Archive for April, 2008

h1

មិនទាន់អស់ចង់ -​ ភាគបញ្ចប់

April 28, 2008

អានភាគ១ | អានភាគ២

ម៉ោង​ប្រហែល ១១ ញើស​ស្រក់​តក់ៗ យើង​ឈប់​ទិញ​ផ្លិត​មួយ រួច​បន្ត​ដំណើរ​ទៀត។ ឥឡូវ​នេះ​ខ្ញុំ និង​នាង​ឡើង​មក​ដល់​ព្រះសក្សមុនីចេតិយ​ហើយ… អុជ​ធូប​សិន។ ក្មេងៗ​លក់​ផ្កា​ឈូក និង​ធូប​មក​រោម​ជុំ អី​គេ កន្លែង​នេះ​សូម្បី​អុជ​ធូប​ក៏​អស់​២០០​រៀល​ដែរ… ថ្វាយ​ផ្កា​និង​អុជ​ធូប​រួច យើង​ទៅ​ទៀត​ហើយ។ នៅ​លើ​កំពូល​ភ្នំ​នេះ​មាន​កន្លែង​ដើរ​ឆ្ងាយ​វែង​គ្រាន់​បើ… ដៃ​ខ្ញុំ​ជាប់​កាន់​បាយ​ម្ហូប និង​ឥវ៉ាន់​ផ្សេងៗ ដើរ​ឡើង​បែក​ញើស​សស្រាក់ នាង​ហូត​យក​ក្រដាស​មក​ជូត​មុខ​ឲ្យ​ខ្ញុំ… អីយ៉ូយ មាន​ពីណា ឡូយ​ជាង​ខ្ញុំ​ទៀត​ទៅ​ហ្ន៎? ជោរ​ប៉ុនណេះ​ហើយ ដើរ​ដល់​​ម៉ោង ៥ល្ងាច អត់​ញ៉ាំ​បាយ​ក៏​បាន​ដែរ ឲ្យ​តែ​នាង​ដើរ​ជាមួយ ហើយ​ចាំ​ជូត​មុខ​ឲ្យ​យ៉ាង​ហ្និះ​ចុះ ខ្ញុំ​ពិត​ជា​ខ្យល់​គរ​មិន​ខាន​ទេ។ មួយ​ស្របក់​ធំ​ល្មម យើង​បាន​មក​ដល់​តូប​មួយ សមគួរ​នឹង​សម្រាក​ញ៉ាំ​បាយ​ល្មម។

មនុស្ស​ម្នា​ដើរ​ទៅ​មក ដូច​មិន​ឃើញ​នរណា​រក​កន្លែង​អង្គុយ​ញ៉ាំ​បាយ​ដូច​ខ្ញុំ​និង​នាង​សោះ ប្រហែល ពួកគេ​ទាំងនោះ​សុទ្ធ​តែ​ញ៉ាំ​នៅ​ខាង​ក្រោម​ហើយ​មើល​ទៅ… អ្នក​ខ្លះ​ក៏​ហត់​ណាស់​ដែរ អង្គុយ​សម្រាក ក្រោម​ដើមឈើ​ក្បែរៗ​ហ្នឹង។ ញ៉ាំ​បាយ​ហើយ សម្រាក​មួយ​សន្ទុះ យើង​ទាំងពីរ​ក៏​ដើរ​ទៅ​ទៀត មិន​ទាន់​ដល់​ព្រះអង្គ​ធំ​ផង។ ចង់​ទៅ​ថ្វាយ​បង្គុំ​ព្រះអង្គធំ ត្រូវ​ឆ្លង​កាត់​កន្លែង​សក្ការៈ​ច្រើន​ទៀត​ណាស់ មាន​ទាំង​កន្លែង​ព្រះអង្គ២០០០​ទៀតហ្ន៎! ឡូយណាស់… ខាង​ក្នុង​សុទ្ធ​តែ​រូបចម្លាក់​ព្រះអង្គ​តូចៗ ក្នុង​ទម្រង់​ព្រះភ្នែន ​កម្ពស់​ប្រហែល០,៣ម៉ែត្រ រូប​ច្រើន​ណាស់ សង្ស័យ​តែ​២០០០អង្គ​ដូច​គេ​ថា​មែន​ទេ។ ថ្វាយ​បង្គុំព្រះ ថ្វាយ​ផ្កា​ព្រះអង្គ​ហើយ ខ្ញុំ​និង​នាង​យក​ទឹកមន្ត​មក​លុប​មុខ​ប្រាថ្នា​សេចក្តី​ឃុំគ្រង​ដោយ​រិទ្ធ​បារមី​ពី​អំណាច​នៃ​ព្រះពុទ្ធ​សាសនា។

ចេញពីនេះទៅ មានកន្លែងមួយមានរូបចម្លាក់ខ្លាពីរប៉ុនណាប៉ុនណី មានបង្កាន់ដៃចូលជាខ្លួននាគ វែងអន្លាយ នៅខាងក្នុងរូងនោះមានរូបព្រះអង្គធ្វើអំពីឈើខ្មៅ មើលទៅរលោងស្រិល។ ទៅមុខទៀត មានព្រះគោ ហួសបន្តិចទៀតមានព្រះកែវ។ មិនឆ្ងាយពីហ្នឹង មានចម្លាក់សត្វស្វាស្ពាយថង់យាម របៀបអ្នកបួស ហើយកាន់កំណាត់ឈើមួយដើម ដែលតាមពុទ្ធប្រវត្តិដំណាលថា កាលដែលព្រះពុទ្ធ ទ្រង់យាងទៅព្រៃប៉ាលិឡៃ មានដំរីនិងសត្វស្វានេះជាសេនា។ ដំរីជាអ្នកថ្វាយទឹកបំពង់ដល់ព្រះអង្គ ឯសត្វស្វានេះជាអ្នករកទឹកឃ្មុំឲ្យព្រះអង្គ គឺកំណាត់ឈើដែលសត្វស្វាមានសីលរូបនេះកំពុងកាន់ ជាប់ដៃនោះអី។ នៅទីនេះ យើងទាំងពីរអុជធូប និងពូនភ្នំខ្សាច់។
នៅមានច្រើនទៀត មិនដឹងថាខ្ញុំរៀបរាប់គ្រប់ឬនៅទេ… ខ្ញុំនិងនាងចូលអុជធូប ស្ទើរតែគ្រប់កន្លែង ទាំងអស់ហ្នឹង។

នៅក្រោមដើមឈើមួយ ផុតម្ខាងពីផ្លូវ មានរូបចម្លាក់មួយទៀតអង្គុយពែនភ្នែន ដោះអាវ សាច់សដូចចិន ត្រូវហើយជាអ្នកតារបស់ចិន គាត់មានកន្សែងក្រហមរុំក្បាល មានសេនា ពីរនាក់អង្គុយអមគាត់… អ្វីដែលចាប់អារម្មណ៍ និងមើលទៅហាក់សំដែងឫទ្ធីនុភាពខ្លាំងក្លា គឺគាត់ មានកាន់ដំបងមួយប្រហែលជិតមួយម៉ែត្រ បញ្ឈរឡើង… ត្រូវហើយគឺគាត់ហ្នឹងហើយ អ្នកតាដំបង ដែកនោះអី។

ដល់មែនទែនហើយ ព្រះអង្គធំ។ នៅត្រង់នេះ យើងបានស្រង់ព្រះ និងស្រោចទឹកត្រង់ដង្ហើមនាគ ថ្វាយផ្កាព្រះអង្គ និងអុជធូប បួងសួងចំពោះព្រះអង្គ។ ដូចតែមុនៗចឹង នាងនៅតែធ្វើមាត់ជីពអូចៗ ដដែល ខ្ញុំក៏បួងសួងស្រដៀងមុនដដែល

- ព្រះអង្គធំ ខ្ញុំសូមបង្គុំថ្វាត់ថ្វាយ អំណាចបារមីមានឫទ្ធិ វត្ថុសក្តិសិទ្ធទាំងឡាយ ឃុំគ្រងឆោមឆាយ ឲ្យមានសេចក្តីសុខគ្រប់ពេល កុំបីឃ្លៀងឃ្លាតឡើយ សាធុ សាធុ…

ព្រះអង្គចេកព្រះអង្គចម នៅត្រង់នេះយើងបានចាក់គម្ពីរជាមួយគ្នា។ នាងនិងខ្ញុំចាក់ម្តងម្នាក់ ហើយ បានល្អដូចៗគ្នា អត់បារម្ភណ៍ឡើយ រឹតតែមានចិត្តរំភើបទ្វេរឡើង។ ដើររាស់អស់ហើយ ដល់ផ្លូវចុះ ម្ខាងទៀតហើយ យើងចុះទៅដល់ក្រោមទៅហើយ… ម៉ែ!
- បងអឺយ អូនមិនទាន់អស់ចិត្តឡើយ អូនចង់ឡើងទៀត ឆ្លៀតដើរឲ្យហើយ បើចាំថ្ងៃក្រោយ យូរណាស់សែនវេទនា
- ចំពោះបងអត់បញ្ហា ស្ម័គ្រជូនជីវា មិនខ្ជិលរុញរា បើពៅមិនហត់ រៀមក៏ស្ទុះស្ទារ ចាំមើលចិន្តា ដើរបានប៉ុន្មានទៀត…

ឡើងមកទៀតហើយ ពីរគ្រឿងនេះមុខដដែលៗ។ ខ្ញុំមិនជឿថានាងពូកែដើរជាងខ្ញុំទេ ស្លៀកហូល អ៊ីចឹងហ្នឹង។ មែន! ទីបំផុតនាងសុខចិត្តសម្រាកក្រោមដើមឈើមួយ។ ខ្ញុំអង្គុយផ្អែកដើមឈើ នាង អង្គុយជាប់ខាងស្តាំខ្ញុំយ៉ាងស្អិតដូចចាខ្វៃអ៊ីចឹង បេះល្មមៗអត់ចេញទេ។ ខ្ញុំយកផ្លិតពីនាង ហើយបក់ឲ្យ នាងដោយប្រើដៃឆ្វេង។ នាងទម្រេតមកកើយស្មាស្តាំរបស់ខ្ញុំ សក់នាងជាប់នឹងច្រមុះខ្ញុំស្រេច មិនបាច់ប្រឹង… ខ្ញុំយកដៃស្តាំខ្ញុំអង្អែលសក់នាង ធ្វើឲ្យក្បាលនាងធ្លាក់មកកើយលើទ្រូងខ្ញុំ រួចនាងយក ដៃឆ្វេងនាងអោបចង្កេះខ្ញុំ មិនទៅធ្ងន់អីបើខ្ញុំមានដើមឈើធ្វើទម្រហើយហ្នឹង ខ្ញុំថើបសក់នាងមួយខ្សឺត បង្អូសទាល់តែអស់មួយដង្ហើម ដូចជនជាតិភាគតិចគាត់បឺតកញ្ឆាពីបំពង់យ៉ាងវែងមួយអ៊ីចឹង

- ឱ! នាងសក់ក្រអូបអឺយ បើពេលនោះបុប្ផាសម្រស់សួគ៌ាដែលខ្ញុំកំពុងថ្នមនេះ បានកើតក្នុងសម័យនោះដែរ ម្ល៉េះសមនាងសក់ក្រអូបនឹងធ្លាក់មកលេខពីរមិនខាន…

ចាំបាច់បក់ធ្វើអីផ្លិតហ្នឹង?! បើសេចក្តីស្នេហាកំពុងជ្រួតជ្រាបពេញខ្លួន លែងដឹងខ្យល់អីនៅជុំវិញខ្លួន អស់ហើយហ្នឹង។ ខ្ញុំទម្លាក់ផ្លិតចុះពីដៃឆ្វេង ហើយកាន់ទ្រដៃស្តាំនាង រួចអង្អែលរោមដៃ ដ៏វែងៗទន់ល្មើយរបស់នាង នាងព្រឺសម្បុរខ្ញាកៗ… នាងញញឹមមកខ្ញុំដោយកែវភ្នែកយ៉ាងស្រទន់មានសេចក្តីសុខ ថ្ពាល់ដ៏ក្រពុំរលោងម៉ត់ខៃរបស់នាងហុចមកចំបបូរមាត់ខ្ញុំត្រង់ចំណុចសូន្យដឺក្រេ តែម្តង… ចុះពីណាទៅទ្រាំបានលោកអឺយ? មាត់របស់ខ្ញុំវាច្រណែននឹងច្រមុះណាស់ដែលបាន ប៉ះសក់នាង អ៊ីចឹងហើយវាទារដែរ ខ្ញុំឃាត់វាណាស់ តែវាមិនស្តាប់ឡើយ។ ក្បាលរបស់ខ្ញុំក៏ក្បត់ខ្ញុំទៀត ចូលដៃជើងជាមួយមាត់តាំងពីអង្កាលក៏មិនដឹង វាអោនឲ្យបន្តិច មាត់ក៏បានឱកាសល្មម… ទើបវាស្ងាត់ លែងរករឿងខ្ញុំទៀត។ ខ្ញុំផ្តិតបបូរមាត់នឹងថ្ពាល់ឆ្វេងរបស់នាងមួយខ្សឺតហើយ មួយខ្សឺតទៀត មិនអស់ចិត្តឡើយ

- ម៉ែអឺយ! ពេលនេះទើបខ្ញុំដឹងថា ស្ករតាំងម៉ែផ្អែមឆ្អិតដែលម៉ែកូរឲ្យខ្ញុំញ៉ាំកាលពីនៅក្មេង គឺផ្អែមចាញ់ថ្ពាល់របស់នាងឆ្ងាយណាស់… ឱ! ធម្មជាតិអឺយ ម្តេចក៏អ្នកយកមេស្ករមកលាក់ទុកនៅថ្ពាល់នារីទៅវិញ? ខ្ញុំមិនដឹងសោះ!

នាងញញឹម បិទភ្នែក ពេញចិត្តនឹងការថើបអង្អែលរបស់ខ្ញុំ មើលចុះបបូរមាត់ដ៏រលើបរលោងរបស់នាង ពិតជាធ្វើខ្ញុំទ្រាំមិនបានទេ។ ខ្ញុំភ្លេចភ្លាំងស្មារតីអស់ហើយ ខ្ញុំបង្វែរមាត់ថ្នមៗមកខាងឆ្វេងរហូត ទល់មុខចំនឹងនាង។ នាងបើកភ្នែកសំឡឹងភ្នែកខ្ញុំបន្តិច រួចក៏បិទទៅវិញ ហើយនាងក៏បង្ហើបបបូរមាត់ នាងបន្តិច សម្រួលឲ្យខ្ញុំស្ទាបស្ទង់កំដៅនៃបបូរមាត់ដ៏ខ្ចីល្វក់របស់នាងបានដោយសេរី… ខ្ញុំបិទភ្នែក ហើយក្រេបបបូរមាត់របស់នាងទាំងលើទាំងក្រោម ម្តងហើយម្តងទៀត ហាក់មិនណាយឡើយ… អូយ! ស្រៀវស្រើបណាស់លោកអឺយ…។ ខ្ញុំប្រៀបធៀបបបូរមាត់លើ និងបបូរមាត់ក្រោមរបស់នាង តើវាទន់ដូចគ្នាឬទេ ហើយមានរសជាតិយ៉ាងម៉េចវិញ

- ម៉ែកូនអឺយ! ផ្អែមជាងថ្ពាល់៨០ដងឯណោះ! ឱ! ទឹកដមសួគ៌ាអឺយ ទោះជាថែមឡាន ផ្ទះវីឡា ដីនៅទីក្រុងពីរប្លង់ឲ្យខ្ញុំទៀត ក៏ខ្ញុំមិនប្តូរនឹងបបូរមាត់ទាំងពីររបស់នាងដែរ។

ដៃស្តាំអង្អែលសក់ដ៏វែងអន្លាយ ដៃឆ្វេងអង្អែលរោមដៃដ៏ទន់ល្មើយ មាត់ភ្លក់បបូរមាត់របស់នាង… ផ្អែមណាស់លោកអឺយ។ យី ចុះអ្នកណាមិនដឹងខ្ញុំកំពុងមានសេចក្តីសុខទេអី បានជាមកឈរ សើចជិតត្រចៀកយ៉ាងនេះ? ខ្ញុំមិនទាន់លែងនាងឡើយ គ្រាន់តែបើកភ្នែកព្រឹមៗសំឡឹងរកមើល អ្នកណាកំពុងសើចហ្នឹង… អុញ! បងស្រីខ្ញុំមកឧត្តុង្គដែរ ម៉េចខ្ញុំអត់ដឹងសោះចឹង? មិនទាន់បាន និយាយស្អីទៅគាត់ផង គាត់រុញនាងមកផ្អឹបនឹងខ្ញុំថែមទៀត នាងក៏អត់ខ្មាស់បងខ្ញុំដែរ នាងជញ្ជក់ មាត់ខ្ញុំកាន់តែញាប់ឡើងៗ ទឹកមាត់ពេញមុខខ្ញុំ ខ្ញុំទ្រាំលែងបាន ក៏ចាប់នាងដកឃ្លាចេញ ហើយខំប្រឹង សំឡឹងមុខនាង

- ចុម! អាពាលហ្នឹង?! យី! ម៉េចក៏បងឯងយកអាពាលមកចូលមុងខ្ញុំឲ្យលិទមាត់ខ្ញុំអ៊ីចឹង?!!!

ខ្ញុំស្រែកដាក់បងខ្ញុំដោយក្តីសោកស្តាយ… ឱ! សក់នាង រោមដៃនាង ជារោមអាពាលសោះ…

- ចប់ដោយមិនទាន់អស់ចង់ -

អានភាគ១ | អានភាគ២

h1

មិនទាន់អស់ចង់ – ភាគ២

April 28, 2008

អានភាគ១ | អានភាគបញ្ចប់

តាមផ្លូវមានឮភ្លេងពិណពាទ្យណិងណុងមិនសូវដាច់ឡើយ ផុតមួយកន្លែងដល់មួយកន្លែង ឃើញមាន ក្រណាត់ទង់ប្រវែងប្រមាណ០,៥ម x ១,៥ម មានពណ៌លឿង ខៀវ ហង្សបាត និងពណ៌ផ្សេងៗ ទៀតចម្រុះគ្នា ដែលជាការសម្គាល់កន្លែងធ្វើបុណ្យនៃព្រះពុទ្ធសាសនា។ យាយតា ពូមីង អុំៗកាន់ ចានស្រាក់សំដៅវត្តអារាម។ អីយ៉ា! ផ្ទះខ្លះមានចាក់បាសទាំងព្រឹកតែម្តង។ អូហូ! មើលយុវជន ប៉ុន្មាននាក់នោះចុះ ក្បាលឡើងសព្រុស ដៃកាន់ម្សៅផង ដបទឹកសុទ្ធផង ជិះលឿនទៀត ហ៊ូ! មើលគេជ្រែទៀត មិនខ្លាចគ្រោះថ្នាក់សោះ។ នោះហ្ន៎! ឃើញស្រមោលតិចៗហើយ ភ្នំទាំងពីរដែល យើងបានស្រម៉ៃថានឹងឡើងលេងជាមួយគ្នា។

- ពៅ ចូលវត្តតាមផ្លូវ ឲ្យហើយយ៉ាងណា បើចាំដល់ភ្នំ ខ្លាចតែយឺតការ លោកលាន់មាត់ថា មិនដែលប្រទះ?
- មិនយឺតទេស្ងួន ម៉ោងជាងប្រាំបួន នឹមនួនរូតរះ ដល់វត្តនៅភ្នំ ថ្វាយបង្គុំព្រះ សល់ម៉ោងច្រើនណាស់ យើងនឹងទៅទាន់

ទីបំផុតយើងបានមកដល់ផ្លូវបត់ចូលទៅភ្នំព្រះរាជទ្រព្យដូចបំណង។ ដូចជាគ្មានអ្វីសម្គាល់កន្លែង បត់ចូលភ្នំព្រះរាជទ្រព្យសោះ ខ្ញុំបត់ចូលទាំងប្រថុយប្រថាន… មិនខុសទេ ផ្លូវហ្នឹងហើយ។ មកដល់ជើងភ្នំហើយ មានផ្លូវបត់ពីរ ហើយខ្ញុំក៏បត់ទៅខាងស្តាំ។ ឃើញហើយ ដងទង់ពីរខ្ពស់សន្លឹម អាគារសុទ្ធតែថ្មីស្រឡាង វត្តនេះពិតជាទើបសាងសង់មែន… អាងទឹកដ៏ស្រស់ស្អាតមួយមានទំហំ ប្រហែល២០ម៉ែត្របួនជ្រុង មានរូបចម្លាក់នាងគង្ហីងឈរក្បែរក្រពើនៅកណ្តាលអាងទឹក ដែលនៅក្នុង ពុទ្ធប្រវត្តិបានដំណាលថា ពេលដែលព្រះពុទ្ធបរមគ្រូទ្រង់កំពុងផ្ចាញ់មា នាងគង្ហីងនេះបានមកជួយ កម្ចាត់មាជូនព្រះអង្គ ដោយនាងបានច្បូតសក់នាងធ្លាក់ក្លាយជាសត្វក្រពើជាច្រើនក្បាល ដើម្បីកម្ចាត់សត្រូវជួសព្រះអង្គ ដែលទ្រង់មិនបានប្រើកម្លាំងអ្វីទាំងអស់ ដោយគ្រាន់តែឈរចង្អុលដៃ ទៅដី បង្ហាញមាថាមេឃដីសក្តិសិទ្ធិនឹងសម្រេចហេតុការណ៌ទាំងឡាយ។

អាងទឹកនេះមានលម្អដោយផ្កាព័ទ្ធជុំវិញ មើលហាក់ដូចសួនច្បារ មនុស្សម្នាអង្គុយសម្រាកលេង លើបង់នៅមាត់អាងទឹក ខ្លះអង្គុយក្រោមរូបចម្លាក់សត្វហង្សដ៏ធំ…. ចុះទីធ្លាអីក៏ធំម្ល៉េះ?! ងាប់! សុទ្ធតែឡានមិនចេះតិច មានម៉ូតូមួយៗ មិនដឹងអង្កាលបានខ្ញុំមានឡានជូនប្រពន្ធមកធ្វើបុណ្យ ដូចគេទេហ្ន៎? ចុម! ទៅណាទៅណីទេខ្ញុំ ឆ្វេងឬក៏ស្តាំអញ្ចេះ? វិលក្បុងអស់ហើយ… អូ៎ ខាងឆ្វេង ជាកុដិ ខាងស្តាំជាសាលាធម្មសភាហើយ នុះន៎! មិនខុសទេ មានពុទ្ធបរិស័ទកំពុងចេញចូលក្នុង សាលា អាចឃើញផ្សែងធូបហុយទ្រលោមពីចម្ងាយ។

ឆ្នាំជូត សំរិទ្ធិស័ក ព.ស២៥៥២ ថ្ងៃវារៈឡើងស័ក ថ្ងៃដែលខ្ញុំនឹងនាងធ្វើបុណ្យជាមួយគ្នា ជាលើកដំបូង។ មិនមានសន្តិសុខមើលម៉ូតូទេ តែហាក់ជឿជាក់លើសាសនា នេះជាស្ថានមានបារមី ប្រែតចង្រៃនឹងមិនមកយារយីម៉ូតូខ្ញុំឡើយ ខ្ញុំនិងនាងដោះស្បែកជើង រួចចូលទៅក្នុងសាលាឆាន់។ អូ៎! ព្រះអង្គន៎ តុបតែងលម្អដោយភ្លើងស្អាតអស់ស្ទះ! ទោះជាខ្ញុំកម្រចូលអុជធូបសំពះព្រះក៏ដោយ រាល់ពេលដែលខ្ញុំឃើញព្រះពុទ្ធបដិមារធំៗបែបនេះ ខ្ញុំមានអារម្មណ៍សុខដុមត្រជាក់ត្រជុំភ្លាម ខ្ញុំហាក់ បានទទួលបារមីអ្វីមួយសម្រាប់ឃុំគ្រង តាមរយៈកែវនេត្រាព្រះអង្គដែលកំពុងសំឡឹងខ្ញុំដោយ ឫទ្ធិអំណាចតេជះ។

មិនដូចខ្ញុំឡើយ នាងជានារីដែលធ្លាប់បានចូលរួមធ្វើបុណ្យរាប់ភ្លេច ខ្ញុំមិនដឹងធ្វើអីធ្វើអីខ្លះទេ…. វេរចង្ហាន់ប្រគេនលោកជាមុនសិន នាងនិងខ្ញុំចូលទៅអង្គុយទល់មុខព្រះសង្ឃប្រមាណ៥អង្គ រួចបត់ជើងសំពះព្រះសង្ឃ៣ដង។ នាងហូតបច្ច័យមួយចំនួន ដាក់ថែមចូលក្នុងកញ្ចប់បិណ្ឌបាត្រដែលមានស្រាប់ មានដូចជាមី ទៀន ធូប និងទានប៉ុន្មានមុខទៀតទេ ខ្ញុំមើលអត់ឃើញដែរ ព្រោះនៅក្នុងថង់។ ខ្ញុំលើកកញ្ចប់បិណ្ឌបាត្រថ្វាយព្រះសង្ឃ នាងលើកចានស្រាក់។ ព្រះសង្ឃ សូត្រធម៌ប្រ៉ាវ ឡើងញាប់ស្មេរ ខ្ញុំអត់ដឹងថាលោកសូត្រអីរលីង… គ្រាន់តែដឹងថាជាការសូត្រឧទ្ទិស ផលបុណ្យជូនញាតិសន្តានដែលបានចែកឋានទៅ លើករាសី កម្ចាត់ឧបទ្រុបចង្រៃផ្សេងៗ និងជួយ ភ្ជាប់និស្ស័យនឹងពុទ្ធសាសនា ។ល។ និង ។ល។

ទៅណាទៀតអញ្ចេះ?! ព្រះសង្ឃហាក់យល់ការណ៌ ឃើញខ្ញុំធ្វើភ្នែកឡេងឡង់ លោកក៏ជួយប្រាប់ថា ឲ្យទៅរាប់បាត្រនៅខាងក្រោយជាបន្ត។ ឡូយខ្ញុំវិញ ខ្ញុំមានភ្នែកល្អជាងនាង, គួបផ្សំនឹងភាពសំឡឹង យ៉ាងវាងវៃដែលខ្ញុំបានហ្វឹកហាត់នៅរាល់ល្ងាចចុងសប្តាហ៍នៅតាមមាត់ទន្លេ, ខ្ញុំរកកន្លែងរាប់បាត្រ ឃើញមុននាង។ នៅលើតុមួយទទឹងប្រហែលកន្លះម៉ែត្រ បណ្តោយ២,៥ម៉ែត្រ មានបាត្រពីរជួរ និង ចានសម្រាប់ដាក់បច្ច័យប្រមាណ១០ចាន។ នាងរ៊ូតកាបូបយកលុយ អូ៎! លុយក្រដាស១០០នាងច្រើន ម្ល៉េះ?! ឡើងណែនកាបូបប៊ឹប! ចម្លែកអីតែខ្ញុំ មកធ្វើបុណ្យអីភ្លេចដូរលុយអ៊ីចឹង? នាងមើលមុខខ្ញុំ ខ្ញុំធ្វើមុខស្ញេញ អេះក្បាល នាងក៏ហុចលុយឲ្យខ្ញុំទៅ។

រាប់បាត្រហើយៗ នាងប្រាប់ថាទៅអុជធូបសំពះព្រះអង្គធំ ខ្ញុំចាំយូរហើយត្ហើ! នាងហូតធូប រាប់ រួចហុចឲ្យខ្ញុំយកដុត។ ខ្ញុំដុតហើយ មកអង្គុយក្បែរនាង នាងក៏ចូលបញ្ច័យហើយល្មម ខ្ញុំរំលែកធូប ឲ្យនាង។ ខ្ញុំនិងនាងកាន់ធូបប្រណមឡើងព្រមគ្នា នាងធ្វើមាត់ជីបអូចៗ រកតែលួចស្តាប់ថាម៉េច ក៏អត់ឮ។ ខ្ញុំឯណេះវិញ នឹកមិនទាន់ឃើញថាបន់ស្រន់យ៉ាងម៉េចនៅឡើយ អ៊ីចឹងមានតែ

- ដោយឫទ្ធិបារមីរបស់ព្រះអង្គ សូមមេត្តាទទួលនូវសេចក្តីប៉ងប្រាថ្នា ដែលនាងកំពុងតែបន់ស្រន់នេះ ឲ្យបានសម្រេចដូចបំណងផង សាធុ សាធុ…

យើងទាំងពីរនាក់យកធូបទៅដោតនៅខាងក្រៅសាលាឆាន់។ ឥឡូវនេះវគ្គមកធ្វើបុណ្យដែលបាន ប្រាប់ម្តាយ បានចប់ហើយ នៅតែវគ្គមកឡើងភ្នំលេងដែលអត់បានប្រាប់ម្តាយ នឹងចាប់ផ្តើម ក្នុងពេលបន្តិចទៀតនេះ។
ចេញពីសាលាឆាន់រកមើលស្បែកជើង… មែន! មានបាត់ទៅណាវា។ ខ្ញុំបន្តដំណើរទៅទៀតហើយ វាងកាត់មុខសាលាកុដិបន្តិច អើតមើលពុទ្ធបរិស័ទ្ធកំពុងធ្វើបុណ្យយ៉ាងមីដេរដាស។ បត់ស្តាំទៀត ទៅខាងក្រោយ វិលជុំវិញភ្នំមួយជុំលេងសិន ជិះខាងក្រោយអ៊ីចឹង ទើបមើលឃើញរូបសំណាក ព្រះអង្គមួយយ៉ាងធំសម្បើម លើកំពូលភ្នំ លាបពណ៌មាសឆ្អិនឆ្អៅចាំងព្រៀកៗ នៅថ្មីស្រឡាងតែម្តង តាមមើលទើបសង់ហើយថ្មីៗដែរទេ។ អូ៎ នៅមានវត្តតាមជើងភ្នំប៉ុន្មានទៀតហ្ន៎! ប៉ុន្តែសុទ្ធតែវត្តចាស់ៗ មើលទៅដូចមិនសំបូរសប្បាយឡើយ ហើយស្ងាត់ អត់សូវមានមនុស្សទេ ប្រហែលជាគេមិនបានដឹង ឬក៏ទីតាំងមិនល្អ។ វិលមួយជុំមកដល់ខាងមុខភ្នំវិញហើយ មនុស្សម្នាច្រើនណាស់លោកអឺយ! ល្មមតែប្រជ្រៀតរកផ្លូវចូលផ្ញើម៉ូតូបាន បែកញើសអស់កន្លះលីត្រទៅហើយ…

- ពៅព្រលឹង មនុស្សច្រើនអ៊ីចឹងយើងញ៉ាំឯណា?
- ញ៉ាំនៅលើភ្នំ ត្រជុំឱរ៉ា
- អ៊ីចឹងឆាប់រ៉ា យើងទិញបាយម្ហូប

គ្មានអ្វីត្រូវស្រពិចស្រពិលទៀតទេ អត់មានត្រូវអ៊ុតថានាងមកឬមិនមកអីទៀតដែរ ពេលនេះយើងទាំង ពីរកំពុងកៀកដៃគ្នាឡើងជណ្តើរយ៉ាងញញឹមប្រិមប្រិយ ទឹកចិត្តបរិសុទ្ធជ្រះថ្លាពេញដោយទាន ឆ្ពោះ ទៅកាន់កំពូលភ្នំ។ អ្នកមានជីវភាពមិនសូវប្រសើរច្រើនណាស់ អង្គុយតាមសងខាងជណ្តើរ ខ្ញុំនិងនាង ជូនលុយពួកគាត់ខ្លះ រំលងខ្លះ។ ចុម! អីមានអ៊ីចឹងដែរ?! ឆ្កែនិងស្វាសុំទាន? លោកម្ចាស់អឺយ គួរឲ្យ អាណិតម៉្លេះ ខ្ញុំនិងនាងដាក់លុយឲ្យពួកវា… មើលកូនឆ្កែនោះចុះ លុយឡើងពេញ ឯកូនស្វាវិញអត់ ឃើញលុយអ៊ីចឹង? អាហ្និះមានដៃចេះកាន់ ទើបយកលុយលាក់ក្នុងហោប៉ៅតាម៉ង បែប…។

អានភាគ១ | អានភាគបញ្ចប់

h1

Eggs for three siblings

April 24, 2008

Eggs

h1

មិនទាន់អស់ចង់ – ភាគ១

April 23, 2008

ប្រភេទរឿង ៖ ស្រមើស្រម៉ៃខ្លី បែបឡប់ៗកថា
អ្នកអានដែលត្រូវហាមឃាត់ ៖ ក្មេងអាយុក្រោម១៨ឆ្នាំ លោកសង្ឃ យាយជី និងអ្នកកាន់សីលទាំងឡាយ
អ្នកត្រូវបានលើកទឹកចិត្តឲ្យអាន ៖ អ្នកស្នេហាសិល្បៈនៃការតែងនិពន្ធ អ្នកប្រសប់ធ្វើឡប់ ជាពិសេសគឺអ្នកមានស្នេហា
អមដោយចម្រៀងមួយបទ មានចំណងជើងថា “ក្រោមមេឃលើដី” ច្រៀងដោយអធិរាជសំឡេងមាសមានតែមួយក្នុងប្រវត្តិសិល្បៈចម្រៀងខ្មែរ

———————————–

ត្រៀមខោអាវ ស្បែកជើងរួចហើយតាំងពីមួយថ្ងៃមុន, ម៉ោង៧.៣០ នាទីព្រឹក ខ្ញុំរៀបចំខ្លួនរួចស្រេច ដើម្បីទៅតាមការណាត់ជួបដ៏ពិសេសមួយនៅម៉ោង៨។ ម្តាយរបស់ខ្ញុំមើលមុខខ្ញុំហាក់ចង់សួរថា ទៅណា មិនបាច់ឲ្យគាត់ហត់សួរឡើយ ខ្ញុំទាញម៉ូតូចេញដោយទឹកមុខញញឹមខ្ជឹប ប្រកបទៅ ដោយមោទនភាព ឆ្លើយទៅកាន់គាត់ថា

- ខ្ញុំទៅដើរលេងហើយម៉ែ!

ខុសពីម្តាយគេភាគច្រើនដែលមិនសូវសប្បាយចិត្តពេលឮកូនប្រាប់ថាទៅដើរលេង ម្តាយខ្ញុំបែរជា បង្ហាញនូវភាពត្រេកអរពេលខ្ញុំនិយាយប្រាប់គាត់យ៉ាងដូច្នោះ។ ប្រហែលជាគាត់គិតថាខ្ញុំកំពុងតែ ស្វែងរកកូនប្រសារមកឲ្យគាត់ហើយមើលទៅ នោះគាត់នឹងមិនភ័យពិបាកដើររកឲ្យខ្ញុំផង។

ម៉ោង ៨ហើយ ខ្ញុំហាក់ស្តាប់ឮសំឡេងគេវាយស្គរកាន់តែខ្លាំងឡើងៗ ញាប់ឡើងៗចេញពីប្រអប់ ទ្រូងខ្ញុំ។ នៅលើមេឃ នៅខាងឆ្វេង នៅខាងស្តាំ ក្រឡេកទៅណាក៏ឃើញសុទ្ធតែរូបខ្ញុំនិងនាង កំពុងតែនៅជាមួយគ្នា ប្រឡែងលេងជាមួយគ្នាយ៉ាងស្និទស្នាល សប្បាយកាច់កកាច់ស្រង់ទាំង ពីរនាក់ ល្អនោះល្អឥតមានអាក់អ្វីបន្តិចសោះឡើយ… ខ្ញុំពិតនាងតិចៗ នាងពិតមកខ្ញុំតិចៗវិញ ស្ទើរទប់ជំហ៊រ មិននឹង។

ម៉ោងលើស ៨ទៅហើយ… ៥នាទី ១០នាទី ៣០នាទី… ខ្ញុំទាញទូរស័ព្ទមកមើលម្តងហើយម្តងទៀត យ៉ាងអន្ទះសារ រង់ចាំទូរស័ព្ទពីនាង តែមិនមានដំណឹងអ្វីបន្តិចសោះ សូម្បីតែសារក៏មិនមានដែរ

- ហ៊ឹម… ព្រលឹងបងអឺយ ហេតុអ្វីឡើយពៅធ្វើយ៉ាងហ្នឹង? បើមិនមកទេ ម្តេចឲ្យបងខឹង សារមួយ ប៉ុណ្ណឹង ហេតុអ្វីមិនបាន? អូ៎ ឬមួយពៅត្រូវជាប់សោរ ម៉ាក់អូនឆោឡោ មិនឲ្យជួបប្រាណ ដកយក ទូរស័ព្ទ ណាត់ជួបខកខាន ទើបស្រស់ភុំផាន ស្ងាត់វាចារឈឹង? ហ៊ឹម… ព្រួយណាស់ព្រួយណាស់ អាណិតណាស់ព្រលឹង ពៅមិនមកទេ រៀមក៏មិនខឹង រឿងនេះបងដឹង ពៅពិតរវល់…

មុននេះបន្តិច ខ្ញុំបានញ៉ាំអាហារពេលព្រឹករួចហើយ ហើយក៏ផឹកទឹករួចរាល់អស់ហើយដែរ គ្មានអ្វីសោះឡើយនៅស្ទះបំពង់ក តែពេលនេះ អ្វីដែលបានញ៉ាំទាំងប៉ុន្មានបានឡើងមកលើវិញ នៅស្ទះអួលណែនកណ្តាលដើមទ្រូង ឡើងដល់បំពង់កយ៉ាងទទឹងង៉ាង ខ្ញុំប្រឹងលេបដែរ តែលេប មិនចុះឡើយ។ នៅតាមផ្លូវវិញ មិនមានអ្នកណាដុតធូបអីឲ្យហុយទ្រលោមឯណា តែហេតុអ្វីបាន ជានេត្រាខ្ញុំទាំងគូឈឺផ្សា ហាក់ដូចត្រូវផ្សែងចូលពេញស៊ប់ទ្រុបយ៉ាងនេះ? ខ្ញុំព្យាយាមជម្នះបើក នេត្រា គ្រប់គ្រងចង្កូតទាំងកែវភ្នែករលីងរលោង។ នៅលើវិថីមានមនុស្សមិនចេះតិច តែខ្ញុំហាក់មិន ឃើញអ្នកណាមួយមានចលនាអ្វីឡើយ ទាំងអស់គ្នាហាក់នៅស្ងៀមឈឹងទ្រឹងមួយកន្លែង មិនព្រម ទៅមុខសោះ មេឃងងឹងស្លុប ស្លឹកឈើក៏ស្វិតអស់ ហាក់ជួយស្រណោះរូបខ្ញុំដែលត្រូវនាង បោកប្រាស់។

គិតត្រឡប់ទៅផ្ទះវិញក៏ខ្លាចខ្មាស់ម្តាយ ខ្ញុំអង្គុយលើម៉ូតូដោយគ្មានអារម្មណ៍ក្នុងខ្លួន។ ម៉ូតូបាន អណ្តែតត្រសែតតែលតោលគ្មានគោលដៅរហូតទៅដល់ម្តុំអូឡាំពិក។ ប្រទះភ្នែកនឹងហាង អ៊ិនធើណិតមួយ ទំនង គ្រាន់តែនឹងកំដរពេលវេលា ស្រួលនឹងចូលផ្ទះវិញកុំឲ្យម៉ែឆ្ងល់។ ដឹងហើយ ថាទូរស័ព្ទនឹងញ័រ ឬឮភ្លេង ឬចេញពន្លឺ បើសិនជាមានគេទូរស័ព្ទមក ប៉ុន្តែនៅតែដាក់វានៅលើតុជិត ម៉ូនីទ័រ ហើយក្រឡេកមើលវាម្តងហើយម្តងទៀត ដដែលៗគ្មានដាច់ ព្រោះនៅតែទន្ទឹងក្រែងនាង ទូរស័ព្ទមក។

ព្រះពុទ្ធបរមគ្រូទ្រង់ទតឃើញក្តីសង្វេគរបស់ខ្ញុំ ព្រះអង្គមិនព្រមព្រងើយកន្តើយឡើយ… ម៉ោង៩ ស្រាប់តែខ្ញុំឃើញមានពន្លឺចេញពីទូរស័ព្ទខ្ញុំមែន… លេខទូរស័ព្ទរបស់ម្តាយនាងបង្ហាញឡើងលើ អេក្រង់ទូរស័ព្ទខ្ញុំយ៉ាងច្បាស់ក្រឡែត។ ខ្ញុំលួចក្តិចដៃខ្លួនឯងដោយមិនឲ្យអ្នកណាមើលឃើញ ឡើយ

- អីយ៉ា ឈឺមែនត្ហើ!

អារម្មណ៍មួយគិតថាជានាង អារម្មណ៍មួយទៀតគិតថាជាម្តាយនាង ទូរស័ព្ទមកជេរខ្ញុំ។ បើសិន ជាម្តាយនាង ក៏ខ្ញុំមិនខ្លាចដែរ នឹងជាឱកាសល្អផងសម្រាប់ដោះស្រាយគ្នាឲ្យបានស្រេចបាច់ម្តង ខ្ញុំតាំងចិត្តថានឹងមិនចុះញ៉មឡើយ ខ្ញុំត្រៀមពាក្យពេជន៍សម្រាប់ប្រកួតរួចហើយ ខ្ញុំត្រូវតែបន្ទន់ កាយ សុំទោសគាត់តាមសម្រួល…។ ទេ! ដាច់ខាតត្រូវតែជានាង! ខ្ញុំជឿជាក់ ៨០ភាគរយ ព្រោះ យើងបានសន្យាថ្ពក់ដៃនឹងគ្នាតាមទូរស័ព្ទច្បាស់ណាស់ កាលពី២យប់មុន ថាមិនឲ្យខកខាន ឡើយ។ ខ្ញុំលើកទូរស័ព្ទស្តាប់

- ជីវិតអូនអឺយ ព្រលឹងចាំអូនយ៉ាងណា? អូនសុំទោសណា៎កែវជីវា នៅជាមួយមាតាធ្វើម្ហូបមិនទាន់ ហើយ
- ឱ បណ្តូលចិត្តបណ្តាច់ជីវិតបងហ្ហើយ រៀមយល់ហើយយល់ចិន្តា ថាពៅមិនកុហករៀមឡើយ ណា គង់មានហេតុការណ៍អ្វីមិនខាន។ បងខ្លាចតែម្តាយម៉ុមអូនឃាត់ ចាប់ទោសពង្រាត់បង្ខាំង ប្រាណ វាយដុំធ្វើបាបកែវកល្យាណ កើតវិប្បយោគបានខានជួបប្រុសស្នេហ៍
- ព្រលឹងអូនអឺយកុំព្រួយខ្លាំងពេក ទោះមេឃរហែកមិនអាចបង្វែរ ឥឡូវសូមបងមកកុំគេចកែរ អូនចាំប្រុសស្នេហ៍ក្បែរវត្តទួលទំពូង

ខ្ញុំស្ទុះដូចហោះ ចេញមកក្រៅទាំងអរកខិបកខុប។ ឯអាសម្លាញ់របស់ខ្ញុំក៏អស្ចារ្យណាស់ដែរ តាំងពីរាប់អានវាធ្វើជាមិត្តភក្តិមក វាមិនដែលបង្កបញ្ហាអ្វីមួយមកដល់ខ្ញុំម្តងណាឡើយ។ គ្រាន់តែ ឃើញខ្ញុំដើរសំដៅវាភ្លាម វាញញឹមស្ញេញ ញាក់ចិញ្ចើមដាក់ខ្ញុំព្រឺតៗហាក់ដឹងហេតុការណ៍ រួច រលាស់គូថខ្វាច់រង់ចាំខ្ញុំអង្គុយ។ វាបញ្ចេញថាមពលយ៉ាងក្លៀវក្លា កញ្ឆក់ស្ទើរតែខ្ញុំទប់ខ្លួនមិនជាប់ វាពុះជ្រែកវាតាសំដៅគោលដៅក្នុងរយៈពេលពីរបីនាទីប៉ុណ្ណោះ។

នារីវ័យក្មេងម្នាក់មានរូបឆោមស្រស់សោភា ក្នុងវ័យប្រហែល១៩ឆ្នាំ សក់វែងអន្លាយ ស្លូតរលោង រលើបពណ៌ខ្មៅស្រិល អត់មានហាយឡាយចងយ៉ាងមានរបៀប មើលទៅគួរឲ្យចង់ថើបបបោស ថ្នមដោយហត្ថាទាំងទ្វេរ។ នេត្រាទាំងគូភ្លឺថ្លាយង់ដូចនិលច្នៃ សាច់សរលោងម៉ត់ខៃគួរចង់អង្អែល ល្អនោះល្អឥតមានហ្មង ថ្ពាល់ទាំងសងខួចឡើងពេលនាងញញឹមធ្វើឲ្យខ្នាញ់ក្រៃលែង។ ដំណើរ ល្វត់ល្វន់សមមានលក្ខិណា ដូចទេពធីតាត្រគៀកសមទ្រូង ស្អាតណាស់ស្អាតពិតចង់ថ្នមលោម លួង ស្អាតអស់ស្ទះអស់ពីបេះដូង ពិតដូចអប្សរានាសួគ៌ាលៃ ហ៊ឺយ! គួរចង់ក្រសោបមែនទែន។

នាងដើរសំដៅខ្ញុំ ខ្ញុំទម្លាក់មុខចុះ ញីភ្នែកទាំងសងខាង រូចងើបមើលទៅវិញម្តងទៀត

- អូ ពិតជានាងមែន! ខ្ញុំមិនច្រឡំទេ!

សំពត់ហូល អាវប៉ាក់ ចានស្រាក់ជាប់ដៃ ជាក់មាននិស្ស័យនឹងសាសនា សម្តីផ្អែមទន់ ហាក់មាន មន្ត ឬករាបសារ នាងស្រដីមកខ្ញុំ

- តោះមាសថ្លៃអឺយយើងចេញទៅ កុំបង្អង់នៅមាតាមកទាន់ គាត់នៅខាងក្នុងស្រីចេញរួសរាន់ ប្រាប់ថាទៅធ្វើបុណ្យជាមួយមិត្តភក្តិបន្តទៀត
- អូ៎ អញ្ជឹងពៅធ្វើបុណ្យពីរវត្តហើយក្នុងថ្ងៃនេះ តោះលឿនៗមក រៀមជូនពន្លកទៅវត្តធ្វើបុណ្យ ជាមួយគ្នាម្តង

មេឃប្រែស្រឡះ ពពកដេរដាសប្រែជាស ស្លឹកឈើប្រែពណ៌ខៀវស្រស់ល្អ ត្រូវជំនោរកំដរបក់ រវិចៗ ចាំងរំលេចពន្លឺសុរិយាភ្លឺភ្លេកៗដូចសុវណ្ណ បក្សីទាំងគូៗស្រែកច្រៀងឆ្លើយឆ្លងយ៉ាងរញៀវ ខ្ញៀវខ្ញា ហោះហើរឆ្វាត់ឆ្លែងប្រឡែងលើវេហា លើព្រឹក្សាហាក់អបអរជូនពរខ្ញុំនឹងនាងកំពុងធ្វើ ដំណើរតាមផ្លូវយ៉ាងសុខមនោរម្យ។

- បងអឺយយើងដល់ណាហើយ កុំភ្លេចឡើយប្រាប់អូនផង ដល់ស៊ីធីអិនប្រាប់អូនណាបង យូរៗ ឃើញម្តងឡូយយ៉ាងណា
- អុញ! ហួសយូរហើយត្ហើពៅព្រលឹង ម៉េចធ្វើមិនដឹងមិនស្គាល់អី មកដល់ព្រែកព្នៅពៅស្រស់ខ្ចី ហួសមិនជិតអីស្រីជីវា។ អូ៎ វានៅខាងស្តាំដៃ តែភ័ក្រ្តថ្លើមថ្លៃបែរទៅឆ្វេង អ៊ីចឹងបានដូចវង្វេង មិនអីស្រីក្មេងចាំមកវិញរៀមប្រាប់។

អានភាគ២ | អានភាគបញ្ចប់

h1

New beggars

April 22, 2008

New beggars

At Phnom Udong….

h1

People as background

April 22, 2008

At Phnom Chiso

A nice shot with focus on plant…

h1

អាណិតណាស់ – ភាគ៣

April 18, 2008

នាវាលាច្រាំង​ បណ្តែតកាយចូលទៅក្នុងទន្លេកាន់តែជ្រៅទៅៗ អាកាសត្រជាក់ល្ហឹម ស្រឹមៗ បបោសអង្អែលដាស់អារម្មណ៍អ្នកមានស្នេហា ឲ្យសម្តែងមនោសញ្ចេតនាឡើងដោយមិនដឹងខ្លួន។ គូស្នេហ៍មួយចំនួនដែលកាលពីនៅច្រាំង ត្រឹមតែអង្គុយនិយាយគ្នាធម្មតា ឥឡូវនេះមើលម្តងទៀត ស្រាប់តែ ម៉ែ! បែរជាឃើញកំពុងតែផ្តេកផ្តួលផ្តោះផ្តងលំអងសួគ៌ាស្នេហាទៅវិញ?!…. តាំងពីពេលណាមកហើយក៏មិនដឹង ព្រោះមិនមានចេតនាតាមដានរំខានសេចក្តីសុខសត្វលោកឡើយ។

សឹងតែភ្លេចរាប់បញ្ចូលធឿនម្នាក់ទៀតដែលកំពុងតែហោះហើរក្នុងពិភពសុបិន្តស្នេហ៍កណ្តាល ជលសៃជាមួយស្នេហាដែលកំពុងតែចេញបណ្តូលលឹមៗលូតលាស់លៀនឡើងលបលិទ្ធស្និតឱរា របស់គេ​, សួរគេសួរឯងយ៉ាងអន្ទះសារថា ៖ “អ្នកទាំងពីរមានសាររូបភាពទូរស័ព្ទណាល្អៗទេ? រូបភាពដែលគេប្រើក្នុងន័យស្នេហាណា៎! ឯងពិតជាត្រូវការណាស់!”។

យល់ច្បាស់ពីអារម្មណ៍ស្នេហារបស់មិត្តភក្តិ ទោះជាមិនមានក៏ដោយ ក៏ខំប្រឹងរិះរកវិធីណាមកជំនួសឲ្យបានជាសាច់ការជួយគ្នា, ខ្ញុំឲ្យយោបល់ថា ៖ “អើ ម៉ោសួរឯងរកសាររូបភាពចឹងៗ ស្រេចបាត់ហើយ… ឯងមានពីណាមក! អេ៎ បើសិនជាប៉ុន្មានឆ្នាំមុនទៅ ឯងមានរូបភាពល្អៗចែកឲ្យហើយ តែអីឡូវអត់មានអីទៀតទេ។ ឯងថា សរសេរកំណាព្យស្នេហាជូននាងទៅ យ៉ាងម៉េចដែរ? ហើយវាជាអ្វីដែលយើងធ្វើខ្លួនឯងទៀត វាមានន័យជាងការគ្រាន់តែបញ្ជូនបន្តនូវរូបភាពដែលគេបានធ្វើហើយស្រេចនោះ។

ឌី ៖ កំណាព្យក៏ដោយ ក៏គេអាចបញ្ចូនបន្តដដែលហ្នឹង។ ក្រែងលោនារីនោះគិតថាធឿនអែងមិនបានធ្វើខ្លួនឯងផង តើគិតម៉េចវិញ បើចឹង?
ខ្ញុំ ៖ ច្បាស់ណាស់ ឌី! អារឿងហ្នឹងឯងធ្លាប់មានប្រវត្តិហើយ។ កាលមុន ឯងប្រឹងចាប់ឃ្លោងចាប់ឃ្លាចង់ងាប់ ផ្ញើឲ្យគេអានកំសាន្តលេងហើយ គេថា អរគុណណាស់ដែលបានបញ្ជូនបន្តសារអម្បាញ់ម៉ិញនេះ។ អុញ?! ឯងខូចចិត្តខ្លាំងពេក ក៏ខ្ជិលលែងសរសេរសរស៊ាំងអីទៀតទៅ។
ធឿន ៖ ហាហា… មុខបូរាណឯងមិនសមចេះតែងកំណាព្យហ្នឹងណា បានជាគេគិតថាបូរាណឯងចម្លងពីគេទៅ ធ្វើម៉េចទេ… តែចាំមើលណា ឯងនឹងធ្វើឲ្យនាងអន្លង់អន្លោចជាមួយកំណាព្យស្នេហារបស់ឯងម្តង។
ខ្ញុំ​ ៖ អើ ឯងជូនពរឲ្យតែបានសមបំណងទេ។ អារឿងឯង គេមិនជឿក៏មិនជឿទៅ។
កំពុងតែផ្អែម ឌីឆ្លើយ ៖ “អើ សម្រេចដូចបំណងវើយ គ្រាន់នឹងជួយលើកមុខមាត់ឲ្យឯងនិងបូរាណផង។ អេ៎ បង្អែមនេះបើសិនជាមានល្ងច្រើន ទើបឆ្ងាញ់​”។ មានអារម្មណ៍ដូចចង់វាយប្រហារឌី ខ្ញុំបន្ទរ “អឺ អ្នកស៊ីល្ង សុទ្ធតែល្ងង់”។ ធឿនចង់ជួយឌី ក៏សម្រាល “មិនអីទេ កុំឲ្យតែស៊ីពេលខែល្ងិត”។ ខ្ញុំជាន់ថែម “តែអាឡូវវាល្ងាចហើយត្ហើ”។ ស្រាប់តែឌី ចេញមុខមកសម្រេចកិច្ចការដោយខ្លួនឯង “ហ៊ើយ យ៉ាប់ណាស់ ឯងស៊ីល្ងជិតពួកម៉ាកល្ងីល្ងើចឹងហ្ហ៎”។ ខ្ញុំ និងធឿនកប់យោបល់ “អុញ?!”។

ខ្ញុំ ៖ ចូលឆ្នាំទៅស្រុក ឬក៏នៅលេងហ្និះ វ៉ី?
ឌី ៖ ដូចចង់ទៅលេងនៅកំពត
ខ្ញុំ ៖ អើ បើទៅកាពត កុំភ្លេចទិញកាពិកឲ្យអែងពីរបីកាប៉ុងផង
ធឿន ៖ អើ មើលៗប្រយ័ត្នផង កុំឲ្យរលាក់ដួលបែកកាពិតកាពុបអស់វើយ
ឌី​ ៖ បើកាពុប មានតែចោលនៅគម្ពោតហើយ មិនយរឲ្យស៊ីរ៉េ
និយាយលេងបណ្តើរ ក្រឡេកមើលជុំវិញបណ្តើរ ឃើញនារីម្នាក់នៅជាមួយក្មេងៗតូចៗពីរបីនាក់ ឈរនៅបង្កាន់ដៃសម្លឹងមើលធម្មជាតិជុំវិញដែលងងឹតចាក់ភ្នែកមើលពុំយល់សោះឡើយ។ អាចមើលដឹងថានារីនោះកំពុងតែស្រម៉ៃថាកំពុងស្ថិតនៅជាមួយនឹងបុរសណាម្នាក់ ដែលអាចគិតបានថាជាស្វាមីគាត់។ តែតាមជាក់ស្តែង មិនឃើញមានស្វាមីនាងមកកំដរឯណា។

“ឱ លោកប្តីណាទៅន៎ សុខចិត្តឲ្យភរិយាដ៏ស្រស់ស្អាតប្រឹមប្រីយ៌ ឈរអោបដៃកណ្តោចកណ្តែងកណ្តាលជលសារយ៉ាងនេះ…. មិនដឹងជានាងមានអារម្មណ៍កំព្រាច្រណែននឹងគូគេជិតខាងយ៉ាងណាទេ…” ខ្ញុំនិយាយតិចៗ។ ឌីឆ្លើយ “សង្ឃឹមថាស្វាមីរបស់នាងកំពុងតែរវល់ការងារចៀសមិនបានទៅចុះ មិនមែនកំពុងរវល់ដើរផឹកចៀសមិនបាននោះទេ…”។ ធឿនចេញឆ្កុយតែម្នាក់ឯង “ខុសពីឯង ឯងបើផឹកគឺអង្គុយ មិនដើររ៉េ…”។

h1

អាណិតណាស់​ – ភាគ២

April 10, 2008

ប្រដាប់ដោយចង្រិតលីង និងកូកាកូឡាគ្រប់ដៃ យុវជនដើរសំដៅកន្លែងចំណតនាវាកំសាន្ត ដូចទើបសងលុយគេរួច។ ឯនាវាវិញកំពុងតែបណ្តែតកាយ​ប្រឡែងនឹងជលសារ​នៅកណ្តាលទន្លេនៅឡើយ ទើបទាំងបីគ្រឿងអង្គុយលេង​នៅបង់វែងតាមច្រាំងទន្លេ ជាមួយចំណោមគូស្នេហ៍ច្រើនគូ ដែលកំពុងកៀកកិតគេងកើយ​ក្រោមពន្លឺព្រះច័ន្ទភ្លឺស្រទន់ ចាំងក្នុងទឹកទន្លេភ្លឺព្រិចៗ​មិនភ្លេចជាមួយវាយោរត្រជាក់រងារកាយាអស្ចារ្យក្រៃ។

ទៅណាមកណាជាមួយធឿន ប្រធានកិត្តិយសសមាគមជនអត់គ្រប់ទឹកព្រែកឯង ទៅហើយ, រឿងអីត្រូវខ្លាច​ថាអស់រឿងនិយាយនោះ?! ប្រហែលដៃគ្នា យុវជនជជែកចរចារ​ក្លែមវោហារ​ទៅវិញទៅមក​យ៉ាងរញៀវក្លៀវក្លាគ្មានដាច់ ធ្វើឲ្យមានអារម្មណ៍សប្បាយគ្រប់ៗគ្នា។ ស្រាប់តែពេលនោះ មានសំឡេងមួយ​បានមកកញ្ឆក់យកមនោសញ្ចេតនាខ្ញុំយ៉ាងជ្រាលជ្រៅ ៖ “កណ្តាលរាត្រី ស្រីហើយនិងបង ធ្លាប់សាសងបងហើយនិងអូន។ ខ្យល់បក់រំភើយ រាត្រីស្ងាត់សូន្យ ចន្ទ្រចរលយលឿនឆ្ងាយបន្តិចម្តង។ តារាព្រោងព្រាយរាយលើមេឃា ដេរដាសគណនារាប់មិនបានផង ដូចជាចិត្តស្នេហ៍របស់រៀមបង ស្នេហ៍លើនួនល្អងរៀបរាប់ពុំបាន…”

ហាក់ពេញចិត្តនឹងបទចម្រៀងយ៉ាងខ្លាំង ខ្ញុំបំបែកសាច់រឿង​ដែលកំពុងតែនិយាយជាមួយឌី និងធឿន ៖ “អូ៎! គ្នាស្រឡាញ់បទ​ក្លិនអើយក្លិនខ្លួន​នេះណាស់! ច្រៀងចំបទគ្នាចូលចិត្តតែម្តងហ្នៀក…!”។ និយាយហើយ ខ្ញុំក៏បង្វែរចក្ខុទៅតាមសំឡេងនោះ ក៏ឃើញរូបស្ទង់ៗ​កំពុងតែបោះជំហ៊ានមួយៗយ៉ាងស្ទាក់ស្ទើរ ហាក់ដូចខ្លាចធ្លាក់លូអញ្ចឹង។

ក្នុងសំលៀកបំពាក់ទាហានដាច់រយេករយាក​ដូចជាមានតែមួយកំប្លេ ប្រកបជាមួយមួកកំពុងកាន់ផ្ងារ​សម្រាប់ត្រងអ្វីមួយ, អ្នកចម្រៀងយើង​ដើរតាមទិសដៅខ្លួនយ៉ាងត្រង់ ហាក់មិនខ្លាចប៉ះពារអ្នកណា​ដែលស្ថិតនៅពីមុខបន្តិចសោះឡើយ។
គាត់ដើរមកកាន់តែជិតខ្ញុំហើយ ខ្ញុំអាចមើលច្បាស់ថា​គាត់កំពុងតែប្រកបរបរចិញ្ចឹមជីវិតដ៏កំសត់របស់គាត់​ដោយការច្រៀង។

ខ្ញុំជាអតិថិជនរបស់គាត់រួចបាត់ទៅហើយ ព្រោះគាត់បានច្រៀងបទ​ដែលខ្ញុំស្រឡាញ់ឲ្យខ្ញុំស្តាប់ ឥឡូវនៅតែពេល​ដែលខ្ញុំត្រូវបង់ថ្លៃសម្រាប់អ្វី​ដែលខ្ញុំត្រូវបានផ្តល់ជូនហើយនោះទេ។ ដកលុយហើយស្រេច ខ្ញុំឈរចាំគាត់​ដើរមកកាន់ខ្ញុំ។ ពេលគាត់មកដល់ ខ្ញុំហុចថ្លៃឈ្នួលពលកម្មទៅឲ្យគាត់ ស្រាប់តែគាត់ហាក់មិនអើរពើរនឹងខ្ញុំឡើយ។ គាត់ប្រុងតែដើរហួសខ្ញុំទៅទៀត តែខ្ញុំបានកេះដៃគាត់ រួចគាត់ក៏លារ​ប្រអប់ដៃដ៏អភ័ព្វរបស់គាត់ ហើយខ្ញុំក៏ដាក់លុយឲ្យគាត់​ដោយប្រុងប្រយ័ត្ន​ខ្លាចជ្រុះបាត់​ក៏គាត់មិនដឹងខ្លួនដែរ។ គាត់អរគុណ ហើយជូនពរខ្ញុំយ៉ាងសន្ធឹក តែគាត់អត់មានជូនពរខ្ញុំ​ឲ្យមានសង្សារនឹងគេសោះឡើយ ចិត្តអាក្រក់ណាស់។

ត្រឡប់មកវិញដោយឱរាអួលណែន នឹកអាណិតវីរបុរសរបស់ខ្ញុំ ដែលបានធ្លាក់ខ្លួនពិការដោយបុព្វហេតុស្នេហាជាតិ​,​ រួចដើរត្រាច់ចរតត្រុកតែលតោលក្នុងចំណោមមនុស្សត្រៀបត្រា​ដែលយូរៗម្តងទើបឃើញមានគេជួយឧបត្ថម្ភគាត់ខ្លះ, ខ្ញុំហាក់មានអារម្មណ៍ស្រងេះស្រងោចខ្លោចផ្សារចំពោះជនអភ័ព្វទាំងឡាយ ដែលមានខ្សែជីវិតប្រហាក់ប្រហែលនឹងគាត់។

ដើរសំដៅមិត្តភក្តិដោយទឹកមុខស្រពោន ខ្ញុំបន្តគិតទៀតថា​ ៖ “ហ៊ឹម មានម្តងនោះទៅស៊ីស៊ុប សល់លុយអាប់២-៣ពាន់ ប្រាប់គេមិនឲ្យអាប់ទៀត… ព្រោះតែកូនក្រមុំអ្នកលក់​ស្អាត ឱអញហ្ហើយ អីក៏ចង់ឡូយអីចង់ម៉េះ?!… លុយប៉ុណ្ណឹងចំពោះអ្នកលក់គឺតិចតួចណាស់ បើពេលនោះអញយកលុយនេះ ទុកគ្រាន់តែចែកអ្នកពិការ ក្មេងអនា​ថា យាយៗចាស់ៗទៅ វាមានតម្លៃជាងហ្នឹងឆ្ងាយណាស់!… ហ៊ឹម ពិតជាចាយលុយអត់ប្រយោជន៍មែន!…”។

“តោះយើង ទូកម៉ោដល់ហើយ!”។ ក្នុងសំលៀកបំពាក់អាវក្នុងខោ ដៃម្ខាងមានកាបូបដាក់សៀវភៅនិងឯកសារផ្សេងៗ យុវជនទាំងបីមើលទៅសាកសមជានិស្សិតពិតៗ កំពុងតែដើរទៅកាន់បន្ទប់សិក្សា… ទេ! មានឯណា! តាមពិតទៅជិះទូកសោះ។ សូមបញ្ជាក់ថា នេះមិនមែនជារូបភាពអវិជ្ជមានអីទេ​ លុះត្រាតែឃើញពួកខ្ញុំស្លៀកពាក់ឯកសណ្ឋានសិស្សឬនិស្សិត ចូលច្រៀងខារ៉ាអូខេបង្ហើរសំនៀងវាចាផ្តោះផ្តងវោហាផ្លែផ្កាសម្តីមាននារីក្មេងខ្ចីអោបត្រកង ក្នុងរង្វង់ហត្ថាថែមសុរាហែហម ចាំថាមិនសមណា៎។

h1

អាណិតណាស់ លោកអើយ….

April 7, 2008

រាត្រីម្សិលម៉ិញ លោកគ្រូគាត់មានបញ្ហាសុខភាព អញ្ចឹងហើយក្រុមខ្ញុំក៏មានឳកាសទៅស្រស់ស្រូបទស្សនីយ៍ភាពនាពេលរាត្រីទៀតដែរ។ តាមពិតនាដ បានបបួលទៅញ៉ាំសាច់គោអាំងទាំងទ័ពដែរ ប៉ុន្តែមានជនមួយក្តាប់តូច គឺប៊ុនធឿន គាត់មិនអាចទៅបាន ដោយមូលហេតុថា គាត់មានជំងឺខ្លះក្នុងខ្លួន ហើយគ្រូពេទ្យផ្តាំឲ្យតមអាហារណាដែលអស់លុយច្រើន ព្រោះក្នុងកាបូបមានតែប្រាំដុល្លា គ្រាន់តែទុកបញ្ចូលទូរស័ព្ទសម្រាប់ការសន្ទនាស្នេហាពេលចូលនិន្ទ្រា។

ចិត្តមួយចង់ទៅតាមការស្នើសុំពីនាដ ព្រោះថានាងជាមិត្តភក្តិស្រីនៅក្នុងថ្នាក់ដែលខ្ញុំស្រឡាញ់រាប់អានជាងគេ។ ហើយនាងក៏ជានារីដែលមានសម្ផស្សស្រស់ស្អាតស៊ីដាច់គេក្នុងថ្នាក់ គឺថ្នាក់មួយដែលល្បីល្បាថាមានសុទ្ធតែយាយៗ។ មានតែនាងទេដែលជាអ្នកលេងជាមួយខ្ញុំច្រើនជាងគេ មិនប្រកាន់ខ្ញុំ មិនមើលងាយខ្ញុំ មិនរើសអើងខ្ញុំ។

ដោយមានចិត្តចង់តបស្នងនូវសណ្តានចិត្តល្អដែលនាងមានចំពោះខ្ញុំ តិចឬច្រើន ខ្ញុំចង់ធ្វើអ្វីឲ្យនាងបានសប្បាយចិត្តវិញ។ ខ្ញុំចង់ឲ្យមិត្តភក្តិទាំងឡាយទៅតាមការស្នើសុំរបស់នាង ឲ្យនាងបានសមតាមបំណង។ តាមពិតខ្ញុំគ្រាន់តែជាមិត្តរួមថ្នាក់ម្នាក់ ខ្ញុំគ្មានឳកាសច្រើនសម្រាប់ធ្វើឲ្យនាងបានសប្បាយចិត្តនោះទេ ប៉ុន្តែខ្ញុំពិតជាបួងសួងឲ្យបុគ្គល ឬអង្គភាពពាក់ព័ន្ធទាំងឡាយ មេត្តាធ្វើឲ្យនាងសប្បាយចិត្តរហូត ព្រោះនាងនឹងក្លាយជាកូនក្រមុំក្នុងពេលឆាប់ៗ ខ្ញុំចង់ឃើញនាងជាកូនក្រមុំដ៏ស្អាតម្នាក់ក្នុងថ្ងៃនោះ។

នៅពេលដែលឃើញនាងមករៀន មានទឹកមុខញញឹមញញែមដូចត្រូវកន្ទុយលេខ, ស្រស់ថ្លាដូចទឹកពាងត្រាំសាច់ជូរកន្លះថ្ងៃ, មានពន្លឺត្រចះត្រចង់ចែងចាំងគ្របដណ្តប់ជុំវិញរាជធានីភ្នំពេញដូចស្តាស៊ែល, ខ្ញុំពិតជាពេញចិត្តណាស់។ ផ្ទុយទៅវិញនៅពេលនាងមករៀនដោយទឹកមុខនឿយហត់ អស់កម្លាំង ស្លេកស្លាំង ល្ហិតល្ហៃ ខ្ញុំក៏គ្មានចិត្តល្ហែល្ហើយដែរ ព្រោះភ័ក្ត្រានាងមើលទៅហាក់ត្រូវបានបន្ថែមសម្រស់ឲ្យរិតតែចាស់ឡើងៗទ្វេរដង។ ខ្ញុំមានចិត្តអាណិតនាងណាស់ ខ្ញុំចង់ឲ្យនាងមានរស្មីរាល់ថ្ងៃ រហូតដល់ថ្ងៃមុតម្ជុលខ្ទាស់របស់នាង….

សូមចប់រឿងកញ្ញាឯកនាដត្រឹមនេះសិន បើមានឳកាស ខ្ញុំនឹងលើកសរសើរពីសណ្តានចិត្ត និងសម្ផស្សគ្មានផ្ទឹមផុតលោកីយ៍របស់នាងម្តងទៀត មកចុះផ្សាយទុកជូនជាឯកសារសម្រាប់ចៅៗខ្ញុំជំនាន់ក្រោយ មកស្រាវជ្រាវបន្ថែមទៀត។

ត្រឡប់មកបរិយាយពីអ្នកជំងឺដែលតមពិសាអាហារថ្លៃៗវិញម្តង។ ប៊ុនធឿន ដោយមានសុខភាពមិនអំណោយផល បានឲ្យយោបល់ថាទៅកំសាន្តលើនាវា គយគន់ទេសភាពទីក្រុងភ្នំពេញពីក្នុងគង្គាមកវិញ ប្រហែលជាសប្បាយជាង ហើយសង្ឃឹមថាបានជួយបន្ធូរបន្ថយគ្រឿងចក្រក្នុងខួរក្បាលបានខ្លះ។ ពិតមែនតែ ស៊ា ត្រូវខកខានមិនបានចូលរួមជាមួយគ្នាលើកនេះ ដោយមូលហេតុរវល់ (ស៊ើបមិនទាន់ដឹងថារវល់ស្អីទេ តែពេលមកវិញ ហាក់ដូចជាត្រីដែលទើបត្រូវគេឆក់រួច) ក៏ដោយ ក៏យើងនៅមាន ឌី អ្នកស្នេហាវិស័យជិះទូកដ៏ជ្រាលជ្រៅម្នាក់ទៀត ពេញហរទ័យបង្ហាញវត្តមានជាមួយយើងដែរ។ រីឯ សំណាង បុរសដែលមានឥទ្ធិពលជាងគេនៅក្នុងគ្រួសារ មិនអាចចូលរួមបានទេ ព្រោះគាត់មិនអាចល្មើសនឹងបញ្ជារបស់ប្អូនស្រីគាត់បាន ថាត្រូវតែទទួលប្អូនទៅផ្ទះ មិនអនុញ្ញាតឲ្យដើរហើរទៅណាលើសម៉ោងប្អូនចេញពីរៀនឡើយ។

“អូ ថ្ងៃនេះមានរឿងអីហ្នឹង ម៉េចក៏វាំងមានភ្លើងស្អាតម៉េះ? ជិតចូលឆ្នាំដឹង?!” បុរសទាំងបីឧទានព្រមៗគ្នា ដូចអ្នកជនបទទើបមកទស្សនាព្រះរាជវាំងជាលើកដំបូង។ ដូចសព្វមួយដង ក្រោយពីយកម៉ូតូផ្ញើហើយ ទាំងអស់គ្នាក៏បង្កើតគណនេយ្យរួមមួយសម្រាប់ការចំណាយលើភេសជ្ជៈ និងចង្រិតលីង។ គណនេយ្យនេះ ត្រូវបានគ្រប់គ្រងដោយ ឌី អ្នកជំនាញឯកទេសគណនីស្រាប់។ ដើរចេញមក មើលឃើញភាពវិសេសវិសាលឧត្តុង្គឧត្តមនៃការលម្អរបស់វាំង ពិតជាមិនអាចទប់ទូរស័ព្ទមិនឲ្យហោះចេញពីហោប៉ៅដើម្បីផ្តិតរូបភាពមួយនេះបានឡើយ។

ស្តាយណាស់ដោយទូរស័ព្ទខ្ញុំ៣.២មេហ្គាភិគហ្សែល កុំអីបានរូបស្អាតជាងនេះទៀត

នៅមានត….