ​ពិសី​មក​ដែរ ពីរ​នាក់​ដែល​មក​មុន មិន​បាន​ប្រាប់​ឲ្យ​ដឹង​ទេ។ មិនថ្វី! មិន​ជា​រឿង​ធំ​ដុំ មិន​បាច់​ដេញដោល​ច្រើន រឿង​សំខាន់​គឺ​​មាន​​ពួក​ម៉ាក​នៅ​​កំពង់​សោម ចិត្ត​​​បាន​​​អស់​ស្ទះ! ជួយ​​​នាំ​​​ផ្លូវ​ហើយ ថែម​ទាំង​ជួយ​​​ផ្តល់​​​ជា​កម្ចី​​​រថយន្ត​មួយ​ទៀត កុំ​​​អី​​​មិន​​​ដឹង​​​វង្វេង​​​ផ្លូវ​​ធ្លាក់​​​ទៅ​​​ដល់​​​ណា​​​ទេ លោក​​ម្ចាស់​​អឺយ…។ ពួក​យើង​យក​ឥវ៉ាន់​មក​ទុក​នៅ​ម៉ូតែល​​អូរ៉េន​សិន រួច​រៀប​ចំ​ខ្លួន​ទៅ​លេង​ទឹក​សមុទ្រ។

ញ៉ាំ​ក្តាម​សិន មុន​នឹង​ចុះ​លេង​ទឹក

ញ៉ាំ ​អី​ហើយ ពិសី​យក​ឡាន​ទៅ​ផ្ទះ​សិន យក​ទាំង​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ទាំងអស់​ដាក់​ក្នុង​ឡាន​ទៅ​ដែរ ដោយ​សារ​មិន​មាន​អ្នកណា​ស្ម័គ្រ​ចិត្ត​នៅ​ចាំ​ឥវ៉ាន់… បើ​ទោះ​ជា​វាយ​ឲ្យ​ស្លាប់​ក៏​ខ្ញុំ​មិន​ព្រម​នៅ​យាម​កន្លែង​ដែរ ខំ​កាត់​ចិត្ត​ឃ្លាត​ឆ្ងាយ​ពី​ម្ចាស់​ជីវីត​ពី​ភ្នំពេញ មក​លេង​សមុទ្រ​ហើយ រឿង​អី​ត្រូវ​អង្គុយ​ម្នាក់​ឯង?

ចេញ ​មក​ដល់​ទឹក​ភ្លាម ឃើញ​គេ​លេង​បាល់ ក៏​ចង់​ជួល​បាល់​មួយ​លេង​នឹង​គេ​ដែរ តែ​មាន​តែ​៣០០០៛​ជាប់​ខ្លួន ទើប​អេះអុញៗ។ ទី​បំផុត​ក៏​ដាច់​ចិត្ត​សុំ​ជួល​គេ​មុន រួច​ថា​ពេល​ពួកម៉ាក​មក​វិញ​ទើប​ឲ្យ​លុយ ឯ​អ្នក​ជួល​ក៏​យល់ព្រម​ទាំង​ស្ទាក់ស្ទើរ។ គ្រាន់​តែ​បាន​បាល់​ភ្លាម ក៏​មាន​អ្នក​ស្នេហា​បាល់ទាត់​មួយ​ក្រុម​ទៀត​ចង់​សាក​ថ្វី​ជើង​ជាមួយ។

បើក ​ការ​ប្រកួត​ភ្លាម ឃើញ​ថា​ក្រុម​គេ​មាន​ការ​គ្រប់គ្រង​បាល់​បាន​យ៉ាង​ស្ទាត់​ជំនាញ ដោយ​បាន​ស៊ុត​មួយ​ជើង​តាំង​ពី​នាទី​ទី​មួយ តែ​ត្រូវ​បាន​សង្គ្រោះ​ដោយ ឌី (Van der Sar) អ្នក ​ចាំទី​ដ៏​ចំណាន​។ ឃើញ​យ៉ាង​ដូច្នោះ ក្រុម​នោះ​ក៏​លើក​ខសន្យា​ថា​បើ​ចាញ់​ត្រូវ​អាវ៉ង់។ គ្រាន់​តែ​ឮ​ដូច្នោះ កីឡាករ​សាច់​ដុំ​កញ្ចាញ់ចេក ធឿន សំដែង​ទឹក​មុខ​តក់ស្លុត​មួយ​រំពេច តែ​ខ្ញុំ​លើក​ទឹក​ចិត្ត​ថា​ ខ្ញុំ​នឹង​អាវ៉ង់​ជំនួស​​បើ​ចាញ់ ទើប​ធឿន​មាន​ទឹក​ចិត្ត​លេង​ទៀត។

បាល់ ​ត្រូវ​បាន​ប៉ាស់សេ​ពីឆ្វេងទៅស្តាំ ពីស្តាំមកឆ្វេងវិញ ឡើង​វង្វេង​ស៊ុង​ដូចស្វា ណា​មួយ​រត់​លើ​ខ្សាច់​ទៀត ធ្វើ​ឲ្យ​ហត់​ធ្លាក់​អណ្តាត ទាំង​អ្នក​សម្រុក ទាំង​អ្នក​ការពារ។ ក្រុម​នោះ​បាន​ចិត្ត​យ៉ាង​ខ្លាំង ដោយ​បាន​ក្រឡុក​ពេញ​តារាង ប៉ុន្តែ​គេ​មិន​ដឹង​ថា​គេ​កំពុង​លេង​ជាមួយ​ក្រុម​អ្នក​ការពារ​របស់​ មែនឆេស្ទ័រ​យូណាយធីត​ទេ។ នៅ​ចំណុច​មួយ បាល់​ត្រូវ​បាន​វាយ​បក​វិញ ដោយ​ខ្សែ​ប្រយុទ្ធ​ដែល​មិន​ចេះ​ខ្ជះខ្ជាយ​បាល់ឡើយ…. បាន​បាល់​នៅ​ជើង​ភ្លាម​ មាន​គេ​រត់​មក​ផ្តេក​ខ្លួន​ឈូស​យក​បាល់ ប៉ុន្តែ​ដោយ​ខ្ញុំ​មាន​ទេព្យកោសល្យ​លេង​បាល់​ពី​កំណើត បាន​គាប​បាល់​ហោះ​ឡើង​លើ​អាកាសា រួច​ត្រដាង​ស្លាប​ចុះ​មក​វិញ​ដោយ​យក​បាល់​មក​ជាមួយ​ដែរ បន្ទាប់​មក​ក៏​ត្រិះបាល់ឡើង​លើ​បន្តិច ហើយ​គ្រលាស់​​បង្វិល​​ខ្លួន​៣៥ ជុំ បង្កើត​បាន​ជា​កម្លាំង​ចលករ​មួយ​ប្រតិកម្ម​ឡើង​វិល​ខ្ញាល់ គួច​គ្រាប់​ខ្សាច់​ហោះ​ឡើង​មើល​ដូច​ខ្យល់​ព្យុះ​សង្ខរាកំពុង​ឆ្ពោះ​ទៅ​ ប្រហារ​អ្នក​ចាំទី។ ឃើញ​ដូច្នោះ អ្នក​ចាំទី​ក្រុម​នោះ​បាត់​អស់​ព្រលឹង​ព្រលះ​ពី​ខ្លួន យក​តែ​ដៃ​​ម្ខាង​ខ្ទប់​​ពង ម្ខាង​ខ្ទប់​​មុខ មាត់​ស្រែក​រក​ម៉ែ​ឲ្យ​ជួយ​កុំ​ឲ្យ​គេ​ទាត់​ត្រូវ។ ខ្សែ​ប្រយុទ្ធ​មហា​អស្ចារ្យ បានកាប់ ​ចាន​មួយ​ជើង​យ៉ាង​ស្អាត​អត់​ខ្ចោះ រួច​ទំលាយ​ទី​របស់​គូ​បដិបក្ខ​ដោយ​ជោគជ័យ… ឯ​បាល់​វិញ​មិន​ទាន់​អស់​ល្បឿន​នៅ​ឡើយ​ទេ ទោះ​ជា​បាន​ឆ្លង​កាត់​ទី​របស់​គូ​ប្រកួត​ហើយ​ក៏​ដោយ ដោយ​កម្លាំង​ជើង​ដ៏​មហិមា​ បាល់​នៅ​តែ​បន្ត​ហើ​រហូត​ដល់​ប៉ះ​នឹង​ផ្ទាំង​សិលា​ដែល​នៅ​ឆ្នេរ​អូរ​ឈើ​ទាល់ លាន់​ផូង ធ្វើ​ឲ្យ​អ្នក​ទេសចរ​មាន​ការ​ភ្ញាក់ផ្អើល​មិន​ហ៊ាន​ព្រិច​​ភ្នែក​​គ្រប់ៗ​ គ្នា។ កម្លាំង​ប៉ះ​ទង្គិច​របស់​បាល់​បាន​បំបែក​ផ្ទាំងថ្ម​ធ្លាក់​ជាដុំៗ​នៅ​លើ​ ខ្សាច់ ដែល​មើល​ទៅ​តំរៀប​ចេញ​ជា​អក្សរ “ភរ”។

ទោះ ​ជា​ក្រុម​ខ្ញុំ​រង​នូវ​ការ​គាប​សង្កត់​ក៏​ពិត​មែន តែ​ជា​លទ្ធផល គឺ​យើង​ឈ្នះ ២-១។ រត់​លែង​រួច​ហើយ មិន​កើត​ទេ​នៅ​លើ​ខ្សាច់​អ៊ីចឹង​ហ៎ រួច​ក៏​ចុះ​ទៅ​លេង​ទឹក​សមុទ្រ។ អេហេ មើលគេ ឃើញ​ក្មេងៗ​ស្រី​​សាច់​ខ្ចី​ញ៉េញ​លេង​ទឹក មិន​ព្រម​ទៅ​ណា​ឆ្ងាយ​សោះ នៅ​ក្រវែលៗ​ឯ​ហ្នឹង​ហើយ! “ម៉ោ ទៅ​លេង​នៅ​ខាង​នោះ​វិញ!” ពូរបស់​ក្មេង​ស្រី​ទាំង​នោះ ហៅ​ក្មួយ​គាត់​ទៅ​លេង​ឆ្ងាយ​ពី​ប៉ុន្មាន​គ្រឿង​នេះ ដោយ​និយាយ​ជាមួយ​ក្មួយ​ តែ​ភ្នែក​សំឡឹង​មក​ពួក​យើង​ហាក់​ចង់​និយាយ​ថា “ស្ទីល​ហ្នឹង​អញ​ប្រើ​យូរ​ហើយ​ហ្ហឺយ!…”។ មួយ​សន្ទុះ

- បងល្ងាចហើយ ខ្ញុំសុំបាល់វិញ

- អុញ ចាំ​បន្តិច​ទៀត​ទៅ ពួកម៉ាក​ខ្ញុំ​មិនទាន់​មក​ផង​នឹង យើង​មាន​លុយ​​ឯណា​​ឲ្យ មាន​​តែ​​៣០០០​​ហ្នឹង ធ្វើ​ម៉េច​ទៅ?

ម្ចាស់បាល់ព្រមទទួលទាំងមិនអស់ចិត្ត តែគ្មានជម្រើស។

បេះដូង ​ដ៏​ស្អាត​នេះ​កើត​ឡើង​ពី​ការ​រួម​គំនិត​រវាង​កម្លោះ​ពីរ​រូប គឺ ស៊ា និង មិត្ត ឌី ដែល​ពួក​គេ មិន​ទាន់​មាន​ម្ចាស់​បេះដូង​នៅ​ឡើយ។ វា​គឺ​ជា (បេះដូង​បរិសុទ្ធ​របស់​ពួក​គេ ដែល​កំពុង​តែ​ស្វែង​រក​ម្ចាស់​ស្នេហ៍ មិន​ដឹង​ថា​ជា​នារី​ណា​មួយ​ឡើយ) ប្រហែល​ជា​ពួក​គេ​លង់ស្នេហ៍​លើ​ក្រមុំ​កំពង់សោម​ណា​ម្នាក់​ហើយ​មើល​ទៅ… បើ​ពិត​មែន តើ​ពួក​គេ​អាច​មាន​សង្ឃឹម​ដែរ​ឬ​ទេ? [1]

ពីសី ​ប្រគល់​ឡាន​ឲ្យ​ដាច់​មួយ​យប់ ស្អែក​ទើប​នាង​យក​​វិញ ដោយ​នឹក​ស្មាន​ថា​បក្ខពួក​នេះ​នឹង​ដើរ​លេង​យប់​ដល់​ណា​ដល់​ណី​មិនខាន មាន​ឯណា! ញ៉ាំ​សាច់​គោ​ហើយ ដើរ​រក​ទិញ​បៀរ​មួយ​ហ៊ូ មក​លេង​នៅ​ម៉ូតែល​វិញ​សោះ ព្រោះ​ប្រមើរ​មើល​ឃើញ​ថា​ឱកាស​ប្រឈម​នឹង​គ្រោះទុរ្ភិក្ស គឺ​មាន​កម្រិត​ខ្ពស់។

ទទួល​បញ្ចាំ​ទូរស័ព្ទ

បុរស​ពហុ​មុខងារ អាច​លេង​ទៀង​ឡេន​ផង សរសេរ​សារ​បាន​ទៀត

មុន ​ពេល​ដេក ឌី បាន​ទម្លាយ​ប្រវត្តិ​រឿងរ៉ាវ​ស្នេហា​មួយ​ដែល​អន្លង់​អន្លោច​ស្រងេះ​ស្រងោច​ ខ្លោចចិន្តា ដែល​នេះ​បាន​បញ្ចាក់​ភស្តុតាង​មួយ​ទៀត ដែល​ថា​មនុស្ស​លោក​សុទ្ធ​តែ​មាន​ស្នេហ សូម្បី​តែ​លោក​សង្ឃ​មួយ​អង្គ​នេះ ក៏​ចេះ​មាន​ស្នេហា​ដែរ ពិត​ជា​នឹក​ស្មាន​មិន​ដល់​ឡើយ…។ ឯ​ស៊ា​វិញ គេ​ខំ​សាក​ថ្ម​កាម៉េរា សង្ឃឹម​ថា​ងើប​ម៉ោង​៥ ទៅ​កំពង់​ផែ ថត​រូប… មាន​ឯណា​ភ្លៀង​រហូត ចេញ​មិន​កើត​ឡើយ។ ព្រឹក​ឡើង រៀប​ចំ​ខ្លួន​ចេញ​ពី​ម៉ូតែល ទៅ​លេង​នៅ​ឆ្នេរ មុន​នឹង​ឡើង​រថយន្ត​ក្រុង​នៅ​ម៉ោង ១២.៣០។

ហ៊ឹម… អស់​លុយ​ហើយ មាន​អី​ឲ្យ​ថ្លៃ​ម៉ូតែល​គេ​ទៅ?

អ៊ីចឹង​ចាំ​អង្កាល បាន​ប្រែន?

បូរាណអឺយ… តិចទៀតយើងទៅផ្ទះវិញហើយ… ឯងអត់ទាន់ចង់ទៅវិញសោះ…! [1]

រូប ​​ពិសេស​​ជាង​គេ​​សម្រាប់​ខ្ញុំ នៅ​ក្នុង​​ដំណើរ​​កម្សាន្ត​​លើក​​នេះ។ រឹត​តែ​សប្បាយ​ពេល​នាង​បាន​ទទួល​ហើយ លាន់​មាត់​ថា​ស្អាត​ណាស់ ហើយ​ប្រាប់​ថា​នាង​ស្រឡាញ់​រូប​នេះ។

រាប់ ​ពី​ឆ្វេង​ទៅ ១. ស៊ា អ្នក​ប្រដាល់​ក្បាច់​គុណ​បុរាណ​ខ្មែរ ដែល​ល្បីល្បាញ​ជាង​គេ​នៅ​ក្នុង​វង់សៀក​មួយ​នៅ​ភ្នំពេញ។ ២. ឌី អ្នក​បាញ់​សត្វ​ដៃ​ឯក ត្រង់​លែង​និយាយ តែ​គួរ​ឲ្យ​ស្តាយ​ គាត់​បាន​បដិសេដ​សំណើរ​ពី​រដ្ឋាភិបាល​ឲ្យ​ទៅ​បំរើ​ការ​នៅ​ប្រទេស​អ៊ីរ៉ាក់។ ៣. បូរាណ អ្នក​និពន្ធ​កំប៉ិក​កំប៉ុក ចូលចិត្ត​សរសេរ មិន​សូវ​ចេះ​និយាយ តែ​បើពុល ដូច​ជ្រូក​អ៊ីចឹង ចាប់​មិន​ឈ្នះ​ឡើយ។ ៤. ធឿន កីឡាករ​ម៉ារាតុង​ រត់​លឿន​​ដូចរន្ទះ តែ​មិន​ចូល​ចិត្ត​បង្ហាញ​សមត្ថភាព​ពិសេស​របស់​គាត់​ទេ ទាល់​តែ​មាន​អ្នកណា​ដេញ​វ៉ៃ ទើប​ដឹង។

ត្រូវ​រង្វាន់​ធំ ស្រា​ចាយស៊ាងអី ២យួរ ៥ដប

កុំ​ភ្លេច​មើល​ខាង​លើ មាន​ស្វា​មួយ

ជុំគ្នាអស់ហើយ មានប្រាំមួយគ្រឿងទាំងពីសី

ម្ចាស់​ជីវិត​បង​អឺយ បន្តិច​ទៀត​បង​ហោះ​ទៅ​ជួប​អូន​វិញ​ហើយ…

អ្នក​ទាត់​បាល់ រមាស់​ជើង​ពេក ឃើញ​ផ្លែដូង​ក៏​ទាត់​ដែរ… បើ​ចាប់​មិន​ជាប់ ចូល​មុខ ដង្ហើម​ចង្រិត​មិន​ខាន

ក្នុង ​ការ​ត្រឡប់​មក​វិញ ឌី​បាន​ជិះ​ឡាន​ជាមួយ​ពីសី ខណៈ​ដែល​បួន​គ្រឿង​ទៀត​ជិះ​ឡាន​ក្រុង តែ​មិន​សំណាង​ដូច​ពេល​មក​ទេ ព្រោះ​ឡាន​មេគង្គ​អ៊ិចប្រេស​អស់​សំបុត្រ​ហើយ មាន​តែ​កាពីតូល​ប៉ុណ្ណោះ ហើយ​ជួរក្រោយ​គេ​ទៀត។ ជាធម្មតា ក្នុង​ឡាន​ក្រុង​មាន​កៅអី​បួនជួរ ២ឆ្វេង ២ស្តាំ និង​ផ្លូវ​ដើរ​កណ្តាល​មួយ។ ចំណែក​ឯ​ជួរ​ក្រោយ គឺ​មាន​៥​កៅអី ដែល​គេ​កេង​យក​កន្លែង​កណ្តាល​គេ​ហ្នឹង ដាក់​មួយ​កៅអី​ទៀត ដែល​ជា​កន្លែង​ខ្ញុំ​អង្គុយ​ហ្នឹង​ហើយ ៗ​បើ​ឡាន​ត្រូវ​ជាន់​ហ្វ្រាំង​យ៉ាង​បង្ខំ ខ្ញុំ​នឹង​ត្រូវ​កម្លាំង​ខ្យល់​រុញ​ច្រាន​ឲ្យ​រត់​ទៅ​មុខ​មិន​ខាន។

នៅ ​​ខាង​​ស្តាំ​ដៃ​ខ្ញុំ​រំលង​មួយ​កៅអី​មាន​ជន​បរទេស​ម្នាក់ ឯ​កៅអី​ជាប់​ខាង​ដៃ​ស្តាំ​ខ្ញុំ​នៅ​ទំនេរ​នៅ​ឡើយ មិន​ទាន់​ដឹង​ថា​ស្រី​ឬ​ក៏​ប្រុស ក្មេង​ឬ​ក៏​ចាស់។ មួយ​សន្ទុះ​ឃើញ​នារី​ក្មេង​ស្រស់​ស្អាត​ម្នាក់ ដើរ​ក្រវែល​ឡាន ស៊ា​ក៏​សុំ​ខ្ញុំ​ដូរ​កន្លែង តែ​ខ្ញុំ​មិន​ព្រម។ មិន​យូរ​ប៉ុន្មាន ម្ចាស់​កន្លែង​នេះ​ក៏​មក​ដល់​មែន…. អុំ​ស្រី​អាយុ​ប្រហែល​៦០​ឆ្នាំ កំពុង​កាន់​សំបុត្រ​សំឡឹង​រក​លេខ​កៅអី​គាត់។ កុំ​ឲ្យ​ខ្មាស​គេ​ទាន់ ខ្ញុំ​ស្រែក​ហៅ “អុំស្រី កន្លែង​អុំ​នៅ​ទី​ហ្នៀក!” ។

ឡាន ​ចេញ​ដំណើរ​ភ្លាម ខ្ញុំ​ចាប់​ផ្តើម​ទូរស័ព្ទ​ទៅ​ប្រាប់​ម្ចាស់​ជីវិត​ខ្ញុំ ថា​ខ្ញុំ​កំពុង​តែ​ទៅ​ជួប​នាង​វិញ​ហើយ។ ខ្ញុំ​ប្រាប់​នាង​ថា និយាយ​គ្នា​បាន​តែ​បន្តិច​ទៀត​ទេ ដាច់​សេវា​ហើយ។ មិន​ដឹង​ជា​ស្អី ស៊ា​នេះ ក៏​ចេះ​លូក​មាត់ ស្រែក​ដាក់​ទូរស័ព្ទ​ខ្ញុំ “ដាច់​តែ​សេវា​ទេ! មិន​ដាច់​ចិត្ត​ឡើយ កុំ​បារម្ភណ៍​អី!”។

ភ្លៀង ​​ចាប់​​ផ្តើម​​ធ្លាក់​​ម្តង​​តិច​ម្តង​​ច្រើន​​មិន​​ទៀង ធ្លាក់​ជាប់​តាម​ផ្លូវ​រហូត។ មក​ដល់​កន្លែង​មួយ ឡាន​ឈប់​ឲ្យ​ចុះ​សម្រាក។ នៅ​ត្រង់​នេះ​យើង​បាន​ទិញ​កំពីងរាជ​ពីរ​យក​មក​លើ​ឡាន។ ខ្ញុំ​ឃើញ​ទៀប​​បារាំង​ទំនង ក៏​ទិញ​មួយ​ផ្ញើរ​ម៉ែ មួយគីឡូ ៥០០០៛។ “ទើប​តែ​លើក​នេះ​ទេ ឯង​ចេះ​ទិញ​អី​ផ្ញើរ​ម៉ែ យក​ចិត្ត​គាត់​ក្រែង​លោ​គាត់​រក​ប្រពន្ធ​ឲ្យមួយ” និយាយ​លេង​សោះ តាម​ពិត​គាត់​មាន​សុខភាព​​មិន​សូវ​ប្រសើរ ដោយសារ​ពិបាក​ចិត្ត​រឿង​អគ្គ​មហា​កូន​របស់​គាត់។ “សំណាង​អឺយ យើង​សន្សំ​លុយ​ទុក​ស៊ី​ការ​ឲ្យ​ហើយ​ទៅ មិន​ផុត​ឆ្នាំ​ហ្នឹង​ទេ​មើល​ទៅ” ស៊ា​ដាក់​មួយ​ផ្លែ​យ៉ាង​ឆ្ងាញ់។

តោះ​រក​កន្លែង​នោម….ចុះ​ ឌី​ ដឹងមេចម៉ាហើយទេ?

មិន ​យូរ​ប៉ុន្មាន យើង​ក៏​បាន​មក​ដល់​ភ្នំពេញ​វិញ​ដោយ​សុវត្ថិភាព។ ពេល​យក​ទៀប​ឲ្យ​ម៉ែ គាត់​ថា​គាត់​​ទិញ​​តែ​​មួយ​​គីឡូ ៣៥០០៛ សោះ​ហ្នឹង។ ៚

—————————

[1] ប្រយោគនេះសរសេរដោយ ឌី

h1

រកឃើញហើយ ស៊ុបពើមែន

May 10, 2008

មេឃ​ចាប់​ផ្តើម​ងងឹត​ស្លុប ខ្មៅ​កក្រិត​តាំង​ពី​ម៉ោង​បី​ល្ងាច ហាក់​ដូច​ជា​កំពុង​តែ​សោក​សង្រេង​នឹង​អ្វី​មួយ។ វាយោ​បក់​ផាត់​យ៉ាង​កញ្ឆក់​កញ្ឆែង គួច​សំរាម​​ធូលី​នៅតាម​ផ្លូវ ហោះ​ឡើង​ខ្ញាល់​ វិល​វល់ ងងឹត​ងងុល​មើល​មិន​យល់​អ្វី​សោះ​ឡើយ…. គួច​ទាំង​ខោ​លីអូ​ពី​​ណាគេ​ទេ​ហ្ន៎! យក​ទៅ​ហើយ ម៉េច​ក៏​មិន​សារ​ខោ​អាវ​ទុក​អ៊ីចឹង? មិន​ដឹង​ធ្លាក់​ទៅ​ត្រូវ​សត្វ​លោក​ណា​ម្នាក់​ក៏​មិន​ដឹង។ សំឡេង​បង្អួច​នៅ​ការិយាល័យ​ធ្វើ​ការ​របស់​ខ្ញុំ បក់​បោក​ត្រគោះ​ប៉ះ​គ្នា​លាន់​​ប្រ៉ាវៗគួរ​បារម្ភ​ក្រៃ​ពេក។

ម៉ោង​ជាង​​បួន គូកន​របស់​មេឃា​បាន​បញ្ចេញ​សំឡេង​គ្រឹម​ៗ គ្រហឹម​ឡើង​កក្រើក​អាកាសា លាន់​ឮ​អស្ចារ្យ​សែន​រន្ធត់ រក​តក់​ស្លុត​អ្វី​ម្ល៉េះ​ទេ។ ព្រះ​ភិរុណ​បាន​បំពេញ​បំណង​របស់​មេឃា និង បក្ខ​ពួក​របស់​គេ ដោយ​បង្អុរ​ទឹក​ភ្លៀង​ចុះ​មក ដូច​ជា​កំពុង​តែ​មាន​ពិរោធ​នឹង​អ្នក​ណា​ក៏​មិន​ដឹង។ ដំណក់​ទឹក​ភ្លៀង​រាប់​លាន​គ្រាប់ ហូរ​កាត់​បង្អួច​កញ្ចក់​ខ្ញុំ​ឡើង​ខ្ជាក់ៗ កញ្ជ្រោល​កញ្ជ្រាយ​រាយ​ប្រដេញ​គ្នា បង្ខាំង​មនុស្ស​ម្នា​មិន​ឲ្យ​ចេញ​ទៅ​ក្រៅ​បាន​ឡើយ។

អាកាស​ធាតុ​ត្រឡប់​ជា​ត្រជាក់​ស្រេប សែន​រងា ស្លេក​មេ​ជើង ផ្សំ​នឹង​ខាង​ក្នុង​បន្ទប់​នេះ ម៉ាស៊ីន​ត្រជាក់​ដាក់​ថយ​អស់​លេខ​ផង ​មែ! សែន​រងារ​ញ័រ​ញាក់​សព្វ​សារពាង្គ​ឥត​បើ​ថ្លែង ដួង​ចិត្ត​រឹង​រឹត​តែ​ចម្បែង​នឹក​ដល់​ម្ចាស់​ស្នេហ៍… អង្គុយ​ធ្វើ​ការ​ទាំង​ស្រណោះ ការងារ​ក៏​ភ្លេច​អស់ គិត​ចង់​តែ​ហោះ​ទៅ​ជួប​ដួង​ជីវិត….។ ឥយ៉ា! នាង​ផ្ញើ​សារ​មក​ហើយ នាង​រងារ​នឹក​ដល់​ខ្ញុំ​ដែរ​មិន​ខាន​ឡើយ

- អូយ ឃ្លាន​ណាស់…. អូន​ចង់​ញ៉ាំ​ត្រចៀក​ជ្រូក!
- អុញ! អូខេ​ចង់​ញ៉ាំ​បង​ឲ្យ​ញ៉ាំ តែ​ត្រូវ​ចាំ​ញ៉ាំ​មួយ​ចំហៀង មួយ​ទៀត​សូម​ទុក​ស្តាប់​សៀង ម៉ុម​អូន​ច្រៀង​បំពេរ​រៀម….
- ចង់ញ៉ាំមាត់ជ្រូកបានទេ? មាត់ហ្នឹងផ្អែមពេក….
- អូ៎! បើ​ពៅ​ញ៉ាំ​មាត់​ពិត​ភ្លាត់​កិច្ច​ការ បាត់​អស់​វោហា​ចចារ​ជាមួយ​ថ្លៃ សូម​ទុក​មាត់​នេះ​បាត់​ថើប​ចរណៃ ច្រៀង​លោម​ហរទ័យ សម្តី​ផ្អែម​ទៀត​ណា៎​ពៅ​ព្រលឹង….
- បើ​បង​ទុក​មាត់​សម្រាប់​ថើប អ៊ីចឹង​ឲ្យ​អូន​ញ៉ាំ​ច្រមុះ​ជ្រូក​របស់​បង​ណា៎….
- ឱ! បើ​អត់​ច្រមុះ​បង​រស់​ម្តេច​បាន? បាត់​ក្លិន​កល្យាណ​ខុស​អី​នឹង​ក្ស័យ? ច្រមុះ​ជា​គូ​នឹង​មាត់​ណា៎​ថ្លៃ ពៅ​កុំ​ញ៉ាំ​អី សុំ​ទុក​ស្រង់​ក្លិន​កេសា​ពិដោរ​អូន….
- រងា​​ទេ​​បង? ឲ្យ​​អូន​​ត្រកង​​ក្រសោប​​ស្ងួន គ្រាន់​​បាន​​ជា​​គ្នា អស់​​​រងា​ណា​​នឹម​​នួន ម៉ោះ​​ម៉ោ​​ឲ្យ​​ជិត​​ម៉ោ អូន​​ក្រសោប…
- អ៊ឺម​​ហ៊ឺម​​អូហូ​​កក់​​ក្តៅ​​ណាស់​​អូន ហត្ថា​​នឹម​​នួន​​ដូច​​ជា​​ផាហ៊ុម បង​​ចង់​​ដណ្តប់​​ព័ទ្ធ​​ឲ្យ​​ជិត​​ជុំ ឱ! ដៃ​​ផាហ៊ុម​​គឺ​​ដៃ​​នួន​​ល្អង…

ដឹង​ថា​បង្ខាំង​ខ្ញុំ​ក៏​ឥត​ប្រយោជន៍ ព្រោះ​ខ្ញុំ​លែង​រងា គ្រាប់​ភ្លៀង​ទាំង​ឡាយ​ក៏​សុខ​ចិត្ត​ដក​ថយ​ទៅ​វិញ ឥឡូវ​​នេះ​ខ្ញុំ​អាច​ចេញ​ទៅ​សាលា​បាន​ហើយ តែ​នៅ​តែ​យឺត​ម៉ោង​ទី​មួយ​ដដែល។ នៅ​ម្តុំ​ផ្សារ​អូឡាំពិក ផ្លូវ​សាលារៀន​ចិន គ្រាន់​តែ​ដល់​នេះ​ភ្លាម ឃើញ​ទឹក​ល្ហ​ល្ហាច​គ្រប់​ច្រក​ល្ហក ទៅ​ណា​ក៏​គង់​តែ​មិន​ផុត​ឡើយ មាន​តែ​ប្រថុយ​ជិះ​កាត់​មហាសាគរ​នេះ​​ហើយ រលត់​ឬ​មិន​រលត់​ពឹង​លើ​សម្លាញ់​ខ្ញុំ​ហើយ​ពេល​នេះ។ អូ៎​ហូ! មើល​ក្មេង​ស្រី​នោះ​ចុះ ស្លៀក​សំពត់​ខ្លី​មហា​ខ្លី សាច់​ឡើង​ស​ខ្ចី​ដើរ​កាត់​ទឹក​ ឃើញ​ភ្លាម​ស្ទើរ​តែ​ភ្លឹក មនុស្ស​ច្រើន​សន្ធឹក​នាង​ហ៊ាន​កង្ខើញ​ទៀត​ហ្ន៎!

- នែ​នែ ក្មួយ​ស្រី លេច​ហើយ!
- ចា៎​ពូ! ឲ្យ​តែ​ភ្លៀង​លេច​រហូត​ហ្នឹង កុំ​ទៅ​ឆ្ងល់!
- អុញ!?!

កូន​ទូក​បណ្តែត​ខ្លួន​គើម​ៗ​លើ​ជលសា ក្រឡេក​គ្រាប់​ទិសា​ឃើញ​សុទ្ធ​តែ​ទឹក​បែប​នេះ ដូច​ជា​កំពុង​ជិះ​ទូក​នៅ​កំពង់​សោម​អ៊ីចឹង ធ្វើ​ឲ្យ​នឹក​ដល់​កោះ​ពស់​ណាស់​លោក​អឺយ!….។ មក​ដល់​ផ្លូវ​បត់​មួយ ខ្ញុំ​រក​បត់​ទៅ​ហើយ តែ…. អីយ៉ូយ លុចស៊ីស​ស្លាក​លេខ​ខ.ម.​មួយ ស្ទុះ​សង្គ្រប់​យក​កន្លែង​បាន​មុន​ស្រេច​ទៅ​ហើយ។ ពេល​នេះ​ខ្ញុំ​ស្ថិត​នៅ​ជាប់​ចំ​ពី​មុខ​ឡាន​តែ​ម្តង ខ្ញុំ​ឃើញ​ភ្នែក​វា​ធំ​ៗ​សែន​មុត មាន​ចង្កូម​យ៉ាង​វែង​ស​ស្ញាច គួរ​ឲ្យ​ខ្លាច​មែន​ទែន ដល់​ពេល​វា​លោត​ស្ទុះ​មក​ភ្លាម​​ៗអ៊ីចឹង​ទៀត ហាក់​ដូច​ជា​សីហ​កំពុង​គម្រាម​យក​ជីវិត​សត្វ​ប្រើស​មួយ​ក្បាល​អ៊ីចឹង ប្រើស​ក៏​មិន​ហ៊ាន​នៅ​ទើស​ដំណើរ​ដែរ រួច​ប្រញាប់​ប្រញាល់​រត់​ចេញ ក្រែង​លោ​សីហ​ទ្រាំ​មិន​បាន ត្របាក់​យក​ជីវិត​ទៅ។ មិន​ហ៊ាន​ទេ លោក​ម្ចាស់​អឺយ ទៅ​ចុះ​ទាន! សុំ​តែ​ម៉ា​រួច​ខ្លួន​គ្រាន់​តែ​សរសេរ​រឿង​ឲ្យ​គេ​បាន​សើច​កំសាន្ត​លេង​ទេ ជា​ពិសេស​គឺ​ម្ចាស់​ជីវិត​របស់​ខ្ញុំ។

សីហ​បាន​ពុះ​ជ្រែក​យក​ផ្លូវ​មួយ​ចំហៀង​ម្នាក់​ឯង រួច​បោះ​ពួយ​ចូល​ព្រៃ​បាត់​ហើយ នៅ​សល់​តែ​ម្រឹគី​ម្រឹគា​តូច​ៗ​កំពុង​តែ​ចែវ​ទូក​ខ្វេះ​ៗ មិន​ហ៊ាន​លឿន​ឡើយ ខ្លាច​សាច​ទឹក​ប៉ះ​គ្នា…. មាន​អធ្យាស្រ័យ​ចំពោះ​គ្នា​ល្អ​ណាស់ គួរ​ឲ្យ​សរសើរ​មែន​ទែន…។ យី! ចុះ​អា​ប្រកាច់​នោះ​ម៉ោ​ពី​ណា​ខុស​​គេខុស​ឯង​អ៊ីចឹង?! វា​ចែវ​ទូក​ឬ​ក៏​ប្រណាំង​ម៉ូតូ?! មើល​វា​ៗ! ម៉ោ​ហើយ​ៗ! គេច​ទៅ​ណា​ក៏​មិន​ផុត​ដែរ​! [ឆ្វាច់!] ទទឹក​សើម​មួយ​ចំហៀង​ខ្លួន​គ្រប់​គ្នា ទាំំង​អ្នក​នៅ​មុខ​ខ្ញុំ ទាំង​ខ្ញុំ និង អ្នក​នៅ​ក្រោយ​ៗ​ទាំង​អស់ វា​រាស់​ស្អាត​ម៉ា​ផ្លូវ​ដាច់ ឡូយ​ផស់​វា។ “អា​ច្រវាក់​ក! អា​ប្រញាប់​ទៅ​ងាប់! ហ្ហែង​មេឃ​ចឹង​ផង​ប្រយ័ត្ន​រន្ទះ​ជួយ​បំពេញ​បំណង​ហ្ហែង​ទៅ អា​ស្លាប់​យ៍!…” ខ្ញុំ​ជេរ​វា​ក្នុង​ពោះ ព្រោះ​វា​ធំ​ជាង​ខ្ញុំ។ អា​ហ្និះ​ស្លៀក​ពាក់​ថ្លៃ​ថ្នូរ​ណាស់ មើល​ទៅ​ដូច​បញ្ញាវ័ន្ត តែ​សីលធម៌​វា​អន់​ជាង​ក្មេង​កំព្រា​ដើរ​រើស​អេត​ចាយ​ទៅ​ទៀត។ ក្មេង​ទាំង​នោះ​មិន​បាន​ទទួល​ការ​អប់រំ​ខ្ពង់​ខ្ពស់​ផង នៅ​មិន​ដែល​ធ្វើ​ឲ្យ​គេ​ស្អប់​ដល់​ថ្នាក់​ហ្នឹង​ដែរ ចុះ​អា​ហ្និះ​សំណាង​វា​កើត​ចំ​គ្រួសារ​ស្តុកស្តម​ហើយ ម្តេច​​មិនថែ​កិត្តិយស​ឲ្យ​ឪ​ម៉ែ​វា​វិញ​ផង?

ផុត​ពី​នេះ​ទៅ អត់​មាន​ទឹក​លេច​ទៀត​ទេ រហូត​ដល់​ម្តុំ​ឃ្លាំង​រំសេវ​ទើប​មាន​ទឹក​ល្ហល្ហាច​ទៀត។ ខ្ញុំ​មិន​បាន​ដឹង​ខ្លួន​ជា​មុន បើ​ខ្ញុំ​ដឹង​ខ្ញុំ​វាង​ទៅ​ផ្លូវ​ពេទ្យ​​សង្ឃ​ហើយ នឹង​បាន​រួច​ខ្លួន តែ​ជ្រុល​ហើយ ទឹក​លិច​លើស​ជង្គង់​ទៅ​ទៀត រក​ត្រឡប់​ក៏​មិន​កើត មនុស្ស​ក៏​ច្រើន។ កូន​ទូក​តូច​ៗ​ជា​ច្រើន ត្រូវ​ម្ចាស់​វា​អូស​បណ្តើរ​កាត់​ទឹក​ទៅ​វិញ ហាក់​ដូច​គេ​អូស​ពួក​អា​ចោរ​ឈ្លាន​ពាន​ទឹក​ដី​យើង យក​ទៅ​ប្រហារ​អ៊ឹចឹង មុខ​ឡើង​ក្រញូវ មាត់​ជីព​អូចៗ​ទៀត មិន​ដឹង​ជា​ជេរ​ទូក​របស់​គាត់ ឬ​ក៏​ជេរ​អ្នក​ណា​ផ្សេង​ទៀត​ដែល​បង្ហូរ​ទឹក​ឲ្យ​លេច​ពេញ​តែ​ផ្លូវ​បែប​នេះ។

គូ​ប្រកួត​របស់​ខ្ញុំ​ជា​ច្រើន​បាន​ចុះ​ចាញ់​អស់​ច្រើន​ហើយ តែ​ខ្ញុំ​ និង ​សម្លាញ់​ខ្ញុំ នៅ​តែ​មាន​អនុភាព​ពុះ​ជ្រែក​ជលសារ​ដ៏​ល្វឹង​ល្វើយ​នេះ​នៅ​ឡើយ ទោះ​ជា​ពេល​ខ្លះ​ត្រូវ​កប៉ាល់​ធំ​ៗ​បើក​ជិត ធ្វើ​ឲ្យ​មាន​រលក​ដ៏​មហិមា បក់​បោក​វឹប​ៗ​ស្ទើរ​ក្រឡាប់​ម្តង​ៗ​ក៏​​ដោយ ក៏ការ​សហការ​គ្នា​នឹង​យល់​ចិត្ត​គ្នា​យ៉ាង​ស្អិត​រមួត​របស់​អ្នក​ក្លាហាន​ទាំង​ពីរ​នេះ នៅ​តែ​ធ្វើ​ការ​តស៊ូ​រក​អ្នក​ឈ្នះ​ចាញ់​ឲ្យ​ខាង​តែ​បាន។

ដំណាក់​កាល​ដែល​ក្តៅ​គគុក​បំផុត ដែល​នឹង​សម្រេច​ថា​អ្នក​ណា​ជា​អ្នក​ខ្លាំង គឺ​នៅ​ត្រង់​សាលា​សន្ធរម៉ុក​នេះ​ឯង។ អស់​មែន​ទែន​ហើយ គូ​ប្រកួត​ខ្ញុំ​ចុះ​ចាញ់​អស់​ហើយ នៅ​សល់​តែ​សម្លាញ់​ខ្ញុំ​កំពុង​តែ​ពុះ​ពារ បិទ​ភ្នែក​ខាំ​មាត់​ទធាក់​ជើង​ខ្វេះ​ៗ លូន​បន្តិច​ម្តង​ៗ តឹង​ទ្រូង​មែន​ទែន សឹង​តែ​ថប់ ដណ្តើម​ជំនួស​វា “ប្រឹង​ឡើង​ៗ! អា​សម្លាញ់ ជិត​ដល់​ទី​ហើយ! ដល់​ទី​យើង​នឹង​បាន​រង្វាន់!”។

អស់​ស្ទះ! រក​ឃើញ​ហើយ​អ្នក​ខ្លាំង! អស្ចារ្យ​មែន ស៊ុប​ពើ​មែន​គឺ​ម៉ូតូ​ខ្ញុំ​ហ្នឹង​ហើយ! ចាប់​ពី​ ពេល​នេះ​ទៅ ខ្ញុំ​លែង​ខ្លាច​ទឹក​លេច​ទៀត​ហើយ ទោះ​ជា​ទឹក​លេច​ដល់​ត្រឹម​ក​ក៏​ខ្ញុំ​មិន​ខ្លាច​ដែរ! “អូខេ! អា​សម្លាញ់ រង្វាន់​របស់​ឯង​គឺ​ប្រេង​ម៉ាស៊ីន​មួយ​កំប៉ុង​ណា! ពេញ​ចិត្ត​ទេ?”៚

h1

ពិភពលោករង់ចាំអូន

May 8, 2008

ផ្គរលាន់គ្មានភ្លៀង ចម្រៀងគ្មានភ្លេង រៀមតែងម្នាក់ឯង វង្វេងចុងជួន ចង្កៀងប៉ាកា វាចារហៅស្ងួន វិលវិញនឹមនួន ថែថួនកវី….

h1

លោមស្នេហ៍

May 6, 2008

លើកប៊ិចសញ្ជឹងប្រឹងតែងកំណាព្យ ពាក្យឃ្លោងពាក្យកាព្យឆាបចិន្តាស្រី បញ្ចូលអាគមតាមបែបសម័យ អន្ទងចរណៃឲ្យថ្លៃស្នេហ៍បង…

h1

រងា

May 6, 2008

ទឹកភ្លៀងត្រជាក់ញ័រញាក់រងា ខ្លួនអឺយកំព្រាគ្មានម៉ុមនៅក្បែរ ស្រម៉ៃបានទៅរត់លេងលំហែរ កំពង់សោមផែបែរជាខកខាន…

h1

Charging phone

May 5, 2008

Charging phone
Stay away please! Or you may break my phone…